ទីតាំងអតីតវាំងសម័យឧដុង្គត្រូវបានក្រសួងទេសចរណ៍បង្កើតកម្មវិធីរៀបចំជាវត្តទេសចរណ៍គំរូ
TRAVEL & LIVING 6 years ago“វត្តហរិរក្សរាជិនី (វត្តវាំងចាស់) ជាវត្តទេសចរណ៍គំរូ” បានក្លាយជាវិញ្ញាសារក្នុងប្រធានបទនៃការរៀបចំ វត្តទេសចរណ៍គំរូ ក្នុងកម្មវិធីប្រកួតប្រជែងយុវជនទេសចរណ៍ឆ្នើមប្រចាំឆ្នាំ២០១៨ ក្នុងគោលបំណងដើម្បីជាការ បញ្ជ្រាបការយល់ដឹងសាធារណៈអំពីវិស័យទេសចរណ៍ដល់យុវជនកម្ពុជា ក៏ដូចជាការលើកទឹកចិត្តដល់ការចូលរួម របស់យុវជនកម្ពុជាក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាពច្នៃប្រឌិត ដោយនិរន្តរភាព និង ការទទួល ខុសត្រូវ។ តើទីអារាមហរិរក្សរាជិនី ហៅ វត្តវាំងចាស់ មានទីតាំងស្ថិតនៅឯណា? ហើយតើវត្តនេះមានសាវតារខុសប្លែក ពិសេសជាងវត្តដទៃយ៉ាងណាខ្លះបានជាក្រសួងទេសចរណ៍ជ្រើសរើសទីតាំងនេះធ្វើជាវិញ្ញាសារប្រកួតប្រជែង?
វត្តវាំងចាស់ មានឈ្មោះជាផ្លូវការថា វត្តហរិរក្សរាជិនី ដែលមានទីតាំងស្ថិតនៅភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មិនឆ្ងាយប៉ុន្មានពីរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ ឬ ភ្នំឧដុង្គ។ ប្រសិនបើលោកអ្នកចង់ធ្វើ ដំណើរទៅកាន់វត្តដែលមានប្រវត្តិដ៏ចំណាស់នេះ លោកអ្នកត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥ តាមទិសដៅទៅកាន់ ផ្សារឧដុង្គ ទីរួមស្រុកឧដុង្គ។ ពីក្លោងទ្វារចូលរមណីយដ្ឋានភ្នំព្រះរាជទ្រព្យទៅដល់ផ្លូវជាតិលេខ៥១ (ផ្លូវភ្ជាប់ពីឧដុង្គទៅ ផ្សារថ្នល់ទទឹង ផ្លូវជាតិលេខ៤) ដែលជាផ្លូវបត់ចូលវត្តនេះមានចម្ងាយជិត២គីឡូម៉ែត្រ។ លោកអ្នកត្រូវបត់ចូលតាមផ្លូវនោះ (ទៅពីភ្នំពេញ ស្ថិតនៅខាងឆ្វេងដៃ) ក្នុងចម្ងាយជាង៨០០ម៉ែត្រទើបដល់ក្លោងទ្វារវត្ត។
ទីតាំងវត្តនេះជាអតីតព្រះបរមរាជវាំងសារពើយុត្តិដែលជាព្រះរាជនិវេសនដ្ឋានសម័យឧត្តុង្គ ហើយវត្តនេះ កសាងឡើងក្នុងរជ្ជកាលព្រះបាទសម្តេចហរិរក្សរាមាឥស្សរាធិបតីព្រះអង្គឌួង (គ.ស. ១៨៤០ ដល់ គ.ស. ១៨៥៩)។ យោងតាមឯកសារ រាជពង្សាវតារជាសាស្រ្តាស្លឹករឹតនៅវត្តកោកកាក វត្តវាំងចាស់ត្រូវបានកសាងដំណាលគ្នានឹង វត្តព្រះពុទ្ធសេយ្យាសន៍ វត្តគ្រាំងពន្លៃ វត្តព្រះវិហារសំណ វត្តសាលាគូ និង វត្តវិហារខ្ពស់ ដែលសុទ្ធសឹងតែស្ថិតនៅក្នុង បរិវេណរាជធានី ក្រុងឧតុង្គមានជ័យ។ ចំពោះមូលហេតុដែលវត្តនេះមានឈ្មោះជាផ្លូវការថា វត្តហរិរក្សរាជិនី ពីព្រោះដំបូងឡើយ ព្រះបរមកោដ្ឋបានថ្វាយទីតាំងព្រះបរមរាជវាំងចាស់នេះឲ្យ ព្រះវររាជិនីដែលជាព្រះមាតារបស់ព្រះអង្គ គង់ប្រថាប់ ពេលដែលព្រះអង្គត្រូវយាងទៅគង់នៅព្រះបរមរាជវាំងចតុមុខវិញ។ ក្រោយមកទីនោះក៏ក្លាយជាវត្តអារាម ហើយជាប់នាមជា វត្តហរិរក្សរាជិនី តរហូតមកដល់សព្វថ្ងៃនេះ។
ក្នុងសម័យដើមវត្តនេះមានភាពរុងរឿង ជាវត្តសំបូរដោយគម្ពីរដីកា ភាសាបាលី និង សំរាយ ជាវត្តដែលបណ្តុះ បណ្តាលព្រះសង្ឃ បណ្ឌិត ជាច្រើនអង្គក្រោមព្រះរាជូបត្ថម្ភរបស់ព្រះមហាក្សត្រខ្មែរ។ ប៉ុន្តែវត្ថុបុរាណ និង សមិទ្ធផល ស្ទើរតែទាំងអស់នៅក្នុងទីអារាមនេះត្រូវបានបាត់បង់អន្តររាយដោយសារសង្រ្គាម និង របបប្រល័យពូជសាសន៍។ ក្រោយថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ ទីអារាមនេះត្រូវបានបើកដំណើរការឡើងវិញ ប៉ុន្តែដំបូងឡើយមានតែសាឡុំមួយ ដែលសង់លើទីទួលព្រះវិហារចាស់។ លុះមកដល់ថ្ងៃច័ន្ទ ៥កើត ខែពិសាខ ឆ្នាំជូត អដ្ឋស័ក ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៦ ព្រះវិហារថ្មីសព្វថ្ងៃត្រូវបានចាប់ផ្តើមស្ថាបនាក្រោមគំនិតផ្តួចផ្តើមដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលជាពុទ្ធសាសនូបត្ថម្ភដ៏សកម្ម។ ព្រះវិហារវត្តវាំងចាស់ត្រូវបានបញ្ចុះសីមានៅថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំជូត អដ្ឋស័ក ព.ស. ២៥៤០ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៩៧។
ក្រៅពីសមិទ្ធផលព្រះវិហារថ្មី សមិទ្ធផលជាច្រើនត្រូវបានកសាងអភិវឌ្ឍជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ រួមមាន ដងទង់ របង ក្លោងទ្វារ ឧបដ្ឋានសាលា កុដិ សាលារៀន សាលាពុទ្ធិកសិក្សា រូបសំណាកវីរបុរសស្នេហាជាតិ ព្រមទាំង ផ្លូវបេតុង។ ទន្ទឹមនឹងនេះ វត្តក៏នៅសេសសល់ស្លាកស្នាមប្រវត្តិសាស្រ្តមួយចំនួនសម្រាប់សិស្ស និស្សិត និង អ្នកស្រាវ ជ្រាវជាតិនិងអន្តរជាតិសិក្សាស្វែងយល់ដូចជា ស្រះទឹកឃ្លាំងប្រាក់ ស្រះសារពើយុត្តិ ស្រះស្រង់ ទីតាំងខឿនព្រះវិហារ ចាស់ (អតីតប្រាសាទទេវាវិនិច្ឆ័យនៃព្រះបរមរាជវាំងចាស់) ហោត្រៃ (បណ្ណាល័យ) សាលាឆាន់ និង កាំភ្លើងបុរាណ ចំនួន១១ដើមសម្រាប់ដាក់តាំងលម្អជុំវិញទីតាំងព្រះវិហារចាស់ថែមទៀតផង។ បច្ចុប្បន្ន ទីអារាមនេះបានក្លាយជា រមណីយដ្ឋានសម្រាប់ភ្ញៀវទេសចរមកទស្សនាកំសាន្ត ជួបជុំធ្វើបុណ្យទាននានា និង ជាទីតាំងប្រវត្តិសាស្រ្តដ៏ពិសិដ្ឋ សម្រាប់បណ្តាសិស្សនិស្សិតមកពីគ្រប់មជ្ឈដ្ឋានជិតឆ្ងាយចុះធ្វើកម្មសិក្សាឬទស្សនកិច្ចសិក្សាជាហូរហែពុំសូវដាច់៕
Article by SRIN SOKMEAN