×

សម្រាប់​​ពេល​​នេះ​​យើង​​នឹង​​ណែនាំ​​ប្រិយមិត្ត​ពី​ការ​ធ្វើ​ភេសជ្ជៈ​បំបាត់​ជាតិពុល​ដោយ​ប្រើ​បន្លែ​ដែល​មាន​ស្រាប់​ក្នុង​ប្រទេស​កម្ពុជា​

TRAVEL & LIVING 7 years ago
 
 

          មនុស្ស​ជា​ច្រើន​បាន​ធ្វើ​ការ​យ៉ាង​ហត់​នឿយ​ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​ឲ្យ​ខ្លួន​មាន​កំលាំង​វិញ​ មាន​តែ​បែរ​ងាក​ទៅ​រក​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​គឺ​ជា​វិធី​ដ៏​ត្រឹមត្រូវ។​ ប៉ុន្តែ​វា​មិន​ដូច​នឹង​អ្វី​ដែល​ប្រិយមិត្ត​បាន​គិត​នោះ​ទេ​ ព្រោះ​ថា​ភេសជ្ជៈ​ទាំង​នោះ​ផ្ដល់​គ្រោះ​ថ្នាក់​ច្រើន​ជាង​ផល​ល្អ។​ មនុស្ស​ជា​ច្រើន​មិន​បាន​ដឹង​ទេ​ថា​អារម្មណ៍​ស្ពឹក​ស្រពន់​ឬ​អារម្មណ៍​ថប់ៗ​ (Bloated​ feeling)​ ដែល​ពួក​គេ​ជួប​ប្រទះ​ក្នុង​មួយ​ថ្ងៃៗ​ ដែល​វា​ជា​លទ្ធផល​នៃ​ជាតិ​ពុល​ដែល​លើស​នៅ​ក្នុង​រាងកាយ។​ ភេសជ្ជៈ​បំបាត់​ជាតិ​ពុល​មាន​មុខងារ​ជួយ​កាត់​បន្ថយ​ការ​រលាក​ដោយ​ធម្មជាតិ​បង្កើន​ថាមពល​ជំរុញ​ដល់​ការ​រំលាយ​អាហារ​សម្អាត​ថ្លើម​និង​ធ្វើ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ។​ ប្រិយមិត្ត​អាច​ធ្វើ​ការ​ពិសោធន៍​ជា​មួយ​នឹង​ភេសជ្ជៈ​បំបាត់​ជាតិ​ពុល​ក្នុង​ថ្ងៃ​នេះ​ ហើយ​កត់​សម្គាល់​ថា​តើ​ប្រិយមិត្ត​​មាន​អារម្មណ៍​ថា​ខួរក្បាល​ស្រឡះ​​ស្រាល​និង​ស្រស់​​ស្រាយ​​យ៉ាង​ណា?​

1. ត្រសក់

          ជីវ​ជាតិ​របស់​ត្រសក់​មាន​អត្ថប្រយោជន៍​គួរ​ឱ្យ​ចាប់​អារម្មណ៍​ណាស់​នៅ​ពេល​ដែល​ប្រិយមិត្ត​ចង់​យក​វា​មក​ប្រើ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ខូច​ខាត​រ៉ាឌីកាល់សេរី​ (Free​ radical​ damage)​ និង​ការ​រលាក​ (Inflammation)។​ វា​​ក៏​មាន​ផ្ទុក​សមាសធាតុ​ហ្វេណុល​ (Polyphenol)​ ដែល​មាន​ឥទ្ធិពល​​អាច​ជួយ​ពន្យា​ភាព​ចាស់​តាម​ធម្មជាតិ​ដែល​បង្ក​ឡើង​ដោយ​ភាព​តាន​តឹង​ អុកស៊ីតកម្ម​ (Oxidative​ stress)។​ ត្រសក់​នោះ​ដែរ​មាន​សារធាតុ​បញ្ចុះ​ទឹកនោម​ ដូច្នេះ​ហើយ​វា​ជួយ​ឲ្យ​ការ​នោម​​ដើរ​ស្រួល​លាង​សម្អាត​ថ្លើម​និង​សម្អាត​ជាតិ​ពុល​ក្នុង​រាងកាយ។​ ទឹក​កន្លះ​លីត្រ​ឬ​មួយ​លីត្រ​ (អាស្រ័យ​លើ​ចំណង់​ចំណូល​ចិត្ត​ថា​ប្រិយមិត្ត​ចង់​​បាន​​ភេសជ្ជៈ​រស​ជាតិ​មុត​ឬ​ខ្សោយ)​ ត្រសក់​មួយ​ផ្លែ​ ក្រូច​ឆ្មា​ពណ៌​លឿង​ (Lemon)​ ឬ​ក្រូច​ឆ្មា​បៃតង​ (Lime)​ មួយ​ផ្លែ​ ស្លឹក​ជី​អង្កាម​ស្រស់​ពី​ ១០ ទៅ​​ ១៣​ សន្លឹក។​ របៀប​ធ្វើ​មុន​ដំបូង​ប្រិយមិត្ត​ត្រូវ​ចិត​ត្រសក់​ទាំង​សម្បក​ជា​កង់ៗ​ទទឹង​ផ្លែ​ ហើយ​ដាក់​វា​ចូល​ក្នុង​កែវ​ឬ​ថូកែវ។​  ចំណែក​ឯ​ក្រូច​ឆ្មា​វិញ​ ប្រិយមិត្ត​ក៏​ត្រូវ​ចិត​វា​ទាំង​សម្បក​ឲ្យ​ក្លាយ​ជា​ដុំ​តូចៗ​ល្មម​ រួច​ដាក់​វា​ចូល​ទៅ​ក្នុង​កែវ​នោះ​ដែរ។​ យក​ស្លឹក​ជី​អង្កាម​ស្រស់​ដែល​លាង​ស្អាត​ហើយ​​នោះ​ ដាក់​ចូល​ជា​មួយ​គ្នា​បន្ទាប់​មក​ចាក់​ទឹក​ត្រជាក់​ចំនួន​កន្លះ​លីត្រ​ឬ​មួយ​លីត្រ​រហូត​ឲ្យ​ពេញ​កែវ​នោះ។​ ពេល​ដែល​រៀប​ចំ​រួច​ស្រេច​ហើយ​អ្នក​យក​វា​ទៅ​ទុក​ក្នុង​ទូរ​ទឹក​កក​មួយ​យប់​ដើម្បី​ឲ្យ​ពួក​វា​ចេញ​រស​ជាតិ។​

2. ខ្ញី

          ខ្ញី​ត្រូវ​បាន​គេ​យក​មក​ប្រើ​ជា​ជំនួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​យ៉ាង​មាន​ប្រសិទ្ធភាព​និង​ជា​ឱសថ​ធម្មជាតិ​សម្រាប់​ទប់​ស្កាត់​ការ​ក្អួត​ចង្អោរ។​ វា​ក៏​ត្រូវ​បាន​បន្ថែម​ទៅ​ក្នុង​ភេសជ្ជៈ​បំបាត់​ជាតិ​ពុល​ផ្សេងៗ​ដើម្បី​ជួយ​បំបាត់​ការ​ហើម​ពោះ​ ទល់​លាមក​ និង​បញ្ហា​ខ្យល់​ក្នុង​ក្រពះ​ពោះវៀន។​ ខ្ញី​ត្រូវ​បាន​​គេ​ចាត់​ទុក​ថា​ជា​បន្លែ​ដែល​អាច​កម្ដៅ​រាង​កាយ​នឹង​បំបែក​សារ​ជាតិ​ពុល​ក្នុង​សរីរាង្គ​ចេញ។​សម្រាប់​ភេសជ្ជៈ​នេះ​ប្រិយមិត្ត​ត្រូវ​ការ​មាន​ទឹក​ប្រហែល​ 250​-​500​ មីលីលីត្រ​ ទឹក​ក្រូច​ឆ្មា​មួយ​ពែង​តូច​ និង​ខ្ញី​ 2​-​3​ មើម​តូចៗ​ល្មម។​ ចាក់​ទឹក​ក្រូច​ឆ្មា​លាយ​ជា​មួយ​នឹង​ទឹក​ដែល​បាន​ត្រៀម​ខាង​លើ។​ បន្ទាប់​មក​យក​ខ្ញី​ស្រស់​ដែល​បាន​ចិត​សម្បក​ចេញ​ហើយ​ទៅ​ឈូស​បាន​បាន​រៀង​ម៉ដ្ឋ។​ ក្រោយ​មក​​ក៏​យក​វា​ទៅ​លាយ​ជា​មួយ​នឹង​ទឹក​ក្នុង​កែវ​ដែល​បាន​លាយ​ជា​មួយ​ទឹក​ក្រូច​ឆ្មា​ហើយ។​ ភេសជ្ជៈ​នេះ​មាន​ប្រសិទ្ធ​ភាព​ណាស់​ហើយ​ប្រិយមិត្ត​នឹង​ឃើញ​លទ្ធផល​ក្នុង​រយៈ​ពេល​3​ថ្ងៃ។​

3. ស្ពៃខ្មៅ

         ស្ពៃ​ខ្មៅ​ (Spinach) ក៏​មាន​វីតាមីន​មួយ​ចំនួន​ដូច​ផ្កា​ខាត់​ណា​ខៀវ​ដែរ​ ខុស​ត្រង់​ថា​វា​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម​និង​ជាតិ​ក្លូរ៉ូហ្វីល​ (Chlorophyll)។​ វា​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​វា​មាន​សមត្ថភាព​ក្នុង​ការ​លាង​សម្អាត​ឈាម​និង​ការ​កំចាត់​ចោល​នូវ​សារធាតុ​ពុល​ពី​កោសិកា។​ ក្រៅ​ពី​ហ្នឹង​វា​ក៏​ជួយ​​​ក្នុង​ការ​ទ្រទ្រង់​កសាង​រាងកាយ​ឲ្យ​រឹង​ម៉ាំ​ឡើង​វិញ។​ ការ​ធ្វើ​ភេសជ្ជៈ​នេះ​មាន​ភាព​ងាយ​ស្រួល​​ណាស់​ដោយ​គ្រាន់​តែ​ប្រិយមិត្ត​យក​ស្លឹក​របស់​ស្ពៃ​ខ្មៅ​ចំនួន​មួយ​ចាន​តូច​ល្មម​ ផ្លែ​ប៉ោម​ឬ​​ផ្លែ​​​សារី​មួយ​ (កាត់ជាដុំតូចៗ)​ ជី​Celery​ (គល់1-2 គុម្ព)​ ទឹក​ក្រូច​ឆ្មាមួយ​ពែង​តូច​ និង​ទឹក​ធម្មតា​មួយ​​កែវ​មក​ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក​ក្រឡុក​ចូល​គ្នា​ជា​ការ​ស្រេច៕​

Article by HEM HY


SUGGESTIONS