×

ដៃខ្មែរ កែច្នៃ​ដូង​ទាំង​ត្រឡោក​ផ្ដល់​ជា​ប្រយោជន៍​យ៉ាង​លើសលប់​ដល់​សម្ផស្ស​ស្បែក

NEWS 6 years ago
 
 

          ដៃខ្មែរ គឺជា​ឈ្មោះ​សិប្បកម្ម​មួយ​កន្លែង​ដែល​ប្រើប្រាស់​វត្ថុ​ធាតុដើម​ស្ទើរ​តែ​ទាំងស្រុង ចេញ​ពី​ផ្លែដូង​តែម្តង។ កញ្ញា វត្ថា វិច្ឆិកា វ័យ​២៥ឆ្នាំ ជា​ម្ចាស់​សិប្បកម្ម​ផ្ទាល់ បាន​រៀប​រាប់ប្រាប់ បាន​បង្ហាញ​អំពី​គុណ​ប្រយោជន៍​ខ្ពស់​ទៅ​លើ​ការ​ច្នៃ​អ្វី​ដែល​ចេញ​ពី​ធម្មជាតិ និង​មិន​មាន​ផល​គីមី​ណា​មួយ​រំខាន​ដល់​សុខភាព​អ្នក​ប្រើប្រាស់។ មួយ​វិញ​ទៀត កញ្ញា​ក៏​ចង់​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​របស់​ប្រជាជនខ្មែរ​ដែល​តែងតែ​ប្រើប្រាស់​ផលិតផល​គីមី​ដើម្បី​ឲ្យ​ស្បែក​ស ដោយ​មិន​គិត​ពី​ផល​ប៉ះពាល់​របស់​វា ឲ្យ​ងាក​មក​ប្រើប្រាស់​ផលិតផល​ធម្មជាតិ​ដែល​មិន​បំផ្លាញ​សុខភាព​ពួក​គេ​វិញ។

          ចំពោះ​ដំណើរ​ដើមទង​ដែល​នាំ​ឱ្យ​អតីត​តារា​បង្ហាញម៉ូដ​រូប​ស្រស់​សោភា​ម្នាក់​នេះ សម្រេច​ចិត្ត​បង្កើត​សិប្បកម្មផ​លិត​ប្រេងដូង និង​សាប៊ូ​ធម្មជាតិ ឡើង​ដោយ​សារ​តែ​ក្នុង​អំឡុង​ពេល​ទៅ​ថត​រូប​បង្ហាញ​ម៉ូដ​នៅ​ខេត្តតាកែវ​ អ្នក​ផាត់​មុខ​បាន​យក​ប្រេង​ដូង​មក​ជូត​សំអាត​គ្រឿង​សម្អាង​នៅ​លើ​មុខ​របស់​នាង ហើយ​ឃើញ​ថា​វា​មាន​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​ស្បែក ទើប​ធ្វើ​ឲ្យ​នាង​ចាប់​អារម្មណ៍​លើ​សង្វាក់​ការងារ​នេះ​ហើយ​ក៏​បាន​ចាប់​ដៃគូ​សហការ​ជាមួយ​បរទេស​មួយ​ក្រុម​ នៅ​ក្នុង​ឆ្នាំ​២០១៤ ដើម្បី​ផលិត​ជា​ប្រេងដូង និងសាប៊ូ។ រហូត​មក​ដល់​ឆ្នាំ២០១៧ វិច្ឆិកាបាន​បើក​សិប្បកម្ម​ផ្ទាល់​ខ្លួន​មាន​ឈ្មោះ​ថា​“ដៃខ្មែរ”ដែល​មាន​ផលិតផល​សម្រាប់​ថែរក្សា​សម្ផស្ស​ជា​ច្រើន​ប្រភេទ​ខុសៗគ្នា។

          ថ្វីត្បិត​តែ​រយៈ​ពេល​នៃ​ការ​បង្កើត​ដៃខ្មែរ មា​នរយៈ​ពេល​ខ្លី​ក៏​ពិតមែន ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ ដៃខ្មែរ មាន​អតិថិជន​គាំទ្រ​យ៉ាង​ច្រើន​ទាំង​ទីផ្សារ​ក្នុង និង​ក្រៅស្រុក។ គួរបញ្ជាក់​ផង​ដែរ​ថា​ដៃខ្មែរ មាន​ផលិតផល​៣ប្រភេទ៖ ប្រេងដូង ធ្យូងត្រឡោកដូង និងសាប៊ូដុសមុខ​ឬ​ខ្លួន​ដែល​មាន​៦ក្លិន​ដែល​ផ្សំ​ឡើង​ពី​សារជាតិ៦​មុខផ្សេងៗ​គ្នា​បន្ថែម​ទៀត​មាន​ដូច​ជា៖ សាប៊ូ​ប្រេងដូង​សុទ្ធ ប្រេងដូង​លាយ​បន្ទាល​កន្ទុយក្រពើ ប្រេងដូង​លាយ​កាក​កាហ្វេ ប្រេងដូង​លាយ​ធ្យូង ប្រេងដូង​លាយ​អំពិល និង​ប្រេងដូង​លាយ​ល្មៀត។ ជា​មួយ​នឹង​សាប៊ូ​ប្រេងដូង ៦មុខ​នេះ យើង​អាច​យក​មក​ដុស​សម្អាត​ទាំង​ស្បែក​មុខ និង​ស្បែក​ខ្លួន​ទាំង​មូល ដោយ​ផលិតផល​ទាំង​នេះ គឺ​ចេញ​ពី​ធម្មជាតិ ១០០% មិន​មាន​ជាតិ​គីមី និង​ផ្តល់​នូវ​ការ​កម្ចាត់ មេរោគ​នៅ​លើ​ស្បែក​បាន​យ៉ាង​ល្អ​ទៀត​ផង។ ចំពោះ ធ្យូង​ត្រឡោកដូង​វិញ គឺ​យើង​អាច​យក​មក​ដុសធ្មេញ​ធ្វើ​ឲ្យ​សភ្លឺថ្លា និង​អាច​យក​ប្រេងដូង​មក​លាយ​ធ្វើ​ជា​ស្រ្កាប​អាច​យក​មក​ដុស​សំអាត​នៅ​លើ​ខ្លួន និង​ផ្ទៃមុខ​បាន​ផង​ដែរ។

          ដោយ​ឈរ​លើ​គោល​ជំហរ​មិន​ប្រើប្រាស់​ថង់ផ្លាស្ទិក​សម្រាប់​កញ្ចប់​វេចខ្ចប់​វិញ កញ្ញា បាន​ប្រើប្រាស់​ជា​ថង់​ដែល​ផលិត​ពី​ក្រចៅ និង​យក​ដើម​ចេក​ផលិត​ចេញ​ជា​ក្រដាស​ដើម្បី​ច្នៃជា​ប្រអប់​ដាក់​សាប៊ូ​យ៉ាង​គួរ​ឱ្យ​ទាក់ទាញ។ ក្នុង​ទឹកមុខ​ស្រស់ស្រាយ​ស្ថាបនិក​វ័យ​២៥ឆ្នាំ​រូប​នោះបាន​បង្ហើប​ដោយ​មិន​លាក់លៀម​ថា៖ «មុន​នឹង​ផលិត​ចេញ​បាន​ជា​ក្រដាស​ដើម​ចេក​នេះ​គឺ​យើង​ត្រូវ​ឆ្លង​កាត់​ដំណាក់កាល​សំខាន់ៗ​ដូច​ជា​ដំបូង​យើង​ត្រូវ​យក​ដើមចេក​ទៅ​ហាន់​ជា​បន្ទះ​ស្តើងៗ​ដោយ​ត្រាំទឹក​លាយ​ជាមួយ​នឹង​ក្រដាស​កាសែត​ចាស់ៗ ហើយ​យក​ទៅ​ក្រឡុក​ជា​មួយ​នឹង​ម៉ាស៊ីន បន្ទាប់​មក​យើង​យក​ពុម្ព​វា​មក​ដួស​ល្បាយ​ទាំង​នោះ​បន្ទាប់​មក​បាន​យក​ទៅ​ត្រាំ​ក្នុង​ទឹក​វាសៗ​វា​ឱ្យ​ស្មើ​ល្អ​ហើយ​សឹម​លើក​ពុម្ពនោះ​យក​ទៅ​ហាល​ថ្ងៃ​ឲ្យ​ស្ងួត​ប្រហែល​ជា​២​ទៅ​៣ថ្ងៃ​ជា​ការ​ស្រេច។

          ដោយ​ឡែក​សម្រាប់​និមិត្តសញ្ញា​នៃ​ស្លាក​យីហោ​នេះ​ទៀតសោត វិច្ចិកា បាន​បន្ថែម​ឱ្យ​ដឹង​ថា «ខ្ញុំ​សម្រេច​ចិត្ត​ដាក់​ឡូហ្គូ​រូប ដៃ​ទាំង​ពីរ ដែល​ធ្វើ​ឡើង​ដោយ​ពណ៌​ខ្មៅ​លាយ​បញ្ចូល​ជា​មួយ​នឹង​ផ្ទៃ​ពណ៌​រាងសាច់​មើល​ទៅ​លក្ខណៈ​ធម្មជាតិៗ​សាមញ្ញៗ ហើយ​បង្កប់​ទៅ​ដោយ​អត្ថន័យ​រយពាន់ ព្រោះ​ខ្ញុំ​គិត​ថា​ទម្រាំ​តែ​ខ្លួន​បាន​ធំ និង​មាន​ជីវិត​ល្អ​មក​ដល់​សព្វ​ថ្ងៃ​នេះ គឺ​ដោយ​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា រក​ប្រាក់​ដោយ​ដៃ​ទាំង​ពីរ​របស់​អ្នក​ម្តាយ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ និង​ដោយ​សារ​តែ​ខ្មែរ​ជា​អ្នក​ផលិត​ស្រាប់​ក៏​ដាក់​នាម​សិប្បកម្ម​របស់​ខ្ញុំ​ឈ្មោះ ”ដៃខ្មែរ” នេះ​តែ​ម្តង។»បង្ហាញ​ដោយ​ឆន្ទះ​យ៉ាង​មុតមាំ ស្ថាបនិក​ដៃខ្មែរ​បាន បញ្ជាក់​ច្បាស់​ថា​រាល់​ផលិតផល​ទាំង​អស់ គឺ​សុទ្ធ​តែ​ សម្រិតសម្រាំង​ចេញ​ពី​ធម្មជាតិ​ពិតៗ​ មិន​ភូតភរ​កុហក​ ដើម្បី​អាច​ធានា​ពី​គុណភាព​យ៉ាង​ពេញ​លេញ​សម្រាប់​អ្នក​ប្រើ​ប្រាស់។ ទាំង​គំនិត​ច្នៃប្រឌិត​ទាំង​អត្ថន័យ​នៃ​ការ​បង្កើត​គឺ​ផុស​ចេញ​ពី​ការ​យក​ចិត្តទុកដាក់​យ៉ាង​ខ្ជាប់ខ្ជួន​ពី​តារា​ម៉ូឌែល​វ័យ​ក្មេង​ម្នាក់​នេះ និង​ជា​គំរូ​ដ៏​ល្អ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ចេះ​យក​នូវ​អ្វី​ដែល​ជា​វត្ថុ​ធាតុដើម​ពី​ធម្មជាតិ មក​ជា​ប្រយោជន៍​សុខភាព​អ្នក​ប្រើប្រាស់។ សម្រាប់​គម្រោង​នា​ពេល​ខាង​មុខ​នេះ​វិច្ឆិកា កំពុង​តែ​ច្នៃ​ប្រេងដូង​ទៅ​ជា​សាប៊ូ​កក់​សក់​បន្ថែម​ទៀត​ ហើយ​នឹង​ពង្រីក​ការ​ដាក់​លក់​នៅ​តាម​បណ្តា​ផ្សារ​ទំនើប​ធំៗ និង​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ​ក្នុង​នោះ​វិច្ឆិកា​ក៏​មាន​ដៃគូ​ដែល​ជា​ជនជាតិ​បរទេស​ឈ្មោះ Claudio Pirreda ដែល​កាន់​ខាង​ទំនាក់ទំនង​ទី​ផ្សារ​ក្រៅ​ស្រុក។ មួយ​វិញ​ទៀត ការ​បង្កើត​ជា​សិប្បកម្ម​នេះ គឺ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ផ្តល់​ឱកាស ការងារ​ទៅ​ដល់​ស្រី្តខ្មែរ ឱ្យ​ទទួល​បាន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ និង​ថែម​ទាំង​បង្ហាញ​ស្នាដៃ​ឲ្យ​ពិភពលោក ក៏​ដូច​ជា​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅស្រុក បាន​ស្គាល់​ថា ជា​ផលិតផល​របស់​ខ្មែរ ហើយ​ជឿជាក់​ថា ខ្មែរ​អាច​ធ្វើបាន៕​

 Article by HENG CHANMAKARA


SUGGESTIONS