×

មក​ស្គាល់​សិល្បករ​វ័យ​ក្មេង​គំនូរ​លើ​ជញ្ជាំង​ម្នាក់​ រហ័ស​នាម​ KWN23​

NEWS 6 years ago
 
 

          អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ប្រទះ​ឃើញ​គំនូរ​លើ​ជញ្ជាំង​តាម​ដង​ផ្លូវ​មួយ​ចំនួន​តួ​យ៉ាង​ដូចជា​នៅ​ក្បែរ សាកល​​វិទ្យា​ល័យ​បញ្ញាសាស្រ្ត​កម្ពុជា ខាង​ក្រោយ​ស្ថានទូត​បារាំង និង​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ប្លុក​ខ្លះ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ដែល​គូរ​ដោយ​ក្រុម​សិល្បករ​ដែល​ចូល​ចិត្ត​និង​ស្រលាញ់​វិស័យ​គំនូរ​លើ​ជញ្ជាំង​(Graffiti)​នេះ។ ក្នុង​នោះ​ផង​ដែរ សូសុទ្ធ សុវណ្ណគង់ ឬ នាម​ក្នុង​វិស័យសិល្បៈ​ហៅ​ថា KWN23 គឺជា​សិល្បករ​វ័យ​ក្មេង​មួយ​រូប​ដ៏​មាន​ទេពកោសល្យ​និង​ភាពប៉ិនប្រសប់​ក្នុង​វិស័យ​គំនូរ Graffiti តាំង​តែពី​កុមារ​ភាព​មកម្ល៉េះ។

          ជំនួបជា​មួយ​នឹង​សូវរីន KWN23 បាន​ប្រាប់​ថា “​នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​ជញ្ជាំង ខ្ញុំ​តែង​តែ​ឃើញ​មាន​រូប​អ្វី​ម្យ៉ាង​នៅ​ក្នុង​ជញ្ជាំង​នោះ ហើយ​ខ្ញុំ​ក៏​ចង់​​ចាប់​ផ្តើម​គូរវាតែ​ម្តង​”។ ក្នុង​វ័យ​ត្រឹម​ម្ភៃឆ្នាំ KWN23 បាន​បង្កើត​ស្នា​ដៃ​ជា​ច្រើន​រហូត​បាន​ជាប់​ជា​បេក្ខជន​មួយ​រូប​ក្នុង​ចំណោម​បេក្ខជន ៧ រូប​ដែល​គណៈ​កម្មការ​​នៃ​កម្មវិធី​​តាំង​ពិពរណ៍​ជំនាន់​នៃ​ភាពច្នៃ​ប្រឌិតឆ្នាំ ២០១៨ បាន​ជ្រើសរើស​ដើម្បី​ដាក់​តាំង​បង្ហាញ​ស្នា​ដៃ​នៅ​ចាវ៉ា​កាហ្វេ​សាខា​ទួល​គោក​កាលពី​ពេល​ថ្មីៗ​នេះ។ ស្នា​ដៃ​របស់ KWN23 ត្រូវ​បាន​គេប្រទះ​ឃើញ​នៅ​តាម​សំណង់​អាគារ​ចាស់ៗជា​ច្រើន​កន្លែង​ដែល​គេ​បាន​បោះ​បង់​ចោល មិន​ត្រឹម​តែ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ KWN23 ក៏​ធ្លាប់​បាន​គូរ​នៅ​ខេត្ត​កំពង់ចាម​, សៀមរាប​, កំពត​និង​មួយ​ចំនួន​ទៀត​នៅ​ព្រំដែន​ខ្មែរ ថៃ​នៃ​ក្រុង​ប៉ោយប៉ែត​ផង​ដែរ។ គំនូរ​របស់ kwn23 ភាគ​ច្រើន​គឺ​សុទ្ធ​សឹងពាក់ពន្ធ័ជា​មួយ​នឹង​អក្សរ​ច្នៃ​គូរ​ចេញ​ជាសិល្បៈ​នៃ​អក្សរ​ក្បាច់​ដែល​បង្កើត​បាន​ជា​ផ្ទាំង​​ទស្សនីយភាព​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ។ និយាយ​ពីប្រវត្តិ​របស់​សិល្បករ​វ័យ​ក្មេង​ដែល​គូររូប​យ៉ាង​អាថ៍កំបាំង​នៅ​តាម​អាគារ​ចាស់ៗ​នេះ​វិញ​ដែល​ប្រសូត​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​និង​ធំ​ដឹងក្តី​នៅ​រាជធានី​ភ្នំពេញ។ KWN 23 ចាប់​ផ្តើម​​ស្រលាញ់​សិល្បៈ​គំនូរ​នេះ​តាំង​តែ​ក្មេង ដែល​លោក​បាន​ចូល​ចិត្ត​គូររូប​តាំង​តែ​សិក្សា​នៅ​ថ្នាក់​​វិទ្យា​ល័យ​មកម្ល៉េះ។ កាល​នោះ សុវណ្ណគង់ តែង​តែឆ្លាក់​ឈ្មោះ​ឲ្យ​មិត្ត​ភក្តិចេញជា​អក្សរ​ក្បាច់ និង​គូររូប​គំនូរ​ដែល​ច្នៃ​ពី​អក្សរ​នៅ​លើគម្រប​សៀវភៅ សុវណ្ណគង់ ចូល​ចិត្ត​គូររូប​សត្វ​និង​មនុស្ស​ជា​ញឹកញាប់។ បន្ទាប់​ពី​បាន​ស្គាល់​សិល្បករ​បរទេស​មួយ​ចំនួន​រួច​មក សុវណ្ណគង់​ឬ KWN23 ក៏​​ចាប់​ផ្តើម​​ចាប់​ចិត្ត​ស្រលាញ់​គំនូរ Graffiti រហូត​មក​ដល់​សព្វ​ថ្ងៃ។ “​សម្រាប់​ខ្ញុំ Graffiti គឺជាសិល្បៈម្យ៉ាងដែល​នាំ​មនុស្ស​ឲ្យ​បាន​ជួប​គ្នា ជាមួយ​នឹង​ការ​ស្រលាញ់​សាមគ្គី​និង​ការ​ចែករំលែក” សូសុទ្ធ សុវណ្ណគង់ (KWN23) បាន​ពោល។ សព្វ​ថ្ងៃ kwn23 គឺជា​និស្សិត​ដែល​កំពុង​សិក្សា​រ​ផ្នែកសំណង់ស៊ីវិល ​ឆ្នាំ​ទី២ ហើយ​ក៏​ជាសិល្បករ​វ័យ​ក្មេង​មួយ​រូប​ដ៏​ល្បី​ឈ្មោះ​ក្នុង​វិស័យ​គំនូរ​លើ​ជញ្ជាំង​នេះ​ផង​ដែរ។ ជាង​នេះ​ទៅ​ទៀត គំនូរ​របស់ KWN23 គឺ​សុទ្ធ​សឹងតែគូរ​ឡើង ដោយ​បង្កប់​នូវ​អត្ថន័យ​និង​យក​ចិត្ត​ទុក​ដាក់​ជាទី​បំផុត។ KWN23 បាន​ប្រាប់​ថា៖ “​ខ្ញុំ​ចង់​ឲ្យ​អ្នក​មើល​រូប​របស់​ខ្ញុំ​មាន​អារម្មណ៍​ថា​បាន​ឃើញ​នូវ​អ្វី​ម្យ៉ាង ខ្ញុំ​ចង់​ឲ្យ​គេ​មើល​ឃើញ​ទាក់​ទងជា​មួយ​នឹង​វិញ្ញាណ​របស់​គេ ឲ្យ​គេ​ចូល​អារម្មណ៍​ជា​មួយ​នឹង​រូប​គំនូរ​ដែល​ខ្ញុំ​បាន​គូរ”។ KWN23 បន្ថែម៖ “​គំនូរ​ខ្ញុំ​ភាគ​ច្រើន​គឺ​មិន​បាន​ត្រៀម​ទុក​មុន​នោះ​ឡើយ នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​ជញ្ជាំង​ភ្លាម ខ្ញុំ​ក៏​​ចាប់​ផ្តើម​គូរតែ​ម្តង​”។ ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ​នៅ​ក្នុង​សង្គម​កម្ពុជា​ហាក់​ពុំ​ទាន់​យល់​និង​ឲ្យ​តម្លៃ​ទៅ​លើសិល្បៈ​នៃ​គំនូរ​លើ​ជញ្ជាំង​នេះ​នៅ​ឡើយ។ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ KWN23 និង​សិល្បករ​ដទៃ​ទៀត​ហាក់​ពិបាក​ក្នុង​ការគូរជា​សាធារណៈ​ដោយ​ហេតុ​តែ​ខ្លាច​អាជ្ញាធរ​មិន​​អនុញ្ញា​ត និង​មាន​ពេល​ខ្លះ​ក៏​ត្រូវ​សុំការ​អនុញ្ញា​ត​ពី​សំណាក់​ម្ចាស់​ផ្ទះ​និង​ម្ចាស់​សំណង់​ថែម​ទៀត​ផង៕

Images courtesy: KWN23

Article by KEO SONG


SUGGESTIONS