×

តិកនិក​ផ្គុំ​ខោ​ស​បង្កើត​ជា​ឈុត​ស៊ីវិល័យ​

TRAVEL & LIVING 2 months ago

​            បែបបទ​នៃ​ការ​ស្លៀកពាក់​របស់​ស្ត្រី​មាន​ច្រើន​បែប​ច្រើន​ជម្រើស​ ​រីឯ​ការ​ផ្គុំ​ស​ម្លៀ​ក​បំពាក់​លាយ​បញ្ចូល​គ្នា​បង្កើត​ជា​ម៉ូដ​ថ្មី​ឲ្យ​មើលទៅ​ស្រស់​ស្អាត​ស៊ីវិល័យ​ ​និង​ស៊ី​សង្វាក់​គ្នា​ ​កាន់តែ​ក្លាយ​ជា​រឿង​មួយ​ដ៏​សំខាន់​ទៀត​សម្រាប់​ស្ត្រី​គ្រប់រូប​មុន​ពេល​បោះជំហាន​ឈាន​ចេញទៅ​បង្អួត​សម្រស់​ឆើតឆាយ​នៅ​ពិភព​ខាងក្រៅ​។​ ​ការ​ផ្គុំ​ស​ម្លៀ​ក​បំពាក់​រមែង​ ​ចាប់ផ្តើម​ពី​ចំណុច​គោល​ធំ​ៗ​៣​ជា​ចម្បង​ ​ទី​១​ ​ត្រូវ​ដឹង​ពី​ទំនោរ​ឈុត​សម្រាប់​កម្មវិធី​ឬ​ស្ថានភាព​ទីកន្លែង​ដែល​ត្រូវ​ទៅ​ ​ទី​២​ ​ត្រូវ​ដឹង​ពី​ពណ៌​របស់​ស​ម្លៀ​ក​បំពាក់​គោល​ (​ខោ​ឬ​អាវ​) ​និង​ទី​៣​ ​ត្រូវ​ដឹង​ពី​ពណ៌​ ​ឬ​គ្រឿង​លម្អ​ណាខ្លះ​ដែល​ជំរុញ​ឲ្យ​ស​ម្លៀ​ក​បំពាក់​គោល​មាន​ភាព​លេចធ្លោ​។​ ​យ៉ាងណាមិញ​ ​ស្រប​ពេល​រដូវ​ស្លឹកឈើ​ជ្រុះ​ឈាន​ចូល​មកដល់​ ​ពណ៌​ស​ ​គឺជា​ជម្រើស​ពណ៌​ភ្លឺច្បាស់​មួយ​ដែល​ស័ក្តិសម​បំផុត​ក្នុង​ការ​លេង​ហ្វេ​ហ្សិ​ន​ដ៏​មាន​ផាសុកភាព​គ្រប់​កាលៈទេសៈ​ ​ហេតុ​ដូចនេះ​ ​ដើម្បី​ផ្លាស់ប្តូរ​ស្ទី​ល​តុប​តែងខ្លួន​ឲ្យ​សមស្រប​ទៅតាម​រដូវ​កាល​ក៏ដូចជា​យុគ​សម័យកាល​ជឿនលឿន​ ​សូវ​រី​ន​ ​សូម​បង្ហាញ​នូវ​ទំនោរ​ស្លៀកពាក់​ដ៏​ទាន់សម័យ​ ​៤​បែប​ ​ដោយ​ជ្រើសរើស​ ​ខោ​ពណ៌​ស​ជើងវែង​ ​ជា​គំនិត​ថ្មី​ក្នុង​ការ​លេងខ្លួន​យ៉ាង​ឡូយ​ឆាយ​។​ ​ជា​ការពិត​ណាស់​ ​ស្ត្រី​ទូទៅ​មិនសូវ​ចូលចិត្ត​ស្លៀកពាក់​ខោ​ពណ៌​ស​ប៉ុន្មាន​ឡើយ​ ​ដោយហេតុ​ផល​វា​ងាយ​ឆាប់​ប្រឡាក់​ ​ជួនកាល​បង្កើន​ភាព​លេចធ្លោ​ខ្លាំងពេក​ ​និង​ពិសេស​ស្ត្រី​មាន​ជើង​ធំ​ស្លៀកពាក់​មើលទៅ​ឃើញ​រាង​ច្បាស់​មិន​ស្រស់​ស្អាត​ជាដើម​។​ ​ត្បិត​កា​រពាក់​ខោ​ស​មានផល​អវិជ្ជមាន​បន្តិចបន្តួច​ដូច​បាន​រៀបរាប់​ខាងលើ​ ​ប៉ុន្តែ​គួរ​ចងចាំ​ថា​ ​ពណ៌​ស​ ​គឺជា​ពណ៌​ងាយស្រួល​ក្នុង​ការ​លេងខ្លួន​គ្រប់បែប​គ្រប់​ទម្រង់​ ​និង​គន់​មិន​ចេះ​ជិនណាយ​សោះឡើយ​ ​មិនតែប៉ុណ្ណោះ​ប្រសិនបើ​ចេះ​បន្ថែម​គ្រឿង​បន្សំ​ត្រូវ​ក្បួន​ធានា​ថា​ទទួល​បាន​មន្ត​ស្នេហ៍​ទាក់ទាញ​ទ្វេ​ដង​។​

            តួយ៉ាង​ ​ចាប់ផ្តើម​ពី​ការ​បង្ហាញខ្លួន​ជានា​រី​ការិយាល័យ​ដ៏​ទាន់សម័យ​ ​ដោយធ្វើ​ការ​ស្លៀកពាក់​ខោ​ស​ជើងវែង​ទឺ​នុយ​ជាមួយ​អាវយឺត​ឬ​អាវសឺមី​ ​និង​មាន​បន្ថែម​អាវធំ​ពីក្រៅ​ដែល​ជា​ប្រភេទ​អាវ​វែង​លើ​ជង្គង់​ឬ​ក្រោម​ជង្គង់​។​ ​ជម្រើស​ពណ៌​អាវ​ក្រៅ​ស័ក្តិសម​បំផុត​គឺ​ពណ៌​ខ្មៅ​ ​ពណ៌​ទឹក​ប៉ិក​ចាស់​ ​ឬ​ពណ៌​ណា​ដែល​ដិត​ក្រមៅ​ជាដើម​។​ ​ការ​ប្រើ​អាវ​ក្រៅ​វែង​មាន​ពណ៌​ដិ​តនឹង​ធ្វើឲ្យ​ជើង​មើលទៅ​ឃើញ​វែង​ ​ឃើញ​រាង​ខ្ពស់ស្រឡះ​ ​ព្រមទាំង​បង្កើន​ភាព​វាងវៃ​ដែល​ជំរុញ​ដល់​ការ​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​អង្គប្រជុំ​នា​ថ្ងៃ​ដើម​ស​ប្តាហ៍​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​និង​ភាព​ជឿជាក់​ខ្ពស់​។​ ​រឹត​តែ​មិន​អាច​ខ្វះ​បាន​ ​បន្ថែម​ពាក់​ស្បែកជើង​កែង​ក​ម្ពស់​សម​ល​ម្ម​ដើម្បី​បង្កើន​ទំនុក​ចិត្ត​។​ ​ងាក​មក​ថ្ងៃ​បន្ទាប់​ ​មិត្ត​នារី​ប្រហែលមាន​គម្រោង​ធ្វើដំណើរ​ទៅ​ទី​ជិត​ៗ​ដូចជា​ដើរ​ផ្សារ​ ​ជួបជុំ​មិត្ត​ភ័ក្ត្រ ​ឬ​ចូល​ហាង​ថែរក្សា​សម្រស់​ ​ហេតុដូច្នេះ​ភាព​លេចធ្លោ​ចម្បង​គឺ​ស្លៀកពាក់​ជា​ឈុត​គឺ​ខោ​ពណ៌​ស​ជាមួយ​អាវ​ពណ៌​ស​ ​ដោយមាន​បន្ថែម​គ្រឿង​អា​សេ​សឺ​រី​លម្អ​ពណ៌​ច្បាស់​ៗ​ ​និង​ទំហំ​ធំ​ ​ដូចជា​ក្រវិល​ធំ​ឬ​កាបូប​ធំ​រំលេចពណ៌​ស្រស់​ៗ​។​ ​ការពិត​ណាស់​ ​ការ​បន្ថែម​កាបូប​ឬ​ក្រវិល​ធំ​ ​និង​មាន​ពណ៌​ស្រស់​អាច​ជួយ​លើក​សម្រស់​ឲ្យ​មើល​ស៊ីវិល័យ​ ​និង​ពោរពេញ​ទៅ​ដោយ​ថាមពល​។​ ​សម្រាប់​ពេល​រាត្រី​ការ​តុប​តែងខ្លួន​ចូលរួម​កម្មវិធី​ជប់លៀង​នានា​ ​ភាគច្រើន​តែង​ប្រើស​ម្លៀ​ក​បំពាក់ពណ៌​ខ្មៅ​ជា​ឈុត​ ​ប៉ុន្តែ​ដើម្បី​ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង​យើង​អាច​ងាក​មក​ជ្រើសរើស​ប្រើ​ពណ៌​ស​រំលេចពណ៌​ខ្មៅ​វិញ​ម្តង​ ​ដោយធ្វើ​ការ​ស្លៀកពាក់​ខោ​ស​ជើងវែង​ជាមួយ​អាវ​ដៃ​វែង​ពណ៌​ខ្មៅ​ ​ពិសេស​បន្ថែម​កាបូប​ដៃ​ពណ៌​ខ្មៅ​ ​និង​ស្បែកជើង​កែង​ខ្មៅ​ ​រឹត​តែ​គួរឲ្យ​ទាក់ចិត្ត​។​ ​ការ​ជ្រើសរើស​ស​ម្លៀ​ក​បំពាក់​សម្រាប់​ពេល​រាត្រី​បែប​នេះ​មិន​ត្រឹមតែ​ផ្តល់​នូវ​ភាព​ទាក់ទាញ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​បាន​ផ្តល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការរៀបចំ​ខ្លួន​ដោយ​មិន​ចំណាយ​ពេល​គិត​សាំ​ញាំ​ច្រើន​ក្នុង​ការ​ជ្រើសរើស​ពណ៌​ណាមួយ​ដែល​ស័ក្តិសម​។​ ​ដោយឡែក​ ស្ទី​ល​ដ៏​ស្រស់ស្រាយ​ចំពោះ​ដំណើរ​ក​ម្សាន្ត​ថ្ងៃ​ចុង​ស​ប្តាហ៍ ​គួរ​មិន​ភ្លេច​ឡើយ​ចំពោះ​ការ​ស្លៀកពាក់​តឺនុយ​ជាមួយ​អាវយឺត​ពណ៌​ដិត​ៗ​ ​ដែល​សំខាន់​លេង​ស្ទី​ល​ជាមួយ​អាវ​ក្រៅ​ប្រភេទ​សាច់ក្រណាត់​ខូ​វ​ប៊​យ​ដើម្បីឲ្យ​មើលទៅ​កា​លីប​ឡូយ​ឆាយ​ ​ព្រមទាំង​ការពារ​ស្បែក​ពី​កំដៅ​ថ្ងៃ​ផង​ដែរ​។​ ​លើស​ពី​នេះ​បន្ថែម​ភាព​ស៊ីវិល័យ​ជាមួយ​ការ​ប្រើ​កាបូប​ស្ពាយ​តូច​ៗ​ ​វ៉ែនតា​ខ្មៅ​ ​និង​ស្បែកជើង​កែង​ក​ម្ពស់​ទា​ប់ ​និង​មាន​ពណ៌​ស្រាល​។​

            បន្ទាប់ពី​បាន​ជ្រាប​អំពី​ទំនោរ​ថ្មី​នៃ​ការ​ស្លៀកពាក់​ទាន់សម័យ​ជាមួយ​ជម្រើស​ខោ​ពណ៌​ស​ ​ជឿជាក់​ថា​មិត្ត​នារី​ទាំងឡាយ​នឹង​ទទួល​បាន​ចំណេះ​ដឹង​បន្ថែម​មួយទៀត​ទៅលើ​ការ​ស្លៀកពាក់​ ​និង​បង្កើត​គំនិតច្នៃប្រឌិត​បន្ថែម​ទៅ​តាមចំណូលចិត្ត​របស់​ខ្លួន​ឲ្យ​កាន់តែ​សម្បូរ​បែប​។​ ​ចាំ​ដល់ណា​ទៀត​! ​បង្កើត​មន្ត​ស្នេហ៍​ទាក់ទាញ​របស់​អ្នកជា​មួយ​ការ​លេង​ស្ទី​ល​ខោ​ស​សម្រាប់​រដូវ​ស្លឹកឈើ​ជ្រុះ​ពី​ឥឡូវនេះ​៕​

Article by SOVRIN


SUGGESTIONS