×

បន្លែ​បង្ការ​ក្នុង​រដូវ​វស្សា​ហាក់​មិន​សូវ​សម្បូរ​ផល​ជាង​រដូវ​ប្រាំង​ឡើយ​! តើ​ហេតុ​អ្វី?

TRAVEL & LIVING 6 years ago
 
 

            រដូវ​វស្សា​បង្កជា​ភ្លៀង​ធ្លាក់​ជោកជាំ​​ពេញ​ផ្ទៃ​ប្រទេស ហើយ​ក៏​បង្អួត​នូវ​សោភ័ណភាពស្រស់បំព្រង។​ ​បន្លែ​ជា​ប្រភេទ​អាហារ​ដែល​មិន​អាចខ្វះ​បាន​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។ បន្លែ​មាន​ច្រើន​ប្រភេទ​ស្ទើររាប់​ឈ្មោះ​មិន​អស់ ក្នុង​នោះ​មាន​ទាំង​ប្រភេទ​បន្លែ​ដែល​មាន​រូបសណ្ឋាន​ប្រភេទ​ជា​ស្លឹក  ប្រភេទ​មើម ប្រភេទ​ផ្លែ  ប្រភេទ​ដើម និងប្រភេទ​ផ្កា។ យ៉ាង​ណាមិញ នៅ​ក្នុង​រដូវ​ស្សា​នេះ បន្លែ​បង្ការ​បែរជា​មិន​សូវ​សម្បូរ​បែប​ដូច​រដូវ​ប្រាំង​ទៅ​វិញ ពោល​គឺ​មាន​តែ​ប្រភេទ​បន្លែ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​ដែល​កសិករ​អាច​ប្រមូល​ផល​និង​ដាក់​លក់​ក្នុង​ទី​ផ្សារ​បាន។ ចង់​ដឹងទេថា​ក្នុង​វស្សា​ន​រដូវ​នេះ​បន្លែ​ប្រភេទ​ណា​ខ្លះ​ដែល​សម្បូរ​ភោគផល ហើយ​បន្លែ​ប្រភេទ​ណា​ខ្លះ​ដែល​មិន​សូវផ្ដល់​ផល​ក្នុង​រដូវ​កាល​នេះ​! ជំនួប​សម្ភាសន៍​ដោយ​ផ្ទាល់​រវាង សូវរីន ជា​មួយ អ្នក​នាង សយ សុម៉ាលី ដែល​ជា​ស្ថាបនិក​ផ្សារ​សហគមន៍​ខ្មែរ​បាន​ផ្ដល់​ចម្លើយ​ជុំ​វិញ​​ប្រធាន​បទ​ខាង​លើ​ដែល​មាន​អត្ថន័យ​នឹង​ខ្លឹមសារដូច​ខាង​ក្រោម​នេះ។

ទិដ្ឋភាពចម្ការបន្លែនៅតំបន់ត្រីកោណ ខ្មែរ ឡាវ ថៃ ស្ថិតក្នុងខេត្តស្ទឹងត្រែង

            បើ​តាម​ប្រសាសន៍​ស្ថាបនិក​ផ្សារ​សហគមន៍​ខ្មែរ​បាន​ឱ្យ​ដឹងថា «សម្រាប់​បន្លែ​នៅ​ក្នុង​រដូវ​វស្សា​នេះ​មិន​សូវជា​សម្បូរ​នោះ​ទេស្ទើរតែគ្រប់​ប្រភេទ​បន្លែ​ទាំង​អស់​គឺវា​ប្រឈម​ទៅ​នឹង​បញ្ហា​គ្រោះ​ធម្ម​ជាតិ​​ធ្ងន់ធ្ងរ មិន​ថា​បន្លែ​ដាំដុះ​ក្នុង​ស្រុក​ឬ​នាំ​ចូល​គឺ​មិន​សូវជាផ្ដល់​ទិន្នផល​ឡើយ។ ក្នុង​នោះ​ផង​ដែរ​ព​ពួក​ប្រភេទ​បន្លែ​ស្លឹក​គឺស្ទើរតែ​មិន​មាន​តែម្ដង​ដោយ​សារតែ​វា​ប្រឈម​ទៅ​នឹង​ការរលួយ ឧទាហរណ៍​បន្លែ​ខ្លះ​យើង​ដកវា​ចេញ​មកទុកតែ​មួយ​ថ្ងៃ​វាអាចរលួយ​អស់​តែម្ដង ដោយ​សារតែ​ទឹក​ភ្លៀងវា​ធ្លាក់​ជោគជាំ​ខ្លាំង ហើយ​វាស្ទើរតែ៦០​ទៅ​៧០​ភាគរយ​គឺ​មិន​ទទួល​បាន​ទិន្នផល​នោះ​ឡើយ។» សម្រាប់​បន្លែ​ប្រភេទ​ដើម​ឬ​វល្លិ៍​ដូចជា ស្លឹក​បាស ស្លឹក​ងប់ ម្អម ក្រសាំង​ទាប ត្រកួន ត្រឡាច ល្ពៅ ម្រះ ត្រសក់ ត្រប់ វាជា​ប្រភេទ​បន្លែ​ធនជា​មួយ​នឹង​ទឹក​ភ្លៀង​ហើយ​មិន​សូវ​ប្រឈម​ជា​មួយ​បញ្ហា​អាកាស​ធាតុ​នោះ​ទេ។ និយាយ​ជា​រួម​មកព​ពួក​បន្លែ​ប្រភេទ​មើម​ឬ​ផ្កាគឺ​មិន​សូវ​ទទួល​បាន​ទិន្នផល​ខ្ពស់​នោះ​ទេ​ក្នុង​រដូវ​វស្សា​នេះ ហេតុ​ដូច្នេះ​​ហើយ​ប្រភេទ​បន្លែ​ដែល​ទទួល​បាន​ទិន្នផល​ល្អ​ក្នុង​រដូវ​វស្សា​នេះ​គឺ​មាន​តែព​ពួក​បន្លែ​ប្រភេទ​ផ្លែ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​ដូច​ដែល ​សូវរីន ​បាន​រៀបរាប់​បង្ហាញ​ជូន​ពី​ខាង​លើ​ដែល​ផ្ដល់​ទិន្នផល​ល្អ​ក្នុង​រដូវ​វស្សា​នេះ។ សូម​បញ្ជាក់​​ផង​ដែរ​ថា ថ្វីត្បិតតែ​ភោគផល​បន្លែ​មិន​ជា​សម្បូរ​បែប​ក្នុង​រដូវ​នេះ​ក៏​ពិត​មែន​ប៉ុន្តែ​កសិករ​ខ្មែរ​យើង​នៅ​តែអាច​ដាំដុះ​បន្លែ​ស្ទើរតែគ្រប់​ប្រភេទ​បាន​ទៅ​តាម​តម្រូវ​ការ​របស់​អ្នក​បរិភោគ​គ្រាន់​តែវា​តិច​ឬ​ច្រើន​ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង​នៃ​អំណោយផល​អាកាស​ធាតុ​តាម​រដូវ​កាល។    

            បន្លែ​ធម្ម​ជាតិ​​ស្រុក​ស្រែ​ក្នុង​ប្រទេស​កម្ពុជា​យើង  ភាគ​ច្រើន​សុទ្ធ​តែជា​បន្លែ​គ្មានជាតិ​គីមី ដែល​វា​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ដូច​បន្លែ​មួយ​ចំនួន​ដែល​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​ឡើយ ​តួ​យ៉ាង​ដូចជា​នៅ​ផ្សារ​សហគមន៍​ខ្មែរ ដែល​លក់​សុទ្ធ​តែ​បន្លែ​ទៅ​តាម​រដូវ​កាល​ដែល​ដាំដុះ​ដោយ​កសិករ​ខ្មែរ​ដោយ​ប្រើ​ប្រាស់​ជី​ធម្ម​ជាតិ​។ ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ ទាំង​អស់​នេះ​គ្រាន់​តែ​ជាការ​លើក​មក​បង្ហាញ​ត្រួសៗពី​ប្រភេទ​បន្លែ​ស្រុក​ស្រែ​ខ្លះ​នៅ​រដូវ​វស្សា​ដែល​យើង​និយម​បរិភោគ​ប្រចាំ​ថ្ងៃ​មក​បង្ហាញ​ជូន​តែ​ប៉ុណ្ណោះ នៅ​មាន​ប្រភេទ​បន្លែ​ធម្ម​ជាតិ​​ដែល​ដុះ​នៅ​តាម​តំបន់​ស្រុក​ស្រែជា​ច្រើន​ទៀត​ដែល សូវរីន មិន​អាច​រៀបរាប់​ឈ្មោះ​អស់៕

Article by HENG CHANMAKARA


SUGGESTIONS