«បើស្រវឹងសូមកុំបើកបរ»
គ្រោះថ្នាក់ចរាចរបានក្លាយជាឃាតករលាក់មុខតាមដងផ្លូវលេខមួយដែលបង្កឲ្យមានមនុស្ស រងរបួស និងស្លាប់ដោយឥតរើសមុខ ព្រមទាំងបណ្តាលឲ្យបាត់បង់ធនធាន មនុស្ស ទ្រព្យសម្បត្តិ ឯកជន សាធារណៈយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។ ស្របពេលដែលពិធីបុណ្យភ្ជុំបិណ្ឌបានចូលមកដល់ បងប្អូនប្រជាពលរដ្ឋខ្មែរប្រុស ស្រីបាននាំគ្នាសម្រុកទៅលេងស្រុកកំណើត ដើម្បីធ្វើបុណ្យជួបជុំក្រុមគ្រួសារ និងធ្វើដំណើរទៅកាន់ទីវត្តអារាមក៏ដូចជាធ្វើដំណើរកំសាន្តជាដើមនោះ ទស្សនាវដ្តីសូវរីនសូមរួមក្រើនរំឭកនិងជាសារដាស់តឿនមួយដើម្បីឲ្យប្រិយមិត្តអ្នកអានទាំងអស់មេត្តាបើកបរដោយទំនួលខុសត្រូវនិង មានការប្រុងប្រយ័ត្នខ្ពស់មិនថាផ្លូវជិតឬផ្លូវឆ្ងាយឡើយ។ សូមគិតគូរពីអាយុជីវិតអ្នកធ្វើដំណើរជាមួយនៅក្នុងយានយន្តឬទោចក្រយន្តឬអ្នកធ្វើដំណើរលើដងផ្លូវ ដែលពួកគេបានផ្ញើវាសនាលើអ្នកកាន់ចង្កូត។ កាលពីឆ្នាំ ២០១៨ កន្លងទៅមនុស្សយ៉ាងហោចណាស់ ជិត១.៨០០នាក់បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវក្នុងនោះ ២៨នាក់បានស្លាប់ និងរបួស៨៥នាក់ដោយគ្រាន់តែក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ហើយករណីភាគច្រើនគឺកើតឡើងដោយសារអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង។
គ្រឿងស្រវឹងត្រូវបានពលរដ្ឋខ្មែរទូទៅចាត់ទុកជាគ្រឿងបន្ថែមដើម្បីកំដរបរិយាកាសនៃការជួបជុំឲ្យកាន់តែមានភាពរីករាយ និងអ៊ូអរបន្ថែមទៀត។ អង្គការសុខភាពពិភពលោកបានសិក្សាស្រាវជ្រាវកាលពីឆ្នាំ ២០១៨ បានប៉ាន់ប្រមាណថា ប្រជាជនខ្មែរ ៥៤% ចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅ សុទ្ធតែចេះទទួលទានគ្រឿងស្រវឹង។ ចំនួននេះត្រូវបានគេចាត់ទុកថាជាតួលេខដ៏ច្រើនមួយប្រសិនបើគេសម្រាយជាចំនួនប្រជាជនសរុប។ ការពិសារគ្រឿងស្រវឹងរួចបើកបរនៅតែជាការព្រួយបារម្ភមួយរបស់អ្នកឃ្លាំមើលបើទោះបីជារដ្ឋាភិបាលបានធ្វើវិសោធនកម្មច្បាប់ស្ដីពីចរាចរផ្លូវគោកជាច្រើនដង និងបានផាកពិន័យច្រើនជាងមុនយ៉ាងណាក្តី។ តាមមាត្រា ៧៧ ថ្មី នៃច្បាប់ស្ដីពីចរាចរផ្លូវគោកបានចែងថា ជនណាបើកបរយានយន្តនៅពេលដែលខ្លួន ស្ថិតនៅក្នុងភាពស្រវឹង ដោយមានជាតិអាល់កុលចាប់ពី ០,៤០ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ត្រូវពិន័យអន្តរការណ៍តាមការកំណត់នៃអនុក្រឹត្យ។ អំពើល្មើសខាងលើត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ៦ ខែ និងពិន័យជាប្រាក់ពី ៨០០ ០០០ រៀល ទៅ ៤ ០០០ ០០០រៀលក្នុងករណីដែលជនល្មើសធ្លាប់ទទួលរងការពិន័យអន្តរការណ៍ម្ដងរួចហើយ តែនៅបន្តប្រព្រឹត្តិល្មើសទៀតក្នុងកំលុងពេល ៦ខែ ចាប់គិតពីការពិន័យអន្តរការណ៍លើកមុន។ យ៉ាងណាមិញ តាមរយៈវិទ្យុបារាំងអន្តរជាតិ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអះអាងឲ្យដឹងថា ច្បាប់ចរាចរណ៍ផ្លូវគោកនឹងត្រូវធ្វើវិសោធនកម្មជាថ្មីម្តងទៀតនាពេលខាងមុខ ដើម្បីរឹតបន្តឹងបន្ថែមលើអ្នកដែលប្រព្រឹត្តខុសច្បាប់។ តែទោះជាបែបនេះក្តី លោកស៊ុន ចាន់ថុល មិនបានបញ្ជាក់ច្បាស់ពីកាលបរិច្ឆេទនៃការធ្វើវិសោធនកម្មនេះទេ ដោយគ្រាន់តែអះអាងថា បានបង្កើតក្រុមការងារធ្វើកិច្ចការនេះរួចរាល់ហើយ។ ការបើកបរជែងគ្នានិងការបើកបរហួសល្បឿនកំណត់ក៏ជាកត្តាដ៏ធំមួយដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរយ៉ាងធ្ងន់ធ្ងរផងដែរ។
ដូចនេះ ប្រសិនបើរាជរដ្ឋាភិបាលអាចគ្រប់គ្រងគ្រឿងស្រវឹងបាន និងពលរដ្ឋចេះគោរពច្បាប់ចរាចរហើយពិសារគ្រឿងស្រវឹងដោយទំនួលខុសត្រូវទៀត នោះយើងនឹងអាចកែប្រែសង្គមស៊ីវិល័យមួយនេះឲ្យមានសណ្តាប់ធ្នាប់ល្អ រីឯគ្រោះថ្នាក់ចរាចរក៏នឹងត្រូវបានកាត់បន្ថយហើយសីលធម៌សង្គមក៏ត្រូវបានលើកកម្ពស់ ដូច្នេះប្រជាជនកម្ពុជា និងភ្ញៀវបរទេសនឹងបើកបរតាមដងផ្លូវប្រកបដោយស្នាមញញឹមជាក់ជាមិនខាន៕
Article by KEO SONG