×

​ជ្រក់​ខ្មែរយើង​មាន​ជម្រើស​ច្រើន​ប្រភេទ​ផ្សំ​ពី​បន្លែបង្ការ​ធម្មជាតិ​ដែល​មាននៅ​ជុំវិញ​ខ្លួន​

TRAVEL & LIVING 3 months ago

            ​ប្រទេស​កម្ពុជា​យើង​ស្ថិត​ក្នុង​តំបន់​អាកាសធាតុ​ត្រូពិក​មូសុង​ដែល​បង្ក​លក្ខណៈ​អំណោយផល​ល្អ​ចំពោះ​ការលូតលាស់​នៃ​ដំណាំ​ដាំ​ដុះ​បន្លែបង្ការ​នានា​នៅ​ក្នុង​ភូមិ​ស្ថាន​ ​ទើប​ធ្វើឲ្យ​ប្រជាជន​ខ្មែរ​ដែល​រស់នៅ​តាម​ជនបទ​ស្រែ​ចម្ការ​និយម​ដាំដំណាំ​ផ្សេងៗ​នៅ​ជិត​ៗ​ផ្ទះ​ឬ​ដី​ក្នុង​ភូមិ​ ​ហើយ​ប្រមូល​ផលដំណាំ​ទាំងនោះ​ទុក​បរិភោគ​នៅ​ក្នុង​ក្រុម​គ្រួសារ​។​ ​ក្រៅពី​ច​ម្អិ​ន​ជា​សម្ល​ស្ងោរ​ ​សម្លម្ជូរ​ ​សម្ល​ឆា​ ​ឬ​ ​ជា​អន្លក់ស្រស់​បរិភោគ​ជាមួយ​គ្រឿង​ផ្អាប់​នោះ​ ​ប្រជាជន​ខ្មែរ​ក៏​និយម​កែច្នៃ​បន្លែបង្ការ​ដែល​ងាយ​រកម​ក​ធ្វើម្ហូប​ជ្រក់​ទុក​ទទួលទាន​ម្តងម្កាល​ ​ដែរ​។​ ​ពាក្យ​ថា​ “​ជ្រក់​” ​សំដៅ​លើ​របស់​បរិភោគ​ធ្វើ​ដោយ​បន្លែ​ឬ​ដោយ​ផ្កាឈើ​, ​ផ្លែឈើ​ដាក់​ទឹក​ដាក់​អំបិល​ត្រាំ​ទុកឲ្យ​មាន​រស​ជូរ​: ​ជ្រក់​ស្ពៃ​, ​ជ្រក់​ទំពាំង​។​ ​ជា​ការពិត​ណាស់​ ​មត៌ក​អាហារ​ជ្រក់​ខ្មែរយើង​ដែល​ចេះ​ធ្វើ​ត​ពី​ដូនតា​តាំង​ពីបរមបុរាណ​រៀងមក​ ​មាន​ច្រើន​យ៉ាង​ណាស់​ ​ដូចជា​ ​ជ្រក់​ល្ហុង​ ​ជ្រក់​ស្ពៃ​ ​ជ្រក់​មមាញ​ ​ជ្រក់​ត្រសក់​ ​ជ្រក់​ឆៃថាវ​ ​ជ្រក់​ខ្ញី​ ​ជ្រក់​ផ្កា​ស្នោ​ ​ជ្រក់​ចេកជ្វា​ខ្ចី​ ​ជ្រក់​ក្រអៅឈូក​ ​ជ្រក់​សណ្តែកបណ្តុះ​ ​ជ្រក់​ម្រេច​ខ្ចី​ ​ជ្រក់​ម្ទេស​ ​ជ្រក់​ធាង​ត្រាវ​ ​ជ្រក់​ត្រកួន​ ​ជ្រក់​ខ្ទឹម​ ​ជ្រក់​គល់​ខ្ទឹម​ ​ជ្រក់​ទំពាំង​ ​ជ្រក់​ក្តឹ​ប​ឪឡឹក​។​ល​។​ ​ប៉ុន្តែ​នៅ​ក្នុង​អត្ថបទ​លេខ​ខែ​មេសា​នេះ​យើងខ្ញុំ​សូម​បង្ហាញ​ជ្រក់​បន្លែ​ខ្មែរ​ចំនួន​ត្រឹមតែ​ប្រាំមួយ​ប្រភេទ​ដូច​ខាងក្រោម​។​

​១​. ​ជ្រក់​មមាញ​:

            ​​ជ្រក់​មមាញ​គឺជា​អាហារ​មួយ​ប្រភេទ​ដែល​អាច​ចាត់ទុកថា​មាន​ប្រជាប្រិយភាព​សម្រាប់​បងប្អូន​ខ្មែរយើង​ជាពិសេស​វា​កាន់តែ​មានឱជារស​នៅពេលដែល​ទទួលទាន​ផ្ទាប់​ជាមួយនឹង​ត្រី​អាំង​ឬ​បំពង​។​ ​ម្យ៉ាង​វិញទៀត​ជ្រក់​មមាញ​នេះ​មាន​វិធី​ធ្វើ​ច្រើនយ៉ាង​ទៅតាម​តំបន់​និង​ការ​និយម​ចូលចិត្ត​របស់​មនុស្សម្នាក់​ៗ​។​ ​គ្រឿងផ្សំ​រួម​មាន​ ​ស្ករស​មួយ​ស្លា​ព្រា​កាហ្វេ​ ​ប៊ីចេង​មួយ​ស្លា​ព្រា​កាហ្វេ​ ​មមាញ​៣​០​០​ក្រាម​ ​និង​ ​សណ្តែកបណ្តុះ​ ​១​៥​០​ ​ក្រាម​។​​​ ​ដំបូង​អ្នក​ត្រូវ​លាង​ដើម​មមាញ​ឲ្យ​ស្អាត​ ​រួច​យកទៅ​ហាលថ្ងៃ​ឲ្យ​ស្វិត​ជាមុន​សិន​។​ ​បន្ទាប់មក​ហាន់​ឲ្យ​ល្អិត​ៗ​រួចហើយ​ប្រើ​អំបិល​មួយ​ស្លា​ព្រា​បាយ​រោយ​ពីលើ​ ​និង​ច្របល់​វា​ឲ្យ​សព្វ​ចូលគ្នា​ទុកចោល​រយៈពេល​ ​៣​ ​ម៉ោង​។​
​បន្ទាប់មក​ទៀត​ ​ដាក់​ទឹកបាយ​ដែល​បាន​ទុកឲ្យ​ត្រជាក់​ចូល​កូរ​ឲ្យ​សព្វ​គ្រប​ទុកចោល​រយៈពេល​ ​២​ ​ទៅ​ ​៣​ ​ថ្ងៃ​ ​ឬ​ ​រង់ចាំ​ដល់​ជ្រក់​ធុំក្លិន​ជូរ​តិចៗ​សឹម​បន្ថែម​សណ្តែកបណ្តុះ​ចូល​កូរ​ឲ្យ​សព្វ​ជាការស្រេច​។​ ​បន្ថែម​ស្ករស​ ​និង​ ​ប៊ីចេង​បន្តិច​ដើម្បីឲ្យ​កាន់តែ​មានឱជារស​។​

​២​. ​ជ្រក់​ផ្កា​ស្នោ​:

            ​​គ្រឿងផ្សំ​នៃ​ជ្រក់​ផ្កា​ស្នោ​រួម​មាន​ ​ផ្កា​ស្នោ​ ​១​ ​ខាំ​ ​សណ្តែកបណ្តុះ​ ​៦​ ​ខាំ​ ​ម្ទេសប្លោក​ក្រហម​ ​២​-​៣​ផ្លែ​ ​ទឹក​១​លីត្រ​ ​ក្រអៅឈូក​ (​ដាក់​តាម​ចំណង់ចំណូលចិត្ត​) ​អំបិល​ ​៣​ ​ស្លាបព្រា​បាយ​ ​ស្ករស​ ​២​ ​ស្លាបព្រា​បាយ​ ​ទឹកខ្មេះ​ ​ម្សៅស៊ុប​បន្តិច​ ​និង​ ​មើម​ខ្ទឹមស​៤​-​៥​កំពឹស​ ​។​ ​ដំបូង​ ​ត្រូវ​លាង​ផ្កា​ស្នោ​ ​សណ្តែកបណ្តុះ​ ​និង​ក្រអៅឈូក​ទុកឲ្យ​ស្រស់​ទឹក​ ​ទើប​ចិត​ក្រអៅឈូក​ជា​ចំណិត​ស្តើង​ៗ​ច្របល់​ចូលគ្នា​ទុក​មួយអន្លើ​។​ ​ដាក់​ឆ្នាំង​ដាំទឹក​ល្មម​លាង​ម្ទេសប្លោក​ឆ្កឹះ​គ្រាប់​ចេញ​ចិត​ជា​ចំណិត​ធំ​ល្មម​ ​ពេល​ទឹកពុះ​បង់អំបិល​ចូល​បន្តិច​រួ​ចចាក់​ម្ទេស​ប្លោក​ចូល​។​ ​ស្រុស​១​នាទី​កូរ​ឲ្យ​សព្វ​រួ​ចចាក់​ដាក់​កញ្ច្រែង​។​ ​ដាំទឹក​ល្មម​ទុកឲ្យ​ពុះ​ ​បង់​ស្ករ​ ​អំបិល​ ​ទឹកខ្មេះ​ ​ម្សៅស៊ុប​ចូល​ ​រួច​ភ្លក្ស​រសជាតិ​​ឲ្យ​ជូរ​ប្រៃ​ផ្អែម​តាម​ចូលចិត្ត​។​ ​បក​ខ្ទឹមស​ ​កិន​ឬ​ចិញ្ច្រាំ​ម្ទេសប្លោក​ជាមួយ​មើម​ខ្ទឹម​ ​រួច​ចាក់ទឹក​ដែល​ដាំ​ពុះ​ច្របល់​ចូល​ផ្កា​ស្នោ​សណ្តែកបណ្តុះ​ជាការស្រេច​។​ ​ចុងក្រោយ​ទុក​ជ្រក់​១​យប់​ឲ្យ​ជូរ​ទើប​អាច​បរិភោគ​បាន​។​

​៣​. ​ជ្រក់​ធាង​ត្រាវ​:

            ​​ជ្រក់​ធាង​ត្រាវ​ជា​ជ្រក់​ដែល​ល្បី​ជាងគេ​ប្រចាំ​ប៉ែក​ខាង​ខេត្ត​ស្វាយរៀង​ហើយ​មាន​រសជាតិ​ឆ្ងាញ់​ពិសា​ប្លែក​មាត់​ថែមទៀត​ផង​។​ ​ជ្រក់​ធាង​ត្រាវ​មានភិន​ភាគ​ស្រដៀងនឹង​ជ្រក់​ត្រកួន​ប៉ុន្តែ​រសជាតិ​របស់​វា​ពិតជា​មិន​ដូចគ្នា​នោះ​ទេ​។​ ​ដើម្បី​ធ្វើ​ជ្រក់​ធាង​ត្រាវ​ ​គ្រឿងផ្សំ​សំខាន់​ៗ​រួម​មាន​ ​ធាង​ត្រាវ​ ​អំបិល​ ​និង​ ​កូន​ពាង​ ​ឬ​ ​ក្រឡ​។​ ​វិធី​ធ្វើ​ជ្រក់​នេះ​គឺ​ងាយ​បំផុត​ ​ដោយ​ដំបូង​យើង​ត្រូវ​យក​ធាង​ត្រាវ​ទៅ​លាង​ស​ម្អា​ត​ឲ្យអស់​ដី​ ​រួច​សឹម​យកមក​កាត់​ជា​កង់​ៗ​ ​មុននឹង​យក​កំណាត់​ឬ​ស្បៃ​ទៅ​រុំ​វា​ ​ហើយ​ប្រើ​កម្លាំង​ដៃ​សង្កត់​ ​ច្របាច់​វា​ឲ្យ​ចេញ​ទឹក​អស់​។​ ​បន្ទាប់មក​ ​យក​ធាង​ត្រាវ​ដែល​ស្ងួត​ទឹក​ទៅ​ច្របល់​ជាមួយ​អំបិល​ឲ្យ​ចូលជាតិ​គ្នា​ ​មុននឹង​ដាក់​វា​ក្នុង​កូន​ពាង​ផ្អាប់ទុក​រយៈពេល​ប្រមាណ​​ជា​២​ថ្ងៃ​។​នៅ​ពេល​បរិភោគ​ ​យើង​អាច​ដួស​ជ្រក់​នេះ​មក​បរិភោគ​ដោយ​លាយ​ម្ទេស​ ​គល់​ស្លឹកគ្រៃ​ ​ផ្កា​ស្នោ​ ​ឬ​ ​សណ្ដែកបណ្ដុះ​តាម​ចំណង់ចំណូលចិត្ត​។​

​៤​. ​ជ្រក់​ទំពាំង​:

            ​​ជ្រក់​ទំពាំង​ជា​មុខម្ហូប​មួយ​សាមញ្ញ​ប៉ុន្តែ​អាច​​​រក្សាទុក​បាន​យូរថ្ងៃ​ក្នុង​ការ​បរិភោគ​។​ ​គេ​ចូលចិត្ត​ធ្វើ​វា​ទុក​ហូប​ជាមួយ​ត្រី​អាំង​ ​ជាពិសេស​គឺ​ត្រី​អ​ណ្តែ​ង​អាំង​។​ ​គ្រឿងផ្សំ​រួម​មាន​ ​ទំពាំង​ជូរ​ ​កន្លះ​គីឡូក្រាម​ ​ខ្ទឹមស​ ​១​០​កំពឹស​​ ​ម្ទេស​២​០​ផ្លែ​(​តាមចំណូលចិត្ត​) ​ស្ករស​ ​៤​ស្លាបព្រា​បាយ​ ​អំបិល​ ​១​ស្លាបព្រា​បាយ​ ​ម្សៅស៊ុប​ ​១​ស្លាបព្រា​កាហ្វេ​។​ ​យក​ទំពាំង​ជូរ​លាង​ទឹក​ឲ្យ​ស្អាត​ ​រួច​ទុកឲ្យ​ស្ងួត​ទឹក​។​ ​បុក​ខ្ទឹម​និង​ម្ទេស​ឲ្យ​ម៉ត់​ ​រួច​ដាក់​ស្ករ​ ​អំបិល​ ​និង​ម្សៅស៊ុប​ចូល​បុក​ឲ្យ​សព្វ​ ​រួច​ដួស​ដាក់​ក្នុង​ចាន​មួយ​។​ ​យក​ទំពាំង​មក​បុក​អោយ​បែក​តិចៗ​ ​រួច​យកទៅ​ប្រ​លាក់​ជាមួយ​គ្រឿង​ដែល​បុក​រួច​ឲ្យ​សព្វ​ ភ្លក្ស​រសជាតិ​តាម​ចំណង់ចំណូលចិត្ត​ជាការស្រេច​។​

៥​. ​ជ្រក់​ក្តឹ​ប​ឪឡឹក​:

            ​​គេ​និយម​ទទួលទាន​ជ្រក់​នេះ​ជាមួយ​ត្រី​អាំង​ ​។​ ​គ្រឿងផ្សំ​សំខាន់​ៗ​ ​រួម​មាន​ ក្តឹ​ប​ឪឡឹក​ខ្ចី​ៗ​ ​៥​ ​គីឡូក្រាម​អំបិល​ចំនួន​ ​២​ ​ខាំ​ ​ស្ករស​ចំនួន​ ​១​ ​ខាំ​។​ ​ចំពោះ​វិធី​ធ្វើ​វិញ​ ​ដំបូង​យើង​ត្រូវ​យក​ក្តឹ​ប​ឪឡឹក​ម​កលា​ង​ទឹក​ឲ្យ​ស្អាត​ ​និង​ចិត​វា​ជា​ចំណិត​ៗ​បណ្តោយ​ផ្លែ​ (​ចិត​ចង្វាមូល​) ​ដាក់​ក្នុង​ចានដែក​ឬ​ចាន​ធម្មតា​។​ ​បន្ទាប់មក​ ​ត្រូវ​យក​អំបិល​ ​និង​ស្ករ​មក​ដាក់​ប្រ​លាក់​ច្របាច់​វា​ឲ្យ​សព្វ​ចូលជាតិ​អំបិល​ជាមួយ​ឪឡឹក​។​ ​ជាចុងក្រោយ​យក​វា​មក​ដាក់​ចូលក្នុង​កែវ​រួច​ដាក់​ហាលថ្ងៃ​ចំនួន​ ​១​ថ្ងៃ​ ​១​យប់​ ​ទើប​ជ្រក់​ជូរ​ល្មម​អាច​​​យកមក​បរិភោគ​បាន​។​

៦​. ​ជ្រក់​ចេកជ្វា​ខ្ចី​:

​            ​ជ្រក់​ផ្លែចេក​ជ្វា​ខ្ចី​ ​គឺ​ផ្លែចេក​ជ្វា​ខ្ចី​ដែលគេ​ចិត​យក​សំបក​ចេញ​ហើយ​សាប់​ឲ្យ​ល្អិត​ ​តែ​មិន​ឲ្យ​ដាច់​ចេញពី​គ្នា​ (​ឲ្យ​នៅ​ទាំងមូល​) ​រួច​ត្រាំទឹក​ខ្មេះ​ ​ដាក់​អំបិល​ខ្លះ​ផង​ ​ឬ​ ​សាប់​មើមខ្ញី​ដាក់​លាយ​ខ្លះ​ផង​ក៏បាន​, ​ដាក់​មើម​ខ្ទឹមស​លាយ​ខ្លះ​ផង​ក៏បាន​ (​បើ​ចង់​ប្រញាប់​ ​ត្រូវ​ប្រើ​លាយ​មើម​ខ្ទឹមប្រៃ​), ​ដាក់​ស្ករ​លាយ​ខ្លះ​ផង​ក៏បាន​ (​បើ​ជ្រក់​ទុក​យូរថ្ងៃ​ ​មិនបាច់​ប្រើ​ទឹកខ្មេះ​ ​ត្រូវ​ប្រើ​តែ​អំបិល​) : ​សៀមប្រៀម​ប្រើ​បរិភោគ​ជាមួយនឹង​ត្រី​សាប​ (​ហៅ​តាម​ទម្លាប់​ដោយ​ស្រុក​, ​អ្នកស្រុក​ខ្លះ​ហៅ​ ​ជ្រក់​ចេកជ្វា​ ​ឬ​ហៅ​ត្រឹមតែ​ ​ជ្រក់​ចេក​ ​ក៏មាន​) ​។

Article by SRIN SOKMEAN


SUGGESTIONS