“តន្រ្តីជីវិត” ភាពយន្តលំដាប់អន្តរជាតិថតនៅស្រុកខ្មែរដែលទើបជាប់ពានរង្វាន់ថ្មីៗមិនធម្មតា
ENTERTAINMENT 6 years ago «តន្រ្តីជីវិត» ជាសមិទ្ធផលខ្សែភាពយន្តថ្មីនឹងលេចរូបរាងលើផ្ទាំងសំពត់សក្នុងប្រទេសកម្ពុជានៅដើម ឆ្នាំ២០១៩នេះរបស់ផលិតករខ្មែរ-បរទេសដែលឆ្លុះបញ្ចាំងអំពីឥទ្ធិពលនៃមរតកចម្រៀង «ចំប៉ាបាត់ដំបង» ដ៏ល្បីរន្ទឺរបស់អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុតទៅលើជីវិតបីជំនាន់ផ្សេងៗគ្នា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ លោក អាន ចនផន ស្ថាបនិកអង្គការសិល្បៈខ្មែរអមតៈ (Cambodian Living Arts) ដ៏មាន ឈ្មោះបោះសម្លេងមួយក្នុងក្រុងភ្នំពេញ និង នៅលើឆាកអន្តរជាតិផងដែរនោះ ត្រូវបានជ្រើសរើសក្លាយជា តួអង្គសម្តែងសំខាន់មួយរូបក្នុងភាពយន្តនោះ។ ក្រៅពីនោះ ក៏មានវត្តមានតួអង្គសំខាន់ៗផ្សេងទៀតដែល មានជំនាញខុសៗគ្នាចូលរួមសម្តែងផងដែរ ដូចជា កញ្ញា គួយ ច័ន្ទដានិច (តារាម៉ូដែល) និង ក្រុមតន្រ្តី Small World Small Band ដ៏មានប្រជាប្រិយភាពក្នុងពិភពយុវវ័យផងដែរ។ រឿងនេះជាស្នាដៃដឹកនាំរឿងដោយ សហអ្នកដឹកនាំរឿងពីររូបគឺ លោក សុខ វិសាល អ្នកដឹកនាំរឿង «គ្រាប់ពេជ្រ» និង កញ្ញា ខាយលី សូ កូនខ្មែរ កើតនៅជំរំជនភៀសខ្លួននៅក្នុងទឹកដីថៃធំធាត់នៅសហរដ្ឋអាមរិក។
សុខ វិសាល
កញ្ញា ខាយលី សូ អ្នកដឹកនាំរឿងនេះបានផ្តល់បទសម្ភាសន៍ផ្ទាល់ដល់គេហទំព័រទស្សនាវដ្តីសូវរីនថា ភាពយន្តរឿង «តន្រ្តីជីវិត»ត្រូវបានថតក្នុងប្រទេសកម្ពុជាក្នុងពេលត្រឹមតែ២៨ថ្ងៃប៉ុណ្ណោះ ប៉ុន្តែក្នុងអំឡុង ពេលថតនោះ គឺមានពេលសម្រាកចំនួនពីរសប្តាហ៍រវាងវគ្គទី១ ស្តីពីជីវិតតន្រ្តីក្នុងឆ្នាំ១៩៦៨ និង វគ្គទី២ ស្តីពីជីវិតតន្រ្តីក្នុងសម័យខ្មែរក្រហមឆ្នាំ១៩៧៦។ ទីតាំងថតសំខាន់ៗរួមមានដូចជា ភូមិតាំងគ្រួស ខេត្តកំពង់ឆ្នាំង ទីក្រុងភ្នំពេញ និង នៅសណ្ឋាគារមិត្តតូ ជាដើម។ រីឯក្រុមការងារផលិតខ្សែភាពយន្តនេះមានចំនួន ៣០នាក់ (ក្រុមការងារក្រោយឆាក) និងតួអង្គសម្តែងចំនួនជាង១០០នាក់ផ្សេងទៀត។
ខាយលី សូ
ចំពោះការផលិតរឿងខ្នាតធំនេះគឺពិតជាមិនមែនជារឿងងាយស្រួលនោះទេ ព្រោះរយៈពេលថតមាន ត្រឹមតែ២៨ថ្ងៃ រីឯទីតាំងថតមានច្រើនកន្លែងក្នុងប្រទេសកម្ពុជា ដូចនេះការធ្វើដំណើរនិងការដឹកជញ្ជូន សម្ភារៈផលិតកម្ម ព្រមទាំងការរៀបចំតុបតែងឆាកពិតជាបញ្ហាប្រឈមធំបំផុតក្នុងសង្វាក់ផលិតកម្មនេះ។ ម្យ៉ាងវិញទៀត ក្នុងជំហានដំបូងនៃការថត ការជ្រើសរើសតួអង្គសម្តែងក៏បានក្លាយជាឧបសគ្គចំបងផងដែរ «ពួកយើងមិនទាន់រើសបានតួអង្គសំខាន់ៗដែលត្រូវសម្តែងទេ ទាល់តែដល់មួយសប្តាហ៍មុនពេលថត! ខ្ញុំបែកញើសតិចៗដែរហ្នឹងណា! អរគុណដល់ពិភពលោកនេះដែលនាំពួកគេ(តួសម្តែងទាំងអស់) មក ជុំគ្នាបានសម្រេច ហើយពួកគេសម្តែងចូលគ្នាបានល្អ!»
ខ្សែភាពយន្តនេះត្រូវបានដាក់បញ្ចាំងនៅលើឆាកអន្តរជាតិជាច្រើនប្រទេសទូទាំងពិភពលោក ក្នុងនោះរួមមាន ប្រទេសជប៉ុន ប្រទេសអ៊ីតាលី ប្រទេសថៃ ប្រទេសប៉ូឡូញ ប្រទេសតៃវ៉ាន់ ប្រទេសឥណ្ឌា និង តាមបណ្តារដ្ឋនានាជុំវិញសហរដ្ឋអាមេរិក ហើយត្រូវបានជាប់ជ័យលាភីពានរង្វាន់ផ្នែករូបភាពភាពយន្ត និង ផ្នែកដឹកនាំរឿងល្អផ្តាច់ នៅក្នុងមហោស្រពភាពយន្តអន្តរជាតិគួរជាទីមោទកភាពក្រៃលែង ដែលសូម្បី តែអ្នកដឹកនាំរឿងផ្ទាល់ក៏មិននឹកស្មានថាទទួលបានលទ្ធផលអស្ចារ្យបែបនេះផង។
អ្នកដឹកនាំរឿង ខាយលី មានបំណងចង់ឲ្យទស្សនិកជនទាំងអស់ដែលបានទស្សនាភាពយន្តនេះ ហើយ ដើរចេញដោយទៅជាមួយនឹងអារម្មណ៍មួយ ដោយហេតុថារឿងនេះជាចម្រៀងអំពីសេចក្តីស្រលាញ់ ដែលផ្តល់ជូនជនរួមជាតិខ្មែរទាំងអស់នៅគ្រប់ទិសទីលើពិភពលោក «កាលពីប៉ុន្មានសប្តាហ៍មុន បងប្អូនខ្មែរ យើងបានជិះយន្តហោះពី Bermuda និង Chicago ទៅមើលកុនរបស់ពួកយើងនៅរដ្ឋញូវយ៉ក។ នៅពេល កុនចប់ពួកគាត់បានអញ្ជើញគ្នាទៅញ៉ាំបាយថ្ងៃត្រង់ជាមួយគ្នា ហើយពួកគាត់ក៏បានដឹងថា ពួកគាត់ត្រូវជា សាច់ឈាមនឹងគ្នា។ វាជារឿងចាក់ដោតបេះដូងណាស់ [...] វាជារឿងជំរុញទឹកចិត្តនៅពេលដែលកុនយើង អាចផ្សារភ្ជាប់ក្រុមគ្រួសារនេះដែលសុទ្ធតែអ្នកមកពីខេត្តបាត់ដំបង។»
កញ្ញាគិតថា ខ្សែភាពយន្តនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់សង្គមខ្មែរយើងព្រោះ ពួកយើងបន្សល់ទុករឿងរ៉ាវនានាតាមរយៈបទចម្រៀងដែលយើងចងចាំ ច្រៀង និង ចែករំលែកឲ្យគ្នាទៅវិញទៅមក។ទំនុកច្រៀងនៃបទចម្រៀងទាំងនោះបង្កប់នូវអនុស្សាវរីយ៍ សេចក្តីសុខ ទុក្ខសោក និង អារម្មណ៍សះស្បើយ។ ទន្ទឹមនឹងនេះ បទចម្រៀងមរតករបស់អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត នៅតែរស់រវើកដល់សព្វថ្ងៃដូចអ្វី ដែលកើតមានក្នុងទសវត្សរ៍ទី៦០ដដែល។ នេះជាសក្ខីភាពយ៉ាងច្បាស់ដែលលត្រូវបានលាតត្រដាងក្នុង ខ្សែភាពយន្តមួយនេះ។
ជាចុងក្រោយ កញ្ញាបានលើកឡើងថា នៅមានរឿងរ៉ាវជាច្រើនទៀតក្នុងប្រទេសកម្ពុជាដែល មិនទាន់ត្រូវបានលាតត្រដាងតាមរយៈខ្សែភាពយន្ត ដូចនេះផលិតករភាពយន្តគប្បីបន្តផលិតនិងបកស្រាយ រឿងរ៉់ាវទាំងអស់នោះ ហើយត្រូវតែមានចំណាប់អារម្មណ៍ និង ការគាំទ្រពីសំណាក់ទស្សនិកជន។ កញ្ញាសូម ជំរុញទឹកចិត្តកូនខ្មែរទាំងអស់ឲ្យនាំគ្នាទៅទស្សនាកុនខ្មែរមិនថាកុនរបស់ដែលកញ្ញាផលិត ឬ របស់ផលិតករដទៃឡើយ។ ដោយឡែក សម្រាប់កុនរបស់កញ្ញា កញ្ញាបានបន្ថែមថា «ខ្ញុំគិតថា វាជាសាច់រឿងល្អអម ដោយបទចម្រៀងល្បីប្រចាំប្រទេស ព្រមទាំងមានតួសម្តែងអស្ចារ្យជាច្រើនរូប អមដោយទេសភាពយ៉ាង សំបូរបែបស្រស់ត្រកាល។»
កញ្ញាបានបង្ហើបថា ក្រុមការងារផលិតកម្មនេះនឹងបញ្ចាំងភាពយន្តនេះ ឬ បង្កើតជាមហោស្រព ភាពយន្តជាបន្តទៀតជុំវិញពិភពលោក ហើយបន្ទាប់មកនឹងមានការចេញផ្សាយលក្ខណៈឌីជីថលនៅក្នុង ឆ្នាំ២០២០ខាងមុខនេះ សម្រាប់អ្នកដែលនឹងមិនទាន់មានឱកាសបានទស្សនាឯរោងភាពយន្ត។
Article by SRIN SOKMEAN