មានមនុស្សស្រីមិនច្រើនទេ ដែលមានបំណងប្រាថ្នាចង់បម្រើតួនាទីក្នុងជួរកងពលទាហាន ក៏ដោយសារតែការងារនេះ ឆ្លងកាត់នូវឧបសគ្គច្រើនមិនថាការប្រឡង ឬក្នុងអំឡុងពេលបំពេញតួនាទីឡើយ។ ដោយឡែក កញ្ញា រឿន ណាត ដែលទើបតែប្រឡងជាប់ជាជ័យលាភី បវរកញ្ញា កម្ពុជា (Miss Cambodia) ថ្មីៗនេះ បែរជាកំណត់នូវគោលដៅជីវិតរបស់ខ្លួន ចូលក្នុងវិស័យយោធានេះទៅវិញ។
និយាយទាំងទឹកមុខជឿជាក់ រឿន ណាត បានបង្ហើបប្រាប់ដល់សូវរីនដែរថា ថ្វីត្បិតតែសព្វថ្ងៃនេះ ខ្លួនកំពុងមានឈ្មោះបោះសំឡេងនៅក្នុងពិភពសិល្បៈក៏ពិតមែន ប៉ុន្តែក្តីស្រមៃដ៏ធំបំផុតរបស់កញ្ញាឯករូបនេះគឺចង់ក្លាយជាទាហាន។ « ទាហាន ជាតួនាទីមួយដែលខ្ញុំស្រមៃចង់ធ្វើឲ្យទាល់តែបាន ដើម្បីបន្តវេនពីលោកឪពុករបស់ខ្ញុំ»។ ជាការចាក់ដោតទៅដល់ប្រិយមិត្តអ្នកអានយ៉ាងខ្លាំង ទៅលើក្តីស្រមៃរបស់ កញ្ញាឯក រឿន ណាត ព្រោះ យុវវ័យសម័យនេះ ភាគច្រើន ចូលចិត្តប្រឡូកខ្លួនក្នុងវិស័យសិល្បៈច្រើនជាងកិច្ចការប្រទេសជាតិ ជាពិសេសមនុស្សស្រីតែម្តង។ ដោយសារតែយល់ឃើញថា បុរស និងស្ត្រី មានសិទ្ធស្មើគ្នា សមត្ថភាពអាចបញ្ចេញដូចគ្នា ដែលខុសស្រឡះពីទំនៀមទម្លាប់ពីសម័យមុន ដូចបានលើកឡើងថា៖ ស្ត្រី បង្វិលចង្រ្កានមិនជុំ។ ដើម្បីរុញច្រានរបាំងផ្ទាំងនៃផ្នត់គំនិតចាស់បុរាណ មួយនេះ ក្នុងនាម ជាយុវសិល្បៈជំនាន់ក្រោយ រឿនណាត បានដាក់ចិត្ត ដាក់កាយធ្វើយ៉ាងណា ប្រឡងឲ្យជាប់ចូលជាយោធាដើម្បីបម្រើដល់ការងារសង្គមដូចជាបុរសឲ្យទាល់តែបាន។ ភាគរយនៃការសង្ឃឹមក្នុងការទទួលយកតួនាទីជាទាហាននោះ កញ្ញា មានទំនុកចិត្តច្រើន ។ បើនិយាយពី រូបសម្បត្តិ គឺជាពិន្ទុទីមួយដែលកញ្ញាទទួលបានរួចជាស្រេច ព្រោះ ដោយហេតុថា កញ្ញា ជាប់ជាបវរកញ្ញាស្រាប់ ដូចនេះ ទាំងកម្ពស់ ទាំងរូបរាង ទាំងភាពស្វាហាប់ គឺសមស្របទៅតាមលក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនឲ្យចូលប្រឡងធ្វើជាទាហានបាន។
ជុំវិញក្តីប្រាថ្នាចង់ បម្រើការងារក្នុងជួរទាហាននេះដែរ កញ្ញាឯក រឿន ណាតបានប្រឹងប្រែងរៀនសូត្រពីចំណេះដឹងទូទៅជាច្រើន ហើយឆ្លៀតពេលពីការងារសិល្បៈ កញ្ញា បានពង្រឹងបន្ថែមដោយសិក្សាស្រាវជ្រាវពីមុខវិជ្ជាលើផ្នែកទាហាននេះ ដើម្បីបង្កើននូវសមត្ថភាពថែមមួយកម្រិតទៀតពេលប្រឡង។ មួយវិញទៀត ការថែទាំសុខភាពក៏ជាកត្តាចាំបាច់ ដែលកញ្ញាត្រូវយកចិត្តទុកដាក់ ព្រោះទាហាន មិនត្រឹមតែមានរូបសម្បត្តិសមស្រប និងចំណេះដឹងតែមួយមុខនោះទេ ក្នុងនោះ ត្រូវមានសុខភាពល្អ រឹងមាំ ដើម្បីបញ្ចេញភាពក្លាហានសាកសមក្នុងនាមជាយុទ្ធជនគំរូទៅថ្ងៃខាងមុខ ដើម្បីជាតិ មាតុភូមិនៃខ្មែរ៕
Article by CHAN SEREYRATH