តើម៉ាស់ដេរពីក្រណាត់មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជំងឺកូរ៉ូណាដូចម៉ាស់ពេទ្យដែរឬទេ?
NEWS 4 years agoកន្លងមកនៅលើបណ្តាញសង្គមហ្វេសប៊ុក យើងតែងតែឃើញមានការពិភាក្សាជជែកវែកញែកអំពីមធ្យោបាយទប់ស្កាត់ជំងឺឆ្លងថ្មីឈ្មោះ « កូវីដ ១៩ ឬ កូរ៉ូណាប្រភេទថ្មី » ដែលបានផ្ទុះរីករាលដាលឡើងនៅប្រទេសជាច្រើនករណី ក្នុងនោះរួមមាន ០៥ ករណីដែលកើតមាននៅក្នុងប្រទេសកម្ពុជាផងដែរ គិតមកដល់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២០ នេះ។ ប្រជាពលរដ្ឋក្នុងស្រុកជាច្រើនកំពុងព្រួយបារម្ភចំពោះកំណើនតម្លៃម៉ាស់នៅលើទីផ្សារ ទើបធ្វើឲ្យអ្នកខ្លះសុខចិត្តដេរម៉ាស់ធ្វើពីក្រណាត់ពាក់ដោយខ្លួនឯងជំនួសម៉ាស់ពេទ្យដែលពិបាករកទិញ និងមានតម្លៃខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះបីជាការធ្វើម៉ាស់ពាក់ដោយខ្លួនឯងពិតជាជួយសន្សំសំចៃថវិកាគ្រួសារក៏ពិតមាន តែការធ្វើបែបនេះមានសុវត្ថិភាពចំពោះសុខភាពពិតប្រាកដដែរឬទេបើតាមក្បួនវេជ្ជសាស្រ្ត?
បើតាមការអះអាងរបស់លោកវេជ្ជបណ្ឌិតឯកទេសផ្នែកសល្យសាស្រ្ត (វះកាត់) ជនជាតិតៃវ៉ាន់ ឈ្មោះ ឈិន សៀវទីង ( Facebook: 陳小廷 )ដែលបានប្រើម៉ាស់ក្រណាស់ជំនួសម៉ាស់ពេទ្យបានអះអាងថា ម៉ាស់ក្រណាត់មានប្រសិទ្ធភាពខ្ពស់ប្រសិនបើវាត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវនិងបោកសម្អាតទៀងទាត់ជាប្រចាំ។ ដើម្បីឆ្លើយតបនឹងបញ្ហាកង្វះម៉ាស់ពេទ្យ លោកវេជ្ជបណ្ឌិតរូបនេះបានច្នៃម៉ាស់ក្រណាត់ដោយមានការជួយច្នៃពីជាងកាត់ដេរក្នុងតំបន់ដែលគាត់កំពុងរស់នៅ។ ប៉ុន្តែខុសពីម៉ាស់ក្រណាត់ធម្មតា ម៉ាស់ក្រណាត់របស់លោកត្រូវបានការពារដោយស្រទាប់ពិសេសមួយធ្វើពីសរសៃអំបោះសំយោគគីមី «Melt-brown Non-woven Fibre» (មិនមែនសរសៃអំបោះតម្បាញ) ដែលត្រូវបានស៊កបញ្ចូលទៅក្នុងប្រហោងកណ្តាលនៃម៉ាស់ដែលចំហរដើម្បីងាយស្រួលដកដង្ហើមជាងការពាក់ម៉ាស់ធម្មតា។
លោកវេជ្ជបណ្ឌិតរូបនេះបានបញ្ជាក់ថា ម៉ាស់ពេទ្យត្រូវបានផលិតឡើងដោយប្រើសរសៃអំបោះប្រភេទ Non-woven Fibre ខាងលើ ប៉ុន្តែម៉ាស់ពេទ្យ និង ម៉ាស់ N95 ចាប់ផ្តើមអស់ពីស្តុក ដែលធ្វើឲ្យប្រជាជនក្នុងស្រុកពិបាកទិញណាស់។ ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា ម៉ាស់ក្រណាត់ជួយសន្សំសំចៃទាំងថវិកា និង បរិស្ថាន។ លោកបានចំណាយថ្លៃដើមអស់ត្រឹមតែ ២.៥៤ ដុល្លារសិង្ហបុរី ឬ ប្រមាណ ១.៨ ដុល្លារអាមេរិក (ជាង៧០០០រៀល) សម្រាប់ការធ្វើម៉ាស់ក្រណាត់ចំនួនបីដែលអាចប្រើប្រាស់ឡើងវិញច្រើនដង។ សាច់ក្រណាត់ដែលលោកជ្រើសរើសយកមកធ្វើម៉ាស់គឺជាប្រភេទក្រណាត់ពណ៌ខៀវធ្វើពីកប្បាសមកពីទីក្រុងក្យូតូ (Kyoto) ដែលលោកបានរកឃើញនៅទីផ្សារក្នុងតំបន់របស់លោកផ្ទាល់។
លោកបានពន្យល់បន្ថែមថា ម៉ាស់ពេទ្យមានបីស្រទាប់ ដែលក្នុងនោះស្រទាប់ខាងក្រៅធ្វើពីក្រណាត់មិនមែនអំបោះត្បាញ(Non-woven Layer)ដែលការពារការជ្រាបទឹក,ស្រទាប់កណ្តាលធ្វើពីក្រណាត់សំយោគ ដែលមានសរសៃល្អិតបំផុត (Microfiber Melt-brown Non-woven) និងស្រទាប់ខាងក្នុងចុងក្រោយជាសរសៃក្រណាត់មិនមែនអំបោះត្បាញ។ ចំពោះម៉ាស់របស់លោកវិញ លោកបានប្រើក្រដាសជូតមាត់សើមដែលត្រូវបានសម្ងួតហើយស៊កទៅក្នុងប្រហោងកណ្តាលនៃម៉ាស់ «សូម្បីតែក្រដាសជូតមាត់ក៏អាចប្រើបានល្អដែរ!» ។ សារៈសំខាន់នៃការប្រើម៉ាស់គឺគ្រាន់តែដើម្បីបង្ការការឆ្លងជំងឺតាមរយៈទឹកមាត់តែប៉ុណ្ណោះ។
ចំពោះការប្រើប្រាស់ម៉ាស់ N95 វិញ លោកមានប្រសាសន៍ថា ម៉ាស់ N95 ពិតជាមានប្រសិទ្ធភាពល្អ ប៉ុន្តែយើងគួរតែពាក់វាក្នុងស្ថានភាពចាំបាច់ខ្លាំងតែប៉ុណ្ណោះ។ មនុស្សចាស់ដែលមានជំងឺបេះដូងគួរតែចៀសវាងប្រើម៉ាស់ N95 ព្រោះវាបង្កបញ្ហាពិបាកដកដង្ហើម «ខ្ញុំបានឃើញលោកអ៊ំចំណាស់ម្នាក់ថ្ងៃមុន ។ គាត់មិនអាចដកដង្ហើម និង មានអាការតឹងទ្រូងដែលបណ្តាលមកពីការពាក់ម៉ាស់ពេទ្យ ហើយត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់» ។
Article by SRIN SOKMEAN