ប្លែកជាងឆ្នាំមុនៗ SHOW ME SOMETHING 2024 នាំមកនូវស្នាដៃបញ្ចូលគ្នារវាងហ្វេហ្សិន និងសម្រស់
ENTERTAINMENT 8 months agoបើកទំព័រសម្រាប់ឆ្នាំ២០២៤ កម្មវិធី SHOW ME SOMETHING បានបោះជំហានឡើងទៅមួយកម្រិតទៀត ដោយបានពាំនាំមកនូវភាពអស្ចារ្យ ជាមួយការបង្ហាញស្នាដៃរួមគ្នា រវាងសិស្សច្នៃម៉ូដសម្លៀកបំពាក់ សិស្សច្នៃម៉ូដក្រចក និងសិស្សជំនាញតរោមភ្នែក។
ជាការពិតណាស់ ព្រឹត្តិការណ៍ SHOW ME SOMETHING 2024 របស់សាលា FASANA បានធ្វើឡើងកាលពីល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ នៅអគារ Kampus ស្ថិតលើមហាវិថីព្រះមុនីវង្ស ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ ខុសប្លែកពីឆ្នាំមុនៗ ធ្លាប់តែបង្ហាញស្នាដៃច្នៃម៉ូដរបស់សិស្សបញ្ចប់ការសិក្សា ក្រឡេកមកឆ្នាំ២០២៤ នេះ កម្មវិធីបានសហការជាមួយស្ថាប័នដ៏មានសក្តានុពលចំនួនពីរទៀតគឺ សាលាសិល្បៈរចនាក្រចកដ៏ល្បី The Queen Nail និងសាលាបណ្តុះបណ្តាលឯកទេសតរោមភ្នែកដ៏មានប្រជាប្រិយភាព EMT។
នៅក្នុងកម្មវិធីដែលមានភ្ញៀវចូលរួមសុទ្ធសឹងមកពីវិស័យហ្វេហ្សិន និងសម្រស់ ក្នុងនោះក៏មានវត្តមាន ឯកឧត្តម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមផងដែរ។ ឯកឧត្តម សំហេង បុរស បានឡើងធ្វើអត្ថាធិប្បាយដោយបង្ហាញពីទស្សនៈវិជ្ជមានចំពោះវិស័យហ្វេហ្សិននៅកម្ពុជា ក៏ដូចជាការសម្លឹងឃើញពីភាពរីកចម្រើនរបស់ធនធានច្នៃម៉ូដ។ ក្រោយការអត្ថាធិប្បាយ កម្មវិធីក៏មានការបង្ហាញនូវទស្សនីយភាពដ៏អស្ចារ្យ គឺការសម្តែងគុនល្បុក្កតោខ្មែរ។
ឃើញថាស្នាដៃច្នៃម៉ូដរបស់សិស្សជំនាន់ថ្មី មិនចាញ់រៀមច្បងជំនាន់មុនៗប៉ុន្មានឡើយ។ តាមរយៈម៉ូដសម្លៀកបំពាក់ សិស្សច្នៃម៉ូដហាក់ផ្ចិតផ្ចង់ទៅលើគំនិត (Concept) ការដេរ ការប្រើក្រណាត់ និងបច្ចេកទេសផ្សេងៗ ធ្វើឱ្យសម្លៀកបំពាក់នីមួយៗចេញមកមានភាពលេចធ្លោ ឥតខ្ចោះ និងបត់បែន។ ការបង្ហាញមានចែកចេញជាច្រើនវគ្គ ចាប់ផ្តើមពីវគ្គទី១ អ្នកច្នៃម៉ូដចំនួន ១០នាក់ បង្ហាញសម្លៀកបំពាក់ផ្តោតលើ Big Skirt ឬសំពត់ធំ ក្នុងគំនិត The Nature, វគ្គទី២ អ្នកច្នៃម៉ូដ ៣នាក់ បង្ហាញសម្លៀកបំពាក់ផោ្តតលើ Big Dress ឬរ៉ូបធំ ក្នុងគំនិត Ancient Greece and Victorian Era, វគ្គទី៣ ជាគម្រោងស្រាវជ្រាវរបស់សិស្ស Term 3 ដែលមានអ្នកច្នៃម៉ូដ ៨នាក់, វគ្គទី៤ ការបង្ហាញសម្លៀកបំពាក់បុរសនារី និងចុងក្រោយជាការបង្ហាញ Mini Collection របស់អ្នកច្នៃម៉ូដ ១១រូប។
គួរឱ្យដឹងដែរថា កម្មវិធី SHOW ME SOMETHING តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ។ កម្មវិធីនេះមិនត្រឹមតែជាការបង្ហាញស្នាដៃច្នៃម៉ូដរបស់សិស្សសាលា FASANA ប៉ុណ្ណោះទេ តែថែមទាំងជាចំណែកមួយលើកកម្ពស់ធនធានច្នៃម៉ូដជំនាន់ថ្មី និងចូលរួមអភិវឌ្ឍវិស័យហ្វេហ្សិននៅកម្ពុជាផងដែរ៕
Article by HEM SOKKHIM (ZM)