បើយើងបានធ្វើដំណើរតាមផ្លូវជាតិលេខ៣ ទៅដល់ទឹកដីក្រុងកំពត ហើយឆៀងចូលទៅកំសាន្តនៅរមណីយដ្ឋានទឹកឈូដ៏ល្បីល្បាញជាងគេនោះ យើងទាំងអស់គ្នាច្បាស់ជាបានឃើញតូបអាជីវករណែនណាន់តាន់តាប់ដាក់តាំងលក់ភោគផលផលានុផលជាច្រើនប្រភេទនៅតាមដងផ្លូវដូចជា ទុរេន សាវម៉ាវ មង្ឃុត ម៉ាក់ប្រេងម៉ាក់ប្រាង ទៀបបារាំង ព្រមទាំងចំណីចំណុកស្រស់ៗថ្មីៗសព្វបែបយ៉ាងគួរឲ្យចង់ស្រក់ទឹកមាត់។ ក្នុងចំណោមបណ្តាអាហារប្រចាំ តំបន់ទាំងអស់ដែលមានវត្តមាននៅលើទឹកដីជើងភ្នំកំចាយមួយនេះ គេសង្កេតឃើញមាននំមួយប្រភេទដែលអ្នកលក់នៅទីនោះគរជាគំនរលក់ព្រោងព្រោតស្ទើរគ្រប់តូប រហូតដល់អ្នកលក់ខ្លះដាក់ក្នុងកន្រ្តកដើរយួរលក់ពីខ្ចុះមួយទៅខ្ចុះមួយ។ នរណាក៏ស្គាល់ដែរថា នំនោះអ្នកស្រុកកំពតនិងប្រជាជនទូទាំងប្រទេសហៅថា នំស្លឹកចាក។ តើអ្វីទៅជាលក្ខណៈពិសេសរបស់នំស្លឹកចាកខេត្តកំពត? តើនំនេះជាប្រភេទនំកែច្នៃថ្មី ឬយ៉ាងណាដែរ? តោះមកសិក្សាស្វែងយល់អំពីព័ត៌មានលម្អិតទាក់ទងនឹងនំនេះទាំងអស់គ្នា!
មុននឹងឈានទៅដល់ការបកស្រាយស៊ីជម្រៅអំពីសាវតារនំនេះ សូវរីនសូមណែនាំឲ្យប្រិយមិត្តទាំងឡាយស្គាល់ថាអ្វីទៅជា “ស្លឹកចាក”។
បើយោងតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ គ.ស ១៩៦៧ ស្លឹកចាក សំដៅចំពោះស្លឹកឈើតចសារជាតិមួយប្រភេទសន្តាននឹងជ្រែ តែដុះក្នុងទឹក ប្រើប្រក់ផ្ទះ ច្រើនសម្បូរនៅក្នុងដែនកម្ពុជាក្រោម។ ជាការពិតណាស់ ស្លឹកចាកត្រូវបានអ្នកស្រុក ប៉ែកខាងត្បូងកែច្នៃប្រើជាគ្រឿងទព្វសម្ភារៈ (ជំនួសស្បូវប្រក់ដំបូលផ្ទះ ឬ ជញ្ជាំងផ្ទះ) និង ប្រើជាស្លឹកវេចខ្ចប់នំនែកបាន ជំនួសស្លឹកត្នោត និងស្លឹកឬស្សីផងដែរ។ អាស្រ័យហេតុនេះហើយទើបនំនេះត្រូវបានគេដាក់ឈ្មោះថា នំស្លឹកចាក យោងទៅតាមស្លឹកដែលគេយកមកវេចជាក់ស្តែងងាយស្រួលក្នុងការចំណាំ។
ថ្វីត្បិតតែយើងមិនទាន់បានដឹងពីកាលបរិច្ឆេទនៃកំណើតនំស្លឹកចាកនេះជាក់លាក់ក៏ដោយ ប៉ុន្តែបើយោងតាមចម្លើយរបស់បងប្អូនអាជីវករនៅទីនោះ និងស្ថានភាពភូមិសាស្រ្តនៃខេត្តកំពត យើងអាចសន្មតបានថា នំស្លឹកចាក ជានំប្រពៃណីមានប្រវត្តិជាយូរលង់ណាស់មកហើយ ព្រោះប្រជាជនខេត្តកំពតចេះផលិតនំប្រភេទនេះតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ ពីម្តាយតទៅកូន ពីកូនតទៅចៅ ទុកជាអាហារសម្រន់ដ៏ពិសេសប្រចាំខេត្តទុកលក់ជូនភ្ញៀវទេសចរមកពីគ្រប់ទិសទី។ គ្មានអ្នកកំពតណាម្នាក់ ដែលអះអាងថាមិនស្គាល់ឬមិនដែលភ្លក់រសជាតិនំស្លឹកចាកនេះឡើយ។ យើងអាចនិយាយបានថានំនេះបានក្លាយជាអត្តសញ្ញាណអាហារនៃខេត្តកំពតរួចទៅហើយ។ ជាតឹកតាង យ៉ាងប្រត្យក្ស ដោយសារភាពល្បីរន្ទឺនៃនំស្លឹកចាកបានសាយភាយជ្រួតជ្រាបដល់មហាជនទូទាំងប្រទេស នំនេះត្រូវបានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពតជ្រើសតាំងជាបង្អែមខ្មែរតំណាងខេត្តកំពតយកមកបង្ហាញជូនសាធារណជនក្នុងឱកាសកម្មវិធីពិព័រណ៍នំនិងបង្អែមខ្មែរលើកទី១ ដែលបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅលើទឹកដីទីក្រុងរណបកោះពេជ្រ កាលពីចុងខែកញ្ញា ឆ្នាំ២០១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អតីតអភិបាលរាជធានីភ្នំពេញ ឯកឧត្តម កែប ជុតិមា ជាប្រវត្តិសាស្រ្តយ៉ាងធំធេង។
ជាមួយនឹងទឹកមុខស្រស់ស្រាយញញឹមញញែមក្លែមពាក្យសម្តីពពាយនាយយ៉ាងប៉ិនប្រសប់ កញ្ញា ធីតា អាជីវករលក់នំស្លឹកចាកមួយរូបនៅរមណីយដ្ឋានទឹកឈូ បានរៀបរាប់ប្រាប់ថា “នំស្លឹកចាកនេះលក់ថ្លៃត្រឹមតែ ៥០០០ រៀលក្នុងមួយបន្ទះ (មួយបន្ទះមាន ១០នំ)។ ខ្ញុំមិនដឹងថាគេចាប់ផ្តើមធ្វើនំនេះពីអង្កាល់ណាទេ តែខ្ញុំស្គាល់នំស្លឹកចាកនេះតាំងពីធំដឹងក្តីមកម្ល៉េះ ហើយចេះធ្វើលក់តពីម្តាយខ្ញុំរហូតមកដល់សព្វថ្ងៃនេះគឺជាង ១០ឆ្នាំហើយ។”
ដើម្បីធ្វើនំដ៏ឈ្ងុយឆ្ងាញ់នេះ គេត្រូវកាត់ស្លឹកចាកដែលដុះព្រោងព្រាតនៅតាមមាត់ព្រែកដៃសមុទ្រមកលាងសម្អាតឲ្យជ្រះស្អាត ហើយកាត់តម្រឹមក្នុងប្រវែងប្រហែលមួយហត្ថ (ពីរចំអាម) ទុកមួយអន្លើសម្រាប់ប្រើការវេចខ្ចប់។ រីឯវិធីធ្វើសាច់នំវិញ គេត្រូវប្រើគ្រឿងផ្សំសំខាន់ៗចំនួន៤មុខ គឺ អង្ករដំណើបសសុទ្ធ ដូងចាស់ ស្ករត្នោត (ឬ ស្ករស) និង ល្ងខ្មៅ។
របៀបធ្វើគឺមានលក្ខណៈសាមញ្ញបំផុតស្រដៀងនឹងការធ្វើអន្សមអាំងធម្មតាដែរ ពោលគឺ ត្រូវយកអង្ករដំណើបទៅលាងទឹកឲ្យស្អាត ហើយបន្ទាប់មកត្រូវយកវាទៅត្រាំទឹកចោលរយៈពេលប្រមាណ៤ម៉ោង ទើបសម្រិតទឹកចោល ទុកឲ្យស្រស់ទឹក រួចយកទៅកិនច្រោះឲ្យរឹងល្អ។ ក្រោយមកទៀត ត្រូវយកម្សៅអង្ករដំណើបនោះទៅច្របាច់ពូតឲ្យម៉ដ្ឋម្ដងទៀត រួចលាយជាមួយសាច់ដូងដែលកោសរួចសឹមចាក់លាយបញ្ចូលជាមួយស្ករត្នោត ឬ ស្ករស ល្ងខ្មៅ ឲ្យសព្វគ្រឿង។ ជាចុងក្រោយ ត្រូវយកល្បាយម្សៅដែលច្របល់សព្វនោះទៅបៀកនឹងស្លឹកចាកស្រស់ រួចយកទៅខ្ទាស់ឲ្យជិតស្រួលបួលតម្រៀបដាក់អាំងរហូតឆ្អិនចោលក្លិនឈ្ថុយប្រហើរចេញពីកាកដូង។
តាមពិតទៅ នំស្លឹកចាកនេះក៏មានលក់ខ្លះដែរនៅកំពង់សោម និងកោះកុង ប៉ុន្តែបើនិយាយពីវា គឺប្រជាជនភាគច្រើននឹកដល់ខេត្តកំពតមុនគេ ព្រោះមានតែខេត្តកំពតទេដែលមានលក់នំនេះច្រើនជាងគេតពីដូនតា ហើយគុណភាព និងរសជាតិក៏ពិសេសដាច់គេដែរ ងាយស្រួលចំណាំណាស់ គឺសាច់នំក្រាស់ ស្វិតណែនល្អ ពេលបកមិនជាប់ប្រតាកនឹងស្លឹកដែលខ្ចប់ទេ ហើយឈ្ងុយក្លិនដូងពិតៗ កាន់តែញ៉ាំកាន់តែឆ្ងាញ់ជក់ចិត្តទ្វេដង។ ដោយសារតែមូលហេតុនេះហើយ ទើបនំនេះលក់ដាច់រាប់ទសវត្សរ៍ មិនចេះស្រកស្រុតប្រជាប្រិយភាព អ្នកដំណើរភាគច្រើននិយមទិញយកមកផ្ញើអ្នកផ្ទះមិនសូវដែលលោះពេលឡើយ។ តើប្រិយមិត្តអ្នកអានធ្លាប់សាកទទួលទានស្តេចនំនៅកំពតនេះហើយឬនៅ?
Article by SRIN SOKMEAN