×

បង្អែម​ខ្មែរ​ចំនួន​៥មុខ​ដែល​អ្នក​គួរ​សាកល្បង​

TRAVEL & LIVING 4 years ago
 
 

            ​ប្រិយ​មិត្ត​ដែល​ច្រើន​និយម​ទទួលទាន​បង្អែម​មួយ​ចំនួន​តែង​និយម​ទទួលទាន​បង្អែម​ដែល​ចម្អិន​រួច​ជា​ស្រេច​ដែល​មាន​លក់​លើ​ទីផ្សារ​ជាក់​ជា​មិនខាន ក៏​ព្រោះតែ​ការ​ចម្អិន​បង្អែម​នីមួយៗ​ត្រូវ​ចំណាយ​ពេល​វេលា​ច្រើន ហើយ​ជួនកាល​បង្អែម​ដែល​បាន​ចម្អិន​រួច​នោះ​ពុំសូវ​មាន​ឱជារស​ដូច​ដែល​គេ​ចម្អិន​រួច​នោះ​ឡើយ។​ ទន្ទឹម​នឹង​នេះ​ផង​ដែរ សូវរីន នឹង​បង្ហាញ​នូវ​តិក​និច​មួយ​ចំនួន​នៃ​ការ​ធ្វើឲ្យ​បង្អែម​ខ្មែរ ៥មុខ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ជាប់ចិត្ត​ ​ហើយ​ថែម​ទាំង​ចំណាយ​ពេល​តិច​ក្នុង​ការ​ចម្អិន​ផង​ដែរ។​

១. បង្អែម​បបរ​ត្នោត​
            ​ជំហាន​ដំបូង​នៃ​ការ​ធ្វើ​បង្អែម​បបរ​ត្នោត​នេះ​ ​គឺ​អ្នក​ត្រូវ​រៀបចំ​ដូចជា​ ​គ្រាប់​ត្នោត​ខ្ចី​ ​អង្ករដំណើប​ ​ទឹក​ខ្ទិះដូង​ (ខ្ទិះ​ដើម) ​ស្ករត្នោត​ ​ឬ​ ​ស្ករស​ ​និង​អំបិល​មួយ​ចិប។​ ​បន្ទាប់​មក​ ​ត្រូវ​ចិត​សម្បក​ត្នោត​ ​និង​លាង​សម្អាត​ត្នោត​ដែល​បាន​ចិត​ហើយ​នោះ​ស្អាត​ល្អ​ ​រួច​ចិត​​ជា​ចំណិត​បញ្ឆិតៗ​ ​រួច​ទុក​មួយអន្លើ។​ ​ក្រោយមក​ទៀត​ត្រូវ​ដាក់​ឆ្នាំង​ដាំ​ទឹក​ឲ្យពុះ​ ​សឹម​ដាក់​អង្ករដំណើប​ ​រួច​កូរ​ឲ្យ​សព្វ​រហូត​ដល់​អង្ករដំណើប​ក្លាយ​ជា​បបរ។​ ​ជំហាន​បន្ត​ទៀត​នោះ​ ​គឺ​ត្រូវ​ដាក់​ស្ករត្នោត​ ​ឬ​ស្ករស​ ​គ្រាប់​ត្នោត​ដែល​ចិត​រួច​ ​និង​អំបិល​មួយ​ចិប​ ​បន្ទាប់មក​ទៀត​កូរ​ល្បាយ​ទាំងនោះ​ចូលគ្នា​ ​រួច​ចាំ​រហូតដល់​ពុះ​ម្តង​ទៀត​ជា​ការ​ស្រេច។​

២. ចេក​ឆឹង​
            ​​ដើម្បី​ចម្អិន​ចេក​ឆឹង​ដ៏​ឈ្ងុយ​ឆ្ញាញ់​យ៉ាង​ពិសា​នោះ​ ​ជំហាន​ដំបូង​អ្នក​ត្រូវ​ជ្រើសរើស​យក​ចេក​ណា​ដែល​មាន​សភាពទុំ​ល្មម​ ​សាច់ដូង​ ​ទឹក​កំបោរ​ ​ស្ករត្នោត​ ​និង​អំបិល​មួយ​ចិប។​ ​បន្ទាប់មក​ ​អ្នក​ត្រូវ​យក​ចេក​ដែល​បាន​ត្រៀម​រួចមក​បក​សម្បក​ឲ្យ​ស្អាត​ល្អ​ ​រួច​យក​ទឹក​អំបិល​ចាក់​ចូល​ក្នុង​ចាន​ដែល​មាន​ចេក​បក​រួច​នោះ​ឲ្យ​លិច​រួច​ទុក​មួយ​អន្លើយ​រយៈ​ពេល​ប្រមាណ​ជា​ ​១០​-​១៥នាទី។​ ​ក្រោយ​ពី​បាន​ត្រាំ​ចេក​ក្នុង​ទឹក​កំបោរ​ ​ប្រមាណ​ជា​ ​១០នាទី​ ​ទៅ​១៥នាទី​រួចមក​ ​ចាក់ចោល​ទឹក​ដែល​បាន​ត្រាំ​នោះ​ចេញរួច​ធ្វើការ​សម្អាត​ចេក​ជា​មួយ​នឹង​ទឹក​ធម្មតា។​ ​ជំហាន​បន្ទាប់​ទៀត​នោះ​ ​អ្នក​ត្រូវ​ដាំ​ខ្ទះ​លើ​ចង្ក្រាន​ឲ្យ​ឡើង​កម្តៅ​បន្តិច​ ​សឹម​ដាក់​ស្ករត្នោត​កូរ​ឲ្យ​ឡើងពណ៌​ ​អង្រ្កង​ ​បន្ទាប់ពី​ស្ករត្នោត​ពណ៌​អង្រ្កង​ហើយ​នោះ​ត្រូវ​យក​ចេក​ ​សាច់ដូង​ ​និង​អំបិល​ (​អាច​បន្ថែម​ទឹក​បន្តិច​ ​ប្រសិនបើ​ស្ករត្នោត​គោក​ខ្លាំង​) ​រួច​កូរ​ល្បាយ​ចូល​រួច​ជា​ស្រេច។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​អ្នក​ត្រូវ​កូរ​ចេក​ ​និង​សាច់ដូង​ឲ្យ​ដាច់​ទឹក​ល្អ​ ​សឹម​ដាក់​ខ្ទះ​ចុះ។​

៣. បង្អែម​បបរ​ល្ពៅ​
            ​​សម្រាប់​បង្អែម​បបរ​ល្ពៅ​ ​អ្នក​ត្រូវ​ត្រៀម​ដូចជា​ ​ផ្លែ​ល្ពៅ​ ​ខ្ទិះដូង​ (ដើម និង​ចុង) ​សាគូ​ ​ស្ករត្នោត​ ​ឬ​ស្ករស​ ​និង​អំបិល​មួយ​ចិប។​ ​ដំបូង​ត្រូវ​យក​ផ្លែ​ល្ពៅ​ចិត​សម្បក​ចេញ​បន្តិច​ ​រួច​ចិត​ជា​ជំនិត​ដុំ​តូចល្មម​ ​សឹម​សម្អាត​ជា​មួយ​នឹង​ទឹក​រួច​ទុក​មួយអន្លើ​យ​ ​សឹម​យក​សាគូ​ដែល​បាន​ត្រៀម​ទុក​ត្រាំ​ក្នុង​ទឹក​មួយសន្ទុះ​។​ ​បន្ទាប់មក​ ​ដាក់​ឆ្នាំង​ដាំ​លើ​ចង្ក្រាន​ជា​មួយ​នឹង​ខ្ទិះ​ចុង​ឲ្យបាន​ពុះ​ល្អ​ ​រួច​យក​ល្ពៅ​ដែល​បាន​ចិត​ទុក​មក​ដាក់​ក្នុង​ឆ្នាំង​ ​ក្រោយ​ពី​ល្ពៅ​រៀង​ទន់​បន្តិច​ ​សឹម​ដាក់​សាគូ​ ​ស្ករត្នោត​ ​ឬ​ស្ករស​ ​និង​អំបិល​ ​រួច​កូរ​ឲ្យ​សព្វ​ ​ក្រោយមក​ដាក់​ឆ្នាំង​នោះ​ដាំ​លើ​ចង្ក្រាន​រហូត​ដល់​ពុះ​ជាថ្មី​ម្តង​ទៀត​សឹម​បិទ​ភ្លើង​។​ ​ម៉្យាង​វិញ​ទៀត​ ​សម្រាប់​ខ្ទិះ​ដើម​ ​អ្នក​គួរ​ដាក់​ក្នុង​បបរ​ល្ពៅ​មុន​ពិសា​ទើប​មាន​ឱជារស​ឆ្ងាញ់​ជាប់ចិត្ត។​

៤. បង្អែម​ត្រាវ​កូរ​
            ​​អ្វី​ដែល​អ្នក​ត្រូវការ​ជា​ចាំបាច់​សម្រាប់​ចម្អិន​បង្អែម​ត្រាវ​កូរ​នេះ​មាន​ដូចជា​៖​ ​ត្រាវ​ ​ខ្ទិះដូង​ចុង​ ​ស្ករត្នោត​ ​ឬ​ស្ករស​ ​អំបិល​ ​និង​ស្លឹក​តើយ។​ ​ជំហាន​ដំបូង​ ​អ្នក​ត្រូវ​ចិត​សម្បក​ត្រាវ​ចេញ​ ​រួច​ចិត​ត្រាវ​ជាដុំ​តូចល្មម​ ​សឹម​លាង​សម្អាត​នឹង​ទឹក។​ ​ក្រោយមក​ ​យក​ស្លឹក​តើយ​កាត់​ប្រវែង​សមល្មម​ ​ឬ​យក​ស្លឹក​តើយ​ចង​គួច​រួច​ទុក​មួយ​ឡែក។​ ​បន្ទាប់មក​ ​យក​ឆ្នាំង​ដាំ​លើ​ចង្ក្រាន និង​ខ្ទិះ​ចុង​ ​ស្លឹក​តើយ​ឲ្យបាន​ពុះ​ល្អ​។​ ​ក្រោយ​ពី​ពុះ​ ​សឹម​យក​ស្លាបព្រា​ដួស​ស្លឹក​តើយ​ចេញពី​ឆ្នាំង​ ​ទើប​បន្ថែម​ស្ករត្នោត​ ​ឬ​ស្ករស​ ​និង​អំបិល​ ​កូរ​ឲ្យ​សព្វ​ល្អ​ទើប​យក​ត្រាវ​ដែល​បាន​ចិត​រួចមក​ចម្អិន​ជា​មួយ​នឹង​ខ្ទិះ​ដែល​បាន​ដាំ។​ ​ក្រោយមក​ទៀត​រង់ចាំ​រហូតដល់​ត្រាវ​ឆ្អិន និង​ទន់​ល្អ​សឹម​ដាក់​ឆ្នាំង​ចុះ​ជា​ការ​ស្រេច។​

៥. បង្អែម​សង់ខ្យាល្ពៅ​
            ​ផ្លែ​ល្ពៅ​ ​មិន​ត្រឹមតែ​ជា​បន្លែ​ដែល​អាច​ចម្អិន​ម្ហូប​នោះ​ទេ​ ​ប៉ុន្តែ​ផ្លែ​ល្ពៅ​ក៏​ជា​បន្លែ​ដែល​អាច​​​យកមក​ចម្អិន​ទៅជា​បង្អែម​យ៉ាង​ឆ្ងាញ់​ពិសា​ផង​ដែរ​ ​តួយ៉ាង​ ​បង្អែម​សង់ខ្យាល្ពៅ​ ​ឬបង្អែម​បបរ​ល្ពៅ​ជាដើម។​ ​ដើម្បី​ចម្អិន​បង្អែម​សង់ខ្យាល្ពៅ​ ​ប្រិយ​មិត្ត​គួរ​មាន​ ​ផ្លែ​ល្ពៅ​ដែល​មាន​ទំហំ​ល្មម​ ​ឬ​តូច​ ​ស៊ុតមាន់​ ​ឬ​ស៊ុត​ទា​ ​ខ្ទិះដូង​ (ជាទូទៅ​គេ​ហៅថា​ខ្ទិះ​ដើម) ​ស្ករត្នោត​ ​ស្លឹក​តើយ​ ​និង​អំបិល​បន្តិច។​ ​ជាដំបូង​ ​លាង​ផ្លែ​ល្ពៅ​ឲ្យ​ស្អាត​ ​រួច​ចោះ​ក្បាល​ល្ពៅ​ឲ្យ​ចេញ​ជា​រាង​មូល​ ​ឬ​ជ្រុង​ ​សឹម​យក​ស្លាបព្រា​ដួស​គ្រាប់​ ​និង​សរសៃ​នៅ​ក្នុង​ផ្លែ​ល្ពៅ​ឲ្យបាន​ស្អាត​ល្អ។​ ​បន្ទាប់​មក​ទៀត​ ​ចាប់ផ្តើម​លាយ​ល្បាយ​បង្អែម​ដោយ​យក​ស៊ុតមាន់​ ​ឬ​ស៊ុត​ទា​ ​កូរ​ឲ្យ​សព្វ​ (ស៊ុត​ត្រូវ​ដាក់​ទាំង​ពណ៌​លឿង​ ​និង​ស) ​ក្រោយ​មក​សឹម​ដាក់​ខ្ទិះដូង​ ​ស្ករត្នោត​ ​និង​អំបិល​បន្តិច​ ​ចូលក្នុង​ចាន​ស៊ុត​បញ្ចូល​គ្នា។​ ​ក្រោយ​ពី​បាន​លាយ​ល្បាយ​រួច​ ​យក​ស្លឹក​តើយ​ស​ម្អា​ត​ឲ្យបាន​ល្អ​ ​រួច​ច្របាច់​វា​ជា​មួយ​នឹង​ល្បាយ​ដែល​លាយ​ហើយ​នោះ។​ ​ក្រោយ​ពី​បាន​ច្របាច់​ស្លឹក​តើយ​ក្នុង​ល្បាយ​ប្រមាណ​ជា​៣​នាទី​រួច​ ​សឹម​អ្នក​ចាក់​ល្បាយ​ចូល​ក្នុង​ផ្លែ​ល្ពៅ​ ​រួច​ចំហុយ​ប្រមាណ​ជា​ ៥០នាទី​ជា​ការ​ស្រេច។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ចំនួន​ស៊ុត និង​បរិមាណ​នៃ​ស្ករត្នោត​គឺ​ ​អាស្រ័យ​ទៅតាម​ចំណង់​ចំណូល​ចិត្ត​របស់​ប្រិយ​មិត្ត​ដែល​និយម​ទទួលទាន៕​

Article by PAN SIVLY


SUGGESTIONS