×

អត្ថប្រយោជន៍​នៃ​ការ​ម៉ា​ស្សា​បាតជើង​ដែល​នឹង​ផ្លាស់ប្តូរ​ជីវិត​ស្ទើរ​នឹកស្មាន​មិនដល់​

TRAVEL & LIVING 8 months ago
 
 

          ប្រិយ​មិត្ត​ប្រាកដជា​ធ្លាប់​បាន​ទទួល​បទ​ពិសោធ​រួចមក​ហើយ​នៃ​ការ​ម៉ា​ស្សា​បាតជើង​ ​ដោយហេតុ​បច្ចុប្បន្ន​ការ​ម៉ា​ស្សា​នេះ​មានការ​ពេញ​និយម​ ​និង​មាន​តម្លៃ​សមរម្យ​បំផុត​ ​ម្យ៉ាង​វាក៏​ជា​វិធី​ម៉ា​ស្សា​ដែល​យើង​អាច​អនុវត្ត​បាន​ដោយខ្លួនឯង​ផង​ដែរ​។​ ​ការ​ម៉ា​ស្សា​បាតជើង​មាន​អាយុកាល​ច្រើន​រយ​ឆ្នាំ​ ​និង​បាន​សុសសាយ​ទៅកាន់​វប្បធម៌​តាម​ប្រទេស​នានា​ ​ជុំវិញ​ពិភពលោក​។​ ​វា​គឺជា​វិធី​ដែលគេ​ប្រើ​ញឹកញាប់​ដើម្បី​ជំរុញ​ដល់​សុខភាព​ ​និង​ធ្វើ​ឱ្យ​រាងកាយ​ទទួល​បាន​អារម្មណ៍​សម្រាក​។​ ​បច្ចុប្បន្ន​ ​ក្បួន​នៃ​ការ​ម៉ា​ស្សា​បាតជើង​ត្រូវ​បាន​ដកស្រង់​ចេញពី​ក្បួន​សម្រួល​សរសៃ​រាងកាយ​របស់​ប្រពៃណី​ជប៉ុន​មួយ​ហៅថា​ S​h​i​at​su ​និង​ក្បួន​ម៉ា​ស្សា​បាតជើង​វេជ្ជសាស្ត្រ​មួយ​ហៅថា​ ​reflex​o​log​y​។​ ​ការ​ម៉ា​ស្សា​ប្រើ​កម្លាំង​សង្កត់​ទៅលើ​បាតជើង​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​ ​វា​ជួយ​បញ្ចេញ​ការ​ស្ទះ​ថាមពល​ពី​រាងកាយ​ ​សម្រួលការ​ចុកចាប់​ ​សម្រាល​ភាព​តានតឹង​ ​និង​ជួយ​ឱ្យ​របួស​ឆាប់​ធូរ​ស្បើយ​ផង​ដែរ​។​  ​ការ​ម៉ា​ស្សា​បាតជើង​បែប​ប្រពៃណី​នេះ​ជាទូទៅ​គេ​ប្រើ​ដៃ​ ​ពេលខ្លះ​ប្រើ​ឈើ​ឬ​ឧបករណ៍​ឈ្លី​ដើម្បី​រំ​ញោច​ទៅ​ចំណុច​សំខាន់​ៗ​នៃ​ជើង​ឱ្យ​កាន់តែ​ទទួល​បាន​ប្រសិទ្ធ​ភាព​។​ ​មិនថា​ទទួលយក​សេវាកម្ម​ម៉ា​ស្សា ​ឬ​ធ្វើការ​ម៉ា​ស្សា​ដោយ​ខ្លួ​ង​ឯង​ ​ការ​ម៉ា​ស្សា​បាតជើង​ជាប្រចាំ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ ​និង​ផ្លាស់ប្តូរ​ជីវិត​ស្ទើរ​នឹកស្មាន​មិនដល់​។​

          ​ជំរុញ​ចលនា​ឈាម​
​យើង​អាច​សម្គាល់​បាន​នៅ​ពេល​យក​ម្រាមដៃ​មកល​ញ់​ឬ​ឈ្លី​នៅ​លើ​ថ្ងាស​ ​ដែល​នឹង​ឃើញ​ថា​កន្លែង​នោះ​ប្រែ​ទៅជា​ពណ៌ក្រហម​។​ ​ការពិត​ណាស់​ ​ការ​ម៉ា​ស្សា​ជាលិកា​រាងកាយ​អាច​ជួយ​រំ​ញោច​លំ​ហូរ​ឈាម​ដែល​ជា​ផ្នែក​មួយ​នៃ​រាងកាយ​។​ ​នេះ​ជាហេតុ​ផល​ដែល​ ​ការ​ម៉ា​ស្សា​ជើង​ញឹកញាប់​មាន​អត្ថប្រយោជន៍​ចំពោះ​អ្នកជំងឺ​ដែល​មានកំណត់​លំ​ហូរ​ឈាម​នៅ​ត្រឹម​ចុងជើង​ ​ដូចជា​ជំងឺ​ទឹកនោម​ផ្អែម​ ​ឬ​ជំងឺ​រៃ​ណូ (​Ray​n​a​u​d​’s ​disease​s) ​ដែល​ជា​ការ​រួម​ត្បៀត​សរសៃឈាម​នៅ​ផ្នែក​ណាមួយ​នៃ​សរីរាង្គ​។​ ​ការ​ជំរុញ​ចលនា​ឈាម​ទៅ​ចុងជើង​ ​វាក៏​អាច​ជួយ​បង្កើន​អាយុកាល​អវយវៈ​ ​និង​ពង្រឹង​ឱ្យ​អារម្មណ៍​នៃ​ញ្ញា​ណ​ទូទៅ​ប្រសើរ​ឡើង​។​ ​ចំពោះ​អ្នក​ឧ​ស្សាហ៍​ត្រជាក់​ចុងជើង​ ​ការ​ម៉ា​ស្សា​បាតជើង​ជា​វិធី​មួយ​អាច​ជួយ​ក​ម្តៅ​ឡើងវិញ​ដោយ​មិន​ចាំបាច់​ប្រើ​ទឹកក្តៅ​ស្អំ​ឬ​ពាក់​ស្រោមជើង​ទៀត​ឡើយ​។​

          ទាក់ទង​នឹង​សរីរាង្គ​
​តាម​ក្បួន​ម៉ា​ស្សា​បាតជើង​វេជ្ជសាស្ត្រ​ដែល​ហៅថា​ ​reflex​o​log​y​ ​បាន​រៀបរាប់​ថា​ ​ចំណុច​តាម​តំបន់​ផ្សេងៗ​នៃ​បាតជើង​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សរីរាង្គ​ ​និង​ជាលិកា​ផ្សេងៗ​នៅ​ទូទាំង​រាងកាយ​។​ ​ជាក់ស្តែង​ ​ពេល​យើង​ធ្វើការ​ម៉ា​ស្សា​ទៅលើ​ចំណុច​ជាក់លាក់​ណាមួយ​ ​វា​នឹង​ជួយ​ជំរុញ​ជាតិពុល​ ​និង​បង្កើន​សុខភាព​លំ​ហូរ​ឈាម​ពេញ​រាងកាយ​បាន​ល្អ​។​ ​បើ​តាម​អត្ថបទ​ស្រាវជ្រាវ​មួយ​នៃ​សាកលវិទ្យាល័យ​ ​M​inn​e​sot​a​ ​បាន​កត់ត្រា​ថា​ ​ក្បួន​ម៉ា​ស្សា​ជើង​បែប​វេជ្ជសាស្ត្រ​ ​reflex​o​log​y​ ​មាន​សារៈសំខាន់​ក្នុង​ការ​ព្យាបាល​ជំងឺ​ដែល​ងាយ​ប្រឈម​មួយ​ចំនួន​ដូចជា​ ស្ត្រេ​ស​ ​មហារីក​ ​ទឹកនោម​ផ្អែម​ ​និង​ឈឺក្បាល​ប្រកាំង​។​

          បន្ថយ​សម្ពាធ​ឈាម​
​ជាមួយនឹង​ការ​សម្រួល​ចលនា​ឈាម​  ​ការសិក្សា​មួយ​កាលពី​ឆ្នាំ​២​០​០​៤​ ​ដោយ​វេជ្ជបណ្ឌិត​កូរ៉េ​ខាងត្បូង​បាន​រក​ឃើញ​ថា​ ​អ្នក​ដែល​ទទួល​បានការ​ម៉ា​ស្សា​បាតជើង​បែប​វេជ្ជសាស្ត្រ​ ​reflex​o​log​y​ ​ម្តង​ហើយ​ម្តងទៀត​  ​សម្ពាធ​ឈាម​ខាងលើ​របស់​ពួកគេ​ដែល​ហៅថា​ ​ស៊ី​ស្តូ​លី​ក​(​Sy​s​to​l​i​c) ​ជា​សម្ពាធ​កើតឡើង​នៅ​ពេល​បេះដូង​កន្ត្រាក់​បាញ់​ឈាម​មក​សរសៃឈាមក្រហម​ក្នុង​ ​មានការ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​។​ ​លើស​ពី​នេះ​ក​ម្រិ​ត​នៃ​ជាតិ​ខ្លាញ់​ ​T​rig​l​y​c​e​ride​ ​ដែល​ជា​បណ្តុំ​នៃ​សារធាតុ​ខ្លាញ់​សុទ្ធ​អ​ណ្តែ​ត​នៅ​ក្នុង​សរសៃឈាម​ក៏​មានការ​ថយ​ចុះ​ផង​ដែរ​។

          កាត់បន្ថយ​ហើម​ជើង​
​E​d​e​ma​ ​ឬ​ ​ការ​ហើម​ដោយ​គ្មាន​មូលហេតុ​គឺជា​ការ​កើន​ឡើង​ជាតិទឹក​លើស​នៅ​ក្នុង​រាងកាយ​។​ ​ការ​ហើម​នេះ​អាច​កើតឡើង​នៅ​លើ​ជើង​ ​និង​ប្រអប់ជើង​ចំពោះ​អ្នកមាន​ស្ថានភាព​ជំងឺ​ខុសៗគ្នា​ដូចជា​ ​ជំងឺ​ទឹកនោម​ផ្អែម​ ​បញ្ហា​បេះដូង​ ​បញ្ហា​ក្រលៀន​ ​ឬ​ស្ត្រី​មានផ្ទៃពោះ​ជាដើម​។​ ​តាម​ការសិក្សា​របស់​សាលា​គិលានុបដ្ឋាយិកា​នៃ​ប្រទេស​ទួ​រ​គី​កាលពី​ឆ្នាំ​ ​២​០​១​០​ ​បាន​រក​ឃើញ​ថា​ ​ជើង​ដែល​ហើម​ដោយ​ការ​មានផ្ទៃពោះ​ត្រូវ​បាន​កាត់បន្ថយ​បន្ទាប់ពី​ស្ត្រី​ទទួល​បានការ​ម៉ា​ស្សា​បាតជើង​ជាប្រចាំ​។​

          ​ជួយ​ឱ្យ​គេងលក់​ស្រួល​
​ការ​ទទួល​បានការ​ម៉ា​ស្សា​បាតជើង​មុន​ពេល​ចូលគេង​ ​អាច​ជួយ​ឱ្យ​គេងលក់​ស្រួល​ជាង​មុន​ ​ដោយហេតុ​វា​ជួយ​សម្រួល​លំ​ហូរ​ឈាម​ ​រំ​ញោច​ឱ្យ​មាន​អារ​មុ្មណ៍​សម្រាក​ ​និង​ធ្វើ​ឱ្យ​រាងកាយ​មាន​អារម្មណ៍​ស្រាល​ជាង​មុន​។​ ​ដើម្បី​គេងលក់​ស្រួល​ ​អ្នកជំនាញ​ផ្តល់​ដំបូន្មាន​ឱ្យ​ម៉ា​ស្សា​បាតជើង​ក្នុង​មួយ​ចំហៀង​យ៉ាងហោចណាស់​៤​នាទី​។​

          បន្ទាប់ពី​បាន​អាន​ចំណុច​ប៉ុន្មាន​ខាងលើ​ ​តើ​ការ​ម៉ា​ស្សា​បាតជើង​ពិតជា​អាច​ជួយ​ដល់​សុខភាព​មែន​ឬ​? ​ជា​ភស្តុតាង​ជាក់ស្តែង​ ​សូម្បី​សាលា​វេជ្ជសាស្ត្រ​ ​H​ar​v​ar​d​ ​នៅ​ទីក្រុង​បូ​ស្តុ​ន​ (Bos​ton​)​នៃ​សហរដ្ឋអាមេរិក​ក៏បាន​កត់ត្រា​ដែរ​ថា​ ​ការ​ម៉ា​ស្សា​បាតជើង​អាច​ជួយ​សម្រួល​លំ​ហូរ​ឈាម​ ​រំ​ញោច​សាច់ដុំ​ ​កាត់បន្ថយ​អារម្មណ៍​តានតឹង​ ​ក៏ដូចជា​សម្រួលការ​ឈឺចាប់​។​ ​និយាយរួម​មក​មិនថា​អ្នកមាន​បញ្ហា​ណាមួយ​ដូច​បាន​រៀបរាប់​ខាងលើ​ ​ការ​ម៉ា​ស្សា​បាតជើង​មិន​ត្រឹមតែ​ជា​វិធី​ធ្វើ​ឱ្យ​អារម្មណ៍ល្អ​ប៉ុណ្ណោះ​ទេ​ ​តែ​ថែមទាំង​ជំរុញ​សុខភាព​ឱ្យ​ប្រសើរ​ឡើង​ ​និង​ធ្វើ​ឱ្យ​អាយុវែង​ផង​ដែរ​៕

Article by SOVRIN


SUGGESTIONS