×

តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​កម្ពុជា​មាន​ក្រណាត់​ធ្វើ​ពី​សរសៃឈូក​ហើយ​កំពុង​មាន​ទីផ្សារ​ខ្លាំង​នៅ​ឯ​បរទេស​?​

TRAVEL & LIVING 5 years ago
 
 

​          នៅ​កម្ពុជា​ជា​ប្រទេស​កាន់​ព្រះពុទ្ធ​សាសនា​ ​ផ្កាឈូក​គឺជា​និមិត្តសញ្ញា​នៃ​អំពើល្អ​ ​និង​ភាព​បរិសុទ្ធ​ ​និង​ជា​គ្រឿង​សក្ការៈ​បូជា​ដែល​តែងតែមាន​វត្តមាន​នៅក្នុង​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ ​ក៏ដូចជា​នៅកន្លែង​សក្ការៈ​បូជា​នានា​ផង​ដែរ​។​ ​រុក្ខជាតិ​ដុះ​ក្នុង​ភក់​តែ​មាន​សម្រស់​ឆើតឆាយ​នេះ​អាចយ​កជា​ប្រយោជន៍​បាន​ច្រើន​តាំងពី​ ​ក្រអៅឈូក​អាច​ធ្វើ​បន្លែ​ចម្អិនម្ហូប​ឈ្ងុយឆ្ងាញ់​ ​ផ្កាយ​ក​ទៅ​ថ្វាយព្រះ​ឬ​គ្រឿងលម្អ​ ​ស្លឹក​យក​ទៅ​ខ្ចប់​នំចំណី​ ​ផ្លែ​ខ្ចី​ហូប​ឆៅ​ ​ផ្លែ​ទុំ​យក​ទៅ​លីង​ធ្វើ​ក្រ​លីង​ឈូក​ ​ដំណាប់​គ្រាប់ឈូក​ ​បង្អែម​ ​ឬ​ម្សៅឈូក​ជាដើម​។​ ​ដំណាំ​ឈូក​នៅ​កម្ពុជា​មាន​ច្រើន​កន្លែង​ ​គ្រាន់តែ​កន្លែង​ខ្លះ​ដាំ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​តូច​ឬ​ធំ​អាស្រ័យ​ទៅតាម​ទំហំដី​សេសសល់​ ​អ្នក​ប្រកបរបរ​ដាំ​ឈូក​កន្លងមក​បាន​ទាញ​ប្រយោជន៍​ពី​ឈូក​ត្រឹមតែ​ ​ក្រអៅ​ ​ផ្កា​ ​ផ្លែ​ ​និង​ស្លឹក​ដូច​បាន​រៀបរាប់​នៅ​ខាងលើ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ឥឡូវនេះ​ដើម​ឈូក​ដែលគេ​បោះចោល​ ​និង​តែង​មើល​រំលង​ជា​រឿយ​ៗ​ ​ត្រូវ​បាន​សហគមន៍​មួយ​កន្លែង​ប្រមែប្រមូល​យក​មក​កាច់​ហូត​ច្នៃ​ធ្វើជា​ក្រណាត់​កាត់​សម្លៀកបំពាក់​យ៉ាង​ប្រណីត​ ​ជាពិសេស​លក់​បាន​ក្នុង​តម្លៃ​ថ្លៃ​ហើយក៏​កំពុង​មាន​ទីផ្សារ​ខ្លាំង​នៅ​ឯក្រៅ​ប្រទេស​។​

​​          នៅ​លើ​ផ្ទះ​ឈើ​មួយ​ស្ថិតនៅ​តាម​បណ្តោយ​វិថី​លេខ​ ​៦៣​ ​ក្នុង​ភូមិ​ក្រាញ់​ ​ស្រុក​សៀមរាប​ ​ខេត្តសៀមរាប​ ​ស្ត្រី​ប្រមាណ​ជា​ ​២០នាក់​ ​បាន​កំពុងតែ​ដុតដៃដុតជើង​យ៉ាង​សស្រាក់​សស្រាំ​ធ្វើការ​យ៉ាង​ហ្មត់ចត់​ជាមួយនឹង​ដើម​ឈូក​រាប់​រយ​ដើម​នៅ​ក្បែរ​ខ្លួន​ទៅតាម​ចំណេះ​ជំនាញ​ ​និង​ផ្នែក​រៀង​ៗ​ខ្លួន​។​ ​ក្រឡេក​ទៅ​អ្នកខ្លះ​កំពុងតែ​លាង​សម្អាត​ដើម​ឈូក​ ​អ្នកខ្លះ​កំពុងតែ​កាច់​ដើម​ឈូក​ហូត​ជា​សរ​សៃៗ​ ​ហើយ​ខ្លះទៀត​ក៏​កំពុង​រវៃអំបោះ​ទុក​តម្បាញ​ ​ដែល​នេះ​គឺជា​សកម្មភាព​នៃ​ការផលិត​ក្រណាត់​ឈូក​នៅ​ឯ​សហគមន៍​ ​Samatoa​ ​Lotus​ ​Textiles​ ​ដែល​ជា​សិប្បកម្ម​ក្រណាត់​ឈូក​ដំបូង​គេ​បង្អស់​នៅ​កម្ពុជាក្រោម​ការ​ផ្តួចផ្តើម​ពី​ស្ថាបនិក​ជនជាតិ​បារាំង​លោក​ ​Awen​ ​Delaval​ ​។​ ​ជាមួយនឹង​ការបង្កើត​សិប្បកម្ម​ក្រណាត់​ឈូក​ប្រមាណ​ប្រាំ​ឆ្នាំ​នៅ​កម្ពុជា​ ​លោក​ ​Awen​ ​បាន​ឲ្យដឹង​ពី​គោលបំណង​ដែល​ថា​ ​យើង​ចង់​បង្កើត​ផលិតផល​ដែល​មិន​បង្ក​ហានិភ័យ​ដល់​ធម្មជាតិ​ ​ពោល​មិន​ប្រើប្រាស់​អគ្គិសនី​ ​មិន​ប្រើប្រាស់​ភ្លើង​ ​មិន​បំពុលបរិស្ថាន​ ​ដែល​សំខាន់​ចង់​ផ្តល់​ឱកាស​ការងារ​ដល់​ស្ត្រី​មាន​ជីវភាព​ខ្វះខាត​អាច​រក​ប្រាក់ចំណូល​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​។​ ​និយាយ​ដល់​អំបោះ​ឈូក​ ​ប្រិយមិត្ត​ប្រាកដជា​ឆ្ងល់​ហើយ​ថា​តើ​គេ​ធ្វើ​យ៉ាងដូច​ម្តេច​ទើប​ង្កើត​ជា​សរសៃអំបោះ​បាន​?​ ​ហើយ​តើ​ការផលិត​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល​មាន​ភាព​ខុសគ្នា​យ៉ាងដូច​ម្តេច​ពី​ការផលិត​សូត្រ​ដង្កូវ​?​ ​ជា​ការពិត​ណាស់​ ​ថ្វី​ដ្បិត​សរសៃឈូក​មាន​ភាព​ងាយស្រួល​ធ្វើ​ក៏​ពិតមែន​ ​ប៉ុន្តែ​បើ​គិត​ពី​សង្វាក់​ផលិតកម្ម​គឺ​ត្រូវ​ចាយ​ពេល​យូរ​ជាង​សូត្រ​ធម្មតា​ ​ជាក់ស្តែង​ ​ដំបូង​ពេល​ទទួល​ដើម​ឈូក​ពី​អ្នក​កាប់​រួច​ ​គេ​ត្រូវ​យក​វា​មក​ដុសលាង​សម្អាត​ភក់​ចេញ​ជាមុន​សិន​ដើម្បីកុំឲ្យ​ភក់​ប្រឡាក់​សរសៃ​នៅពេល​កាច់​ ​ម្យ៉ាង​ជៀសវាង​បន្លា​មុត​ដៃ​អ្នក​កាច់​ផង​ដែរ​ ​ក្រោយ​សម្អាត​រួចរាល់​ជំហាន​បន្ទាប់​គឺ​ត្រូវ​យក​ដើម​ឈូក​ម្តង​ប្រាំពីរ​ដើម​មក​ផ្គុំគ្នា​ដាក់លើ​ក្តារ​រាបស្មើ​ ​រួច​យក​កាំបិត​ឆូត​ក្រឡឹង​ដើម​ឈូក​ហើយ​ធ្វើការ​កាច់​ជា​ពីរ​ទាញ​ចេញពី​គ្នា​ ​ពេលនោះ​សរសៃឈូក​ពី២០ទៅ៣០​ ​សរសៃ​នឹង​ចេញ​មក​ហើយ​គេ​ចាប់ផ្តើម​មូរ​ត្របាញ់​ជា​អំបោះ​មួយ​សរសៃ​តែម្តង​ជាការស្រេច​។​

          ​តាម​ការ​ឲ្យដឹង​ពី​កញ្ញា​ ​ឡុង​ ​ស្រី​ណា​ ​ជំនួយការ​របស់​លោក​ ​Awen​ ​ផ្ទាល់​ ​ប្រភេទ​ដើម​ឈូក​ដែល​អាចយ​កម​ក​កាច់​ជា​សរសៃ​បាន​ទាល់តែ​ជា​ឈូក​ខ្មែរ​ ​ហើយ​ដើម​ឈូក​ត្រូវ​មាន​រយៈពេល​ត្រឹមតែ២៤ម៉ោង​ប៉ុណ្ណោះ​ ​រាប់​ចាប់តាំងពី​ពេល​គេ​កាប់​មក​ពី​បឹង​ ​ព្រោះ​បើ​ទុក​លើស​ពីនេះ​ដើម​ឈូក​អាច​នឹង​ស្វិត​គ្មាន​សរសៃ​។​ ​ក្នុង​មួយថ្ងៃ​ ​អ្នកធ្វើ​ម្នាក់​ប្រើប្រាស់​ឈូក​យ៉ាងហោចណាស់​ជាង​ ​២០គីឡូក្រាម​ ​ដែល​អាច​ត្របាញ់​សរសៃ​ឈូ​ក​ជា​បំ​បោះ​ប្រវែង១០០ម៉ែត្រ​។​ ​ដើម្បី​ធ្វើ​ក្រណាត់​ ​១ម៉ែត្រ​គេ​ប្រើ​អំបោះ​ឈូក​ ​៣០០០ម៉ែត្រ​ ​ជាមួយ​ដើម​ឈូក​ ​១៧០០០ដើម​ ​ដើម្បី​ធ្វើ​ក្រមា​មួយ​គេ​ត្រូវ​ប្រើ​ឈូក​ ​៤០០០០​ ​ដើម​ ​រី​ឯ​ស្បង់​ជី​ពរ​មួយ​ប្រើ​ឈូក​ ​២២០០០០ដើម​ ​។​ ​ប្រសិនបើ​ចំនួន​ដើម​ឈូក​ច្រើនយ៉ាង​នេះ​សួរ​ថា​តើ​សហគមន៍​បាន​ដើម​ឈូក​មក​ពីណា​?​។​ ​ឈូក​មួយចំនួន​ត្រូវ​បាន​ទិញ​ពី​អ្នកចម្ការ​នៅ​ឯ​ភ្នំ​ក្រោម​ក្នុង​ខេត្តសៀមរាប​ ​រី​ឯ​ឈូក​មួយចំនួន​ទៀត​ប្រមូល​មក​ពី​បឹង​កំពីងពួយ​នៅ​ឯ​ខេត្តបាត់ដំបង​ដែល​សហគមន៍​ជា​អ្នក​ដាំ​ដោយខ្លួនឯង​ផ្ទាល់​។​ ​ម្យ៉ាងវិញទៀត​ ​ដោយសារ​ដំណាំ​ឈូក​សម្បូរ​លូតលាស់​នៅ​រដូវភ្លៀង​ ​ដូចនេះ​សហគមន៍​តែងតែ​ធ្វើការ​ស្តុក​ទុក​នៅ​រដូវប្រាំង​មានន័យថា​ ​រៀងរាល់​រដូវ​វស្សា​ហ៍​ក្រុមការងារ​នឹង​ផ្តោត​លើ​ការ​កាច់​យក​សរសៃ​ទុក​ ​ហើយ​ឈាន​ចូល​ដល់​រដូវប្រាំង​ទើប​ចាប់ផ្តើម​ត្បាញ​ធ្វើជា​ក្រណាត់​ ​និង​កាត់​ជា​សម្លៀក​បំពាក់​ផ្សេង​ៗ​ទៅតាម​តម្រូវការ​របស់​អតិថិជន​។​ ​បើ​ទោះ​ឈូក​ប្រមែប្រមូល​បាន​មក​ពី​ប្រភព​ទាំងពីរ​នេះ​ក្តី​ ​ប៉ុន្តែ​សហគមន៍​នៅតែ​មានការ​ព្រួយបារម្ភ​ចំពោះ​កង្វះ​ឈូក​សម្រាប់​ធ្វើ​ក្រណាត់​ទៅតាម​តម្រូវការ​ច្រើន​របស់​អតិថិជន​ ​ដែល​នេះ​ជាហេតុ​ធ្វើឲ្យ​ក្រណាត់​ឈូក​មិន​អាច​លក់​ជា​លក្ខណៈ​បោះ​ដុំ​បាន​។​ ​នេះ​បើ​តាម​ការ​ឲ្យដឹង​បន្ថែម​ពី​កញ្ញា​ ​ឡុង​ ​ស្រី​ណា​។​

​          ក្រណាត់​ឈូក​មាន​លក្ខណៈ​ពិសេស​ខុសពី​សូត្រ​ ​ពោល​មាន​សភាព​ស្វិត​ ​មិន​ងាយ​ជ្រាប​ទឹក​ ​មិន​ងាយ​ជ្រួញ​ ​និង​អាច​បោក​ទឹកបាន​ធម្មតា​ ​ហើយដែល​សំខាន់​សរសៃ​ឈូ​ក​តូច​ៗ​ឆ្មារ​ល្អ​វា​នឹង​មិន​បង្ក​ឲ្យ​ហប់​ខ្យល់​នៅពេល​កាត់​ធ្វើជា​សម្លៀកបំពាក់​ឡើយ​។​ ​ក្រណាត់​ឈូក​ត្បាញ​រួចរាល់​ត្រូវ​បាន​យក​មក​កាត់​ច្នៃ​ចេញ​ជា​សម្ភារ​ប្រើ​ប្រាស់​ផ្សេង​ៗ​ដូចជា​ ​កន្សែងបង់ក​ ​ក្រវាត់ក​ ​បូរ​សក់​ ​និង​សម្លៀកបំពាក់​ជាដើម​។​ ​តាមធម្មតា​ពណ៌​ធម្មជាតិ​របស់ក្រ​ណាត់​ឈូក​មាន​ភាព​ស្រស់​ស្អាត​ស្រាប់​គឺ​ពណ៌​ពងមាន់​ឬ​ជួន​ពណ៌​សាច់​ ​ប៉ុន្តែ​បើសិន​ភ្ញៀវ​ចង់​កុម្មង់​ពណ៌​ផ្សេង​ៗ​ ​សហគមន៍​ក៏​រីករាយ​ធ្វើការ​ជ្រលក់​ពណ៌​ដោយ​ប្រើប្រាស់​គ្រឿងផ្សំ​បែប​ធម្មជាតិ​ជូន​ផង​ដែរ​។​ ​ក្រណាត់​ឈូក​ជា​ក្រណាត់​មានគុណ​ភាព​ខ្ពស់​ ​ដូចនេះ​តម្លៃ​ក្នុង​មួយ​ម៉ែត្រ​គឺ​ ​៣១៨​ ​ដុល្លារ​ ​វា​អាច​ជា​តម្លៃ​ខ្ពស់​មួយ​សម្រាប់​អតិថិជន​ក្នុង​ស្រុក​ ​ប៉ុន្តែ​បើក​ងាក​ទៅកាន់​ទីផ្សារ​នៅ​ក្រៅប្រទេស​វិញ​ ​កញ្ញា​ ​ឡុង​ ​ស្រី​ណា​ ​បាន​លើកឡើង​ថា​ ​បច្ចុប្បន្ន​ ​ក្រណាត់​ឈូក​កំពុង​ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ ​និង​មានការ​បញ្ជាទិញ​ពី​ភ្ញៀវ​នៅ​ក្រៅប្រទេស​ជាច្រើន​ដូចជា​ ​ចិន​ ​បារាំង​ ​និង​អាមេរិក​ជាដើម​។​ ​ការទិញ​ផលិតផល​ក្រណាត់​ឈូក​នេះ​ក៏​ជាផ្នែក​មួយ​ជួយ​ដល់​សង្គម​ផង​ដែរ​ ​ដោយហេតុ​ដូច​បាន​ជម្រាប​នៅ​ខាងលើ​សហគមន៍​បាន​ផ្តល់​ឱកាស​ការងារ​ដល់​ស្ត្រី​មាន​ជីវភាព​ខ្វះខាត​អាច​រក​ប្រាក់ចំណូល​ទៅ​ផ្គត់ផ្គង់​គ្រួសារ​ ​ក៏ដូចជា​ការសិក្សា​របស់​កូន​ៗ​ឲ្យ​មាន​អនាគត​ល្អ​ប្រសើរ​។​ ​ដូចនេះ​សម្រាប់​អ្នកមាន​បំណង​ចង់​ជាវ​ក្រណាត់​ឈូក​អាច​ធ្វើការ​ឡើង​ទៅដល់​សហគមន៍​ផ្ទាល់​ដែល​មាន​អាសយដ្ឋាន​ដូច​បាន​រៀបរាប់​ជូន​នៅ​ខាងដើម​ ​ឬ​គ្រាន់តែ​ចូល​ទៅ​បញ្ជាទិញ​នៅ​លើ​គេហទំព័រ​ហ្វេ​សប៊ុ​ក​របស់​សហគមន៍​ ​SAMATOA​ ​LOTUS​ ​TEXTILES​៕​ ​

Article ​by​ ​HEM SOKKHIM​ ​


SUGGESTIONS