×

ថ្មីទៀតហើយជាមួយសូវរីនឌីជីថលខែកក្កដានេះ!

NEWS a month ago
 
 

            ខែកក្កដា​ជា​ខែ​ពាក់​កណ្តាល​រដូវ​វស្សា​ពោរពេញ​ដោយ​ទឹកភ្លៀង និង​សំណើម។ ក្រុម​ការងារ ទស្សនាវដ្តី សូវរីន យើង​ខ្ញុំ​បាន​សម្រិត​សម្រាំង​បង្កើត​ផ្ទាំង​ទស្សនីយភាព​ហ្វេហ្សិន​បែប​សហសម័យ​អម​ដោយ​ភាព​បៃតង​ស្រស់​នៃ​រុក្ខជាតិ​ក្នុង​វស្សានរដូវ​នៅ​កន្លែង​ដ៏​ប្រណិត​មួយ​កណ្តាល​ក្រុង​សៀមរាប​ដ៏​អច្ឆរិយៈ។ ឈុត​ហ្វេហ្សិន​ដ៏​ពិសេស​សម្រាប់​លេខ​ចេញ​ផ្សាយ​ខែ​នេះ​ត្រូវ​បាន​ប្រសូត​ក្រោម​ទឹកដៃ​រចនាម៉ូដ​របស់​អ្នក​រចនាម៉ូដ​អន្តរជាតិ​ប្រចាំ​ខេត្ត​សៀមរាប​គឺ លោក អេរិក រ៉ៃស៊ីណា (Eric Raisina) ដែល​មាន​កេរ្តិ៍ឈ្មោះ​ជា​យូរ​ឆ្នាំ​ក្នុង​វិស័យ​នេះ។  

            ទឹក​ជា​ប្រធានបទ​សំខាន់​ក្នុង​រដូវកាល​នេះ ទើប​សិល្បៈ​ផលិត​ទឹក​ថ្នាំ​គំនូរ​ដ៏​កម្រ​ម្យ៉ាង​ចម្រាញ់​ពី​ផ្កាឈូក​ដ៏​ស្រស់​បំព្រង​របស់​ខ្មែរ​យើង​ត្រូវ​បាន​លើក​មក​បង្ហាញ​ដោយ​សិល្បករ​បរទេស​មួយ​រូប។ សូរសៀង​តន្រ្តីមត៌ក​ដើម​ដែល​បង្កប់​នូវ​អត្តសញ្ញាណជាតិ​ប្រៀប​បាន​នឹង​ទឹក​មន្ត​សណ្តំហប្ញទ័យ​ប្រជាជន​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​មិន​ចេះ​សាប​រលាប​ត្រូវ​បាន​អភិរក្ស និង​អភិវឌ្ឍ​ដោយ​កវី និង​តន្រ្តីករ​ជើង​ចាស់ អ៊ុក សំអាត រួម​ជា​មួយ​សិស្ស​ជំនិត​ជំនាន់​ថ្មី​របស់​លោក។ ជា​មួយ​គ្នា​នេះ សាដៀវ ឬ ឯកតន្រ្តី ដែល​ជា​មត៌ក​តន្រ្តី​បុរាណខ្មែរ​មាន​ឆ្លាក់​ជាប់​នឹង​ជញ្ជាំង​ប្រាសាទ​រាប់ពាន់​ឆ្នាំ​មក​ហើយ​ក៏​កំពុង​ត្រូវ​បាន​យុវជន​ខ្មែរ​មួយ​រូប​យក​ចិត្ត​ទុកដាក់​ថែរក្សា លើក​តម្កើង និង​ផ្សព្វផ្សាយ មិន​ឲ្យ​បាត់បង់​ផង​ដែរ។

            ខែកក្កដា​នេះ​ក៏​នឹង​ពាំនាំ​មក​នូវ​រសជាតិ​មុខម្ហូប​ដ៏​ពិសេស​ជា​ច្រើន​ប្រភេទ​ព្រម​ជា​មួយ​វិធី​សាស្រ្ត​ថែទាំ​សម្រស់​ដែល​សុទ្ធសឹង​តែ​ចម្រាញ់​ពី​មើម​ឆៃថាវ​ក្រហម​ដែល​ពិភព​លោក​កំពុង​ពេញ​និយម។ ជា​ចុង​ក្រោយ សូវរីន សូម​ធ្វើ​ជា​មគ្គុទ្ទេសក៍​ទាក់ទាញ​អារម្មណ៍​ប្រិយមិត្ត​អ្នក​អាន​ទាំង​អស់​ទៅ​ស្វែង​យល់​អំពី​តំបន់​សក្តានុពល​ទេសចរណ៍​ធម្មជាតិ-វប្បធម៌​យ៉ាង​ច្រើន​អនេកប្បការ​នៅ​ភូមិភាគ​ខាងត្បូង​ខេត្ត​តាកែវ​ទឹកដី​ចំណាស់​នៃ​ប្រវត្តិសាស្រ្ត​នគរភ្នំ​ដ៏​រីក​ចម្រើន៕

សូមចុចលើតំណភ្ជាប់នេះ ដើម្បីចូលទស្សនាមាតិកាទស្សនាវដ្តីឌីជីថល


SUGGESTIONS