ជាមួយការបង្កើតសម្លៀកបំពាក់បែបក្លាសិក (Classic) សម្រាប់មនុស្សគ្រប់វ័យ មានដូចជា អាវក្រៅ អាវប៉ូឡូ អាវយឺត ខោ Chino ខោខ្លី និង គ្រឿងតុបតែងលម្អផ្សេងៗ គ្រប់ផលិតផលទាំងអស់ មិនថាសាច់ក្រណាត់ឬម៉ូដ សុទ្ធសឹងត្រូវបានសម្រិតសម្រាំង ឆ្លងកាត់ការរចនា និង ការស្រាវជ្រាវពីក្រុមការងារដែលមានជំនាញរបស់ The Symmetry។ ជាការពិតណាស់ The Symmetry ជាម៉ាកសម្លៀកបំពាក់ថ្មីមួយ បង្កើតឡើងដោយកូនខ្មែរ គឺ លោក សេង សំរិទ្ធស័ក្តិ ដែលជាអ្នកមានបទពិសោធក្នុងវិស័យសម្លៀកបំពាក់ក្លាសិកប្រមាណជាងមួយទសវត្សរ៍។
តាមការរៀបរាប់របស់ ស្ថាបនិក សេង សំរិទ្ធស័ក្តិ ម៉ាក The Symmetry បានប្រសូតចេញពីម៉ាកយីហោសម្លៀកបំពាក់វាស់កាត់ដ៏មានកេរ្តិ៍ឈ្មោះមួយគឺ Asia Mode ដែលបង្កើតឡើងដោយឪពុករបស់លោកផ្ទាល់។ Asia Mode បង្កើតឡើងតាំងពីឆ្នាំ ១៩៩៦ ភ្ញៀវដែលមកវាស់កាត់ ភាគច្រើនជាមន្ត្រី រដ្ឋមន្ត្រី ជាពិសេស សម្តេចនាយករដ្ឋមន្ត្រី ក៏ជាអតិថិជនប្រចាំផងដែរ។
ជាមួយការផលិតផ្តោតយកគុណភាព ក្នុងមួយឈុតៗ Asia Mode អាចប្រើពេលធ្វើដល់ទៅពីរខែឬអាចលើសពីនេះ។ ខណៈតម្រូវការកាន់តែច្រើនឡើង ម្យ៉ាងដើម្បីសម្រួលដល់ការផលិតនេះផងនោះ Asia Mode បានបង្កើតម៉ាកមួយទៀតឈ្មោះថា Asia Mode Finery សម្រាប់ការផលិតទៅលើសម្លៀកបំពាក់ដែលមានស្រាប់ៗ ដែលផ្តល់ដំណោះស្រាយទាំងការវាស់កាត់ផង និង សម្រាប់ភ្ញៀវដែលមិនចង់រង់ចាំយូរផងដែរ។
បន្ទាប់មកទៀត ដោយឃើញថា Trend ឬ ទំនោរនិយមនៃការស្លៀកពាក់បែបក្លាសិករបស់បុរសមានការពេញនិយម តែយ៉ាងណាមិញ ការស្លៀកពាក់បែបនេះនៅកម្ពុជានៅមានកម្រិត ទើបធ្វើឱ្យ លោក សេង សំរិទ្ធស័ក្តិ ដែលជាកូនប្រុសម្ចាស់ម៉ាកយីហោ Asia Mode មានគំនិតបង្កើតម៉ាកមួយទៀតគឺ The Symmetry។ ម៉ាកនេះបង្កើតឡើងក្នុងបំណងលើកស្ទួយវិស័យស្លៀកពាក់បែបក្លាសិក ដោយបញ្ចូលការស្លៀកពាក់នេះទៅក្នុងជីវិតប្រចាំថ្ងៃជាបែប Casual Wear ឬ Occasion Wear។
ចំពោះអត្ថន័យ ក៏ដូចជាស្ទីលនៃម៉ាកយីហោ The Symmetry ស្ថាបនិក សេង សំរិទ្ធស័ក្តិ បានបកស្រាយថា៖ « The Symmetry បើក្នុងន័យទូទៅ វាជាភាពស្មើគ្នារវាងឆ្វេង និង ស្តាំ ហើយបើសម្រាប់ពួកយើងវិញ គឺមានន័យថា ភាពសមសួនក្នុងការស្លៀកពាក់។»
លោកបានលើកឡើងពីបេសកកម្មទៀតថា៖ «The Symmetry ចង់លើកទឹកចិត្តឱ្យមានការស្លៀកពាក់បែបក្លាសិក សាមញ្ញហើយសមសួន មានការផ្ចិតផ្ចង់ និងមានភាពជាខ្លួនឯង។ ពួកយើងចង់លើកកម្ពស់វិស័យនេះ ព្រមទាំងចង់ឱ្យក្លាយជាសហគមន៍មួយសម្រាប់អ្នកចូលចិត្តសម្លៀកបំពាក់បែបនេះផងដែរ។»
Image Courtesy: The Symmetry
តាមរយៈការបញ្ចេញខូឡិកហ្សិន ម៉ូដនីមួយៗមើលមកសាមញ្ញ តែសមសួនមិនចេះហួសសម័យ ស្ថាបនិកម៉ាកយីហោលើកឡើងដែរថា សម្លៀកបំពាក់ The Symmetry អាចស្លៀកពាក់បានគ្រប់កាលៈទេសៈ គ្រប់កម្មវិធី អាស្រ័យទៅលើការរៀបចំស្ទាយ៌ផ្គុំបញ្ចូលគ្នា និង រសនិយមរបស់បុគ្គលម្នាក់ៗ។ លោកបន្ថែមដែរថា ដោយហេតុផ្តោតលើសម្លៀកបំពាក់ Contemporary Classic ឬ ក្លាសិកសហសម័យ ក្នុងមួយឆ្នាំម៉ាកនេះអាចនឹងមានគម្រោងចេញពី ២ ទៅ ៣ ខូឡិកហ្សិន។
គួរឱ្យដឹងដែរថា ស្ថាបនិក The Symmetry លោក សេង សំរិទ្ធស័ក្តិ គឺជាជាងវាស់កាត់សម្លៀកបំពាក់ ដែលមានបទពិសោធក្នុងវិស័យសម្លៀកបំពាក់ក្លាសិកជាង ១០ ឆ្នាំមកហើយ។ កន្លងមក លោកថែមទាំងបានទៅបណ្តុះបណ្តាលនៅសាលាកាត់ដេរឈានមុខគេនៅលើពិភពលោក Savile Row Academy នៅឯទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ផងដែរ៕
Article by HEM SOKKHIM (ZM)