ពិព័រណ៍រូបថត «ពីក្រោយការពិត ឬ BEHIND THE REALITY» បង្ហាញអំពីទិដ្ឋភាពមួយចំនួនដែលគេពុំបានដឹងក្នុងសង្គម
ENTERTAINMENT 5 years agoថ្មីៗនេះក្រុមសិស្សនិស្សិតឆ្នាំទី២ ជំនាន់ទី១៧ នៃដេប៉ាតឺម៉ង់ ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំកម្មវិធីសម្ពោធពិព័រណ៍រូបថតដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោមប្រធានបទ«ពីក្រោយការពិត ឬ BEHIND THE REALITY» ដែលបានប្រព្រឹត្តិឡើងនៅថ្ងៃទី ១៥ ខែមិថុនា ស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានការចូលរួមយ៉ាងពិសេស ក្រោមអតិបតីភាពរបស់ លោក សោម រតនា សាកលវិទ្យាធិការរង នៃសាកវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។ សម្រាប់ពិព័រណ៍ដ៏សំខាន់នេះ បានបែងចែកជាបីប្រធានបទផ្សេងៗរួមមាន៖ «គ្មានទេផែនដីទី២» បង្ហាញអំពីការចោលសំរាមគ្មានសណ្តាប់ធ្នាប់ដែលជាហេតុបណ្តាលឲ្យមានការប៉ះពាល់ដល់បរិស្ថាន សុខភាព និងសោភ័ណភាព ចំណែកឯប្រធានបទ «ដំណក់ញើស» បានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់របស់សិល្បកររបាំបុរាណ ដើម្បីក្លាយជានាដកដ៏ប៉ិនប្រសប់ម្នាក់ និងប្រធានបទចុងក្រោយ «ក្រមប្រតិព័ទ្ធ» ជាប្រធានបទទាក់ទងនឹងសេចក្តីស្រឡាញ់មួយរវាងអ្នកស្រឡាញ់ភេទដូចគ្នា ហើយពុំទាន់មានការគាំទ្រពីមហាជនគ្រប់មជ្ឈដ្ឋាននៅឡើយ។
លោក សោម រតនា
ជាមួយគ្នានេះដែរ ពិព័រណ៍រូបថតដំបូងបង្អស់នៃដេប៉ាតឺម៉ង់ DMC នេះត្រូវបាន រៀបចំឡើង ក្រោមការបង្ហាត់បង្រៀនរបស់សាស្ត្រចារ្យ ផន ភារិទ្ធ ក្នុងគោលបំណងបណ្តុះគំនិត សិស្សនិស្សិត និងសារធារណជនឲ្យយកចិត្តទុកដាក់ ស្រឡាញ់ និងអភិរក្សសិល្បៈបុរាណ ព្រមទាំងថែរក្សាបរិស្ថាន និងការយល់ដឹងទាក់ទងនឹងការស្រឡាញ់ភេទដូចគ្នាផងដែរ។
គួរបញ្ជាក់ផងដែរថា ពិព័រណ៍រូបថតនេះនឹងត្រូវដាក់បង្ហាញជូនជាសាធារណៈរយៈពេលមួយខែពេញ ក្នុងបរិវេណនៃដេប៉ាតឺម៉ង់ DMC ចាប់ពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩៕
Article by PAN SIVLY