បើនិយាយពីខេត្តឈៀងម៉ៃដែលស្ថិតនៅតំបន់ព្រៃភ្នំធម្មជាតិភាគខាងជើងប្រទេសថៃនោះ ទេសចរទាំងឡាយប្រាកដជានឹកដល់សម្រស់បុប្ផាព្រៃភ្នំដែលលាក់ខ្លួនជ្រកក្រោមដែនដីដែលរងឥទ្ធិពលសិល្បៈវប្បធម៌ ឡានណា តាំងពីសតវត្សរ៍ទី១៣មកម្ល៉េះ។ ហើយខេត្តនេះទៀតសោតជាប៉ូលទេសចរណ៍ដ៏ធំបំផុតមួយដែលសម្បូរទៅដោយសក្តានុពលទេសចរណ៍ល្បីល្បាញ និងកំពុងទទួលបាននូវការពេញនិយមពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុងចំណោមតំបន់ទេសចរណ៍តាមបែបប្រវត្តិសាស្រ្ត តំបន់ទេសចរណ៍តាមបែបធម្មជាតិ និងមជ្ឈមណ្ឌលកម្សាន្តទំនើបៗជាច្រើននៅទីនោះ សូវរីន នឹងបង្ហាញជូននូវកន្លែងកម្សាន្តមួយ ដែលមានឈ្មោះថា Balloon Port at Horizon & Resort។
នៅក្នុងដំណើរទស្សនៈកិច្ចរបស់ សូវរីន រយៈពេល៤ថ្ងៃលើទឹកដីនៃខេត្តឈៀងម៉ៃ នាថ្ងៃចុងក្រោយមុនពេលដែលយើងត្រលប់មកប្រទេសកម្ពុជាវិញ យើងបានចំណាយពេលមួយព្រឹកព្រលឹមដើម្បីសាកល្បងទទួលយកបទពិសោធន៍ថ្មីមួយដែលយើងមិនធ្លាប់ធ្វើពីមុនមកទាល់តែសោះ នោះគឺសកម្មភាពជិះបាឡុងហោះលើអាកាស។ វាជាសកម្មភាពដែលធ្វើឲ្យបេះដូងភ្ញៀវទេសចរទាំងយើងទាំងគេ រំភើបញាប់ញ័រជាងគេ ស្ទើរតែរកពាក្យអ្វីមកប្រៀបប្រដូចមិនបានស្មានមិនត្រូវ។ សម្រស់ព្រៃភ្នំធម្មជាតិនៃ ខេត្តឈៀងម៉ៃមិនអាចធ្វើឲ្យយើងមើលសព្វដោយការជិះរថយន្តមើលនោះទេ ពោលគឺមានតែការជិះបាឡុង ហោះដ៏ធំនេះហើយដែលអាចជួយឲ្យពួកយើងមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាតនៃខេត្តនេះកាន់តែច្បាស់ ដូចសត្វបក្សីហើរសំកាំងស្លាបរំពៃកែវភ្នែកសម្លឹងរកចំណីនាពេលព្រឹកព្រលឹម។
ជំនោរស្រុកឈៀងម៉ៃពេលព្រឹកព្រហាមគួបផ្សំនឹងពន្លឺទិនករស្រាលស្រទន់ដែលរះឡើងគ្របដណ្តប់ផែនពសុធាស្វាគមន៍ថ្ងៃថ្មីនៃលោកសន្និវាសធ្វើឲ្យដួងចិត្តយើងទាំងអស់គ្នានឹកស្រណោះអាឡោះអាល័យទឹកដីឈៀងម៉ៃពុំចង់ឃ្លាតឡើយ។ ទ្រនិចនាឡិកាបានចង្អុលដល់ម៉ោងដែលចុះសំចត អ្នកបញ្ជាឬយើងហៅថាអ្នកបើកបាឡុងក៏បានបន្ទាបបាឡុងបន្តិចម្ដងៗ មកកាន់ទីវាលដែលមានស្មៅក្រាលយ៉ាងបៃតងស្រស់អមទៅដោយទេសភាពយ៉ាងត្រកាល។ ស្ទើរតែមិនដឹងខ្លួនយើងក៏បានសុំចតនៅលើដីដោយសុវត្ថិភាព ព្រមជាមួយបទពិសោធន៍ដ៏រីករាយជាមួយ ដំណើរកម្សាន្តតាមបែបថ្មីមួយនេះ។ សូមបញ្ជាក់ផងដែរថាការជិះបាឡុងហោះម្ដងមានតម្លៃ ៨៨០០បាត (ជិត ៣០០ដុល្លារ) ដោយក្នុងនោះយើងអាចជិះចាប់ពី២នាក់រហូតដល់៦នាក់បានក្នុងបាឡុងមួយ ក្រោយពីជិះហើយយើងក៏នឹងទទួលបាននូវការស្វាគមន៍របស់ក្រុមការងារដោយការចាក់ស្រាសាំបាញនៅលើសក់តិចៗ រួមជាមួយនឹងការក្រេបឱជារសនៃស្រាសាំបាញយ៉ាងត្រជាក់ចិត្ត រួមជាមួយការផ្ដល់នូវវិញ្ញាបនបត្របញ្ជាក់ពីឈ្មោះយើងផងដែរ៕
Article by HENG CHANMAKARA