ចូលរួមទស្សនា «ពិព័រណ៍ ស្នាដៃសិល្បៈគំនូរបុរាណ» នៅឯសារមន្ទីជាតិទាំងអស់គ្នា
ENTERTAINMENT 6 years agoផ្ទាំងគំនូរ ម្ភៃផ្ទាំង ដែលគូរដោយក្រុមវិចិត្រករឆ្នើមកម្ពុជាត្រូវបានជ្រើសរើសដើម្បីដាក់តាំងពិព័រណ៍ពិសេសមួយនៅឯសារៈមន្ទីរជាតិកម្ពុជា។ ពិព៍រណ៍មិនអចិន្រ្តៃយ៍ ស្តីពី «សិល្បៈគំនូរបុរាណ» នេះរៀបចំដោយនាយកដ្ឋានសិល្បៈសូនរូបនៃក្រសួងវប្បធម៌សហការជាមួយសារមន្ទីជាតិនៃកម្ពុជាដែលត្រូវបានដាក់តាំងបង្ហាញឲ្យភ្ញៀវជាតិនិងអន្តរជាតិចូលទស្សនាចាប់ពីថ្ងៃទី០៧ ខែ មិថុនា រហូតដល់ថ្ងៃទី ០៦ កក្កដាឆ្នាំ ២០១៩។ គំនូរទាំងម្ភៃផ្ទាំងនេះបានឆ្លុះបញ្ចាំងអំពីជីវភាពរបស់ប្រជាជនកម្ពុជាកាលពីសម័យបុរាណ រូបគំនូរអប្សរា រូបតន្រ្តីក វង់ភ្លេងបុរាណ ពិធីនានាកាលពីសម័យមុន រហូតដល់ឈុតឆាកខ្លះៗក្នុងរឿងរាមកេរ្តិ៍ទៀតផង។ ផ្ទាំងគំនូរទឹកដែលគូរលើក្រណាត់នេះត្រូវបានគូរដោយវិចិត្រករកម្ពុជាចំនួន ម្ភៃរូបដែលគូរឡើងយ៉ាងផ្ជិតផ្ចង់និងរស់រវ៉ើកជាទីបំផុត។
លោក គីម សុភ័ណ វិចិត្រករមួយរូបក្នុងចំណោមវិចិត្រករទាំងអស់បានប្រាប់ឲ្យដឹងពី គោលបំណងដែលបង្កើតពិព័រណ៍នេះឡើង គឺដើម្បីចង់បង្ហាញអំពីទម្រង់សិល្បៈគំនូរបុរាណខ្មែរយើងដែលមានបន្សល់ទុកតាំងពីបុរាណមកដោយបច្ចុប្បន្នពុំសូវមានអ្នកស្គាល់នោះឡើយដោយ សិល្បៈគំនូរនេះនៅតាមវត្តចាស់ៗស្ទើរតែបាត់បង់ទៅហើយព្រោះតែសង្រ្គាម។ ឆ្លៀតក្នុងឱកាសនេះដែរ លោក គីម សុភ័ណ ក៏សូមអំពាវនាវឲ្យមហាជនចូលរួមទស្សនានូវពិព័រណ៍នេះឲ្យបានកោះករដើម្បីផ្តល់ជាកំលាំងចិត្តដល់សិល្បករទាំងឡាយឲ្យបន្តការងារដ៏ប្រពៃនេះតទៅទៀត៕
Article by KEO SONG