កុំឲ្យឳកាសកន្លងផុតទៅឲ្យសោះ! ការងារជាច្រើនកន្លែងកំពុងរង់ចាំ សិស្សានុសិស្ស និងនិយោជិតគ្រប់រូប
NEWS 5 years ago យ៉ាងហោចណាស់ការងារជាង២ម៉ឺនកន្លែងកំពុងរង់ចាំ ទទួលស្វាគមន៍ និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិតនៅ មជ្ឈមណ្ឌលពិព័រណ៍កោះពេជ្យក្នុងព្រឹត្តិការណ៍ធំសម្បើមប្រចាំឆ្នាំ «ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩» ដែលរៀបចំដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះជាឳកាសសម្រាប់សិស្សានុសិស្ស ក៏ដូចជានិយោជិតគ្រប់រូបដែលមានបំណងស្វែងរកការងារក្នុងកំឡុងពេលសិក្សា ឬផ្លាស់ប្តូរនូវបទពិសោធន៍ថ្មីៗតាមស្ថាប័នផ្សេងៗ។ ជាមួយគ្នានេះដែរក្រុមហ៊ុនហ្ក្រេនខ្មែរ ដែលជាក្រុមហ៊ុនស៊ីវីល័យជាងគេនៅកម្ពុជាក៏បានចូលរួមស្វែងរកសមាជិកជាច្រើនរូបដើម្បីចូលរួមជាមួយក្រុមការងារផងដែរ។
នៅក្នុង«ពិព័រណ៍ការងារ និងផលិតភាពជាតិ» នឹងផ្តល់នូវឱកាសការងារសរុបជាង២ម៉ឺនជំនាញដែលមានការចូលរួមរបស់ក្រុមហ៊ុនឯកជន ឬសហគ្រាសធំៗទៀតផង។ ម៉្យាងវិញទៀត ក្នុងព្រឹត្តិការណ៍នេះគេសង្កេតឃើញថាការងារដែលទាក់ទងនឹងវិស័យសំខាន់ៗក្នុងកម្ពុជាដូចជា៖ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ និងបដិសណ្ឋារកិច្ចទូរគមនាគមន៍ ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ កម្មន្តសាល មានប្រមាណជាង ១៥០ កន្លែង និងការងារក្នុងក្រុមហ៊ុនឯកជនមានប្រមាណជាងចំនួន៣០០ ត្រៀមនឹងទទួលសិស្សានុសិស្ស និងនិយោជិតគ្រប់ទិសទីដោយភាពកក់ក្តៅផងដែរ។
គួរជម្រាបផងដែរថា «ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩» នឹងប្រារព្ធឡើងរយៈពេលចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ពីម៉ោង៨ព្រឹក ដល់ម៉ោង៨ យប់។ កុំភ្លេចមកមើលស្តង់របស់ក្រុមហ៊ុនហ្ក្រេនខ្មែរផងណា ព្រោះការងារជាច្រើនកន្លែងកំពុងរង់ចាំលោកអ្នក៕
Article by PAN SIVLY