«ជីវិតនៃធម្មជាតិ» ពិព័រណ៍គំនូរ និងចម្លាក់របស់លោកសាស្ត្រាចារ្យ ចាន់ សោភ័ន ដែលខំសន្សំទុករយៈពេល ១០ឆ្នាំ
ENTERTAINMENT 6 years ago នាថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ មជ្ឈមណ្ឌលបុប្ផាណា បានសម្ពោធការតាំងពិព័រណ៍គំនូរជាច្រើនផ្ទាំង ក្រោមប្រធានបទ «ជីវិតនៃធម្មជាតិ»។ ពិព័រណ៍នេះបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិក្រោមស្នាដៃរបស់ លោក ចាន់ សោភ័ន ជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រាជធានីភ្នំពេញ។ ជាមួយនឹងការដាក់តាំងពិព័រណ៍គំនូរទាំងអស់នេះ បានបង្ហាញពីតម្លៃរបស់ធម្មជាតិដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការផ្តល់នូវភាពវិជ្ជមានជាច្រើនសម្រាប់ភាវរស់ទាំងអស់លើភពផែនដីនេះដូចជា៖ ការផ្តល់នូវជម្រកដល់សត្វ ឬការផ្តល់ជាម្លប់សម្រាប់មនុស្ស និងការបង្កើតឲ្យមានទេសភាពដ៏ស្រស់បំព្រងជាដើម ។ ដោយឡែក ប្រសិនបើយើងគិតពិចារណាលើទង្វើររបស់មនុស្សម្នាក់ៗវិញ បានទាញយកផលប្រយោជន៍ ការកេងប្រវ័ញ្ញ និងបំផ្លាញធម្មជាតិយ៉ាងច្រើន ដែលពុំបានរួបរួមគ្នាអភិរក្ស ឬថែរក្សាធម្មជាតិឲ្យបានគង់វង្សទៅវិញ។ ហេតុនេះហើយ ពិព័រណ៍គំនូរនេះនឹងបង្ហាញនូវសម្រស់ដ៏ស្រស់ស្អាតដែលធម្មជាតិបានបង្កើតសម្រាប់ភាវរស់នៅលើពិភពលោក។ គួរបញ្ជាក់ផងដែរថា ផ្ទាំងគំនូរដែលជាស្នាដៃរបស់លោក ចាន់ សោភ័ន ត្រូវបានលោករក្សាទុករយៈពេលជាង១០ឆ្នាំមកហើយ នេះជាឱកាសដ៏ល្អបំផុតសម្រាប់មហាជនគ្រប់រូបចូលរួមទស្សនាដោយសេរីចាប់ពីថ្ងៃទី៣ ខែមិថុនា រហូតដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងមជ្ឈមណ្ឌលបុប្ផាណា៕
Article by PAN SIVLY
លោកសាស្រ្តាចារ្យ ចាន់ សោភ័ន