×

រលាំង​ជ្រៃ​ ​ធម្មជាតិ​លាក់​សម្រស់​ដែល​ទេសចរ​ប្រាថ្នា​ជាយក្រុង​ច្បារមន​

TRAVEL & LIVING 4 weeks ago
 
 

​            ​រលាំង​ជ្រៃ​ជា​ឈ្មោះ​ភូមិ​មួយ​នៃ​ឃុំ​កាហែង​ ​ស្រុក​សំរោងទង​ ​ខេត្ត​កំពង់ស្ពឺ​ ​ដែល​មាន​ចម្ងាយ​ប្រមាណ១២​ ​គីឡូម៉ែត្រ​ពី​ក្រុង​ច្បារមន​ ​ទីរួមខេត្ត​កំពង់ស្ពឺ​ ​ឬ​ ​ចម្ងាយ​ប្រមាណ៥៨គីឡូ​ ​ម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។​ ​ដើម្បី​ទៅដល់​ភូមិ​រលាំង​ជ្រៃ​ ​អ្នកដំណើរ​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ៤​ ​ទិសដៅ​ភ្នំពេញ​-​កំពង់ស្ពឺ​ ​ហួស​ទីរួមខេត្ត​ប្រហែល៥គីឡូម៉ែត្រ​ ​នោះ​លោកអ្នក​នឹង​ឃើញ​ខ្លោងទ្វារវត្ត​អារាម​មួយ​ដែល​មាន​អក្សរ​ថា​ ​“​វត្ត​រលាំងឈូក​ ​ហៅ​ ​វត្ត​ក្រួស​”​ ​នៅ​ខាងស្តាំ​ដៃ​ជាប់នឹង​ផ្លូវជាតិ​។​ ​លោកអ្នក​ត្រូវ​ជិះ​បត់​ចូល​តាម​ក្លោងទ្វារ​នោះ​ទៅត្រង់​រហូតដល់​វត្ត​រលាំងឈូក​តែម្តង​ ​ហើយ​បន្ត​ជិះ​តាមផ្លូវ​ចំហៀង​ឆ្វេងដៃ​របង​វត្ត​រហូតដល់​ផ្លូវបំបែក​ជា​ពីរ​ ​បត់ឆ្វេង​សំដៅ​ទៅ​រក​ទំនប់ទឹក​រលាំង​ជ្រៃ។​ ​

​            ​ពាក្យ​ថា​ ​រលាំង​ ​មានន័យថា​ ​ទួល​ឬ​ប៉ែក​ដី​ខ្ពស់​ជិត​រំលិច​ ​គេ​-​កជា​ភូមិ​ឬ​ជាវ​ត្ត​លើ​ទួល​នោះ​ ​ដូច​ ​រលាំងគ្រើល​ ​រលាំងចក​ ​រលាំងឈូក​ ​រលាំងអន្លូង​ ​ជាដើម​ ​។​ ​ដូចនេះ​ ​រលាំង​ជ្រៃ​ ​ជា​ភូមិ​ចាស់​ដែល​ស្ថិតនៅ​លើ​ទួល​ខ្ពស់​ជិត​ប្រភព​ទឹកស្ទឹង​ព្រែកត្នោត​ដែល​ជាមុ​ខ​ទឹក​សំខាន់​បំផុត​នៃ​ខេត្ត​កំពង់ស្ពឺ​ ​ហើយ​ទំនងជា​មាន​ដើម​ជ្រៃ​ដុះ​ច្រើន​នៅ​តំបន់​នោះ​ពី​បុរាណកាល​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​បច្ចុប្បន្ន​ទីនេះ​បាន​ក្លាយជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​មាន​ប្រជាប្រិយ​ភាព​ ​និង​ ​សំ​បូ​រស​ក្តានុ​ពល​ទេសចរណ៍​សម្រាប់​អ្នក​ខេត្ត​កំពង់ស្ពឺ​និង​អ្នកដំណើរ​ជិត​ឆ្ងាយ​ឆៀងចូល​សម្រាក​កម្សាន្ត​លម្ហែ​កាយ​មិនសូវ​ចេះ​ដាច់។​ ​

​            ​អ្នកទេសចរ​ដែល​បាន​ទៅដល់​ទំនប់​រលាំង​ជ្រៃ​ភាគច្រើន​និយម​ឈរ​លេង​លើ​ទំនប់​គយ​ ​គន់​ទេសភាព​ស្ទឹង​ព្រែកត្នោត​នៃ​ភូមិ​រលាំង​ជ្រៃ​ដែល​អម​ដោយ​រុក្ខជាតិ​តូច​ធំ​ ​ជាពិសេស​ដើមដូង​ឈរ​រេរាំ​តាម​ខ្យល់ជំនោរ​មាត់​ស្ទឹង​ ​ប្រប​មាត់ទឹក​ខៀវស្រងាត់​មិនចាញ់​សម្រស់​ព្រែក​ដៃសមុទ្រ​នៃ​ខេត្តកោះកុង​ ​ឬ​ ​កំពត​ប៉ុន្មាន​ឡើយ​។​ ​ភ្ញៀវ​ទេសចរ​ ​ជាពិសេស​អ្នកស្រុក​នោះ​តែម្តង​ក៏​និយម​ស្ទូចត្រី​ ​ឬ​ ​ដងត្រី​ ​យក​ទៅ​ធ្វើម្ហូប​ ​ឬ​ ​យក​ទៅ​លក់​បង្កើន​ចំណូល​គ្រួសារ​នៅ​រដូវ​ត្រី​ឡើង​ ​ព្រោះ​នៅ​ក្បាល​ទំនប់​មាន​ទឹកហូរ​ខ្មួរ​ខ្មាញ់​ ​សំបូរ​ត្រី​តូច​ធំ​ទាំង​ហ្វូង​ៗ​ ​(​អាច​ប្រមូល​ផល​បាន​រហូត៣០គីឡូក្រាម​ ​ក្នុង​ប្រជា​នេសាទ​ម្នាក់​)​ ​បម្រើ​ទាំង​វិស័យ​ធារា​សាស្រ្ត​ ​ជលផល​ ​និង​ ​ទេសចរណ៍​ក្នុង​ពេល​តែមួយ​។​ ​គួរ​បញ្ជាក់​ដែរ​ថា​ ​ទំនប់​រលាំង​ជ្រៃ​មាន​ប្រវែង៧២​ ​ម៉ែត្រ​ ​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​កម្លាំង​ពលកម្ម​ប្រជាពលរដ្ឋ​ស្លូតត្រង់​រាប់ពាន់​នាក់​កាលពី​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​។​ ក្រៅពី​នេះ​ថតរូប​លេង​គយគន់​ទេសភាព​នៅ​លើ​ខ្នង​ទំនប់​ ​ភ្ញៀវ​ទេសចរ​ប្រុសស្រី​អាច​ចូល​ទៅ​ទទួលទាន​អាហារ​ថ្ងៃត្រង់​ ​ឬ​ ​អាហារសម្រន់​ពេលរសៀល​យ៉ាង​សំបូរ​បែប​ ​ទាំង​សម្ល​ស្ងោរ​ ​ឆា​ ​បំពង​ ​អាំង​ ​និង​ដុត​ ​ស្នាដៃ​អ្នកស្រុក​កំពង់ស្ពឺ​ផ្ទាល់​ ​រសជាតិ​ឈ្ងុយឆ្ងាញ់​បែប​ធម្មជាតិ​ដែល​ពិតជា​មិន​ធ្វើឲ្យ​លោកអ្នក​ខកបំណង​ឡើយ​ ​នៅ​តាម​ហាង​ជាច្រើន​ដែល​សង់​តម្រៀបជួរ​នៅ​តាម​បណ្តោយ​មាត់​ស្ទឹង​ ​ក្នុង​បរិយាកាស​ធម្មជាតិ​ស្រស់ស្រាយ​តែ​ស្ងប់ស្ងាត់​ស្រដៀងនឹង​តំបន់​ព្រែកលៀប​-​បាក់ខែង​ ​ជាយក្រុង​ភ្នំពេញ​ដែរ៕​ ​

​Article​ ​by​ ​SRIN​ ​SOKMEAN​



SUGGESTIONS