ការចំណាយពេលរង់ចាំអ្នកផាត់មុខធ្វើសក់ និងតុបតែងខ្លួននៅសាឡន គឺជាឧបសគ្គនិងជាផលលំបាកមួយរបស់មិត្តនារីយើង នៅពេលដែលមានកម្មវិធីម្តងៗ។ ដោយសារតែកត្តានេះហើយ ទើបធ្វើឲ្យយុវជនមួយក្រុមបានបង្កើតនូវកម្មវិធីទូរសព្ទដៃមួយដែលមានឈ្មោះថា «Malis» ជាកម្មវិធីទូរសព្ទដែលអាចជួយឲ្យយើងចំនេញពេលវេលាក្នុងការអង្គុយរង់ចាំផាត់មុខ ធ្វើសក់នៅសាឡន។ នៅក្នុងកម្មវិធីទូរសព្ទដៃ «Malis» លោកអ្នកអាចស្វែងរកសាឡន និងអ្នកផាត់មុខណាមួយដែលលោកអ្នកពេញចិត្ត រួចធ្វើការកក់ទុកមុនជាការស្រេច។ «Malis» មិនត្រឹមតែជួយសម្រួលពេលវេលារបស់អ្នកប្រើប្រាស់នោះឡើយ តែក៏ជួយផងដែរសម្រាប់អ្នកផាត់មុខអាជីព និងសាឡននានាអាចស្វែងរកប្រាក់ចំណូលបន្ថែមទៀតផង។ ជាមួយគ្នានេះដែរលោកអ្នកក៏អាចស្វែងយល់នូវថ្វីដៃនៃភាពប៉ិនប្រសប់របស់អ្នកផាត់មុខនីមួយៗតាមរយៈរូបថតនៅក្នុងកម្មវិធីមួយនេះផងដែរ។ កម្មវិធីទូរសព្ទនេះទើបតែដាក់ឲ្យដំណើរការសាកល្បងនៅខែមករា ឆ្នាំ២០១៩ នេះប៉ុណ្ណោះ ក៏ប៉ុន្តែ «Malis» មានការគាំទ្រនិងមានការកក់ទុកនូវសាឡននិងអ្នកផាត់មុខបានប្រមាណជាង ៨០ដងមកហើយ។ រហូតមកដល់ពេលនេះ «Malis» មានចំនួនហាងសាឡននិងអ្នកផាត់មុខប្រមាណជាង ២០ ហើយក៏នឹងមានសាឡននិងអ្នកផាត់មុខកាន់តែច្រើនទៀតដែរនៅថ្ងៃអនាគត។
បង្កើតឡើងដោយនិស្សិតឆ្នាំទីបីចំនួនបីរូបរៀនជំនាញធុរៈកិច្ចនៃសាកលវិទ្យាល័យផារ៉ាហ្កនអន្តរជាតិ (អតីត សាកលវិទ្យាល័យហ្សាម៉ាន) ដោយក្នុងនោះរួមមាន៖ ស្រេង ស៊ុនឡុង (Design and Marketing ), សេន ឬទ្ធិគន្ធ (CTO) និងកញ្ញា ហួន ចាន់ដេវិផា (CEO)។ កញ្ញា ហួន ចាន់ដេវិផា ដែលជាសមាជិកមួយរូបបានប្រាប់ឲ្យដឹងថា ដោយសារតែកញ្ញាផ្ទាល់ជួបផលវិបាកក្នុងការអង្គុយរងចាំផាត់មុខធ្វើសក់នៅសាឡនយូរព្រោះមានភ្ញៀវច្រើន ម្យ៉ាងពេលខ្លះអ្នកផាត់មុខប្រើប្រាស់ម្សៅ ខុសដែលបណ្តាលឲ្យមានប្រតិកម្មនៅលើផ្ទៃមុខទៀតនោះ ទើបកញ្ញាសម្រេចចិត្តបបួលមិត្តភក្តិពីរនាក់បង្កើតជាកម្មវិធីទូរសព្ទនេះឡើងតែម្តង។ ក្នុងគម្រោងសាកល្បងដែលមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកផាត់មុខនិងសាឡនជាច្រើននោះ «Malis» គ្រោងនឹងសម្ពោធជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០១៩ នេះផងដែរ។ ជាមួយគ្នានេះក្រុមការងាររបស់ «Malis» ក៏នឹងមានគម្រោងឲ្យមានការកក់នូវកន្លែងកាត់សក់បុរស កន្លែងម៉ាស្សានិង ស្ប៉ាផ្សេងៗទៀតផង៕
Article by KEO SONG