ក្រមានៅតែពេញនិយមជាមួយផ្នត់គំនិតរបស់មនុស្សទាន់សម័យក្នុងពិភពហ្វេហ្សិន
FASHION & BEAUTY 6 years agoក្រមាគឺជា សំពត់ត្បាញដោយអំបោះ មានក្រឡាខ្វែងជាច្រើនពណ៍ចម្រុះគ្នា ហើយវាជាសម្ភារប្រើប្រាស់ដ៏ពេញនិយមមួយសម្រាប់ប្រជាពលរដ្ឋខ្មែរ ហើយវាក៏ជាវប្បធម៌ដ៏ សាមញ្ញ និងយូរយារតាំងពីដើមមករបស់ខ្មែរ។ ក្រមានមានអត្ថប្រយោជន៍ច្រើន យ៉ាងណាស់ក្នុងការ ប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកដែលរស់នៅតាមស្រុក ស្រែចម្ការ។ ក្រមាជាសម្ភារប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋខ្មែរតាំងពីបុរាណកាលមកម្ល៉េះ។
ក្រមាមានអត្ថប្រយោជន៍ច្រើនយ៉ាងក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ដែលគេអាចយកវាទៅទទូរនៅពេលដើរហាលថ្ងៃ ជូតក្បាល ចោមពុងពេលងូតទឹក(សម្រាប់ស្រ្ដី) សម្រាប់ពានាពេលយាយៗទៅវត្ត ក្រវ៉ាត់ចង្កេះ ជូតខ្លួន សម្រាប់បក់មួស រុយ និងធ្វើជាចំណងចងអុស ស្មៅ កណ្ដាប់ ថ្នក់ដាក់(ដាក់ស្លឹកអំពិល ផ្លែឈើ) ធ្វើជាស្បៃច្រោះម្សៅនំបញ្ចុកធ្វើជាខ្សែសណ្ដោងម្ដងម្កាលឮជាដើម។ ក្រៅពីនោះ គេក៏អាចយកក្រមាទៅធ្វើជាល្បែងប្រជាប្រិយនៅពេលមានបុណ្យទានម្ដងៗ ដូចជា ធ្វើឈូង កន្សែងចងភ្នែក (វាយក្អម អាខ្វាក់អាខ្វិន) និងលេងលាក់កូនមាន់ជាដើម។ ដូចដែលមិត្តអ្នកអានបានជ្រាបហើយថា ក្រមាជាឧបករណ៍មួយរបស់ខ្មែរយើង តាំងពីបុរាណកាលមកម្ល៉េះ ហើយស្ទើរតែគ្មានមនុស្សដែលមិនស្គាល់ឧបករណ៍មួយនេះទេនៅក្នុងស្រុកខ្មែរយើង ។ មានសំណួរខ្លះៗបានចោទសួរថា “ក្រមាមានវត្តមានក្នុងប្រទេសកម្ពុជាចាប់តាំងយុគសម័យណាមក ? ហើយក្រមាមានដើមកំណើតឡើងក្នុងប្រទេសណាដែរ ?” ។ ចំពោះចម្ងល់ទាំងនេះយើងមិនទាន់ មានឯកសារណាមួយមកបញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយទេ!
នាពេលបច្ចុប្បន្នក្រមាខ្មែរ នៅតែពេញនិយមពីសំណាក់អ្នកប្រើប្រាស់មិនថាក្មេង ចាស់ ប្រុស ស្រីនោះទេ ហើយគេក៏បានធ្វើកែច្នៃក្រមាទៅជាម៉ូដសម្លៀកបំពាក់ដ៏ទាន់សម័យ បូរចង់សក់ និងដង្កៀបជាដើម។ ជាក់ស្ដែងតារាសម្ដែងកញ្ញា មាន សូនីតា បានចាប់ផ្ដើមចលនាស្រឡាញ់ក្រមាព្រមទាំងបានធ្វើការផ្សព្វផ្សាយវីដេអូឃ្លីបរបស់ខ្លួននៅក្នុងយូធូប ដែលមានការពិពរណ៍នាលម្អិតអំពីវិធីកែច្នៃក្រមាខ្មែរទៅជារបស់ប្រើប្រាស់ប្រចាំថ្ងៃដូចជាអាវឬគ្រឿងលម្អខ្លួនផ្សេងៗជាដើម រហូតដល់កញ្ញាបើកហាងដែលមានលក់សម្លៀកបំពាក់ពីក្រមាយ៉ាងជោគជ័យ។ ពេលនេះសូវរីន សូមលើកយកអំពីចំណាប់អារម្មណ៍ក្នុងការអភិរក្សក្រមាខ្មែរ ដែលជាកេរ្តិ៍មរតកពីដូនតាមកបង្ហាញជូនប្រិយមិត្តដូចខាងក្រោមនេះ។ ក្នុងនាមជាយុវវ័យខ្មែរមួយរូប ដែលរក្សាបានយ៉ាងខ្ជាប់ខ្ជួននៅការតុបតែងដែលមានការរំលេចជាមួយ ក្រមាខ្មែរ យើង កញ្ញា មាន សូនីតា បានឲ្យដឹងថា “កាលពីមុន បងប្អូនយើងដឹងតែក្រមាប្រើសម្រាប់ស្លៀកមុជទឹក ឬជូតខ្លួនអីទេ តែតាមពិតវាអាចប្រើបានច្រើនយ៉ាង ឲ្យតែយើងចេះច្នៃ”។ ជាការពិតណាស់នាងខ្ញុំតែងតែចំណាយពេលវេលាក៏ដូចជាគំនិតក្នុងការច្នៃប្រឌិតក្រមាខ្មែរ ទៅជាសម្ភារប្រើប្រាស់ផ្សេងៗដូចជា៖ នាងខ្ញុំបានច្នៃក្រមាកាត់ចេញជាម៉ូដអាវរលុងៗ រ៉ូប ជាច្រើនម៉ូដ បូរសក់ ប្រដាប់បួងសក់ ជាក្រមាពានាជាមួយអាវប៉ាក់រំលេចចេញជាម៉ូដដែលមើលទៅប្លែកភ្នែកម្យ៉ាងដែរ។ មួយវិញទៀតខ្ញុំក៏បានច្នៃក្រមាជាបូរធំៗ ដាក់ជាប់ជាមួយនឹងមួកដែលធ្វើឲ្យមួកកាន់តែមានសោភ័ណភាពស្រស់ស្អាតមួយកម្រិតថែមទៀត”។
ដោយឡែកយុវតីដែលមានឈ្មោះថា អាណា បច្ចុប្បន្នមានអាយុ២០ឆ្នាំ និងជានិស្សិតនៅសាកលវិទ្យាល័យមួយក្នុងក្រុងភ្នំពេញ ក៏បានបញ្ចេញមតិយោបល់ឲ្យដឹងថា “ថ្វីត្បិតតែខ្ញុំចូលចិត្ត និងនិយមការតុបតែងខ្លួនទាន់សម័យបន្តិចមែន ប៉ុន្តែជានិច្ចជាកាលខ្ញុំតែងតែប្រើប្រាស់ក្រមារបស់ខ្មែរយើងធ្វើជាម៉ូដអាវរលុងៗ វែងៗ ពាក់ជាមួយខោស្វិត កន្សែងបង់ករ និងកន្សែងចងចង្កេះជាដើម”។ អាណា ក៏បានបន្ថែមទៀតថា “រាល់ពេលដែលទៅលេងខេត្តសៀមរាម ដែលជាទឹកដីនៃដែនអង្គរ ខ្ញុំមិនដែលភ្លេចជាមួយនឹងការទិញជាមួយផលិតផលក្រមាដែលមានដូចជា កន្សែងបង់ករ ឬអាវដែលច្នៃពីក្រមាជាដើម”។
ប្រសិនបើយើងក្រឡេកទៅមើលតាមកន្លែងដែលលក់វត្ថុអនុស្សាវរីយ៍ ដែលសុទ្ធសឹងបង្កើតឡើងដោយស្នាដៃខ្មែរផ្ទាល់នោះ ជាពិសេសនៅផ្សារទួលទំពូង ឬផ្សារថ្មីជាដើម យើងសង្កេតឃើញថាមានលក់វត្ថុដែលកែច្នៃពីក្រមា យ៉ាងច្រើនស្រស់ស្អាត ដូចជា កាបូប អាវ ខ្សែករ ខ្សែដៃ ជាដើម។ ក្រោយពីមានការពេញនិយមនៃការប្រើប្រាស់ និងការច្នៃប្រឌិតក្រមាទៅជាសម្ភារប្រើប្រាស់ផ្សេងៗនោះ យើងសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរយើងដែលប្រកបរបរតម្បាញក្រមា តាំងពីដូនតាមក កាន់តែមានការងារធ្វើច្រើន ហើយពួកគាត់ក៏អាចរកចំណូលចូលគ្រួសារ និងបង្កើនកម្រិតជីវភាពបានមួយផ្នែកផងដែរ។ គួររំលឹកផងដែរថា ដោយសារតែមានការអភិវឌ្ឍនៃបច្ចេកវិទ្យា បងប្អូនដែលប្រកបរបរតម្បាញដោយដៃក៏បានប្រែក្លាយពីការត្បាញដោយដៃទៅជាការត្បាញក្រមាដោយម៉ាស៊ីនវិញម្ដង ព្រោះវាអាចជួយពន្លឿននៃការត្បាញបានច្រើនជាងការត្បាញក្រមាដោយដៃ។ បើយើងធ្វើការប្រៀបធៀបការត្បាញដោយដៃ និងដោយម៉ាស៊ីនវាមិនលើសគ្នាប៉ុន្មានទេ គ្រាន់តែការត្បាញដោយម៉ាស៊ីនចំណាយថវិកាច្រើន ហើយទទួលផលបានច្រើន ប៉ុន្តែចំណេញតិច រីឯការត្បាញដោយដៃវាយឺតក៏ពិតមែនតែអ្នកត្បាញគាត់មិនចំណាយលើកម្រៃផ្សេងដូចជា ភ្លើង ឬជួលអ្នកត្បាញបន្ថែម ប៉ុន្តែគាត់ទទួលបានផលតិច ហើយលក់មិនទាន់តម្រូវការរបស់អតិថិជនដែលចង់បាន ព្រោះនាពេលបច្ចុប្បន្ននេះកូនកន្សែងតូចៗ ត្រូវបានក្លាយជាកាដូក្នុងថ្ងៃពិធីមង្គលការសម្រាប់ជូនដល់ភ្ញៀវផងដែរ។
ប៉ុន្តែអ្វីដែលពិសេសថ្មីនោះ ឥឡូវនេះក្រមាខ្មែរបានក្លាយជាម៉ូដ Fashion សម្រាប់មនុស្សសម័យថ្មីនៅដែនដីទីក្រុងប៉ារីស ប្រទេសបារាំងទៀតផង។ គម្រោង “មរតកក្រមា ឬ Krama Heritage” កំពុងពាំនាំក្រមាខ្មែរ ទៅផ្សព្វផ្សាយនិងលក់នៅឯដែនដីធ្លាក់ព្រិល សម្រាប់អ្នកនិយមស្តាយ៍ស៊ីវិល័យ ដោយការរំលេចចេញជាមួយមរតកវប្បធម៌ប្រជាជនខ្មែរ។ ឥឡូវនេះ ក្រមាធ្វើពីអំបោះកប្បាសនិងជាទឹកដៃរបស់ប្រជាតម្បាញខ្មែរទាំងនេះ កំពុងដាក់លក់នៅ Galeries Lafayette បណ្ដោយវិថី Haussmann នៃទីក្រុង ប្រទេសប៉ារីស។ Krama Heritage បាននាំកន្សែង ឬក្រមា ខ្មែរទៅកាន់ភាពទាន់សម័យរបស់យុវវ័យអឺរ៉ុប ហើយនេះជាបេសកកម្មសម្រាប់វប្បធម៌កម្ពុជាផងដែរ។ វាជាការបង្ហាញថាក្រមាខ្មែរ មានប្រើប្រាស់នៅក្រៅប្រទេស និងធ្វើឲ្យគេដឹងច្បាស់ថាតើក្រមាមានប្រភពពិតមកពីណា និងតំណាងឲ្យនរណា។ ក្រមាខ្មែរដែលកំពុងក្លាយជាគ្រឿង Fashion សម្រាប់យុវវ័យប៉ារីស នឹងផ្សព្វផ្សាយស្តាយ៍បង់កក្រមាខ្មែរ តាមទីក្រុងមួយចំនួនដូចជាទីក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក ទីក្រុង ឡុងដុង ប្រទេសអង់គ្លេស ទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី នៅ ប៉ារីស និងនៅភ្នំពេញផងដែរ។
បើទោះបីជាក្រមាជាសម្ភារប្រើប្រាស់បែបប្រពៃណីក៏ពិតមែន ប៉ុន្តែវានៅតែពេញនិយមពីសំណាក់អ្នកប្រើប្រាស់ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តផងដែរ គ្រាន់តែរបៀបនៃការប្រើប្រាស់មានលក្ខណៈ និងសណ្ឋានខុសៗគ្នាតែប៉ុណ្ណោះ៕
Article by Makara