×

​មក​ស្គាល់​សិប្បកម្ម​តម្បាញ​កំប្លោក​ដ៏​មាន​ប្រជាប្រិយភាព​មួយ​លើ​ដែនដី​សៀមរាប​អង្គរ​

TRAVEL & LIVING 4 years ago
 
 

          ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ខេត្ត​សៀមរាប​ ​ស្ត្រី​ប្រមាណ​១​៣​នាក់​ ​ខ្លះ​រស់នៅ​ក្នុង​ភូមិ​គោក​ពៃ​ ​ខ្លះ​នៅ​ភូមិ​ក​ណ្តោ​ល​ស្រុក​អង្គរធំ​ ​និង​ខ្លះទៀត​នៅ​ភូមិ​ព្រែក​ទាល់​ស្ថិតនៅ​ព្រំប្រទល់​រវាង​ខេត្ត​បាត់​ដំបង​និង​ខេត្ត​សៀមរាប​បាន​កំពុងតែ​ញាប់ដៃញាប់ជើង​ចាប់​ក្រង​ចង​ត្បាញ​ជាមួយ​រុក្ខជាតិ​ស្មៅទឹក​មួយ​ប្រភេទ​បង្កើត​ជា​ផលិតផល​ប្រើប្រាស់​ប្រចាំថ្ងៃ​ប្រណីត​ៗ​ដូចជា​ ​កាបូប​ ​កន្ទេល​ ​និង​សម្ភារ​ផ្ទះបាយ​ជាដើម​ដែល​នេះ​គឺជា​សកម្មភាព​សង្វាក់​ផលិតកម្ម​នៃ​សិប្បកម្ម​តម្បាញ​កំប្លោក​ក្រោម​ស្លាកយីហោ​មួយ​ឈ្មោះថា​«​រុក្ខៈ​»​។​ រុក្ខៈ​គឺជា​ម៉ាក​ផលិតផល​តម្បាញ​ពី​កំប្លោក​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នៅ​ខេត្ត​សៀមរាប​ ​ហើយក៏​ជា​សហគមន៍​ផលិត​ផលិតផល​កំប្លោក​បង្កើត​ឡើង​ដោយ​ស្ត្រី​ខ្មែរ​ដែល​សម្រាំង​យក​ទាំង​គុណភាព​ ​ប្រណីតភាព​ ​និង​ភាព​ស្រស់​ស្អាត​ទាន់សម័យ​ ​ជាពិសេស​បាន​នឹង​កំពុង​រុញច្រាន​គុណភាព​ផលិតផល​ជាតិ​ឲ្យ​ឆ្ពោះទៅ​រក​ស្តង់​ដារ​ប្រកួតប្រជែង​លើ​ទី​ផ្សារ​អន្តជាតិ​ផង​ដែរ​។​

          ​​រំលេច​ឈ្មោះ​បង្ហាញ​រូបរាង​ឡើង​នៅ​លើទឹក​ដី​អង្គរ​ រុក្ខៈ​ត្រូវ​បាន​បង្កើត​និង​ប្រសិទ្ធ​នាម​ឡើង​ដោយ​ស្ត្រី​ខ្មែរ​មួយ​រូប​ដែល​ចាប់កំណើត​នៅ​ខេត្ត​កំពង់ចាម​តែ​បែរជា​មក​ធំធាត់​នៅ​លើ​ដែន​អាណាចក្រ​អង្គរ​នោះ​គឺ​កញ្ញា​ ​ហោ​ ​ស៊ុន​ស្រស់​។​ រុក្ខៈ​គឺជា​ក្តី​ស្រមៃ​ក្លាយ​ជា​ការពិត​របស់​ស្ថាបនិក​វ័យ​២​៩​ឆ្នាំ​រូប​នេះ​ដែល​មានបំណង​ចង់​ចងក្រង​បង្កើត​ជា​សហគមន៍​ផ្ទាល់ខ្លួន​មួយ​ជាមួយ​គោលជំហរ​ ​ផ្លាស់ប្តូរ​រង្វិល​ជុំ​ជីវភាពរស់នៅ​ដដែល​ៗ​នៅ​ក្នុង​សហគមន៍​ ​ជំរុញ​ឲ្យ​ស្ត្រី​មាន​ភាព​ឯករាជ្យ​ ​និង​អភិវឌ្ឍ​សង្គម​តាមរយៈ​ការ​ផ្តល់​ចំណេះ​ដឹង​។​ ​តួយ៉ាង​ រុក្ខៈ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ​២​០​១​៦​ ​បន្ទាប់ពី​ ​កញ្ញា​ ​ហោ​ ​ស៊ុន​ស្រស់​ ​បាន​លាឈប់​បម្រើ​ការងារ​នៅ​អង្គការ​មួយ​ក្នុង​ខេត្ត​សៀមរាប​ដែល​ធ្វើ​គម្រោង​ទាក់ទង​ទៅ​នឹង​បរិស្ថាន​ ​ហើយ​ក្នុង​នោះ​ក៏មាន​គម្រោង​អភិវឌ្ឍន៍​សហគមន៍​តាមរយៈ​ការ​បណ្តុះ​បណ្តាល​​ជំនាញ​ធ្វើ​កំប្លោក​ផង​ដែរ​។​ ​មែនទែន​ទៅ​មុន​គ្រា​លាឈប់​ពី​អង្គការ​ចូល​ធ្វើការ​កន្លែង​ថ្មី​ ​គម្រោង​កំប្លោក​របស់​អង្គការ​ក៏​ត្រូវ​បាន​ផ្អាក​ ​ម្យ៉ាង​មាន​ស្ត្រី​មួយ​ក្រុម​រមែង​ទទូច​សុំ​ជំនួយ​ផង​នោះ​ជាហេតុ​ហើយ​ធ្វើឲ្យ​ ​កញ្ញា​ ​ហោ​ ​ស៊ុន​ស្រស់​ ​តែងតែ​ចិញ្ចឹម​ចិត្ត​ចង់​បង្កើត​សហគមន៍​មួយ​ផ្ទាល់ខ្លួន​រហូត​ប្រមែប្រមូល​ស្ត្រី​តាម​ភូមិ​បង្កើត​ជា​ក្រុម​ធ្វើ​សិប្បកម្ម​កំប្លោក​នៅ​ពាក់កណ្តាល​ឆ្នាំ​២​០​១​៦​ក្រោម​ស្លាកយីហោ​រុក្ខៈ​មកដល់​សព្វថ្ងៃ​។​ ​កញ្ញា​បាន​ប្រាប់​សូវ​រី​ន​ថា​«​ខ្ញុំ​ស្រឡាញ់​សិប្បកម្ម​កំប្លោក​នេះ​ខ្លាំង​ណាស់​ព្រោះ​វា​ធ្វើឡើង​ពី​ធម្មជាតិ​មិន​ប៉ះពាល់​បរិស្ថាន​ ​ហើយ​វា​កើតឡើង​មកនេះ​ក៏​ព្រោះតែ​ក្តី​ស្រមៃ​និង​រូបភាព​ដែល​ដក់​ក្នុង​ចិត្ត​របស់​ខ្ញុំ​នា​ពេល​កន្លងមក​។​ ​កាល​អាយុ​៥​ឆ្នាំ​ខ្ញុំ​និង​ម្តាយ​បាន​ផ្លាស់​ពី​ខេត្ត​កំពង់ចាម​មក​រស់នៅ​ខេត្ត​សៀមរាប​ ​ថ្វី​ដ្បិត​ម្តាយ​ខ្ញុំ​ជា​ស្ត្រី​មេម៉ាយ​ប៉ុន្តែ​គាត់​បាន​តស៊ូ​ចិញ្ចឹម​កូន​ឲ្យ​កូន​ទៅ​រៀន​ហើយ​មិនដែល​គិតថា​យកកូន​មក​ប្រើ​ដើម្បី​ចិញ្ចឹម​គាត់​វិញ​ឡើយ​។​ ​មួយវិញទៀត​នៅ​ពេល​ខ្ញុំ​ធំឡើង​ខ្ញុំ​បានឃើញ​គ្រួសារ​ខ្មែរ​នៅតាមភូមិ​ភាគច្រើន​ទម្លាប់​គាប​កូន​ឲ្យ​នៅ​ជួយ​ធ្វើការ​ផ្ទះ​ ​ពិសេស​ពេលរៀន​ចប់​ក៏​ឲ្យ​ពួកគេ​នៅតែ​ជួយ​ធ្វើការ​និង​ប្រកបរបរ​ដដែល​ៗ​ជីវភាព​ដដែល​ៗ​ទៅតាម​ទម្លាប់​ពួកគាត់​ទៀត​ផង​។​ ​ទាំងនេះ​ហើយដែល​ធ្វើឲ្យ​ខ្ញុំ​តែង​មាន​ក្តី​ស្រមៃ​ចង់​ធ្វើជា​គ្រូបង្រៀន​ចង់​អ​ភ​វិឌ្ឍ​សង្គម​តាមរយៈ​ការ​ផ្តល់​ចំណេះ​ដឹង​ដល់​ក្មេង​ក្រីក្រ​ ​ពិសេស​ស្ត្រី​ជា​ម្តាយ​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​ពួ​គាត់​មាន​ភាព​ឯករាជ្យ​អាច​​​រកលុយ​ដោយខ្លួនឯង​បាន​ ​និង​អាច​បញ្ជូន​កូន​ទៅ​រៀន​ដើម្បី​មាន​អនាគត​ល្អ​ប្រសើរ​»​។​ តួយ៉ាង​ ​ស្ថាបនិកា​ ​ហោ​ ​ស៊ុន​ស្រស់​ ​បាន​ចាប់ផ្តើម​រុក្ខៈ​ដោយមាន​ជាងតម្បាញ​ម្នាក់​ជា​ជំហរ​ក្នុង​ការ​បង្រៀន​ ​បន្ទាប់មក​ធ្វើការ​ជ្រើសរើស​ស្ត្រី​តាម​ភូមិ​ដែល​ស្ត្រី​ទាំងនោះ​រើស​យក​តែ​ស្ត្រី​ណា​ដែល​ក្រីក្រ​ ​មេម៉ាយ​ ​គ្មាន​ចំណេះ​ ​និង​ជា​ស្ត្រី​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ផ្សេងៗ​។​ ​ជា​លទ្ធផល​មកដល់​សព្វថ្ងៃ​មាន​ស្ត្រី​ប្រមាណ​១​៣​នាក់​បាន​កំពុង​ធ្វើការ​ចាក់​កំប្លោក​ឲ្យ​រុក្ខៈ ​ក្នុង​នោះ​មាន​៣​នាក់​នៅ​ភូមិ​គោក​ពៃ​ ​៣​នាក់​នៅ​ភូមិ​កណ្តាល​ស្រុក​អង្គរធំ​ខេត្ត​សៀមរាប​ ​និង​៧​នាក់​ទៀត​នៅ​ភូមិ​ព្រែក​ទាល់​ដែល​ស្ថិតនៅ​ព្រំប្រទល់​រវាង​ខេត្ត​បាត់​ដំបង​និង​ខេត្ត​សៀមរាប​។​ ​ចំណោម​ស្ត្រី​ទាំងអស់​មាន​អាយុ​ចាប់ពី​១​៩​ឆ្នាំ​ដល់​៥​៦​ឆ្នាំ​ ​ពួកគេ​អាច​ធ្វើការ​នៅផ្ទះ​រៀងៗខ្លួន​បាន​បន្ទាប់ពី​ការងារ​មេផ្ទះ​។​ ​ជារឿយៗ​ជាងតម្បាញ​និង​ស្ថាបនិក​រុក្ខៈ​តែង​ធ្វើការ​ចុះទៅ​តាម​ភូមិ​ផ្ទាល់​ដើម្បី​ជំនួប​សួរសុខទុក្ខ​ប្រមែប្រមូល​សមិទ្ធផល​សម្រេច​ ​ក៏ដូចជា​ពង្រឹង​សមត្ថភាព​បន្ថែម​ដើម្បី​សម្រាំង​យក​គុណភាព​ផង​ដែរ​។​ ​និយាយឲ្យខ្លី​ក្រោយ​ពី​ផ្តល់​ចំណេះ​ជំនាញ​ឲ្យហើយ​ រុក្ខៈ​នឹង​ផ្តល់​ការងារ​ឲ្យ​ធ្វើ​ហើយ​ទិញ​ផលិតផល​ទាំងនោះ​មក​ដាក់​លក់​វិញ​។

          ​​ការ​បង្កើត​រុក្ខៈ​ឡើង​ស្ថិត​ក្នុង​បេសកកម្ម​សំខាន់​ៗ​រួម​មាន​ ​អភិវឌ្ឍន៍សង្គម​តាមរយៈ​ការ​ផ្តល់​ចំណេះ​ដឹង​ ​ជំរុញ​ស្ត្រី​ឲ្យ​មាន​ភាព​ឯករាជ្យ​ ​ផលិត​ផលិតផល​ដែល​មិន​ប៉ះពាល់​បរិស្ថាន​ ​និង​ធ្វើឲ្យ​ស្លាកយីហោ​ក៏ដូចជា​ផលិតផល​ធ្វើ​ពី​កំប្លោក​មួយ​នេះ​មានគុណ​ភាព​ស្របតាម​ស្តង់​ដារ​អន្តរជាតិ​។​ ​យ៉ាងណាមិញ​ដើម្បី​បាន​ផលិតផល​មួយ​កាន់​ក្នុង​ដៃ​ក្នុ​នោះ​ត្រូវ​ឆ្លងកាត់​សង្វាក់​ផលិត​ច្រើន​ដំណាក់​កាល​ ​ជាក់ស្តែង​ស្ថាបនិក​ ​ហោ​ ​ស៊ុន​ស្រស់​ ​បាន​រៀបរាប់​យ៉ាង​ក្បោះក្បាយ​ដូច្នេះ​ថា​ ​ដំបូង​យើង​ត្រូវ​ស្វែងរក​កំប្លោក​នៅ​តាម​ស្រះ​បឹង​ឬ​ទន្លេ​ដោយ​កាប់​យក​តែ​ដើម​ចំណែក​ស្លឹក​និង​ឫស​យើង​កាត់ចេញ​ ​ចំពោះ​ដើម​កំប្លោក​ដែល​យកមក​ធ្វើ​បាន​ត្រូវ​មាន​ប្រវែង​ចាប់ពី​៣​តឹក​ឬ​កន្លះ​ម៉ែត្រ​ឡើង​ទៅ​ហើយ​ជា​កំប្លោក​ចាស់​ល្មម​និង​ថ្លោស​ល្អ​ព្រោះ​បើ​ខ្ចី​ពេក​អាច​ស្រួយ​ងាយ​ដាច់​។​ ​ក្រោយ​ប្រមូល​បាន​យើង​យក​កំប្លោក​ទាំងនោះ​ទៅ​ដាក់​ហាលថ្ងៃ​ឲ្យ​ស្ងួត​ស្វិត​រយៈពេល​ពី​១​០​ទៅ​១​៤​ថ្ងៃ​ ​បន្ទាប់មក​ដាក់​ឆ្ពុង​ក្នុង​ឆ្នាំង​ជាមួយ​ស្ពាន់ធ័រ​គ្រប​ឲ្យ​ជិត​ដាក់លើ​ក​ម្តៅ​ភ្លើង​សម​ល្មម​រយៈពេល​កន្លះម៉ោង​។​ ​ការ​ឆ្ពុង​នេះ​គឺ​ដើម្បីឲ្យ​កំប្លោក​ប្រែ​ពណ៌​ស​និង​សម្លាប់​មេរោគ​។​ ​នៅ​ពេល​ឆ្ពុង​រួច​យើង​មិនទាន់​បើក​គម្រប​ឆ្នាំង​នោះ​ទេ​យើង​ត្រូវ​ទុក​វា​ចោល​សិន​ ​ពោល​បើ​ដាក់​ស្ពុ​ង​ពីព្រឹក​ត្រូវ​រង់ចាំ​ដល់​ល្ងាច​ទើប​បើក​យកចេញ​មក​សំដិល​រយៈពេល​៥​ទៅ​១​០​នាទី​ដើម្បីឲ្យ​ហើរក្លិន​។​ ​សំដិល​រួច​យើង​ចាប់ផ្តើម​រើស​កំប្លោក​មក​កាត់តម្រឹម​និង​បែងចែក​ទៅតាម​ទំហំ​ដើម​ផ្សេងៗ​គ្នា​ ​យើង​រើស​ដើម​ធំ​ដាក់​ដោយ​ដើម​ធំ​ ​ដើម​កណ្តាល​ដាក់​ដោយ​ដើម​កណ្តាល​ ​និង​ដើម​តូច​ដាក់​ដោយ​ដើម​តូច​ ​ដើម​ធំ​ទុក​សម្រាប់​ធ្វើ​ក​ន្ទ​ល​ ​ដើម​ទំហំ​កណ្តាល​សម្រាប់​ធ្វើ​កាបូប​ ​និង​ដើម​តូច​ៗ​សម្រាប់​ធ្វើ​ស្មុគ​និង​ទ្រនាប់​កែវ​ជាដើម​។​ ​ពេល​តម្រឹម​និង​បែងចែក​ទំហំ​រួច​យើង​យក​កំប្លោក​ទៅ​ជ្រលក់​ទឹក​ហើយ​ដាក់​គ្រប​ក្នុង​ថង់​ឬ​ក្រណាត់​កៅស៊ូ​ឲ្យ​ហប់​ខ្យល់​រយៈពេល​១​៥​ទៅ​២​០​នាទី​ដើម្បីឲ្យ​ទន់​សាច់​ ​រួចហើយ​យើង​ក៏​អាច​​​យក​ដើម​កំប្លោក​នោះ​មក​ត្បាញ​តាម​ពុម្ព​ទៅតាម​របស់​ដែល​យើង​ចង់បាន​។​ ​ទន្ទឹម​នឹង​ការ​ធ្វើ​កំប្លោក​នេះ​វាក៏​ជួប​ផលវិបាក​មួយ​ចំនួន​ផង​ដែរ​ដូចជា​ស្ថាបនិក​ ​ហោ​ ​ស៊ុន​ស្រស់​លើកឡើង​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន​ថា​ ​ទី​១​ ​យើង​ត្រូវ​ប្រឈម​ហា​និ​ភ័យ​ពេល​ធ្វើដំណើរ​លើទឹក​ទៅ​ស្វែងរក​កំប្លោក​នៅកន្លែង​ឆ្ងាយ​ៗ​ ​ទី​២​ ​ពេល​ដាក់​ហាល​រួច​កំប្លោក​ខ្លះ​ខ្ចី​ត្រូវ​រើស​ចោល​ជួន​ខ្លះទៀត​ឡើង​អាចម៍​ចៃ​ត្រូវ​រើស​ចោល​ទាំងអស់​ក៏មាន​ ​និង​ទី​៣​ ​ពិបាក​ហាល​បំផុត​នៅ​ខែភ្លៀង​។​

          ​​ផលិត​ចេញ​ជា​ ​កន្ទេល​ ​កាបូប​ ​កន្ត្រក​ ​ស្មុគ​ ​ទ្រនាប់ជើង​ ​និង​ទ្រនាប់​កែវ​ចាន​ជាដើម​ ​ផលិតផល​ដ៏​ប្រណីត​ទាំងនេះ​ត្រូវ​បាន​ផ្គុំ​រុំ​វេញ​ចងក្រង​ចេញពី​ដើម​កំប្លោក​រាប់​រយ​ដើម​ទម្រាំ​ស​ម្រំា​ង​បាន​មួយៗ​ ​ជាក់ស្តែង​ដើម្បី​បាន​កាបូបយួរ​ដៃ​មួយ​ត្រូវ​ប្រើ​កំប្លោក​ស្ងួត​២​គីឡូ​ស្មើនឹង​កំប្លោក​ស្រស់​២​០​គីឡូ​ ​ដើម្បី​បាន​ទ្រនាប់ជើង​ទំហំ​១​ម៉ែត្រការ៉េ​ត្រូវ​ប្រើ​កំប្លោក​ស្ងួត​៤​គីឡូ​ស្មើនឹង​កំប្លោក​ស្រស់​៤​០​គីឡូ​ ​ហើយ​ដើម្បី​បាន​ក​ម្រា​ល​មូល​ទំហំ​១​ម៉ែត្រ​កន្លះ​ត្រូវ​ប្រើ​កំប្លោក​ស្ងួត​១​៥​គីឡូ​ស្មើនឹង​កំប្លោក​ស្រស់​១​៥​០​គីឡូ​។​ ​ចំពោះ​ទម្ងន់​កំប្លោក​ស្ងួត​១​គីឡូ​គឺ​មាន​ចំនួន​៤​០​ដើម​។​ ​សរុប​ក្នុង​មួយឆ្នាំៗ​រុក្ខៈ​ប្រើ​កំប្លោក​មិន​តិច​ជាង​មួយ​តោន​ឡើយ​។​ ​ការ​ប្រើ​កំប្លោក​ច្រើនយ៉ាង​នេះ​ម្យ៉ាង​កំប្លោក​ជា​រុក្ខជាតិ​មិន​មានការ​ដាំ​ដុះ​ផង​នោះ​ ​តើ​រុក្ខៈ​អាច​​​រក​កំប្លោក​ផ្គត់ផ្គង់​គ្រប់គ្រាន់​ឬទេ​ ​ហើយ​តើ​រក​បាន​នៅ​ទីណា?​ ​ឆ្លើយ​សំណួរ​ទាំង​សំណើច​ ​សហគ្រិន​រូប​ស្រស់​បាន​លើកឡើង​ដូចនេះ​ ​«​ ​មិន​ខ្វះ​នោះ​ទេ​ហើយក៏​មិន​ភ័យ​អស់នោះ​ដែរ​ ​កំប្លោក​ជា​រុក្ខជាតិ​ដុះ​លឿន​បំផុត​ ​ម្យ៉ាង​ភូមិ​ទាំង​បី​សុទ្ធតែ​ស្ថិតនៅ​ជាប់នឹង​បឹង​ទន្លេសាប​និង​ប្រភព​ទឹក​ ​ដូច្នេះ​យើង​អាច​​​រក​វា​បាន​នៅកន្លែង​ទាំងនេះ​ឯង​ ​គ្រាន់តែ​ពេលខ្លះ​យើង​ត្រូវ​ចំណាយ​ពេល​ជិះ​ទៅ​ឆ្ងាយ​ៗ​បន្តិច​ដើម្បី​ទៅ​យក​វា​ ​វា​សម្បូរ​បំផុត​នៅ​ខែ​ទឹកឡើង​ ​ជាពិសេស​នៅ​ខាង​ភូមិ​ព្រែក​ទាល់តែ​ម្តង​មិនថា​ខែ​ទឹកស្រក​ខែ​ទឹកឡើង​កំប្លោក​អ​ណ្តែ​តមក​ពេញ​ហ្នឹង​ជួន​ជិះទូក​ជិះ​កាណូត​ម៉ាស៊ីន​ក៏​គាំង​ទៀត​ផង​ដែរ​»​។​
​ងាក​​មក​ការ​ច្នៃ​ម៉ូដ​វិញ​ ​ពិសេស​យើង​ឃើញ​ថា​ម៉ូដ​កាបូប​មើលទៅ​សុទ្ធតែ​ប្រណីត​ៗ​ម៉ូដ​ទាន់សម័យ​លំដាប់​ខ្ពស់​បើ​ធៀប​នឹង​ម៉ូដ​នា​ឯ​បច្ឆិម​ប្រទេស​គឺ​មិនចាញ់​គ្នា​ប៉ុន្មាន​ឡើយ​ ​ដែល​ទាំងនេះ​សុទ្ធ​សឹង​កើត​ចេញពី​គំនិត​ច្នៃ​ម៉ូដ​របស់​ស្ថាបនិក​ ​ហោ​ ​ស៊ុន​ស្រស់​។​ ​ការ​ច្នៃ​ម៉ូដ​ត្រូវ​បាន​ផ្តោត​ទំនោរ​បែប​សាមញ្ញ​និយម​ប៉ុន្តែ​អេ​ឡេ​ហ្គិ​ន​បំផុត​ដោយ​តម្រូវ​ទៅតាម​ស្ទី​ល​លេងខ្លួន​ស៊ីវិល័យ​សម័យថ្មី​ចំពោះ​ស្រ្តី​វ័យ​ចាប់ពី​២​០​ឆ្នាំ​រហូតដល់​៦​០​ឆ្នាំ​ ​រីឯ​គុណភាព​វិញ​បើ​ថែ​មិន​ឲ្យ​សើម​ផ្អាប់​ទឹក​នោះ​ទេ​ទោះ​ប្រើ​ដប់​ឆ្នាំ​ក៏​មិនទៅ​ណា​ដែរ​។​ ​ដោយសារ​សម្រិតសម្រាំង​យក​គុណភាព​និង​ម៉ូដ​សម័យនិយម​ ​ផលិតផល​រុក្ខៈ​ត្រូវ​បាន​ចាប់អារម្មណ៍​ខ្លាំង​ពីសំណាក់​ភ្ញៀវ​ជាតិ​ ​ពិសេស​ភ្ញៀវ​អន្តរជាតិ​ ​ភ្ញៀវ​ខ្លះ​ទិញ​សម្រាប់​ប្រើប្រាស់​ខ្លួនឯង​ផ្ទាល់​ ​ភ្ញៀវ​ខ្លះ​ទិញ​រៀបចំ​ដេ​គ​័​រ​ដូចជា​ខាង​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​ ​រីឯ​ភ្ញៀវ​ខ្លះទៀត​បញ្ជាទិញ​យកទៅ​លក់​បន្ត​ដូចជា​នៅ​រា​ធានី​ភ្នំពេញ​ ​ព្រមទាំង​មានការ​ចែកចាយ​ទៅក្រៅ​ប្រទេស​ដូចជា​ជប៉ុន​និង​ស្វីស​ហ្សឺ​ឡែ​ន​ជាដើម​។​

          ​​ដោយហេតុ​បំណង​ដាក់ឈ្មោះ​ស្លាកយីហោ​ថា​ ​«​រុក្ខៈ​»​ ​ដែល​អត្ថន័យ​ស​ម្តៅ​ទៅលើ​ឈើ​ឬ​រុក្ខជាតិ​ ​នា​ពេល​ខាងមុខ​ស្ថាបនិក​សិប្បកម្ម​នេះ​នឹង​មាន​គម្រោង​ជ្រើសរើស​វត្ថុធាតុដើម​ធម្មជាតិ​ណាមួយ​មក​បង្កើត​ផលិតផល​បន្ថែម​ដែល​អាច​ជា​ ​ក្រចៅ​ ​រំចេក​ ​ឬ​ល្ពាក់​ជាដើម​។​ ​ស្ថាបនិក​រូប​នេះ​ឲ្យដឹង​ទៀត​ថា​ រុក្ខៈ​នឹង​ចេញ​ម៉ូដ​ប្លែកៗ​បន្ថែម​ទៀត​ ​ពិសេស​មាន​ធ្វើ​ម៉ូដ​តម្រូវ​ទៅតាម​ការ​កុម្មង់​របស់​ភ្ញៀវ​ ​និង​ម៉ូដ​ដែល​មាន​ចំនួន​មានកំណត់​ ​ហើយ​អ្វី​ដែល​សំខាន់​លើស​នេះ​ទៀត​នោះ​ រុក្ខៈ​បាន​នឹង​កំពុង​ព្យាយាម​ពង្រឹង​ទៅលើ​គុណភាព​ពង្រីក​ក្រុម​ការងារ​ដើម្បី​រុញច្រាន​ផលិតផល​ឆ្ពោះទៅ​រក​ស្តង់​ដារ​អន្តរជាតិ​ឬ​អាច​និយាយ​បាន​ថា​ប្រកួតប្រជែង​នឹង​ទី​ផ្សារ​បរទេស​ផង​ដែរ​។​ ​បច្ចុប្បន្ន​ រុក្ខៈ​មាន​ទី​តាំងហាង​លក់​នៅ​ម្តុំ​ផ្សារ​ចាស់​ ​ចំណែក​ឯ​តម្លៃ​ផលិតផល​វិញ​គឺ​មាន​ចាប់ពី​២​ដុល្លារ​រហូតដល់​៣​០​០​ដុល្លារ​ទៅតាម​ប្រភេទ​ផលិតផល​និង​ទំហំ​៕​ ​

Article by​ ​HEM SOKKHIM


SUGGESTIONS