កម្មវិធីទូរសព្ទថ្មីមួយបង្កើតដោយយុវជនវ័យក្មេងមួយក្រុមដែលអាចឲ្យយើងដេគ័រនំខេកដោយខ្លួនឯងបាន
NEWS 6 years agoស្របពេលដែលកម្ពុជាកំពុងតែអភិវឌ្ឍជាមួយនឹងទីផ្សារសេរីនោះ កំណើនប្រជាជននិងការយល់ដឹងក៏កាន់តែមានភាពរីកចម្រើន ចំណែកឯតម្រូវការនិងអាជីវកម្មនំខេកក៏កំពុងតែមានសន្ទុះទីផ្សារខ្លាំងឡើងៗផងដែរ។ ដោយសម្លឹងមើលឃើញ ឱកាសទីផ្សារនេះ យុវជនមួយក្រុមដែលជានិស្សិតមកពីជំនាញផ្សេងៗគ្នា សម្រេចចិត្តបង្កើតនូវកម្មវិធីទូរសព្ទដៃថ្មីមួយដែលមានឈ្មោះថា « Phum Cake » ជាកម្មវិធីទូរសព្ទដែលអាចឲ្យអ្នកប្រើប្រាស់អាចដេគ័រនំខេកដោយខ្លួនឯងបានយ៉ាងឆាប់រហ័ស។
កម្មវិធីទូរសព្ទនេះបង្កើតឡើងដោយសហស្ថាបនិកវ័យក្មេងមួយក្រុមដែលមានសមាជិកបួននាក់ សុទ្ធសឹងតែជានិស្សិតឆ្នាំទីពីរនៃសាកលវិទ្យាល័យ ផារ៉ាហ្កនអន្តរជាតិ រួមមាន៖ សុក គីមហេង (ជំនាញ ធនាគារ) , ឈុយ សុងហួរ (ជំនាញពាណិជ្ជកម្មអន្តរជាតិនិងភស្តុភារ), ស៊ីណាត សុវិជ្ជា(ជំនាញ វិទ្យាសាស្រ្តកុំព្យូទ័រ) និង ខាត់ សេងហាក់ (ជំនាញ ធនាគារ)។ បន្ទាប់ពីបានឈ្នះប្រាក់រង្វាន់ចំនួន ៥,០០០ដុល្លារ ក្នុងការប្រកួតគំនិតអាជីវកម្មបង្កើតថ្មី កាលពីសប្តាហ៍មុន សហស្ថាបនិកវ័យក្មេងទាំងបួននាក់បានប្រាប់សូវរីនឲ្យដឹងថា កម្មវិធីទូរសព្ទដៃថ្មីនេះគ្រោងនឹងដាក់ឲ្យទាញយកប្រើប្រាស់ជាសាធារណៈ នៅខែ តុលា ឆ្នាំ២០១៩នេះ។ ការប្រើប្រាស់កម្មវិធីទូរសព្ទដៃ « Phum Cake» ហាក់ ដូចជាការលេងហ្គេមទូរសព្ទដៃមួយដែលអនុញ្ញាតិឲ្យអ្នកប្រើប្រាស់អាចជ្រើសរើសសណ្ឋាននំណាមួយដែលខ្លួនពេញចិត្ត ហើយធ្វើការដេគ័រនំនោះជាមួយនឹងរូបភាពស្អាតៗនៅក្នុងទូរសព្ទដៃរបស់ខ្លួន បន្ទាប់មកពួកគេអាចបំពេញនូវព័ត៌មានមួយចំនួនដូចជាឈ្មោះម្ចាស់ខួប ថ្ងៃខែឆ្នាំកំណើត និងព័ត៌មានផ្សេងៗទៀត។ ក្រោយមកពួកគេ អាចបញ្ជូនរូបភាពនំខេកដែលខ្លួនបានដេគ័រហើយនោះ ទៅកាន់ហាងនំដែលស្ថិតនៅជិតជាងគេបំផុត ឬហាងនំណាមួយដែលជាដៃគូសហការរបស់ «Phum Cake» ជាការស្រេច។ មិនមែនសម្រាប់តែដេគ័រនំតែប៉ុណ្ណោះទេ តែអ្នកប្រើប្រាស់កម្មវិធីនេះក៏អាចបញ្ជាទិញនំដែលមានស្រាប់របស់ហាងនីមួយៗបានផងដែរ។ ជាមួយគ្នានេះដែរ «Phum Cake» ក៏នឹងមានសេវា ដឹកជញ្ជូននំដល់ទៅទីកន្លែងទៅតាមសេវាកម្មរបស់ហាងនំនីមួយៗទៀតផង។
ការមូលមតិគ្នា ផ្តួចផ្តើមគំនិតបង្កើតកម្មវិធីទូរសព្ទដៃនេះ បានចាប់ផ្តើមអស់រយៈពេលជាយូរណាស់មកហើយ រហូតមកដល់សព្វថ្ងៃនេះ « Phum Cake » មានដៃគូសហការដែលជាហាងលក់នំនេះចំនួន ១៥ ហាង ហើយក៏បន្តស្វែងរកនិងស្វាគមន៍ហាងនំជាច្រើនទៀតផង ។ កម្មវិធីទូរសព្ទដៃថ្មីនេះក៏ជួយសម្រួលការងារ របស់ហាងលក់នំមួយចំនួន ពោលគឺជួយ ផ្លាស់ប្តូរទំលាប់នៃការកត់ត្រាឈ្មោះ ឬព័ត៌មានផ្សេងៗរបស់ ហាងនំនៅលើក្រដាសដែលមានពេលខ្លះ មានការភណ្ឌច្រឡំដោយសារតែបរិមាណនៃការបញ្ជាទិញមានច្រើនពេក។ «Phum Cake» ក៏ជាប្រព័ន្ធគ្រប់គ្រងថ្មីមួយ សម្រាប់ហាងនំខេក ដែលមានទាំងរូបរាងនំនិងព័ត៌មានស្រាប់ៗរបស់អតិថិជន ដែលបានធ្វើការកុម្ម៉ង់ទិញ។ ដើម្បីពង្រីកសក្តានុពលនិងសេវាកម្មរបស់ខ្លួននោះ «Phum Cake» ក៏កំពុងតែសិក្សាលើសេវាកម្មជាច្រើនទៀត ដែលអាចឲ្យអ្នកប្រើប្រាស់ អាចដេគ័រផ្កា និង កាដូនៅថ្ងៃអនាគតផងដែរ៕
Article by KEO SONG