×

ឌី ម៉ាលីណែត ​​ស្រ្តី​ធ្វើ​ដំណើរ​ផ្សង​ព្រេង​ជុំវិញ​ប្រទេស​កម្ពុជា​

NEWS 5 years ago
 
 

​          មនុស្ស​ភាគ​ច្រើន​សុទ្ធ​តែ​ចូលចិត្ត​ដើរ​លេង ប៉ុន្តែ​បើ​និយាយ​ពី​ការ​ដើរលេង​បែប​ផ្សង​ព្រេង​វិញ ប្រហែល​​ជា​មាន​អ្នក​ឈាន​ជើង​ថយ​ក្រោយ​មិន​តិច​ទេ។ មាន​រាង​មាំ សម្បុរ​ស្រអាប់​បន្តិច និង​ចូលចិត្ត​ស្លៀកពាក់​បែប​ងាយៗ​ដូច​បុរស​ កញ្ញា ឌី ម៉ាលីណែត គឺ​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​ចូលចិត្ត​ធ្វើ​ដំណើរ​ផ្សង​ព្រេង​បំផុត​ក្នុង​ជីវិត​របស់​ខ្លួន។

​          អ្នក​ធ្វើ​ដំណើរ​ផ្សង​ព្រេង​វ័យ ៣០​ឆ្នាំ​នេះ​និយាយ​ថា​៖ “ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ពេល​នេះ​ មាន​គេ​ស្គាល់​រមណីយដ្ឋាន​ធម្មជាតិ​ដែល​ខ្ញុំ​បាន​ថត​យក​មក​បង្ហាញច្រើន​ ហើយ​គេ​មក​ប្រាប់​ថា​ពួក​គេ​ទៅ​ដល់​កន្លែង​នោះ​ដោយ​សារ​មើល​វីដេអូ​របស់​ខ្ញុំ។"

​          មាន​ស្រុក​កំណើត​នៅ​ខេត្ត​សៀមរាប ម៉ាលីណែត ​បាន​ផ្លាស់​មក​រស់នៅ​ភ្នំពេញ​​តាំង​ពី​ឆ្នាំ ១៩៩៦ ម្ល៉េះ។ នៅ​ក្នុង​កន្លែង​ធ្វើ​ការ​ ម៉ាលីណែត​ មាន​តួនាទី​ជា​ផលិតករ​ក្នុង​កម្មវិធី "តោះទៅ" របស់​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៩ ចំណែក​​នៅ​លើ​ដង​ផ្លូវ​​វិញ​ កញ្ញា​គឺ​ជា​​អ្នក​ដឹក​នាំ​ក្រុម​ក៏​អស្ចារ្យ​មួយ​រូប។ ម៉ាលីណែត​បញ្ចប់​ការ​សិក្សា​បរិញ្ញបត្រ​​ជំនាញ Mass Media and Communication និង​ ជំនាញ Economic and Business និង​កំពុង​បន្ត​ការ​សិក្សា​ជំនាញ Master of Media Management បន្ថែម​ទៀត។


កញ្ញា ឌី ម៉ាលីណែត

​          ម៉ាលីណែត​ ធ្លាប់​ធ្វើ​ដំណើរ​សឹង​តែ​គ្រប់​ទីកន្លែង​​ទេសចរណ៍​ជុំ​វិញ​ប្រទេស​កម្ពុជា ដោយ​បើកបរ​ម៉ូតូ​​ដោយ​ខ្លួន​ឯង ដើម្បី​ថត​វីដេអូ​ពី​ដំណើរ​កំសាន្ត​របស់​ខ្លួន​មក​ផ្សព្វផ្សាយ​ឲ្យ​មហា​ជន​បាន​ដឹង​។ ចាប់​តាំង​ពី​អាយុ​១៣​ឆ្នាំ​​ ​ម៉ាលីណែត​តែង​ធ្វើ​ដំណើរ​ទៅ​លេង​បណ្តា​ខេត្ត​ជា​រឿយៗ​រាល់​ពេល​សម្រាក​ពី​ការ​សិក្សា​​ ដោយ​ស្នាក់​អាស្រ័យ​​ជាមួយ​សាច់ញាតិ​ទាំងឡាយ​នៅ​តាម​ខេត្ត​ដែល​កញ្ញា​ធ្វើ​ដំណើរ​ទៅ។ ចំណែក​កម្មវិធី​ទូរទស្សន៍​ដែល ​ម៉ាលីណែត​​ ចូលចិត្ត​មើល​ជាង​គេគឺ​កម្មវិធី​របស់​ប៉ុស្តិ៍​ទូរទស្សន៍ Nat Geography។ ពេល​វេលា​ចេះ​​តែ​កន្លង​ផុត​ទៅ ​ម៉ាលីណែត​កាន់​តែ​មាន​ចំណង់​ក្នុង​ការ​ស្វែងរក​​តំបន់​ទេសចរណ៍​ថ្មីៗ​ កាន់​តែ​ខ្លាំងៗ​​ នៅ​ពេល​ឃើញ​ថា ​តំបន់​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា​មាន​ច្រើន​លើស​ពី​អ្វី​ដែល​​អ្នក​ទេសចរ​ទូទៅ​បាន​ដឹង​ ​និង​មាន​បំណង​ចង​ក្រង​តំបន់​​អេកូទេសចរណ៍​ក្នុង​ស្រុក​ឲ្យ​មនុស្ស​ក្នុង​ពិភពលោក​បាន​ស្គាល់។

​          “ម៉ាក់​របស់​ខ្ញុំ​ជាគ្រូ​ពេទ្យ​ ហើយ​ដើរ​តាម​ខេត្ត​ព្យាបាល​អ្នក​ជំងឺ​នៅតំបន់ដាច់ស្រយាលជាញឹកញាប់ ពេល​ដែល​ខ្ញុំ​ឃើញ​ម៉ាក់ ខ្ញុំ​ប្រាប់​ម៉ាក់​ថា​ម៉ាក់​ជួយ​គេ​តាម​វិធី​របស់​ម៉ាក់​ជា​អ្នក​ព្យាបាល ខ្ញុំ​ក៏​ចង់​ជួយ​គេ​តាម​វិធី​របស់​ខ្ញុំ​តាម​រយៈ​ការ​ថត​រូប​ថត​វីដេអូ។" ម៉ាលីណែត​និយាយ។

​          ការ​ធ្វើ​ដំណើរ​ផ្សង​ព្រេង​មាន​ឧបសគ្គ​ច្រើន​ដែលនឹកស្មាន​មិន​ដល់ ពិសេស​គឺ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​គួរ​ឲ្យ​ព្រឺព្រួច​ជាង​គេ។ ប៉ុន្តែ​ទោះយ៉ាង​នេះ​ក្តី​ ការ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ និង​បើក​បរ​ដោយ​ប្រុង​ប្រយ័ត្ន​ តែង​ជួយ​បញ្ចៀស​គ្រោះថ្នាក់​ដែល​អាច​នឹង​កើត​ឡើង​បាន​មួយ​កម្រិត​ធំ។ ក្រៅ​ពី​នេះ​ ក៏​មាន​របាំង​សង្គម​ដែល​​រារាំង​ស្រ្តី​មិន​ឲ្យ​ចេញ​ឆ្ងាយ​ពី​គ្រួសារ​ ​មក​គាប​សង្កត់​ផ្លូវ​ចិត្ត​​របស់​អ្នក​ផ្សង​ព្រេង​រូប​នេះ​ជា​រឿយៗ។ ម៉ាលីណែត​ធ្លាប់​រង​ការ​តិះទាន នៅ​ពេល​​ធ្វើ​ដំណើរ​ទៅ​តាម​បណ្តា​ខេត្ត​​ច្រើន​ពេក​ ដោយ​សារ​​ខ្លួន​ជា​ស្រ្តី។ ក្រៅ​ពី​អ្នក​ដទៃ​ ក៏​មាន​ក្រុមគ្រួសារ​​របស់​ម៉ាលីណែត​ ដែល​ធ្លាប់​​ក្រើន​រំលឹក​ម៉ាលីណែត​ជា​រឿយៗ​ ដោយ​សារ​ការ​ជ្រើសរើស​អាជីព​ជា​អ្នក​ផ្សង​ព្រេង​ដូច​នេះ។ ទោះ​យ៉ាង​នេះ​ក្តី ស្មារតី​និង​ឆន្ទៈ​របស់​ស្រ្តី​​ក្លាហាន​រូប​នេះ បាន​ជំនះ​នូវគំនាប​សង្គម ស្រ្តី​បង្វិល​ចង្រ្កាន្ត​មិន​ជុំ ឲ្យ​ខាង​តែ​បាន​​ រហូត​បាន​ទទួល​សិទ្ធ​ពេញ​លេញ​ក្នុង​ការ​ធ្វើ​ការងារ​ដែល​ខ្លួន​ចូលចិត្ត។ ប៉ុន្តែ​សំណាង​ល្អ ដែល​ម៉ាលីណែត​មាន​គ្រួសារ​ដ៏​ល្អ​មួយ ដែល​​តែង​ស្តាប់​ការ​ពន្យល់​ពី​កូនស្រី និង​អនុញ្ញាតិ​ឲ្យ​កូន​ស្រី​បាន​ចេញ​ទៅ​រៀនសូត្រ​ការ​លំបាក​និង​បទពិសោធន៍​ជីវិត​ពី​ពិភពលោក​ខាង​ក្រៅ។

​          “ខ្ញុំ​ធ្លាប់​​និយាយ​ឌឺដង​ថា ខ្លួន​ជា​ស្រី​ដើរ​លេង​អី​អ៊ីចឹង ការងារ​បែប​ហ្នឹង​គឺ​សម្រាប់​តែ មនុស្ស​ប្រុស​ទេ​។"

​          ធ្វើ​ដំណើរ​ជាមួយ​នឹង​ក្រុម​តូច​ដែល​មាន​គ្នា ពី​៣​ទៅ​៥​នាក់ ក្រុម​អ្នក​តស៊ូ​ដែល​មាន​ ម៉ាលីណែត​ជា​មេ​ក្រុម តែង​ចេញ​ដំណើរ​យ៉ាង​ហោច​ណាស់​២​ដង​ក្នុង​មួយ​ខែ ទៅ​តាម​បណ្តា​ខេត្ត​នានា​ដែល​​មាន​តំបន់​ទេសចរ​ណ៍​ធម្មជាតិ​​មិន​សូវ​មាន​គេ​ស្គាល់។ វីដេអូ​ពី​ដំណើរ​ផ្សង​ព្រេង​របស់​ ម៉ាលីណែត​ ច្រើន​តែ​បង្ហាញ​ពី​អត្តចរិត​ពិត​របស់​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង មិន​មាន​ការ​រៀបចំ​ច្រើន​ ប៉ុន្តែ​ព្យាយាម​ផ្តោត​ពិសេស​លើ​ការ​បង្ហាញ​ផ្លូវ​ទៅ​រក​តំបន់ទេសចរណ៍​ដែល​កំពុង​លាក់​ខ្លួន​នោះ។ ពួក​គេ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ទាំង​អស់​គ្នា បំពាក់​ដោយ​កាមេរ៉ា ផែនទី សម្លៀកបំពាក់ ពិល​បំភ្លឺ គ្រឿង​ហូបចុក​ ថ្នាំ​សង្កូវ​គ្រាន់​បង្ការ​ខ្លះៗ និង​របស់​ប្រើប្រាស់​បន្ទាប់បន្សំ​ពេញ​មួយ​សម្ពាយ​រៀងៗ​ខ្លួន​។ ជា​ទូទៅ អ្នក​ផ្សងព្រេង​ក្រុម​នេះ អាស្រ័យ​លើ​ផែនទី​ពី Google និង​ការ​បង្ហាញ​ផ្លូវ​បន្ថែម​ពី​មេភូមិ។ ពិត​ណាស់​ អ្នក​ធ្វើ​ដំណើរ​ផ្សង​ព្រេង​ដើម្បី​ផ្សព្វផ្សាយ​ជួយ​សង្គម​ដូច្នេះ តែង​រាយការណ៍​ដល់​មេភូមិ​ និង​អាជ្ញាធរ​ក្នុង​ស្រុក ដើម្បី​ស្នើសុំ​ការ​សម្របសម្រួល​ក្នុង​ការ​ផ្តិត​យក​រូបភាព​មក​ផ្សព្វផ្សាយ។ អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​មិន​សូវ​បាន​ចូល​សម្រាក​នៅ​ផ្ទះ​ទេ ហើយ​តែង​តែ​អាស្រ័យ​ខ្លួន​លើ​ការ​បោះតង់​សម្រាក​កណ្តាល​ព្រៃ​ ឬ​​កន្លែង​មាន​សុវត្ថិភាព​​មួយ​ចំនួន។ ​

​          កញ្ញា​និយាយ​ថា​ ស្មារតី​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​​​ និង​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ គឺ​ជា​អ្វី​ដែល​កញ្ញា​មាន​ក្តី​សោមនស្សបំផុត​ និង​ចង​ចាំ​មិន​អាច​បំភ្លេចបានឡើយ។ “អ្វី​ដែល​ខ្ញុំ​ចាំ​មិន​ភ្លេច​ពី​ដំណើរ​ផ្សង​ព្រេង​របស់​ខ្ញុំ​ គឺ​ស្នាម​ញញឹម​ដែល​មិន​អាច​បំភ្លេច​បាន​​ពី​អ្នក​ភូមិ​ដែល​ខ្ញុំ​បាន​ជួប។​"

​          ម៉ាលីណែត​ចាំ​បាន​ថា៖ "មាន​ពេល​នោះ​ ម៉ូតូ​ខ្ញុំ​បែក​កង់​ ប៉ុន្តែ​ចៃដន្យ​ល្អ​ពេល​ឡានកុងតឺន័រ​ធំ​​ៗ ​បើក​កាត់​គាត់​ក៏​ជួយ​​បើក​ភ្លើង​ឡាន​ បណ្តើរ​ពួក​ខ្ញុំ តាម​ពិត​ទៅ​ដំបូង​ខ្ញុំ​មិន​នឹក​ស្មាន​ថា​ពួក​គាត់​នឹង​ជួយ​ខ្ញុំ​ទេ។" និយាយ​ផង​ញញឹម​រីក​មុខ​ពព្រាយ​ផង​ ម៉ាលីណែត​នឹក​ដល់​រឿង​មួយ​ទៀត​នៅ​ពេល​ចូល​ជួប​អ្នក​ភូមិ៖ "អ្នក​ភូមិ​ភាគ​ច្រើន​សុទ្ធ​តែ​មាន​ចិត្ត​ល្អ ពេល​ពួក​ខ្ញុំ​ទៅ​ដល់ ​ពួក​គាត់​ទទួល​បាយ​ទទួល​ទឹក​​សំបូរ​របស់​ហូប​មិន​ខ្វះ ហើយ​ពេល​ត្រលប់​មក​វិញ​ពួក​គាត់​ហុច​នេះ​ហុច​នោះ​ឲ្យ​ត្រលប់​មក​ផ្ទះ​វិញ​ទៀត។"

​          ក្រោយ​ពី​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​ស្អាតៗ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ម៉ាលីណែត​ អះអាង​ថា​ តំបន់​អារ៉ែង​ជា​តំបន់​ដែល​ស្រស់​ស្អាត​ជាង​គេ​ ក្នុង​ចំនោម​តំបន់​ដែល​ខ្លួន​បាន​ទៅ​ដល់។ ទេសភាព​សមុទ្រ​ឈើ អាកាសធាតុ​ត្រជាក់​ដូច​ទឹកកក​ ខ្យល់​បរិសុទ្ធ​ សម្លេង​សត្វ​យំ និង​ពន្លឺ​ពណ៌​មាស​នៃ​ព្រះអាទិត្យ​ បង្ក​បាន​ជា​ភាព​ស៊ីចង្វាក់​គ្នា​យ៉ាង​ខ្លាំង​​លើ​ទិដ្ឋភាព​ស្រស់ស្អាត​ពិបាក​ពណ៌នា​នេះ។ ប៉ុន្តែ​វា​ទាមទារ​ការ​ចូលរួម​ថែរក្សា​​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​នេះ​ឲ្យ​គង់វង្ស​យូរ​អង្វែង។

​          ម៉ាលីណែត​កំពុង​រៀប​គម្រោង​ធ្វើ​ដំណើរ​​ផ្សង​ព្រេង​ទៅ​តាម​បណ្តា​ខេត្ត​​ម្ដង​ទៀត​ ជាមួយ​នឹង​ក្រុមការងារ​ដ៏​រឹង​មាំ​របស់​ខ្លួន​នា​ពេល​ឆាប់ៗ​នេះដើម្បី​រុករក​តំបន់​ទេសចរណ៍​ថ្មីៗ​មក​បង្ហាញ​ដល់​ប្រិយមិត្ត​ឲ្យ​កាន់​តែ​ច្រើន៕​

Article by VA SONYKA


SUGGESTIONS