សៃហ្គនត្រូវបានគេស្គាល់ថាជាទីក្រុងហូជីមិញ ស្ថិតនៅក្នុងតំបន់ភាគអាគ្នេយ៍នៃប្រទេសវៀតណាម។ ភាគច្រើនអ្នកធ្លាប់បានទៅកម្សាន្ត តែងមិនរំលងឡើយនូវការសាកល្បងរសជាតិអាហារតាមដងផ្លូវ ដែលមានតម្រៀបហូរហែច្រើនតូបរាប់មិនអស់។ ឥឡូវនេះបើចង់រំឭករសជាតិឬភ្លក់អាហារទាំងនេះ ប្រិយមិត្តមិនចាំបាច់ធ្វើដំណើរវែងឆ្ងាយទៅដល់សៃហ្គនទៀតនោះទេ ដោយហេតុភោជនីយដ្ឋានបើកថ្មីមួយកន្លែងនៅទីក្រុងភ្នំពេញ បាននាំយកទាំងរសជាតិ និងសោភណភាពដូចបានទៅដល់កន្លែងផ្ទាល់។
បង្ហាញខ្លួននៅប្លុក Langka Lane ក្នុងសង្កាត់បឹងកេងកង១ ចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ ភោជនីយដ្ឋាន BÚN បានតាក់តែងយ៉ាងច្រឡឹងបីដូចបារដ៏ស៊ីវិល័យមួយនៅឯសៃហ្គន។ ក្រឡេកពីខាងក្រៅភ្លាម យើងទាក់ភ្នែករហ័សភ្លែតជាមួយតុកៅអីពណ៌ឆើតឆាយនៅខាងមុខ ជាពិសេសត្រង់ស្លាកយីហោ ហាក់ជះពណ៌ក្រហមច្រាលអាចឱ្យយើងដឹងងាយចំណាំ ដោយនៅខាងឆ្វេងទ្វារមានអក្សរ BÚN ឯនៅខាងលើដាក់ថា VIETNAMESE KITCHEN។
ឈរពីខាងក្រៅយើងក៏ទាក់ភ្នែកបន្តរហូតដល់ខាងក្នុង ដោយសារការរៀបចំដេគ័រមានលក្ខណៈឆ្លាស់ពណ៌ស៊ីគ្នាបែបសិល្បៈ ពោលទាំងគំនូរលើជញ្ជាំង ទាំងម៉ូដតុកៅអី រួមទាំងការលេងពណ៌ផ្ទៃ រហូតដល់គ្រឿងបង្គុំភ្លើងលើពិតាន។ ពេលបោះជំហានចូលមកដល់ខាងក្នុង យើងចាប់អារម្មណ៍មុនគេទៅលើរូបគំនូរស្ត្រីបីនាក់នៅលើជញ្ជាំង ដែលរូបស្ត្រីនេះមានពាក់ដួនបែបវៀតណាម ហើយដួននេះផងដែរ ក៏ត្រូវបានគេប្រើជាគ្រឿងតុបតែងលម្អនៅលើពិតានផង និងអំពូលភ្លើងផង មើលទៅមានលក្ខណៈទាក់ទាញបែបសិល្បៈសហសម័យ។
ទាក់ទងនឹងការរៀបចំដេគ័រ Manon Pauchet ដែលជាអ្នកកាន់ខាងផ្នែកទីផ្សារនៅភោជនីយដ្ឋាន BÚN បានឱ្យដឹងថា គំនូរស្ត្រីលើជញ្ជាំងដ៏ស្រស់ស្អាតនេះ បង្ហាញពីស្ត្រីបីនាក់ជាមីងឬម្តាយមីងនៅក្នុងវប្បធម៌វៀតណាម។ គំនូរនេះត្រូវបានគូរដោយសិល្បករគំនូរលើជញ្ជាំងដ៏ល្បីឈ្មោះ លោក FONKi ដែលជាកូនខ្មែរ-កាណាដាកើតនៅប្រទេសបារាំង។ ការជ្រើសរើសទីតាំង និងរៀបចំហាង ត្រូវបានយកលំនាំបែបអាហារដ្ឋានវៀតណាមដ៏រស់រវើក។ មិនថាអង្គុយនៅមាត់ផ្លូវឬអង្គុយខាងក្នុង គ្រប់ជ្រុងទាំងអស់នឹងបញ្ចេញមន្តស្នេហ៍អន្ទងអារម្មណ៍អ្នកដូចបានទៅដល់ទឹកដីវៀតណាមផ្ទាល់។
មកដឹងអំពីអាហារវិញ នៅទីនេះយើងនឹងបានរីករាយរំឭករសជាតិ ឬក៏បានសាកល្បងនូវអាហារសៃហ្គនដែលមកដល់លើតុផ្ទាល់។ ក្នុងនោះអាហារលក់ដាច់បំផុតមានដូចជា៖ Phở (ស៊ុបហ្វឺ), Spring roll (មានគួង និងចៃយ៉), bánh mì (នំប៉័ងសាច់ឆ្ងាញ់បំផុតរបស់វៀតណាម), bún bo (មីគុយទាវសាច់គោ) និង bún cha (មីគុយទាវសាច់ជ្រូក) ជាដើម។ អាហារនីមួយៗត្រូវបានចម្អិន និងរៀបចំយ៉ាងលម្អិតដើម្បីធ្វើយ៉ាងណាឱ្យរសជាតិដូចប្រភពដើមពិតៗ។ បើបានទៅដល់ កុំភ្លេចកុម្មង់ញាំក្រូចថ្លុងដែលវៀតណាមហៅថា Gỏi Bưởi ធានាថារសជាតិហឹរជូរអែមប្រៃឡែមៗជាប់មាត់តែម្តង។ ក្រៅពីអាហារ ទីនេះក៏មានបង្អែមលាងមាត់ផងដែរ។
ងាកមកភេសជ្ជៈឯណេះវិញ ជឿជាក់ថាឱ្យតែនិយាយដល់កាហ្វេវៀតណាម គ្រប់គ្នានឹងភ្នកនឹកដល់កាហ្វេហ្វីនមិនខាន។ ពិតណាស់ ទីនេះបានសម្រាំងជ្រើសរើសកាហ្វេវៀតណាមដែលល្អបំផុត ដាក់បម្រើជាកាហ្វេហ្វីនដ៏មានឱជារស សំខាន់ឆុងហ្វីនតាមបែបប្រពៃណី។ ឯកាហ្វេពិសេសផ្សេងទៀតមាន Café Muoi ឬហៅថាកាហ្វេអំបិល និងមានកាហ្វេពងមាន់ផងដែរ។
ទើបបើកដំណើរការកាលពីខែកុម្ភៈ ឆ្នាំ២០២៤ ភោជនីយដ្ឋាន BÚN ទទួលបានការពេញនិយមខ្លាំង ជាពិសេសពីសំណាក់យុវវ័យ។ ថ្វីបើតាំងខ្លួននៅផ្លូវច្រកតូច តែទីនេះហាក់ជាទីបដិសណ្ឋារកិច្ចប្រកបដោយមន្តស្នេហ៍ និងទាក់ទាញបំផុត។ ចំពោះម៉ោងបើកទទួលស្វាគមន៍វិញមានពីរពេល គឺពេលរសៀលចាប់ពីម៉ោង ១១ កន្លះ ដល់ម៉ោង ២ កន្លះ និងពេលល្ងាចចាប់ពីម៉ោង ៦ ដល់ម៉ោង ១០យប់៕
Article by HEM SOKKHIM (ZM)