×

តើ​សារមន្ទីរ​ទួល​ស្លែង​មាន​ការ​ប្រែប្រួល​រីក​ចម្រើន​អ្វីខ្លះ​ក្នុង​រយៈ​ពេល​៤១ឆ្នាំ​ក្រោយ​​របប​​ខ្មែរ​ក្រហម​​ដួល​រលំ​?​

NEWS 3 months ago
 
 

            ក្រោយពី​រាជធានី​ភ្នំពេញ​បាន​រំដោះ​ទាំងស្រុង​ពី​ខ្មែរក្រហម​នា​ថ្ងៃ​ ​០៧​ ​ខែមករា​ ​ឆ្នាំ១៩៧៩​ ​ទីតាំង​បរិវេណ​គុក​ទួល​ស្លែង​ ​ឬ​ឈ្មោះ​ផ្លូវ​កា​រមន្​ទី​រស​-​២១​ ​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​នា​ពេល​បន្ទាប់។​ ​សន្លឹក​ឯក​សារ​ផ្សេង​ៗ​ដែល​ប្រើប្រាស់​ក្នុង​គុក​ទួល​ស្លែង​នា​ពេលនោះ​ ​មួយចំនួន​ស្ថិត​ក្នុង​សភាព​គ្មាន​សណ្ដាប់ធ្នាប់​ ​ហើយ​ឯកសារ​ខ្លះ​ឃើញ​ប្រជាពលរដ្ឋ​រើស​យក​ទៅ​ខ្ចប់​ចំណីអាហារ។​ ​ខ្លឹមសារ​ក្នុង​ឯកសារ​ទាំងនោះ​ ​មានតម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​យុត្តិធម៌​នៃ​ជនរងគ្រោះ​ជិត២ម៉ឺន​នាក់​នៅ​មន្ទីរ​ស​-​២១​ ​ដ្បិត​ក្នុង​នោះ​មាន​បញ្ជី​ឈ្មោះ​ ​ចម្លើយ​សារភាព​ ​ប្រវត្តិរូប​សង្ខេប​ ​រូបថត​និង​ហ្វីល​របស់​ជនរងគ្រោះ​ជាច្រើន​នាក់​ ​ដែល​ខ្មែរក្រហម​ចាប់​បញ្ជូន​មក​ធ្វើទារុណកម្ម​ ​និង​សួរចម្លើយ​ ​មុននឹង​សម្លាប់ចោល​នៅ​គុក​ទួល​ស្លែង។​ ​តម្លៃ​យុត្តិធម៌​នៃ​ឯកសារ​ទាំងនេះ​ ​យើង​អាច​មើលឃើញ​បាន​តាមរយៈ​ការ​ស្នើសុំ​ប្រើប្រាស់​ឯកសារ​មួយចំនួន​ក្នុងចំណោម​ឯកសារ​អំឡុង​ពេល​ដំណើ​ការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​តាំងពី​ឆ្នាំ១៩៧៩​ ​និង​ក្នុង​ដំណើ​ការ​របស់​សាលាក្ដី​ខ្មែរក្រហម​នា​ពេល​កន្លងមក។​

​            ដោយ​មើលឃើញ​គុណ​តម្លៃ​និង​សារៈសំខាន់​ផ្នែក​យុត្តិធម៌​និង​ប្រវត្តិសាស្ត្រ​របស់​ឯកសារ​ឧក្រិដ្ឋ​កម្ម​ខ្មែរក្រហម​ទាំងនេះ​ ​សារមន្ទីរ​ទួល​ស្លែង​ក្រោម​ការ​ចង្អុលបង្ហាញ​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​ក្រុមការងារ​ដើម្បី​ប្រមែប្រមូល​និង​តម្កល់​ឯកសារ​ទាំងនោះ​ក្នុង​បរិវេណ​សារមន្ទីរ​តាំងពី​ឆ្នាំ១៩៧៩។​ ​ប៉ុន្តែ​ដោយសារ​កង្វះ​ធនធានមនុស្ស​និង​ហិរញ្ញវត្ថុ​ ​ការរៀបចំ​បណ្ណ​សារ​នា​គ្រាដំបូង​ ​ប្រព្រឹត្តទៅ​តាម​លទ្ធភាព​និង​សម្ភារៈ​ដែល​អាច​រកបាន។​ ​

Image Courtesy: Tuol Sleng Museum Photo Archives

​            រហូតមកដល់​ទសវត្ស​ន៍១៩៩០​ ​សារមន្ទីរ​បាន​សហការ​ជាមួយ​សាកល​វិទ្យាល័យ​ ​Cornell​ ​University​ ​សហរដ្ឋអាមេរិក​ ​ដើម្បី​អនុវត្ត​គម្រោង​ថតចម្លង​ឯកសារ​ទាំងអស់​ដាក់បញ្ចូល​ក្នុង​ម៉ៃ​ក្រូ​ហ្វីល​ ​(១៩៩១​-​១៩៩៣)។​ ​នា​ពេលនោះ​ ​ក្រុមការងារ​បាន​ថតចម្លង​ឯកសារ​ទាំងអស់​របស់​បណ្ណ​សារមន្ទីរ​ទួល​ស្លែង​ ​បាន​ចំនួន២១៣ដុំ​ហ្វីល។​ ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ ​ធ្វើឡើង​ក្នុង​គោលបំណង​អភិរក្ស​ឯកសារ​តាមរយៈ​ការ​ថត​បញ្ចូល​ក្នុង​ម៉ាស៊ីន​ម៉ៃ​ក្រូ​ហ្វីល​ ​និង​ជំរុញ​ឲ្យ​មានការ​ស្រាវជ្រាវ​ពី​ឧក្រិដ្ឋ​កម្ម​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​និង​ឧក្រិដ្ឋ​កម្ម​នៅ​ក្នុង​មន្ទីរ​ស​-​២១​ ​ដោយ​យក​ច្បាប់​ថតចម្លង​នេះ​ទៅ​តម្កល់ទុក​នៅ​សារមន្ទីរ​ទួល​ស្លែង​ ​និង​មួយ​ច្បាប់​ទៀត​នៅ​សហរដ្ឋអាមេរិក​ ​ជាទី​ដែល​អ្នកស្រាវជ្រាវ​អាច​សិក្សា​ដោយ​ងាយស្រួល។​

​            ស្រប​ពេល​ជាមួយគ្នា​ ​អ្នកជំនាញ​ថតរូប​ពីរ​រូប​គឺ​ ​លោក​ ​Christopher​ ​Riley​ ​និង​ ​Douglas​ ​Niven​ ​និង​បុគ្គលិក​ផ្នែក​បណ្ណ​សារ​របស់​សារមន្ទីរ​ ​បាន​រៀបចំ​លាង​សម្អាត​ហ្វីល​និង​ផ្ដិតរូបថត​ដែល​នៅ​សេសសល់​ពី​មន្ទីរ​ស​-​២១។​ ​កិច្ចការ​នេះ​មានបំណង​អភិរក្ស​ហ្វីល​រូបថត​ទាំងអស់​ដែល​មាន​ចំនួន​ ​៥៣៨២​ ​សន្លឹក​ ​ហើយ​មាន​សភាព​គ្រោះថ្នាក់​ដោយសារ​ពេលវេលា​ ​អាកាសធាតុ​ ​និង​កង្វះ​ការថែទាំ​ត្រឹមត្រូវ។​ ​ក្រុមការងារ​បាន​សម្អាត​រូបថត​ទាំងនេះ​តាម​បច្ចេកទេស​គីមី។​ ​ក្រៅពីនោះ​ក្រុមការងារ​នេះ​ក៏បាន​ផ្សព្វផ្សាយ​ពី​ឧក្រិដ្ឋ​កម្ម​នៅ​មន្ទីរ​ស​-​២១​ ​តាមរយៈ​ការ​ផ្ដិត​យក​រូបថត​មួយចំនួន​ទៅ​តាំងពិព័រណ៍​នៅ​ប្រទេស​នានា។​

Image Courtesy: Tuol Sleng Museum Photo Archives

​            សន្ទុះ​នៃ​ការសិក្សា​អំពី​ឧក្រិដ្ឋ​កម្ម​របស់​ខ្មែរក្រហម​ ​បាន​ទទួលការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នកជំនាញ​អន្តរជាតិ​នា​ពេលនោះ។​ ​ចាប់ពី​ឆ្នាំ១៩៩៤​ ​សាកល​វិទ្យាល័យ​ ​Yale​ ​University​ ​សហរដ្ឋអាមេរិក​ ​បាន​បង្កើត​កម្មវិធី​ស្រាវជ្រាវ​អំពី​ការ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា។​ ​កម្មវិធី​នេះ​​មានបំណង​រៀបចំ​ចងក្រង​ ​រក្សាទុក​ ​និង​ស្រាវជ្រាវ​ឯកសារ​ពាក់ព័ន្ធ​ប្រវត្តិសាស្ត្រ​ ​ដើម្បី​គាំទ្រ​ដល់​ដំណើរការ​កាត់ទោស​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​។​ ​ជា​លទ្ធផល​ក្រុមការងារ​ក្នុង​កម្មវិធី​នេះ​បាន​ផលិត​ប្រព័ន្ធ​រក្សាទុក​ទិន្នន័យ​ចំនួន៤​ ​ស្ដីពី​ ​ឯកសារ​ ​ជីវប្រវត្តិ​ ​រូបថត​ ​និង​ផែនទី​ឧក្រិដ្ឋ​កម្ម​ ​ដែល​ប្រើប្រាស់​ឯកសារ​របស់​សារមន្ទីរ​និង​ឯកសារ​នានា​ទៀត​ជា​មូលដ្ឋាន។​

Image Courtesy: Tuol Sleng Museum Photo Archives

​            ជាង​មួយ​ទស្ស​វត្ស​នៃ​កិច្ចសហការ​ជា​អន្តរជាតិ​ ​នា​ឆ្នាំ​ ​២០០៩​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បានសម្រេច​ជោគជ័យ​ក្នុង​ការ​ដាក់បញ្ចូល​ឯកសារ​បណ្ណ​សារ​សារមន្ទីរ​ទួល​ស្លែង​ ​ទៅ​ក្នុង​បញ្ជី​ស្មារតី​ចងចាំ​ពិភពលោក​នៃ​អង្គការ​យូ​ណេស្កូ។​ ​តាមរយៈ​កិច្ចការ​ដ៏​សំខាន់​មួយ​នេះ​ ​សារមន្ទីរ​ទទួលការ​សម្របសម្រួល​ជាច្រើន​ពី​អន្តរជាតិ​ក្នុង​ន័យ​អភិរក្ស​ឯកសារ​ ​ព្រោះ​ឯកសារ​ប្រវត្តិ​សាស្រ្ត​នេះ​មានតម្លៃ​ជាសាកល​សម្រាប់​មនុស្សជាតិ។​ ​បច្ចុប្បន្ន​ ​សារមន្ទីរ​ទួល​ស្លែង​ក្រោម​កិច្ច​សម្របសម្រួល​ពី​អង្គការ​យូ​ណេស្កូ​ ​និង​ ​ទទួល​បាន​គម្រោង​ឧបត្ថម្ភ​ដោយ​ពី​អង្គការ​ ​KOICA​ ​ដើម្បី​ការ​អភិរក្ស​និង​ថតចម្លង​ឯកសារ​ប្រហែល៧សែន​ទំព័រ​របស់​សារមន្ទីរ​ហើយ​កំពុង​រៀបចំ​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ដើម្បី​បង្ការ​ការបាត់បង់​ទៅ​ថ្ងៃ​អនាគត​ ​ហើយ​សាធារណជន​ទូទៅ​ក៏អាច​ស្វែងរក​សាច់ញាតិ​ ​និង​ ​ការងារ​ស្រាវជ្រាវ​បាន​តាម​ប្រព័ន្ធ​អ៊ី​ន​ធ័រ​ណេត​ដោយ​ងាយស្រួល​ផង​ដែរ។​

Image Courtesy: Tuol Sleng Museum Photo Archives

​            ជា​រួម​កិច្ចការ​អភិរក្ស​ទាំងអស់​ខាងលើ​នេះ​ ​បាន​រួមចំណែក​យ៉ាង​ធំ​ក្នុង​ការ​រក្សា​និង​ការពារ​បណ្ដា​ឯកសារ​ទាំងឡាយ​របស់​សារមន្ទីរ​ ​និង​ ​បង្ក​ភាព​ងាយស្រួល​ដល់​សាធារណជន​ក្នុង​ការងារ​ស្រាវជ្រាវ​ទៅតាម​បច្ចេកវិទ្យា​ទំនើប​ពី​ដំណាក់កាល​ពី​មួយ​រហូតដល់​ពេល​បច្ចុប្បន្ន។​ ​ក្រៅពី​នេះ​ ​កិច្ចការ​ទាំងនេះ​ក៏បាន​បណ្ដុះបណ្ដាល​មន្ត្រី​និង​បុគ្គលិក​សារមន្ទីរ​លើ​កិច្ចការ​អភិរក្ស​ ​ការ​ជួសជុល​ ​និង​ថតចម្លង​ឯកសារ។​ ​រហូតមកដល់​ពេល​បច្ចុប្បន្ន​ ​បណ្ណ​សារ​សារមន្ទីរ​ទួល​ស្លែង​មានលទ្ធភាព​ជួសជុល​ដោយ​ប្រើ​សារធាតុគីមី​ ​ថតចម្លង​ពី​ឯកសារ​ក្រដាស​ ​ពី​ហ្វីល​ ​ឬ​ ​ពី​ម៉ៃ​ក្រូ​ហ្វីល​ទៅ​ក្នុង​កុំព្យូទ័រ​ ​និង​គ្រប់គ្រង​រក្សា​ទិន្នន័យ​ឯកសារ​ទាំងអស់​ដោយខ្លួនឯង។​ ​

​            ក្រៅពី​នេះ​ ​សារមន្ទីរ​ទួល​ស្លែង​ក៏បាន​និង​កំពុង​រៀបចំ​ពិព័រណ៍​ជាច្រើន​ទាក់ទង​នឹង​របប​ប្រល័យ​ពូជសាសន៍​ ​ព្រមទាំង​ផ្តល់​ឱកាស​ឲ្យ​អតីត​អ្នក​ទោ​សម​ន្ទី​រស​-​២១ដែល​នៅ​រស់រាន​មានជីវិត​ ​ក្នុង​នោះ​រួមមាន​ ​លោកតា​ ​ជុំ​ ​ម៉ី​ ​លោកតា​ ​ប៊ូ​ ​ម៉េ​ង​ ​និង​ ​លោកពូ​ ​នង​ ​ចាន់​ផល​ ​បាន​ធ្វើជា​សាក្សី​រស់​ចែករំលែក​បទពិសោធន៍​នៃ​ឆាកជីវិត​របស់​ពួកគេ​ដែល​បាន​ឆ្លងកាត់​របប​ដ៏​សាហាវ​យង់ឃ្នង​ដោយ​ផ្ទាល់​នៅ​ទីនេះ​ជំនាន់​នោះ​ ​និង​ ​លក់​សៀវភៅ​ឯកសារ​ស្តី​ពី​ជីវិត​របស់​ពួកគេ​ក្នុង​របប​នោះ​ជូន​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​ ​អន្តរជាតិ​ ​បាន​ស្វែងយល់​ជា​ចំណេះដឹង​សកល៕​ ​

​អត្ថបទ​ដោយ​៖​ ​សុង​ ​ភក្រ្តា​ ​និង​ ​ស្រ៊ិ​ន​ ​សុខ​មាន


SUGGESTIONS