×

​April​ ​Café​ ​ភូមិគ្រឹះ​ហាង​កាហ្វេ​និង​តៀមស្រា​បែប​ក្លា​ស៊ិ​ក​

TRAVEL & LIVING 5 years ago
 
 

​            ​បើ​គេ​ចង់​ស្វែងរក​ហាង​កាហ្វេ​បែប​ទំនើប​នៅក្នុង​ទីក្រុង​ភ្នំពេញ​ ​គឺ​ពិតជា​មិន​ខ្វះ​នោះ​ទេ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ​ព្រោះ​មុខរបរ​ដ៏​ពេញនិយម​នេះ​បាន​រីក​លូតលាស់​យ៉ាងច្រើន​ដូច​ផ្សិត​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​ ​ទោះបីជា​យ៉ាងណា​ការ​ជ្រើសរើស​ហាង​កាហ្វេ​ដែល​សក្តិ​សមនឹង​តម្រូវការ​ ​និង​ ​រស​និយម​ផ្ទាល់ខ្លួន​របស់​អ្នក​ពិតជា​វិញ្ញាសា​មួយ​ដែល​អ្នក​ត្រូវ​ធ្វើការ​សម្រេចចិត្ត​។​ ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​បរិយាកាស​ដែល​ស្ងប់ស្ងាត់​ ​មិនសូវ​មានសម្លេង​យានយន្ត​លាន់រំពង​រំខាន​អារម្មណ៍​នោះ​ ​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​ខៀវស្រងាត់​ ​ដើមឈើ​បែកមែក​សាខា​ចោល​ម្លប់​ត្រឈឹងត្រឈៃ​នោះ​ ​លោកអ្នក​ពិតជា​មិន​ខកបំណង​ឡើយ​ចំពោះ​វត្តមាន​ដ៏​ថ្មីសន្លាង​របស់​ហាង​កាហ្វេ​ ​និង​​តៀមស្រា​ដ៏​សែ​នរ៉ូ​មេន​ទិ​ក​រួមបញ្ចូល​គ្នា​ក្នុង​ទីតាំង​តែមួយ​ ​ដែល​មិនធ្លាប់​មាន​ពីមុន​មក​ឡើយ​នៅ​កម្ពុជា​។​ ​

​            ​ភូមិគ្រឹះ​សម័យ​អាណានិគម​បារាំង​មួយ​កន្លែង​ ​ដែល​មាន​អាសយដ្ឋាន​ផ្ទះលេខ៩​ ​ស្ថិតនៅ​ផ្លូវ​លេខ២៥៤​ ​ខណ្ឌដូនពេញ​ ​រាជធានី​ភ្នំពេញ​ ​ធ្លាប់​ត្រូវ​បាន​គេ​ទុកចោល​យ៉ាង​ស្ងាត់ជ្រងំ​អស់​រយៈពេល​ជា​យូរឆ្នាំ​ណាស់​មក​ហើយ​ត្រូវ​បាន​យុវ​សហគ្រិន​ខ្មែរ​មួយ​ក្រុម​តូច​ដែល​មាន​សមាជិក៣នាក់​បាន​រៀបចំ​ប្រែក្លាយ​ទៅជា​ហាង​កាហ្វេ​និង​តៀមស្រា​ដ៏​មាន​ប្រជាប្រិយ​ភាព​ទាក់ទាញចិត្ត​យុវវ័យ​ជាច្រើន​មិន​តិច​ជាង១០០នាក់​ក្នុង​មួយថ្ងៃ​ឲ្យ​ចូល​មក​ទស្សនា​ ​និង​ ​ទទួលទាន​ភេសជ្ជៈ​ ​ឬ​ ​ស្រា​បៀរ​ ​និង​ ​អាហារ​បែប​ខ្មែរ​-​ថៃ​ជាច្រើន​ប្រភេទ​ ​ក្រោម​បរិយាកាស​ជិតស្និទ្ធ​នឹង​បរិស្ថាន​ធម្មជាតិ​ ​គួបផ្សំ​នឹង​សោភ័ណភាព​ស្ថាបត្យកម្ម​ដែល​មាន​រចនាបថ​ដើម​ស្ទើរតែ​ទាំងស្រុង​សុទ្ធសាធ​។​ ​

​            ​អ្វី​ដែល​ពិសេស​បំផុត​ជា​បេះដូង​នៃ​ហាង​នេះ​គឺ​ ​តួផ្ទះ​បុរាណ​ដែល​មិន​មានការ​លាប​ពណ៌​បន្ថែម​ដូច​ហាង​កាហ្វេ​ដទៃទៀត​ដែល​បាន​កែច្នៃ​ប៉ះពាល់​ដល់​ស្ថានភាព​ដើម​នោះ​ឡើយ​ ​ពោល​គឺ​គេ​គ្រាន់តែ​ដោះ​បង្អួច​ឈើ​ដើម​ដែល​បែកបាក់​ហើយ​មក​ច្នៃ​ជា​គ្រឿង​តុបតែង​លម្អ​ផ្នែក​ខាងក្នុង​ ​និង​ ​បន្ថែម​វត្ថុ​តាំង​លម្អ​បែប​បុរាណ​មួយចំនួន​ដូចជា​ ​កេស​ឈើ​ចាស់​ៗ​ ​រូបថត​បែប​បុរាណ​នាំចូល​ពី​បរទេស​ ​និង​ ​អំពូលភ្លើង​ពណ៌​ស្រាល​ស្រទន់​ ​ញ៉ាំង​បរិយាកាស​ខាងក្នុង​ឲ្យ​កាន់​តែ​រ៉ូមេ​ន​ទិ​ក​ ​ធ្វើឲ្យ​ភ្ញៀវ​ទាំងឡាយ​ដែល​បាន​មក​បរិភោគ​អាហារ​នៅ​ទីនេះ​មាន​អារម្មណ៍​ហាក់បីដូចជា​បាន​ប្រែកាយ​ក្លាយ​ខ្លួន​ជា​ត្រកូល​អភិជន​ម្ចាស់​ភូមិគ្រឹះ​ក្នុង​អំឡុង​សម័យកាល​ទសវត្សរ៍​ទី៤០និង៥០​ ​ដែល​យើង​ធ្លាប់​បានឃើញ​គេ​សម្តែង​ក្នុង​ខ្សែភាពយន្ត​ដូច្នោះឯង​។​ ​

​            ​នៅ​លើ​ជញ្ជាំង​ទាំង​ខាងក្នុង​និង​ខាងក្រៅ​អគារ​ ​វិចិត្រករ​បាន​ចំណាយពេល​រហូត​ជាង​មួយ​ខែ​ដើម្បី​រំលេច​រូបគំនូរ​បែប​ក្លា​ស៊ិ​ក​ផ្សេង​ៗ​ចម្រុះគ្នា​ក្នុង​គោលបំណង​ជួយ​រំញោច​បង្កើត​អា​រម្ម​ណ៍​ផ្សេង​ៗ​ដល់​ភ្ញៀវ​ទៅតាម​ប្រភេទ​បន្ទប់​នី​មួយ​ៗ​។​ ​អ្នក​ដែល​មាន​រស​និយម​បែប​លន្លង់លន្លោច​អណ្តែត​អណ្តូង​អារម្មណ៍​ហោះហើរ​ត្រូវការ​ភាព​ស្ងប់ស្ងាត់​អាច​អង្គុយ​នៅ​បន្ទប់​ខាងស្តាំ​ដៃ​ ​រី​ឯ​អ្នក​ដែល​និយម​ភាព​សប្បាយរីករាយ​ហ៊ឹកហ៊ាក់​អាច​អង្គុយ​នៅ​បន្ទប់​ខាងឆ្វេង​។​ ​ក្រៅពី​បន្ទប់​ទាំងពីរ​ប្រភេទ​នេះ​ ​ហាង​នេះ​ក៏​មាន​បន្ទប់​ប្រជុំ​ចំនួន​ពីរ​សម្រាប់​សិស្ស​ ​និស្សិត​ ​ឬ​ ​ក្រុម​មិត្តភក្តិ​ជួបជុំ​លក្ខណៈ​ឯកជន​ ​ដែល​បន្ទប់​នី​មួយ​ៗ​អាច​ផ្ទុក​មនុស្ស​បាន​ប្រមាណ១០នាក់​។​ ​

​            ​តោះ​មក​ដឹង​អំពី​មុខម្ហូប​ ​និង​ ​អាហារ​សំ​ខាន់​ៗ​របស់​ ​April​ ​Café​ ​ទាំងអស់គ្នា​!​ ​តើមាន​អ្វីខ្លះ​ប្លែក​ខុសពី​ហាង​កាហ្វេ​ទូទៅ​?​ ​ពិតជា​មាន​!​ ​ម្ចាស់ហាង​បាន​អះអាង​ថា​ ​ភេសជ្ជៈ​ដែល​ល្បីល្បាញ​ប្រចាំ​ត្រកូល​របស់​ហាង​គឺ​ ​កាហ្វេ​ ​APRIL​ ​និង​ ​តែ​ក្រូចឆ្មារ​ទឹកឃ្មុំ​ធម្មជាតិ​មណ្ឌលគិរី​ ​ដែល​មានឱជារស​ឈ្ងុយឆ្ងាញ់​ពិសេស​ជាប់មាត់​ដោយសារ​អាថ៌កំបាំង​រូបមន្ត​ដែល​មិន​អាច​បង្ហើប​បាន​។​ ​ភ្ញៀវ​ដែល​មក​ទីនេះ​និយម​កុម្ម៉ង់​ភេសជ្ជៈ​ទាំងពីរ​នេះ​ទទួលទាន​ជាមួយ​អាហារ​ពេលព្រឹក​ដូចជា​ ​បាយ​សាច់​ជ្រូក​គី​ម​ឈី​ ​បាយ​ឡុកឡាក់​ ​និង​ ​បាយ​សាច់​មាន់​។​ ​រី​ឯ​ពេលល្ងាច​ ​និង​ ​យប់​វិញ​ ​ភ្ញៀវ​ភាគច្រើន​និយម​ទទួលទាន​ស្រា​ក្រឡុក​ ​(​COCKTAIL​)​ ​ឬ​ ​សាកល្បង​ស្រា​បៀរ​ ​(​DRAFT​ ​BEER​)​ ​បុក​ងាវ​ ​បុក​ក្តាមសេះ​ ​មាន់​លីង​ ​ឆា​ខាត់ណា​សាច់គោ​អប់​ទឹកកក​ ​ញាំ​សាច់គោ​ ​OLD​ ​SCHOOL​ ​BAR​ ​អម​ដោយបទ​ភ្លេង​បែប​សង់​ទី​ម៉ង់​ចម្រុះ​បី​សាសន៍​ ​ខ្មែរ​ ​ថៃ​ ​និង​ ​អង់គ្លេស​ ​គួរឲ្យ​រំភើបចិត្ត​ ​ត្រូវ​នឹង​ការ​ទទួលទាន​ក្នុង​បរិវេណ​ខាងក្រៅ​អគារ​ ​ដែល​តុបតែង​លម្អ​ដោយ​តុ​ឈើ​រាង​វែង​ច្នៃ​ចេញពី​គ្រឿង​បង្គុំ​ផ្ទះ​ដើម​ចាស់​ៗ​ ​ទាក់ទាញចិត្ត​យុវវ័យ​ដែល​និយម​ស្វែងរក​អ្វី​ដែល​ថ្មី​ប្លែក​ ​សូម្បីតែ​សិល្បករ​ក៏​ចូលចិត្ត​ទៅ​លម្ហែ​កម្សាន្ត​ ​ខ្លះ​លេង​ហ្គីតា​ ​ខ្លះ​ថតរូប​ ​ខ្លះ​ជជែកគ្នា​ ​ទៅតាម​ចំណង់​ចំណូល​ចិ​ត្ត​រៀង​ៗ​ខ្លួន​។​

​            ​នៅ​ពេល​ឆាប់​ៗ​នេះ​ ​ហាង​កាហ្វេ​ ​និង​តៀមស្រា​នេះ​មាន​គម្រោង​បន្ថែម​ការ​តុបតែង​លម្អ​ដូចជា​ ​ដាក់​តាំង​រូបថត​តារាចម្រៀង​ជំនាន់​មុន​ ​ប្រភេទ​យានជំនិះ​បុ​រា​ណៗ​ ​ព្រម​ជាមួយនឹង​ការ​បន្ថែម​មុខ​ម្ហូប​ថ្មី​ៗ​ទៅ​ក្នុង​បញ្ជី​ប្រចាំ​ហាង​ដើម្បី​បំពេញ​កំណើន​សេចក្តី​ត្រូវការ​របស់​អតិថិជន​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ហាង​កាហ្វេ​ ​April​ ​Café​ ​ចាប់​បើក​ពី​ម៉ោង​ ​៦​ ​និង៣០នាទី​ព្រឹក​ ​រហូតដល់​ម៉ោង​ ​៥​ ​និង៣០នាទី​ល្ងាច​ ​រី​ឯ​តៀមស្រា​បើក​ពី​ម៉ោង​ ​៦​ ​ល្ងាច​រហូតដល់​ពាក់កណ្តាល​អាធ្រាត្រ​។​ ​ចំពោះ​អ្នក​ដែល​មានបំណង​មក​ថតរូប​ម៉ូដែល​ជាមួយ​អគារ​បុរាណ​ឬ​ថត​ជា​វីដេអូ​បទ​ចម្រៀង​ផ្សេង​ៗ​នៅ​ទីនេះ​ ​គឺ​មិនមែន​គិត​ប្រាក់​អ្វី​បន្ថែម​នោះ​ទេ៕​ ​

​Article​ ​by​ ​SRIN​ ​SOKMEAN


SUGGESTIONS