នៅពេលដែលគេច្នៃពោះវៀនម៉ូតូជាសម្ភារប្រើប្រាស់ហើយអាចលក់ចេញទៅអ៊ឺរ៉ុបទៀតផង
NEWS 6 years ago ពោះវៀនកង់ ជាទូទៅប្រជាជនខ្មែរយើងតែងទម្លាប់បោះចោលជារឿយៗនៅពេលប្រើប្រាស់អស់អាយុកាល ហើយក៏មិនរំពឹងប្រយោជន៍អ្វីច្រើនក្រៅពីយកមកធ្វើជាជ័រសម្រាប់បង្កាត់ភ្លើងឬធ្វើជាឧបករណ៍កម្សាន្តលើទឹកផ្សេងៗ។ ថ្វីដ្បិតពោះវៀនកង់ចាស់ៗក្លាយជាសំណល់គ្មានតម្លៃ និងត្រូវបានគេមើលរំលេងក្តី ប៉ុន្តែ អង្គការ មិត្តសម្លាញ់កម្ពុជា បានប្រមែប្រមូលស្ទើរតែគ្រប់ច្រកល្ហកយកមកច្នៃចេញជាសម្ភារប្រើប្រាស់មានប្រយោជន៍ច្រើនម៉ូដច្រើនបែបស្រស់ស្អាត និងទាន់សម័យឥតខ្ចោះ អ្វីដែលពិសេសបំផុតគឺកំពុងមានទីផ្សារខ្លាំងនៅឯបណ្តាប្រទេសជាច្រើននាប៉ែកអឺរ៉ុប។
Friends ‘n’ Stuff គឺជាម៉ាកផលិតផលដែលផ្តោតលើសម្ភារច្នៃឡើងវិញ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៥ ដោយអង្គការ មិត្តសម្លាញ់ ឬហៅថា Friends-International ។ ក្នុងនោះសម្ភារដូចជា កាបូបស្ពាយ កាបូបលុយ កាបូបប៊ិក ប្រអប់វ៉ែនតា ខ្សែក្រវាត់ ក្របសៀវភៅ និងបន្តោងសោជាដើម សុទ្ធតែច្នៃចេញពីពោះវៀនកង់ម៉ូតូឡានចាស់ ៗដែលគេបោះចោលនៅតាមយានដ្ឋានជួសជុលនានា។ បើក្រេឡេកមកមើលម៉ូដនីមួយៗវិញ គ្រប់គ្នាសឹងតែមិនជឿនឹងភ្នែកទេថាជាសម្ភារដែលច្នៃចេញពីពោះវៀនកង់ ដោយសារតែវាមានលក្ខណៈប្រណីត ស្រស់ស្អាត ដែលសំខាន់ជាម៉ូដទាន់សម័យត្រូវនឹងចិត្តយុវវ័យ។ តាមការឲ្យដឹងពីអង្គការផ្ទាល់ ការផ្តួចផ្តើមគំនិតទៅលើការផលិតសម្ភារពីពោះវៀនកង់នេះ ដោយសារអង្គការប្រមើលឃើញថាពោះវៀនកង់ចាស់ៗមានភាពងាយស្រួលក្នុងការស្វែងរក រីឯតម្លៃក៏ធូរថ្លៃ ជាពិសេសអង្គការចង់ផ្តល់ឱកាសដល់ស្ត្រីដែលមានជីវភាពខ្វះខាតអាចរកប្រាក់ចំណូលបន្ថែមនៅផ្ទះដោយខ្លួនឯង តាមរយៈការប្រមែប្រមូលពោះវៀនកង់យកមកកាត់ដេរធ្វើជាសម្ភារផ្សេងៗ។ ជាក់ស្តែង ស្ត្រីអាចស្វែងរកពោះវៀនកង់បានយ៉ាងងាយស្រួលនៅក្នុងសហគមន៍ដែលពួកគាត់រស់នៅ អង្គការនឹងផ្តល់ការបណ្តុះបណ្តាលទៅលើជំនាញច្នៃម៉ូដ និងកាត់ដេរ ព្រមទាំងគំាទ្រទៅលើការលក់ផលិតផលឲ្យមានទីផ្សារទាំងក្នុងស្រុកនិងក្រៅស្រុកផងដែរ។ មកទល់ពេលបច្ចុប្បន្ន អ្នកផលិតសម្ភារធ្វើពីពោះវៀនកង់ឲ្យអង្គការមានរហូតដល់ទៅ ៣០នាក់ ចំណែកពោះវៀនកង់ទាំងប៉ុន្មានត្រូវបានប្រមូលមកពីសហគមន៍នានានៅជុំវិញទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដូចនេះមានន័យថា ក្រៅពីអង្គការជាចំណែកមួយជួយដល់បរិស្ថានហើយនោះ ជាមួយគ្នានេះដែរអង្គការក៏បានដើរតួយ៉ាងសំខាន់ក្នុងការគាំពារដល់ស្ត្រីក្រីក្រឲ្យមានចំណេះដឹង មានជីវភាពល្អប្រសើរ ដើម្បីផ្គត់ផ្គង់គ្រួសារក៏ដូចជាការសិក្សារបស់កូនៗ។
យ៉ាងណាមិញ បើទោះសម្ភារទាំងនេះធ្វើឡើងពីពោះវៀនកង់ចាស់ៗ ប៉ុន្តែបើនិយាយពីគុណភាពគឺមិនឲ្យចាញ់ផលិតផលថ្មីឡើយ ពោលមានសភាពស្វិត រឹងមាំ និងធន់បំផុត។ ដោយសារតែមានគុណភាពខ្ពស់ផង ម៉ូដពេញនិយមត្រូវចិត្តសម្រាប់មនុស្សទូទៅផង ទើបផលិតផលធ្វើពីពោះវៀនកង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ហើយក៏កំពុងមានទីផ្សារខ្លាំងនៅឯបរទេសដូចជានៅ អូស្ត្រាលី អាមេរិកខាងជើង និងប្រទេសជាច្រើនទៀតនៅប៉ែកអឺរ៉ុប។ គួរបញ្ជាក់ដែរថា ក្រៅពី Friends ‘n’ Stuff មានផលិតផលច្នៃឡើងវិញពីពោះវៀនកង់ហើយនោះ ក្នុងនោះក៏មានផលិតផលផ្សេងទៀតច្នៃពី ក្រដាសកាសែត ស្លាបព្រាសម សំណល់ក្រណាត់ពីរោងចក្រ និងអាចម៍ដំរីផងដែរ។ ខ្មែរជួយខ្មែរតាមរយៈការទិញផលិតផលខ្មែរ ដូចនេះសម្រាប់អ្នកមានបំណងចង់ជាវអាចឆ្ពោះទៅកាន់ហាងផ្ទាល់ដែលមានអាសយដ្ឋាននៅទីក្រុងភ្នំពេញផ្ទះលេខ ២១៥ ផ្លូវលេខ ១៣ ក្បែរសារមន្ទីរជាតិ និងមួយទៀតនៅក្នុងភោជនីយដ្ឋានរំដេង។ លើសពីនេះ Friends ‘n’ Stuff ក៏មានទីតាំងនៅក្នុងខេត្តសៀមរាប និងក្រុងព្រះសីហនុផងដែរ៕
Article by HEM SOKKHIM