×

តើ​អំបុក​ដូនតា​យើង​ប្រែប្រួល​យ៉ាងដូច​ម្តេច​ខ្លះ​ក្នុង​បរិបទ​សង្គម​បច្ចុប្បន្ន​?

TRAVEL & LIVING 2 weeks ago
 
 

          តាំងពី​បុរាណកាល​តរៀងមក​ ប្រជាជន​ខ្មែរ​ប្រុសស្រី​ក្មេង​ចាស់​និយម​ត្រៀម​រៀប​គ្រឿង​រណ្តាប់​សក្ការ​ បូជា​មាន​នំនែក​ ផ្កាភ្ញី​ ធូប​ទៀន​ សម្រាប់​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​ម្យ៉ាង​ដែល​ខ្មែរយើង​នាំគ្នា​ហៅថា​ «ពិធី​ អកអំបុក​ សំពះព្រះខែ​»។ ពិធី​នេះ​តែង​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​ភ្ជាប់​ជាមួយ​ពិធីបុណ្យ​អុំទូក​គឺ​ ចាប់ពី​ថ្ងៃទី១៤​-១៥កើត​ និង​ ១ រោច​ ខែកត្តិក​ ហៅ​ជា​ផ្លូវការ​ថា​ «ព្រះរាជ​ពិធីបុណ្យ​អុំទូក​ អកអំបុក​ សំពះព្រះ​ខែ​» ។ អំបុក​ជា​គ្រឿង​រណ្តាប់​ដ៏​សំខាន់​បំផុត​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ពិធី​នេះ​។ ទោះបីជា​យ៉ាងណាក៏ដោយ​ ដោយសារ​សម័យកាល​កាល​ចេះតែ​រីកចម្រើន​ទៅមុខ​ អំបុក​ដែល​ដូនតា​បាន​បន្សល់ទុក​រៀងមក​ក៏​ចេះតែ​វិវត្ត​បន្តិច​ម្តង​ៗតាម​នោះ​ដែរ​។ តើ​អំបុក​ខ្មែរ​សព្វថ្ងៃ​ប្រែប្រួល​ត្រង់​ចំណុច​ណាខ្លះ​ដែល​គួរឲ្យ​យើង​កត់ចំណាំ​ទុក​?

          កាលពីមុន​ ប្រជាជន​ខ្មែរ​នាំគ្នា​ដាល់អំបុក​នៅ​តាម​ភូមិ​តាម​ស្រុក​រៀង​ៗខ្លួន​ ប៉ុន្តែ​ចំណេរ​កាល​ក្រោយ​ មក​ គេ​និយម​ទិញ​អំបុក​ដែល​ដាក់​លក់​ស្រាប់​ៗនៅ​តាម​ទីផ្សារ​ទៅវិញ​ ម្តងម្កាល​ ជាពិសេស​នៅក្នុង​រដូវ​ពិធី​ បុណ្យ​អុំទូក​នេះ​តែម្តង​ ដោយសារតែ​នៅ​សម័យ​ក្រោយនេះ​ ប្រជាជន​មាន​ភាព​មមាញឹក​នឹង​ការងារ​ច្រើនជាង​ សម័យមុន​ ហើ​យក្មេងៗ​ជំនាន់​ក្រោយ​ក៏​សឹងតែ​លែង​ចេះ​ដាល់អំបុក​ទៅ​ហើយ​។ ឯឧបករណ៍​បុរាណ​សម្រាប់​ ដាល់អំបុក​ រួមមាន​ ត្បាល់បុក​ ឬ ត្បាល់​ក្តឿង​ អង្រែ​វែង​ ចង្រ្កាន​ដី​ និង​ ឆ្នាំងដី​ ក៏​ពិបាក​រក​លែង​សូវ​សំបូរ​ដូច​ មុន​ដែរ​ ព្រោះ​ស្ទើរតែ​គ្មាន​អ្នកប្រើ​ទៀត​ទេ​នៅ​តាម​ទី​ជនបទ​សព្វថ្ងៃ​។

          ប៉ុន្តែ​តំបន់​ខ្លះ​នៃ​ប្រទេស​កម្ពុជា​ ប្រជាជន​នៅតែ​រក្សា​ប្រពៃណី​ធ្វើ​អំបុក​ដដែល​ តែ​គេ​ធ្វើ​សម្រាប់​លក់ដូរ​សម្រាប់​អ្នកដំណើរ​ជិត​ឆ្ងាយ​ ពុំមែន​ធ្វើ​សម្រាប់​ទុក​ហូប​ឡើយ​។ ជាក់ស្តែង​ អ្នកភូមិ​សានគរ​ ខ ឃុំ​សានគរ​ ស្រុក​កំពង់ស្វាយ​ ខេត្តកំពង់ធំ​ ជាច្រើន​ សព្វថ្ងៃ​ បាន​យក​អំបុក​ធ្វើជា​របរ​អាជីវកម្ម​លក្ខណៈ​គ្រួសារ​សម្រាប់​ បង្កើន​ប្រាក់ចំណូល​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦​។ រី​ឯខេត្តស្វាយរៀង​ឯណោះ​ក៏​ មាន​សហគមន៍​អំបុក​មួយ​ដែរ​ គឺ​ស្ថិតនៅ​ឃុំ​ក្រោលគោ​ ស្រុក​ស្វាយ​ជ្រុំ​ ​; ប៉ុន្តែ​នៅ​ទីនោះ​ ប្រជាជន​នាំគ្នា​កែ​ ច្នៃ​ប្រពៃណី​ដាល់អំបុក​ពី​បុរាណ​ទៅជា​សិប្បកម្ម​ប្រើ​ម៉ាស៊ីន​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ដើម្បី​ផលិត​ឲ្យ​ទាន់​តម្រូវការ​ជាក់ស្តែង​របស់​ឈ្មួញ​កណ្តាល​ដែល​ទិញ​យក​ទៅ​លក់​បន្ត​។

          ចំពោះ​រសជាតិ​ និង​ ការ​បរិភោគ​អំបុក​ ក៏​កាន់តែ​រីកចម្រើន​ដែរ​ តាម​ទម្លាប់​យើង​តែងតែ​យក​អំបុក​មក​ ហូប​ជាមួយ​ទឹកដូង​ខ្ចី​ ចេកណាំវ៉ា​ឬចេកពងមាន់​ ហើយ​ជួនកាល​អ្នកខ្លះ​ទៀត​និយម​យក​ទៅ​លីង​ជាមួយ​សាច់​ ជ្រូក​លាយ​បង្គា​ក្រៀម​។ ប៉ុន្តែ​សព្វថ្ងៃ​នេះ​ ​; អ្នកលក់​បាន​រិះរក​វិធី​សាស្រ្ត​កែច្នៃ​បន្ថែម​រសជាតិ​ដើម្បី​ទាក់ទាញ​ ចិត្ត​អតិថិជន​។ ដោយសារ​បែបនេះ​ហើយ​ ទើប​យើង​ឃើញ​មាន​វត្តមាន​អំបុក​ជាច្រើន​ប្រភេទ​ច្រើន​រសជាតិ​នៅ​ តាម​ទីផ្សារ​ក្នុង​ស្រុក​បច្ចុប្បន្ន​ តួយ៉ាង​ អំបុក​រសជាតិ​ស្លឹក​តើយ​ដូង​ អំបុក​អប់​ក្រមួនឃ្មុំ​ អំបុក​អប់​ដូង​ទឹកដោះ​ គោ​ និង​ អំបុក​បង្គា​ក្រៀម​សាច់​ជ្រូក​ចិញ្រ្ចាំ​ប្រៃ​ផ្អែម​។ ភោជនីយ​ដ្ឋាន​ធំៗ​ខ្លះ​ក៏​ខិតខំ​ច្នៃ​មត៌ក​អាហារ​មួយ​មុខ​ នេះ​ធ្វើជា​មុខម្ហូប​ប្រចាំ​ហាង​ថែមទៀត​ផង​។

          លោក​ ណុប​ លី​ណា​ ប្រធាន​ផ្នែក​បញ្ជាទិញ​នៃ​ហាង​ «ផ្សារ​ខ្មែរ​ បន្លែ​ធម្មជាតិ​» មាន​ទីតាំង​ស្ថិតនៅ​ ផ្លូវ​លេខ៧​ នៃ​បុរី​ពិភព​ថ្មី​ចំការ​ដូង​ បាន​ប្រាប់​សូ​វរីន​ថា​ ហាង​របស់​លោក​បាន​បញ្ជាទិញ​អំបុក​ពី​អ្នកផ្គត់ផ្គង់​ នៅ​ខាង​ខេត្តបាត់ដំបង​ ព្រោះ​អំបុក​នៅ​ទីនោះ​មានគុណ​ភាព​ស្តង់ដារ​សម្រិតសម្រាំង​ប្រកបដោយ​អនាម័យ​ ជាពិសេស​គឺ​ខាង​គាត់​មានគំនិត​ច្នៃ​ប្រតិដ្ឋ​ផលិត​អំបុក​អប់​ទឹកឃ្មុំ​ ដូង​ និង​ស្លឹក​តើយ​ ដែល​មាន​រសជាតិ​ប្លែក​ សម្រាប់​អតិថិជន​។ លោក​បាន​អះអាង​ថា​ អំបុក​ប្រភេទ​ថ្មីនេះ​លក់ដាច់​ជាង​ប្រភេទ​អំបុក​ធម្មតា​។ ក្នុង​មួយថ្ងៃ​ ជា​ធម្មតា​ហាង​របស់​លោក​អាច​លក់​បាន​អំបុក​ប្រមាណ​ពី​ ១៥​-២០​ គីឡូក្រាម​។ ផលិតផល​ទាំងនោះ​ត្រូវ​បាន​វេច​ខ្ចប់​ត្រឹមត្រូវ​ក្នុង​ថង់​ប្លាស្ទិក​ពីរ​ប្រភេទ​ គឺ​ បរិមាណ​កន្លះ​គីឡូក្រាម​ និង​ មួយ​គីឡូក្រាម​។ អំបុក​ខាងលើ​អាច​រក្សាទុក​បាន​យូរ​ជាង​អំបុក​ពី​សម័យមុន​ដែល​ដាល់​សម្រាប់​តែ​ទទួល​ទា​នភ្លាមៗ​ទៅទៀត​ ពោល​គឺ​វា​អាច​រក្សាទុក​បាន​រហូតដល់​មួយ​ខែ​ឯណោះ​។

          ដោយសារតែ​អំបុក​មានតម្លៃ​ក្នុង​សង្គម​ខ្មែរ​ទាំង​ផ្នែក​ម្ហូបអាហារ​ ទាំង​ផ្នែក​វប្បធម៌​-ប្រវត្តិ​សាស្រ្ត​ ទើប​ រាជរដ្ឋាភិបាល​ខ្មែរ​កំពុង​ព្យាយាម​លើកស្ទួយ​តម្លៃ​អំបុក​ដូនតា​យើង​ឲ្យ​កាន់តែ​ថ្កុំថ្កើង​ឡើង​តាមរយៈ​ការកំណត់​ថ្ងៃទី​ ០៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នេះ​ ដែល​ត្រូវ​នឹង​ទិវា​បុណ្យ​ឯករាជ្យជាតិ​ជា​ថ្ងៃ​ទទួលទាន​អំបុក​រួមគ្នា​សម្រាប់​ ប្រជា​ពលរដ្ឋខ្មែរ​ទូទាំង​ប្រទេស​ក្រោម​ពាក្យស្លោក​ថ្មី​ «អំបុក​ការពារ​ ជាតិ​ សាសនា​ និង​ ព្រះមហាក្សត្រ​» ។ ពាក់​ ព័ន្ធ​នឹង​សេចក្តី​ប្រកាស​ខាងលើ​នេះ​ លោក​ ណុប​ លី​ណា​ បាន​អះអាង​ថា​ «យើងខ្ញុំ​រំពឹង​ទុក​ថា​នៅ​រដូវ​បុណ្យ​ អុំទូក​ខាងមុខនេះ​ យើង​អាច​លក់​អំបុក​ដាច់​ ហើយ​យើង​ជឿ​ថា​ អាច​លក់ដាច់​បាន​ដល់១០០គីឡូក្រាម​ក្នុង​ រយៈពេល​ពីរ​ថ្ងៃ​។ យើង​ត្រៀម​ថា​នឹង​ទៅចុះ​ថត​វីដេអូ​ឃ្លី​ប(អំពី​សកម្មភាព​)ដែល​ពួកគាត់​ធ្វើ​ (អំបុក​) ដើម្បី​យក​មក​ boost​ ក្នុង​ page​  ​;និង​ app​ របស់​យើង​» ។

          លោក​បាន​បញ្ជាក់​ថា​ ហាង​ផ្សារ​ខ្មែរ​របស់​លោក​ផ្ទាល់​ពុំ​មាន​គោលការណ៍​ដំឡើង​តម្លៃ​អំបុក​តាម​រដូវ​ កាលនោះ​ទេ​ ព្រោះ​លោក​មានបំណង​ចង់​លើកស្ទួយ​អំបុក​កសិករ​ខ្មែរ​ជាប្រចាំ​ ពុំមែន​ដើម្បី​តែ​លក់ដាច់​ក្នុង​ រដូវ​បុណ្យ​អំបុក​ អកអំបុក​ និង​ សំពះព្រះខែ​ខាងមុខនេះ​ទេ​ «បើ​ទោះបីជា​ខាង​ពួកគាត់​ (អ្នកផ្គត់ផ្គង់​) សុំ​ឡើងថ្លៃ​ យើង​ជា​អ្នកលក់​រាយ​អត់​ឡើងថ្លៃ​នោះ​ទេ​។ ដូចនេះ​ អតិថិជន​សូមកុំ​ព្រួយបារម្ភ​ថា​បុណ្យអុំទូក​ ណាមួយ​សម្រេច​បាន​អំពាវនាវ​អ៊ីចឹង​ទៀត​ គឺ​អត់​ឡើង​ទេ​ ព្រោះ​ប្រសិនបើ​ស្រូវ​អត់​ឡើងថ្លៃ​ អំបុក​ក៏​អត់​ឡើងថ្លៃ​ដែរ​! ជាទូទៅ​ នៅ​ស្រុក​យើង​ ស្រូវ​ពុំសូវ​ឡើងថ្លៃ​ជា​គំហុក​ខ្លាំង​ដែរ​ មួយ​គីឡូ​ខុសគ្នា​តែមួយ​រយ​ពីរ​រយ​(រៀល​)ហ្នឹង​!» ។

Article​ by​ SRIN​ SOKMEAN​



SUGGESTIONS