×

ហាង​កាហ្វេ​ដើម្បី​បំពេញ​តម្រូវ​ការចាំបាច់​របស់​អ្នកធ្វើការ​ឬ​សិស្ស​និស្សិត

TRAVEL & LIVING 2 weeks ago

            ហាង​ដែល​មាន​លក្ខណៈ​ជា​ផ្ទះតៀម​តូចល្មម​មួយ​កំពុង​បញ្ចេញ​សោភ័ណ​ភាព​ទាក់ទាញ​អ្នកដំណើរ​ជិត​ឆ្ងាយ​ស្ថិតនៅ​លើ​បណ្តោយ​ផ្លូវ​ ​៣​៥​០​ ​សង្កាត់​បឹង​កេងកង​៣​ ​ខណ្ឌ​បឹង​កេងកង​ ​រាជធានី​ភ្នំពេញ​។​ ​ហាង​នេះ​បើ​មើល​ពី​ខាងក្រៅ​ ​លោកអ្នក​នឹង​ឃើញ​មាន​ស្លាក​ឈ្មោះ​ហាង​ “SU​Z​Y​! ​Ant​i​-​Ca​f​é” ​ជា​រាង​រង្វង់​ពណ៌​លឿង​ឆើត​ស្រស់​លេចឡើង​ពី​ផ្ទៃ​ជញ្ជាំង​ពណ៌​ស​លាត​និង​កញ្ចក់​ធំ​ចាំង​ឆ្លុះ​ទៅ​ខាងក្នុង​ស្រឡះ​ល្អ​។​

            ដោយឡែក​ ​ផ្នែក​ខាងក្នុង​ហាង​ ​មានការ​តុបតែង​រចនា​លក្ខណៈ​បន្សំ​រវាង​ហាង​កាហ្វេ​ផង​ ​និង​ ​កន្លែងធ្វើការ​ផង​ ​ដែល​ឆ្លុះបញ្ចាំង​ពី​គោលគំនិត​អាជីវកម្ម​ចំបង​នៃ​ហាង​នេះ​តែម្តង​ ​ដែល​ខុសប្លែក​ពី​បណ្តា​ហាង​កាហ្វេ​ដទៃទៀត​ទាំងអស់​ដែល​កំពុង​មានដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​។​ ​តើ​វា​ខុសប្លែក​ពី​ហាង​កាហ្វេ​ទូ​ទៅត្រង់​ចំណុច​ណាខ្លះ​? ​ហាង​កាហ្វេ​ស៊ូ​ហ្ស៊ី ​ឬ​ SU​Z​Y​ ​Ant​i​-​Ca​f​é ​ជា​ទីកន្លែង​ដែល​ត្រូវ​បាន​រៀបចំ​បង្កើត​ឡើង​ដើម្បីឲ្យ​អតិថិជន​គ្រប់រូប​ដែល​មកកាន់​ទីនេះ​អាច​បង់ថ្លៃ​ពេលវេលា​ដែល​ពួកគេ​អង្គុយ​នៅ​ទីនេះ​ ​ថ​(​គិតជា​ម៉ោង​) ​ជំនួស​ថ្លៃ​កាហ្វេ​ ​ឬ​ ​ភេសជ្ជៈ​ដែល​លោកអ្នក​កុម្ម៉ង់​។​ ​នៅ​ទីនេះ​ ​លោកអ្នក​មិនបាច់​ព្រួយបារម្ភ​ថាត្រូវ​ចំណាយ​លុយ​កុម្ម៉ង់​ភេសជ្ជៈ​បន្ថែម​ដើម្បី​ចំណាយ​ពេល​អង្គុយ​ធ្វើការ​យូរ​នោះ​ទេ​ ​ពោល​គឺ​ ​បង់ថ្លៃ​ម៉ោង​ដែល​លោកអ្នក​ចង់​អង្គុយ​ហើយ​អាច​ទទួលទាន​ភេសជ្ជៈ​និង​នំនែក​ជា​ច្រើនមុខ​ដែល​មាននៅ​ទីនេះ​ដោយសេរី​និង​ ​មិន​មានការ​បង់​ប្រាក់​បន្ថែម​អ្វី​ទាំងអស់​។​ ​លោកអ្នក​ចំណាយ​ត្រឹមតែ​ 1.95 $ ​សម្រាប់​ការ​អង្គុយ​រយៈពេល​មួយម៉ោង​ ​ឬ​ 4.95 $ ​សម្រាប់​ការ​អង្គុយ​រយៈពេល​មួយថ្ងៃ​ពេញ​។​

            កញ្ញា​ ​រ៉េ​មី​ (Ré​m​i​) ​សហ​ស្ថាបនិក​ហាង​កាហ្វេ​ខាងលើ​បាន​ពន្យល់​ប្រាប់​ថា​ ​កញ្ញា​ដែល​ជា​អតីត​និស្សិត​ផ្នែក​ឌី​ហ្សា​ញ​ ​និង​ ​មិត្តភក្តិ​ឈ្មោះ​ ក្លែ​រ​ (C​lair​e​) ​អតីត​និស្សិត​ផ្នែក​ទំនាក់ទំនង​និង​គ្រប់គ្រង​គម្រោង​មនុស្សធម៌​ ​មកពី​ប្រទេស​បារាំង​ ​ហើយ​បាន​មក​រស់នៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជិត​១​០​ឆ្នាំ​មក​ហើយ​។​ ​រ៉េ​មី​ធ្លាប់ធ្វើ​ការ​នៅ​ហាង​កាហ្វេ​មួយ​នៅ​ទីក្រុង​ប៉ា​រី​ស​ ​ប៉ុន្តែ​ហាង​ Su​z​y​ ​នេះ​ជា​ហាង​កាហ្វេ​ផ្ទាល់ខ្លួន​លើកដំបូង​។​ ​មូលហេតុ​ដែល​កញ្ញា​និង​មិត្តភក្តិ​សម្រេច​ចិត្ត​វិនិយោគ​លើ​អាជីវកម្ម​ប្រភេទ​នេះ​គឺ​ដោយសារតែ​ពួកគេ​ទាំងពីរ​នាក់​ចង់​ណែនាំ​បរិយាកាស​ទីតាំង​ល្អ​មួយ​ប្រជាជន​កម្ពុជា​អាច​ចំណាយ​ពេល​យ៉ាង​រីករាយ​នៅ​ក្នុង​ហាង​កាហ្វេ​ក្នុង​បរិ​បទ​ថ្មី​ដែល​មិនធ្លាប់​មាន​ពីមុន​មក​។​ ​ការពិត​ទៅ​ ​គំនិត​នៃ​ប្រតិបត្តិការ​ហាង​កាហ្វេ​បែប​នេះ​មាន​វត្តមាន​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ខាងកើត​ប៉ុន្មាន​ឆ្នាំ​រួចមក​ហើយ​ ​។​ ​សហ​ស្ថាបនិក​ទាំងពីរ​រូប​បាន​គិត​ពាំ​នាំ​គំនិត​ប្រភេទ​ថ្មី​នេះ​មកកាន់​កម្ពុជា​អស់​រយៈពេល​បី​ឆ្នាំ​មក​ហើយ​គិត​មកដល់​សព្វថ្ងៃនេះ​។​

            កញ្ញា​បាន​បន្ត​ទៀត​ថា​ ​មុន​ពេល​សម្រេច​ចិត្ត​បើក​ហាង​មួយ​នេះ​ ​កញ្ញា​បាន​សិក្សា​ទី​ផ្សារ​ក្នុងស្រុក​ ​ហើយ​បាន​រក​ឃើញ​ថា​ ​ហាង​កាហ្វេ​ភាគច្រើន​នៅ​ទី​ក្រុងភ្នំពេញ​ផ្តល់​សេវាកម្ម​ប្រហាក់ប្រហែល​គ្នា​ ​មានន័យ​ថា​ ​ប្រសិនបើ​អ្នក​ចង់​ប្រើ​ទី​តាំងហាង​កាហ្វេ​សម្រាប់​ធ្វើការ​ ​អ្នក​​​ចាំបាច់​ត្រូវតែ​ចំណាយ​លើ​ថ្លៃ​ភេសជ្ជៈ​ ​ហើយ​កុម្ម៉ង់​ម្តងទៀត​ដើម្បី​នៅ​អង្គុយ​បាន​យូរ​។​ ​ផ្ទុយទៅវិញ​ ​សូ​ហ្ស៊ី​ជាទី​ផ្សារ​ប្រភេទ​ថ្មី​ដែល​រួមបញ្ចូល​លក្ខណៈ​ជា​ ​ប៊ូ​ហ្វេ​កាហ្វេ​ ​ទី​តាំងធ្វើ​ការ​ ​និង​ ​ជា​ផ្ទះ​ ​នៅ​ក្នុង​ហាង​តែមួយ​តែម្តង​។​ ​អតិថិជន​គោលដៅ​ ​គឺ​ ​ប្រជាជន​ក្នុងស្រុក​ផង​ ​និង​ ​ជនបរទេស​ដែល​ស្នាក់​នៅ​ក្នុង​ប្រទេស​ផង​ ​ដែល​មានបំណង​ស្វែងរក​ទីកន្លែង​សមរម្យ​ដើម្បី​សម្រាក​លម្ហែ​ ​ធ្វើការ​ ​សិក្សា​ ​ឬ​ ​លេង​ហ្គេ​ម​យ៉ាង​ស្ងប់ស្ងាត់​ ​មិនថា​ភ្ញៀវ​ទោល​ ​ឬ​ ​ភ្ញៀវ​ជា​ក្រុម​នោះ​ទេ​ ​ដោយសារ​នៅ​ទីនេះ​ ​មាន​តុ​ធំ​ៗ​ ​សេវាកម្ម​ម៉ាស៊ីន​ព្រី​ន​ឯកសារ​ដោយ​ឥត​គិតថ្លៃ​ ​ប៊ិច​ ​និង​ ​ក្រដាស​សម្រាប់​កត់ត្រា​ផ្សេងៗ​។​

            បើ​និយាយ​ពី​បញ្ជីរាយនាម​ភេសជ្ជៈ​វិញ​ ​ហាង​កាហ្វេ​ថ្មី​ទំនើប​ជាងគេ​នេះ​មាន​បម្រើ​នូវ​ប្រភេទ​កាហ្វេ​ ​ក្តៅ​និង​ត្រជាក់​ ​សូ​កូឡា​ ​តែ​ ​ជាពិសេស​គឺ​ប្រភេទ​តែ​លាយ​ពី​រុក្ខជាតិ​ចម្រុះ​ដែល​ជា​រូបមន្ត​ផ្ទាល់​របស់​ហាង​តែ​ ​ម្តង​។​ ​ភ្ញៀវ​ភាគច្រើន​និយម​ទទួលទានទឹក​សូ​កូឡា​ខ្មៅ​ដែល​ផ្សំ​ពី​ផ្លែ​កាកាវ​ធម្មជាតិ​ពិតៗ​និង​ជម្រើស​តែ​ប្រចាំ​ត្រកូល​របស់​ហាង​។​ ​អ្វី​ដែល​ជា​ដំណឹង​ល្អ​សម្រាប់​ដើម​ឆ្នាំ​២​០​២​១​នេះ​ ​គឺ​ ​ហាង​នឹង​មាន​បន្ថែម​មុខ​ភេសជ្ជៈ​ថ្មីៗ​ទៀត​ ​ប៉ុន្តែ​សូមលា​ក់​ឈ្មោះ​សិន​ ​ដើម្បី​ពញ្ញាក់​អារម្មណ៍​អតិថិជន​ក្នុងពេលឆាប់ៗ​នេះ​! ​ម្យ៉ាង​វិញទៀត​ ​អតិថិជន​គ្រប់រូប​នឹង​ទទួល​បាន​នូវ​ប​ណ្ណ​ពេលវេលា​មួយ​សន្លឹក​ដែល​ប្រើប្រាស់​ដូចជា​ប​ណ្ណ​សន្សំ​ពិន្ទុ​សម្រាប់​លើក​ ​ទឹកចិត្ត​អតិថិជន​ចាស់​ (​Loyalty​ ​Card​) ​ផង​ដែរ​។​

            “​ប្រជាជន​កម្ពុជា​ជំនាន់​ថ្មី​នេះ​ពិត​ជាសកម្ម​ ​ចង់​ដឹង​ចង់​សាកល្បង​អ្វី​ថ្មីៗ​ប្លែកៗ​ ​ហើយ​តែងតែ​ព្យាយាម​រង់ចាំ​មើល​នូវ​ការ​ផ្តល់​ជូន​ថ្មីៗ​រហូត​។​ ​ពួកគេ​ចូលចិត្ត​អារម្មណ៍​ភ្ញាក់ផ្អើល​ ​សប្បាយរីករាយ​ ​និង​ ​ជក់ចិត្ត​នឹង​ភេសជ្ជៈ​ឆ្ងាញ់​ៗ​ ​នៅ​ពេល​ពួកគេ​កំពុង​បំ​ពេញការ​ងារ​ ​កំពុង​រៀន​ ​ឬ​ ​កំពុង​ដើរលេង​លម្ហែ​ជាមួយ​មិត្តភក្តិ​នៅ​ក្នុង​ទីតាំង​ដ៏​សែន​មនោ​រម្យ​។​ ​ពួកយើង​គិតថា​ SU​Z​Y​ ​គឺជា​កន្លែង​ដែល​ពួកគេ​អាច​ធ្វើ​រឿង​ទាំងអស់​នេះ​ប្រកបដោយ​ផាសុកភាព​ពិតប្រាកដ​” ​ស្ថាបនិក​ហាង​បាន​អះអាង​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN


SUGGESTIONS