×

ជំនឿ​បុរាណ ​និង​ត្រណម​ទូកង​មួយចំនួន​ដែល​ពុំសូវ​មាន​អ្នកចាប់​អារម្មណ៍​ ​

TRAVEL & LIVING 4 years ago
 
 

          ​តាម​សម្តី​របស់​លោកតា​ម្នាក់​ដែល​ជា​កីឡាករ​ប្រណាំងទូក​ចំណុះ​ទូកង​ឈ្មោះ​ ​«​ព្រះ​ទីនាំង​ឫទ្ធី​ក្លាហាន​»​ ​ប្រចាំ​វត្ត​ព្រែក​សំរោង​ ​ក្រុង​តាខ្មៅ​ ​ខេត្តកណ្តាល​ ​អស់​រយៈពេល​ជាង២០ឆ្នាំ​មក​ហើយ​នោះ​ ​បានឱ្យ​ដឹង​ថា​ ​កាលពី​សម័យ​ដើម​ ​មនុស្ស​ស្រី​ ​ជាពិសេស​ ​ស្រ្តី​មានផ្ទៃពោះ​ ​មិន​អាច​ដើរមក​ក្បែរ​ ​ឬ​ ​ដើរកាត់មុខ​ទូកង​បាន​ឡើយ​ ​ព្រោះ​វា​ជា​ត្រណម​ពី​បុរាណ​។​ ​បើ​ខុស​ត្រណម​ ​ស្រ្តី​នោះ​នឹង​ជួប​គ្រោះថ្នាក់​ត្រូវ​បារមី​ឬ​ជី​នាង​ទូក​កាច់​ធ្វើឲ្យ​ទៅជា​ឆ្កួត​ឡប់​វង្វេងស្មារតី​។​ ​ដើម្បី​ ​សុវត្ថិភាព​ ​កាលពី​ជំនាន់​នោះ​គណៈកម្មការ​វត្ត​តែង​ចាក់​សោរ​បិទ​រោង​ទូក​ជិត​មិន​ឲ្យ​អ្នកណា​ដើរទៅ​ជិត​ផ្តេស​ផ្តាស​នោះ​ទេ​។​ ​ប៉ុន្តែ​មកដល់​ឥឡូវ​ ​ត្រណម​នេះ​ហាក់បីដូចជា​សាបរលាប​ទៅ​ហើយ​ ​គឺ​រោង​ទូក​មិន​មាន​ចាក់​សោរ​បិទ​ជិត​ដូចមុន​នោះ​ទេ​ ​មនុស្សម្នា​ទូទៅ​អាច​ចូល​មក​មើល​ទូក​ក្នុង​រោង​និង​ប៉ះ​ទូក​បាន​ដោយសេរី​។

          ​តាម​ទម្លាប់​ពី​បុរាណកាល​ ​នៅពេល​គេ​អុំទូក​ ឬ​ចែវទូក​ឆ្លងកាត់​ក្រោម​ស្ពាន​ ​គេ​តែងតែ​ឈប់ចត​ដើម្បី​ដោះ​ភ្នែកទូក​ទុក​សិន​។​ ​លុះ​ឆ្លងផុត​ស្ពាន​ទើប​គេ​បំពាក់​ភ្នែកទូក​ឡើងវិញ​។​ ​ទោះ​យ៉ាងណាក៏ដោយ​ ​ក៏​បច្ចុប្បន្ន​ ​គេក​ម្រ​ឃើញ​ប្រពៃណី​ទំនៀមទម្លាប់​ដូចនេះ​ទៀត​ណាស់​។​ ​ក្រៅពី​ជំនឿ​នេះ​ក៏​នៅ​មាន​ជំនឿ​អ​រូបិយ​ជាច្រើន​ទៀត​តួរ​យ៉ាងដូច​ជា​ការ​សង់រោង​ទូក​នៅ​ទិសឦសាន​នៃ​វត្តអារាម​ ​ហើយ​ក្បាលទូក​បែរមុខ​ទៅ​ទិសខាងកើត​ ​កន្ទុយ​មក​ទិសខាងលិច​ជានិច្ច​ ​ហើយ​មាន​រានទេវតា​មួយ​នៅ​ជិត​ក្បាលទូក​ដែល​មាន​រៀប​តង្វាយ​សម្រាប់​ថ្វាយ​ជី​នាង​ថែរក្សា​ទូក​ ​តែ​ពេល​បច្ចុប្បន្ន​ ​ទំនៀម​នេះ​បាន​បាត់​បង់​ខ្លះ​ៗ​ទៅ​ហើយ​ ​ព្រោះ​ជួនកាល​ ​ការ​សង់រោង​ទូក​មិន​ស្ថិតនៅ​ទិសឦសាន​នៃ​វត្ត​ទៀត​ឡើយ​ ​ហើយ​នៅ​តាម​វត្ត​ខ្លះ​ ​គេ​ទុក​ទូក​នៅ​ក្រោម​ដើមឈើ​ឬ​សង់រោង​ទូក​ជាប់នឹង​ដងទន្លេ​តែម្តង​។​ ​

          ​យ៉ាងណាមិញ​តាម​សម្តី​របស់​លោកតា​ដដែល​ ​ក៏បាន​បន្ថែម​ឱ្យ​ដឹង​ថា​ដែរ​ថា ​កាលពី​សម័យមុន​ ​ទូកង​មាន​ខ្នាត​ត្រឹមតែ​ចំណុះ៣០​-​៤០​ ​នាក់​ប៉ុណ្ណោះ​ ​ប៉ុន្តែ​មកដល់​សម័យនេះ​ ​គេ​និយម​ប្រជែង​ប្រវែង​ទូក​តាម​គ្នា​ដូច​គេ​ប្រណាំង​ស៊េរី​ឡាន​ម៉ូតូ​ដូច្នោះ​ដែរ​។​ ​ដូចនេះ​ហើយ​ ​ទើប​គណៈកម្មការ​វត្ត​បាន​រៀបចំ​ធ្វើ​ទូកង​ ​«​ព្រះ​ទីនាំង​ឫទ្ធី​ក្លាហាន​»​ ​ថ្មី​ក្នុងអំឡុងឆ្នាំ២០០៨​ ​ដោយ​បន្ថែម​ប្រវែង​ឲ្យ​កាន់តែ​វែង​រហូត​ចំណុះ៧០នាក់​។​ ​លោកតា​បានប្រៀប​ធៀប​ថា​ ​ទូកង​ប្រចាំ​វត្ត​ព្រែក​សំរោង​ចាស់​ដែល​ជា​ប្រភេទ​ទូក​កាត់​ព្រ័ត្រ​ក្នុង​ពិធីបុណ្យ​អុំទូក​រាល់​ឆ្នាំ​ផលិត​ក្នុង​ឆ្នាំ១៩៤២​ ​ជា​ព្រះរាជ​ប្រទាន​របស់​អតីត​ព្រះមហាក្សត្រ​កាលពី​ជំនាន់​នោះ​មាន​បណ្តោយ​ប្រវែង​ត្រឹមតែ២៧.៥ម៉ែត្រ​ ​ទទឹង​ធំ​បំផុត​មាន​ប្រវែង១.៧០​ ​ម៉ែត្រ​ ​ខុសពី​ទូកង​ដែល​ផលិត​ថ្មី​នេះ​មា​ន​ប្រវែង​បណ្តោយ​រហូតដល់៣៤ម៉ែត្រ​ ​និង​ទទឹង​ធំ​បំផុត​ប្រវែង​ ​១.៣៣​ ​ម៉ែត្រ​។​ ​អ្វី​ដែល​យើង​កត់សម្គាល់​បាន​នោះ​គឺ​ ​ទូកង​សម័យមុន​មាន​ប្រវែង​បណ្តោយ​ខ្លី​ ​ប៉ុន្តែ​មាន​ទំហំ​ទទឹង​ធំជាង​ទូកង​បច្ចុប្បន្ន​។​ ​អ្វី​ដែល​ជា​មោទនភាព​ជាតិ​ពាក់ព័ន្ធ​នឹង​ប្រវែង​ទូកង​សម័យ​សតវត្សរ៍​ទី២១នេះ​ ​គឺ​នៅ​ថ្ងៃទី​ ​១២​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៨​ ​កន្លងទៅ​ ​ទូកង​ខ្មែរ​ឈ្មោះថា​ ​«​កម្ពោជិក​បុត្តា​ខេមរា​ត​រី​»​ ​ដែល​មានន័យថា​ ​«​ទូកង​របស់​កូនខ្មែរ​រស់នៅ​ក្នុង​ដែនដី​កម្ពុជា​»​ ​បាន​បំបែក​ឯតទគ្គកម្ម​ជា​ទូកង​វែង​ជាងគេ​ក្នុង​លោក​ដោយសារ​ទូកង​ដែល​ស្ថាបនា​ក្នុង​ខេត្តព្រៃវែង​នេះ​មាន​បណ្តោយ​ ​៨៧.៣ម៉ែត្រ​ ​ទទឹង១.៩៤​ ​ម៉ែត្រ​ ​និង​ជម្រៅ​ ​០.៨០​ ​ម៉ែត្រ​ ​ផ្ទុក​ទៅ​ដោយ​ចំណុះ​ ​១៧៩​ ​នាក់​ ​តំណាង​ឱ្យ​ឆ្នាំ​ ​១៩៧៩​ ​គឺជា​ពេល​ដែល​របប​ខ្មែរក្រហម​ត្រូវ​បាន​បណ្តេញ​ចេញពី​អំណាច​ ​៕​

​Article​ ​by​ ​SRIN​ ​SOKMEAN​


SUGGESTIONS