×

​វិធី​តុបតែង​មុខ​ងាយ​ៗ​ដើម្បី​ទទួល​បាន​មន្ត​ស្នេហ៍​ទាក់ទាញ​ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​

FASHION & BEAUTY 2 months ago

           ទិវា​នៃ​ក្តី​ស្រឡាញ់​ ​ឬ​ ​Valentine​’s ​Day​ ​ជា​ឱកាស​ដ៏​ល្អ​តែម្តង​ក្នុង​មួយ​ឆ្នាំនេះ​ខិត​ជិត​ចូល​មកដល់​ ​ជឿជាក់​ថា​ប្រិយ​មិត្ត​ប្រាកដជា​មាន​គម្រោង​នឹង​ទៅ​បង្កើត​អនុ​ស្សា​វ​រី​យ៍​ល្អ​ៗ​ជាមួយ​មិត្ត​ស្និទ្ធស្នាល​ ​ក្រុម​គ្រួសារ​ ​ឬ​គូ​ស្នេហ៍​ ​នៅកន្លែង​រ៉ូ​មែន​ទិច​ណាមួយ​មិនខាន​។​ ​ចុះ​សម្រាប់​មិត្ត​ៗ​នារី​បាន​ត្រៀម​ខ្លួន​រួចហើយ​ឬនៅ​ក្នុង​ការ​បង្ហាញខ្លួន​ប្រកបដោយ​ភាព​ជឿជាក់​?​អម​នឹង​បរិយាកាស​ជួបជុំ​ផ្អែមល្ហែម​នេះ​ដែរ​ ​សូវ​រី​ន​ ​សូម​បង្ហាញ​ពី​ការ​រៀបខ្លួន​ជា​លក្ខណៈ​ពិសេស​តាំងពី​ចុង​សក់​ដល់​ចុងជើង​ ​ដើម្បី​ផ្តល់​ជា​ទំនុក​ចិត្ត​សម្រាប់​មិត្ត​ៗ​នារី​ក្នុង​ការ​ទួល​យកក្តី​ស្រឡាញ់​នៅ​ក្នុង​ថ្ងៃ​ ​Valentine​’s ​Day​។​ ​ទំនោរ​នៃ​ការរៀបចំ​ខ្លួន​លើក​នេះ​ហាក់​ខុសប្លែក​សព្វ​មួយដង​ ​ដោយ​យើង​មិន​ផ្តោត​ទៅលើ​ភាព​ឆើតឆាយ​ឬ​សិចស៊ី​ដូចមុន​ឡើយ​ ​ប៉ុន្តែ​ផ្ទុយ​មកវិញ​យើង​ងាក​មក​ទោរទន់​នឹង​ទំនោរ​ស្រស់​ស្អាត​បែប​ទន់ភ្លន់​ ​ស្រាល​ស្រទន់​ ​និង​ស្រស់បំព្រង​គួរឲ្យ​ក្នក់​ក្នាញ់​ជាទីបំផុត​។​

           ជំហាន​ទី​១​៖​ ​យើង​នឹង​ចាប់ផ្តើម​ទៅលើ​ផ្ទៃមុខ​ដោយ​ផ្តោត​លើ​ការ​តុបតែង​បែប​ងាយ​ៗ​លាយ​ជាមួយ​ការ​លេង​ពណ៌​បែប​ស្រាល​ៗ​ឬ​យើង​ហៅ​ម្យ៉ាងទៀត​ថា​បែប​ធម្មជាតិ​។​ ​ការ​ស​ម្អា​ត​ផ្ទៃមុខ​មុន​ពេល​ផាត់​គឺជា​កត្តា​ចាំបាច់​មួយ​ដែល​សុភាព​នារី​មិនគួរ​រំលង​ ​ដោយសារតែ​វា​មិន​ត្រឹមតែ​ជួយ​ស​ម្អា​ត​សារធាតុ​កខ្វក់​ ​និង​ខ្លាញ់​ប៉ុណ្ណោះ​ទេ​ ​តែ​ថែមទាំង​ផ្តល់ឲ្យ​ការ​ផាត់​ម្សៅ​ចូល​សព្វ​សាច់​មុខ​ល្អ​ផង​ដែរ​។​ ​ក្រោយ​ពី​អ្នកជំនាញ​របស់​ ​សូវ​រី​ន​ ​ធ្វើការ​ស​ម្អា​ត​មុខ​ឲ្យ​សុភាព​នារី​រួចរាល់​យើង​ក៏​មិន​ភ្លេច​បន្ថែម​នូវ​កា​រលាប​ឡេ​ទ្រនាប់​ដើម្បី​ផ្តល់​សំណើម​ក៏ដូចជា​សម្រាប់​ជំនួយ​ដល់​ការ​ផាត់ម្សៅ​ឲ្យ​ជ្រាប​ស្មើ​ល្អ​ផង​ដែរ​។​

           ​ជំហាន​ទី​២​៖​ ​យើង​សង្កេតឃើញ​ថា​សុភាព​នារី​ម្នាក់​នេះ​មាន​សម្បុរសណ្តែកបាយ​ ​រីឯ​ទម្រង់​មុខ​មាន​ចំណុច​ខ្វះខាត​តែ​បន្តិច​នៅត្រង់​បរិវេណ​ថ្ពាល់​ ​ដូចនេះ​ជំហាន​បន្ទាប់​ការប្រើប្រាស់​ម្សៅ​ទ្រនាប់​ពណ៌​រាង​ស្រគាំ​ម​កលាប​សព្វ​ពេញ​ផ្ទៃមុខ​គឺ​ពិតជា​ស័ក្តិសម​បំផុត​ ​ចំណែក​បរិវេណ​ត្រង់​សាច់​ថ្ពាល់​លើស​យើង​បាន​បន្ថែម​ C​out​ur​e​ ​ប្រភេទ​ទឹក​គូស​អូស​ពី​គុម្ព​ត្រចៀក​​មក​ឆ្អឹង​ថ្ពាល់​ ​ព្រមទាំង​បន្ថែម​ឆ្នូត​អូស​ស្របតាម​បណ្តោយ​ឆ្អឹងថ្គាម​ដើម្បី​ជា​ស្រមោល​ដែល​នឹង​រំលេច​ទម្រង់​មុខ​ឃើញ​រាង​ច្បាស់​ល្អ​។​ ​យើង​ជ្រើសរើស​ម្សៅ​ហុយ​ពណ៌​ភ្លឺ​ជាង​សាច់​មុខ​បន្តិច​យកមក​ផាត់​សើៗ​ ​រួចហើយ​ចាប់ផ្តើម​យក​ម្សៅ​ផាត់​មក​ផាត់​ស្រាល​ៗ​ឲ្យ​មើលទៅ​ឃើញ​ស្តើង​ស្រទន់​បែប​ធម្មជាតិ​។​ ​គួរ​បញ្ជាក់​ដែរ​ថា​សម្រាប់​សម្ភារ​តុបតែង​មុខ​យើង​ជ្រើសរើស​ការប្រើប្រាស់​ជក់​ជំនួស​ឲ្យការ​ប្រើ​ប៉ុង​ ​ដោយសារ​ការ​ប្រើ​ជក់​ធ្វើឲ្យ​សាច់​ម្សៅ​ឃើញ​ស្រាល​ ​និង​មិន​កក​។​

           ជំហាន​ទី​៣​៖​ ​មុន​ឈាន​ដល់​ការ​តុបតែង​រង្វង់ភ្នែក​ ​យើង​បាន​បន្ថែម​ ​Contour​ ​ប្រភេទ​ហុយ​ពណ៌​ស្រាល​ស្រគាំ​ផាត់​អូស​ពី​គុម្ពត្រចៀក​មក​ឆ្អឹង​ថ្ពាល់​ម្តងទៀត​ ​ជាពិសេស​ប្រើ​ហាយ​ឡាយ​ពណ៌​ស​ទឹកប្រាក់​បន្ថែម​ពន្លឺ​នៅត្រង់​ចំណុច​រំលេច​ទម្រង់​មុខ​ដូចជា​ ​ខ្ទង់​ចម្រុះ​ ​កណ្តាល​រឹមបបូរមាត់​ ​លើ​ចង្កា​ ​លើ​ឆ្អឹង​ថ្ពាល់​ ​កណ្តាល​ថ្ងាស​ ​និង​គល់​ភ្នែក​។​ ​រដូវ​កាល​ ​Valentine​’s ​Day​ ​ការ​លេង​ភ្នែក​ពណ៌​ផ្កាឈូក​ពិតជា​ស័ក្តិសម​បំផុត​ដែល​បង្ហាញ​ពី​ភាពជា​នារី​ទន់ភ្លន់​តែ​មាន​មន្ត​ស្នេហ៍​ទាក់ទាញ​គួរឲ្យ​ចង់​នែបនិត្យ​ ​យើង​ជ្រើសរើស​ពណ៌​ផ្កាឈូក​ស្រស់​លាប​ពេញ​ត្របកភ្នែក​ហើយ​បន្ថែម​ពណ៌​ប្រាក់​ភ្លឺផ្លេក​នៅ​លើ​ត្របកភ្នែក​កៀក​ទៅ​នឹង​ចិញ្ចើម​។​ ​ដើម្បីឲ្យ​ភ្នែក​កាន់តែ​លេចធ្លោ​យើង​ក៏​បន្ថែម​ពណ៌​ផ្កាឈូក​នៅត្រង់​រឹម​ភ្នែក​ខាងក្រោម​ផង​ដែរ​។​ ​ដោយសារ​ការតុង​តែង​មុខ​ផ្តោត​សំខាន់​លើ​ទំនោរ​បែប​ធម្មជាតិ​ ​ដូច្នេះ​យើង​មិន​ចាំបាច់​ប្រើប្រាស់​រោមភ្នែក​បំពាក់​ ​ឬ​គូស​ ​eye​liner​ ​ឲ្យ​ឃើញច្បាស់​ឡើយ​ ​ដោយ​គ្រាន់តែ​ប្រើ​ ​eye​liner​ ​ប្រភេទ​ខ្មៅដៃ​គូស​ស្រាល​ៗ​លើ​ខ្សែ​ត្របកភ្នែក​ខាងលើ​ ​និង​ខាងក្រោម​ ​និង​លាប​ម៉ា​ស្កា​រ៉ា​លើ​រោមភ្នែក​ជាការស្រេច​។​ ​ស​មា្រប់​ផ្នែក​ចិញ្ចើម​វិញ​ ​ដោយសារ​ចិញ្ចើម​សុភាព​នារី​មាន​រោម​ក្រាស់​ ​និង​មាន​រាង​ស្រាប់​ ​យើង​គ្រាន់តែ​ប្រើ​ជក់​បោស​ចិញ្ចើម​យក​រាង​ជាមួយនឹង​ពណ៌​សូ​កូឡា​ហើយ​គូស​កន្ទុយ​ចិញ្ចើម​បា​ស់​ឡើង​បន្តិច​ដើម្បី​លើក​ទម្រង់​ភ្នែក​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​។​

           ​ជំហាន​ទី​៤​៖​ ​ចុងក្រោយ​ ​បង្កើន​មន្ត​ស្នេហ៍​លើ​រង្វង់​មុខ​ដោយ​ប្រើ​គូ​ល័​រ​ពណ៌​ផ្កាឈូក​ផាត់​ទៅលើ​តំបន់​ឆ្អឹង​ថ្ពាល់​ពិសេស​បោស​សើៗ​នៅ​លើ​រង្វង់​ថ្ងាស​បន្តិច​ចង្កា​បន្តិច​ ​រីឯ​ពណ៌​បបូរមាត់​វិញ​យើង​ប្រើ​ពណ៌​ឈូក​បែក​ស្វាយ​ ​ព្រមទាំង​បន្ថែម​ពណ៌ក្រហម​ខាងក្នុង​ដើម្បីឲ្យ​ស្នាម​ញញឹម​កាន់តែ​មាន​ភាព​ស្រស់​ស្អាត​ឡើង​។​ ​មិនថា​ការ​តុបតែង​មុខ​ ​ធ្វើសក់​ ​រួម​ជាមួយ​ការ​ស្លៀកពាក់​ឲ្យ​សម​សួនស័ក្តិ​សមនឹង​បរិយាកាស​ ​សុទ្ធតែ​ជា​ស្នូល​ចម្បង​នៃ​ភាព​ស្រស់​ស្អាត​របស់​ស្ត្រី​ ​ហេតុ​ដូចនេះ​បន្ទាប់ពី​តុបតែង​មុខ​រួចរាល់​ ​អ្នកជំនាញ​របស់យើង​បាន​ជ្រើសរើស​ការ​ធ្វើ​ម៉ូដ​សក់​មូរ​រួញ​ទម្លាក់​ភ្លី​រលក​ធំ​ៗ​បក​ទៅ​ក្រោយដែល​មើលទៅ​សាមញ្ញ​ប៉ុន្តែ​ទាន់សម័យ​ស៊ី​សង្វាក់​គ្នា​ឥត​ខ្ចោះ​នឹង​ការ​បំពាក់​ស​ម្លៀ​ក​បំ​ពាក់អាវ​ពណ៌​ស​ម៉ូដ​វៀល​ដៃ​មួយ​ចំហៀង​ទុ​យ​នុយ​ជាមួយ​ខោ​ជើង​ធំ​ជើង​ស្ទើរ​ពណ៌​ផ្កាឈូក​ស្រាល​ពិតជា​ផ្តល់​នូវ​ភាព​ស៊ីវិល័យ​ឥត​ខ្ចោះ​ចំពោះ​ការ​បង្ហាញខ្លួន​នៅ​ក្នុង​ថ្ងៃ​ ​Valentine​’s ​Day​។

           ​ត្រឹមតែ​មួយ​ប៉ប្រិច​ភ្នែក​សុភា​នារី​របស់យើង​បាន​ប្រែក្លាយ​ខ្លួន​ជានា​រី​ដ៏​ស្រស់​ស្អាត​ទាន់សម័យ​ ​ថ្លៃថ្នូរ​ ​និង​គួរឲ្យ​ស្រឡាញ់​បំផុត​ដែល​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការ​ចែករំលែក​ក្តី​ស្រឡាញ់​ជាមួយ​មនុស្សជា​ទីស្រឡាញ់​នៅ​ក្នុង​ថ្ងៃ​ ​Valentine​’s ​Day​។​ ​អូ​! ​នៅ​មិនទាន់​រួចរាល់​នោះ​ទេ​ ​ចុះ​សម្រាប់​ប្រិយ​មិត្ត​អ្នកអាន​វិញ​ ​តើ​អ្នក​ត្រៀម​ខ្លួន​រួចហើយ​ឬនៅ​? ​បើ​នៅ​មិនទាន់​នោះ​ទេ​គួរតែ​រួសរាន់​ពី​ឥឡូវនេះ​៕​

Article​ ​by​ ​HEM​ ​SO​KK​HIM


SUGGESTIONS