×

បាញ់កាញ់​ស្វាយរៀង​ ​ឬ​បាញ់កាញ់​ម្សៅ​បុក​

TRAVEL & LIVING 2 months ago

            ​ស្វាយរៀង​ជា​ខេត្ត​នៅ​ចុង​ប៉ែក​អាគ្នេយ៍​បំផុត​នៃ​ប្រទេស​កម្ពុជា​យើង​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​។​ ​ថ្វី​ដ្បិតតែ​ខេត្ត​នេះ​មិនមែន​ជា​ស្ថិត​ក្នុង​ប៉ូល​ទេសចរណ៍​សំខាន់​ ​តែ​ខេត្ត​នេះ​នៅតែ​រក្សា​ខ្ជាប់​នូវ​អត្តសញ្ញាណ​វប្បធម៌​ជាច្រើន​ដែល​ខេត្ត​ផ្សេងៗ​ទៀត​មិន​មាន​បន្ត​ដល់​សព្វថ្ងៃ​ឡើយ​។​ ​បើ​និយាយ​ពី​ម្ហូបអាហារ​ដែល​ជា​មែកធាង​មួយ​នៃ​វប្បធម៌​នោះ​ ​ខេត្ត​ទឹកដី​ចំពុះទា​មួយ​នេះ​បង្កប់​នូវ​អត្តសញ្ញាណ​រសជាតិ​ប្រចាំ​ខេត្ត​ជាច្រើន​រហូតដល់​ពេល​បច្ចុប្បន្ន​ ​ជាអាទិ៍​ ​រួម​មាន​ ​សម្ល​កកូរ​កណ្តៀង​ ​សាច់ជ្រូក​រំលីង​ជ្រក់​សណ្តែ​ក​ ​ជ្រក់​ធាង​ត្រាវ​ ​និង​បាញ់កាញ់​ម្សៅ​បុក​ជាដើម​។​ ​ក្នុង​លេខ​នេះ​យើង​នឹង​នាំ​អារម្មណ៍​អ្នក​ទាំងអស់គ្នា​មក​ឈ្វេងយល់​អំពី​អាហារ​ប្រពៃ​ ​ណី​មួយ​មុខ​ក្នុងចំណោម​នោះ​គឺ​ ​បាញ់កាញ់​ម្សៅ​អង្ករបុក​ ​ដែលគេ​និយម​ហៅថា​ “​បាញ់កាញ់​ស្វាយរៀង​”។​

            ​បើ​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅដល់​ទីរួមខេត្ត​ស្វាយរៀង​ត្រង់​ចំណុច​រង្វង់​មូល​វិមានឯករាជ្យ​ ​លោកអ្នក​ត្រូវ​បត់​ស្តាំ​តាមផ្លូវ​ចំហៀង​ខាងស្តាំ​នៃ​រោងភាពយន្ត​ ​ហើយ​បន្ត​ដំណើរ​ម​កត្រង់​រហូតដល់​ម្តុំ​ធនាគារ​កា​ណា​ឌី​យ៉ា​ ​ទើប​បត់ឆ្វេង​ដៃ​តែ​ប៉ុន្មាន​រយ​ម៉ែត្រ​ ​នោះ​លោកអ្នក​នឹង​ឃើញ​អាហារដ្ឋាន​តូច​តែ​អ៊ូអរ​មួយ​កន្លែងនៅ​ខាងឆ្វេង​ដៃ​ជាប់នឹង​ផ្ទះល្វែង​សង់​ថ្មី​។​ ​អាហារដ្ឋាន​នោះ​មាន​លក្ខណៈ​ជា​ផ្ទះ​អ្នកស្រុក​ដែល​មាន​លក់ដូរ​បន្តិចបន្តួច​ខាងមុខ​ ​មិន​មាន​ស្លាក​សញ្ញា​សម្គាល់​អាជីវកម្ម​នៅឡើយ​ទេ​ ​ប៉ុន្តែ​អ្នក​ទីរួមខេត្ត​ស្វាយរៀង​ស្គាល់​ច្បាស់​ណាស់​ថា​ជា​កន្លែង​លក់​បបរ​បាញ់កាញ់​ឆ្ងាញ់​ជាងគេ​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​រោង​បន្លែ​ ​សង្កាត់​ស្វាយរៀង​ ​ក្រុង​ស្វាយរៀង​ ​ហើយ​មាន​ប្រវត្តិ​អាជីវកម្ម​តាំងពី​សម័យ​សាធារណរដ្ឋប្រជាមានិត​កម្ពុជា​ (​ទសវត្សរ៍​ទី​៨​០​) ​មក​ម្ល៉េះ​។​

            ​​អ៊ំស្រី​ ​កុយ​ ​បុប្ផា​ ​វ័យ​៦​៤​ឆ្នាំ​ ​ម្ចាស់​អាហារដ្ឋាន​ដែល​មាន​ស្រុកកំណើត​ផ្ទាល់​នៅ​ខេត្ត​ស្វាយរៀង​បាន​​រំ​ព្ញ​ក​អំពី​ប្រវត្តិ​អាជីវកម្ម​នេះ​ថា​ ​គាត់​ចេះ​ធ្វើ​បាញ់កាញ់​ស្វាយរៀង​នេះ​តាំងពី​វ័យក្មេង​មក​ម្ល៉េះ​ពី​ម្តាយ​របស់​គាត់​ព្រោះ​បាញ់កាញ់​នេះ​ជា​អាហារ​ប្រពៃណី​របស់​អ្នក​ខេត្ត​នេះ​តាំងពី​មុន​របប​ប៉ុ​ល​ព​ត​ ​ហើយ​គេ​និយម​ធ្វើ​លក់​ជាហូរហែ​ជា​ប្រចាំថ្ងៃ​តាំងពី​ជំនាន់​នោះ​ម្ល៉េះ​។​ “​កាល​ឆ្នាំ​១​៩​៧​៩​ ​ខ្ញុំ​ធ្វើ​រែក​យកទៅ​លក់​នៅ​ឯ​ផ្សារ ​(​វាល​យន្ត​)​។​បងប្អូន​យើង​ចេះតែ​កាក់ៗ​កុំឲ្យ​យើង​ទៅដល់​ផ្សារ​ ​ឬ​យក​ដល់​ផ្ទះ​ (​គេ​) ​តែម្តង​។​ ​ដល់យូរៗទៅ​គេ​ស្គាល់​ទាំងអស់​! ​អ្នកធ្វើការ​គ្រប់​មន្ទីរ​សុទ្ធតែ​ជា​ពួកម៉ាក​រៀន​ជាមួយគ្នា​ ​ចេះតែ​ជួយ​ផ្សាយ​! ​ទិញ​យូរ​ៗ​ ​រហូតមកដល់​ផ្ទះ​ ​ចាំ​នៅនឹង​ច​ង្រ្កា​ន​តែម្តង​ ​អ៊ីចឹង​យើង​រៀបតុ​ ​រៀប​កៅអី​តែម្តង​”​។​

            ​​អ៊ំស្រី​បាន​បន្ត​ទៀត​ថា​ ​ដំបូង​ឡើយ​ ​គ្រាន់តែ​រៀប​ជា​តុ​ ​និង​កៅអី​សាមញ្ញ​នៅមុខ​ផ្ទះ​ប៉ុណ្ណោះ​។​ ​លុះក្រោយមក​ ​អាជីវកម្ម​នេះ​ចេះតែ​រីក​ដុះដាល​រហូតដល់​សង់​ដំបូល​ប្រក់​ជា​ស័ង្កសី​មួយ​កំណាត់​ ​ហើយ​ទើប​វិវឌ្ឍ​ទៅជា​រោង​ធំ​សង់​លយ​បន្ត​ទៅខាងមុខ​ពេញ​តែម្តង​សម្រាប់​លក់​ដល់​សព្វថ្ងៃ​ ​ឆ្លើយតបនឹង​កំណើន​អតិថិជន​ប្រចាំថ្ងៃ​។​ ​ចំពោះ​អតិថិជន​ដែល​ទទួលទាន​បាញ់កាញ់​ស្វាយរៀង​នៅ​ទីនេះ​មាន​មក​ពីគ្រប់ទិស​ទី​ ​គ្រប់​ស្រទាប់​វណ្ណៈ​ ​មិនមែន​តែ​អ្នក​រស់នៅ​ក្រុង​ស្វាយរៀង​នោះ​ទេ​ដែល​ទទួលស្គាល់​និង​គាំទ្រ​។​ ​សូម្បីតែ​អាណិក​ ​ជន​អាមេរិក​ដែល​មកលេង​ស្រុកខ្មែរ​ ​ម​ន្រ្តី​រាជការ​ធំ​ៗ​ ​ក្រុម​យុវជន​ ​និង​ ​ក្រុម​ការងារ​ពី​ស្ថាប័ន​ឯកជន​ផ្សេងៗ​ក៏​មក​មិនចេះដាច់​ដែរ​។​ ​នៅ​ពេល​បុណ្យទាន​ធំ​ៗ​ ​គាត់​អាច​លក់ដាច់​អស់​រហូត​អង្ករ​១​តៅ​ ​ហើយ​កា​រលក់​នោះ​ទៀតសោត​ ​គឺ​ត្រឹម​ពេលព្រឹក​លក់ដាច់​អស់ហើយ​ ​ជាទូទៅ​ត្រឹមតែ​ប្រហែល​មួយម៉ោង​ប៉ុណ្ណោះ​។​ ​រីឯ​ពេលរសៀល​ ​មាន​សល់​លក់​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។​

            ​​ចុះ​អ្វី​ទៅជា​លក្ខណៈ​ពិសេស​នៃ​បាញ់កាញ់​ស្វាយរៀង​ដែល​ទាក់ចិត្ត​អ្នកដំណើរ​គ្រប់ទិសទី​បែប​នេះ​? “​គឺថា​អ្វីៗ​មាន​លក្ខណៈ​ធម្មជាតិ​ណា​! ​អ្វីៗ​ធ្វើ​ដោយដៃ​ ​ធ្វើខ្លួន​ឯង​ ​ម្ទេស​ស្អី​ក៏​ធ្វើខ្លួន​ឯង​ ​គេ​ចង់បាន​អ៊ីចឹង​ ​គេ​ធ្លាប់​ហូប​ ​ដល់ទៅ​តំបន់​ឆ្ងាយ​ៗ​អត់មាន​ ​ដល់​អត់មាន​គេ​ឃ្លាន​ហើយ​។​ ​អានេះ​ធ្វើ​ម៉ា​ពេល​ ​លក់​ម៉ា​ពេល​! ​អ្នក​នៅ​ភ្នំពេញ​ក៏​កុម្ម៉ង់​យកទៅ​ (​ហូប​)! ” ​អ៊ំស្រី​បាន​ពន្យល់​។​ ​មួយវិញទៀត​ ​ដោយសារ​បច្ចេកទេស​ធ្វើមាន​ ​លក្ខណៈ​ទៅតាម​ក្បួនខ្នាត​បែប​បុរាណ​ ​បាញ់កាញ់​នេះ​មាន​លក្ខណៈ​ថ្មីៗ​ស្រស់​ល្អ​ ​ផលិត​ចេញពី​អង្ករខ្សាយ​សុទ្ធសាធ​ ​មិន​មាន​លាយ​សារធាតុ​គីមី​ឲ្យ​រក្សាទុក​បាន​យូរ​។​ ​ប៉ុន្តែ​ប្រសិនបើ​ចង់​រក្សាទុក​ឲ្យបាន​យូរ​បន្តិច​ត្រឹម​ចំនួន​ពីរ​ថ្ងៃ​ ​ត្រូវ​ហាលថ្ងៃ​បន្ថែម​ឲ្យ​ម្សៅ​កាន់តែ​ស្ងួត​ល្អ​ ​តែ​នៅតែ​មិន​អាច​​​រក្សាទុក​ដល់​រាប់​ខែ​ដូច​បាញ់កាញ់​នាំចូល​ពី​ប្រទេសជិតខាង​ដែល​មាន​លក់​នៅ​តាម​ទី​ផ្សារ​ស្រាប់​ៗ​នោះ​ដែរ​។​

            ​ចំពោះ​វិធី​ធ្វើ​បាញ់កាញ់​ខាងលើ​មាន​លក្ខណៈ​សាមញ្ញ​បំផុត​ ​ដំបូង​ត្រូវ​ត្រាំ​អង្ករខ្សាយ​ពី​ល្ងាច​ ​ហើយ​យកទៅ​កិន​ជា​ម្សៅ​រួច​ទើប​យក​ម្សៅ​នោះ​មក​វាស​លើ​គម្រប​ឆ្នាំង​ ​ឬ​ក្រណាត់​ដូច​ការ​ធ្វើ​គុយទាវ​ដែរ​ ​ប៉ុន្តែ​ធ្វើ​វា​ឲ្យ​ក្លាយ​ជា​បន្ទះ​ក្រាស់​ៗ​។​ ​ក្រោយ​ពី​វាស​លើ​គម្រប​ឆ្នាំង​ឲ្យ​ឆ្អិន​ហើយ​ ​ទើប​យកទៅ​សំដិល​ហាលឲ្យស្ងួត​បន្តិច​ហើយ​ហាន់​វា​ឲ្យតូច​ៗ​ល្មម​ទទួលទាន​បាន​។​ ​គួរ​បញ្ជាក់​ថា​ ​បន្ទះ​ម្សៅ​ដែល​វាស​លើ​គម្រប​ឆ្នាំង​នោះ​អាច​ផលិត​ចេញ​ជា​បាញ់កាញ់​សម្រេច​ជិត​មួយគីឡូក្រាម​។​ ​ទៅ​ថ្ងៃ​អនាគត​ ​ម្ចាស់​ហាង​បាញ់កាញ់​ស្វាយរៀង​រូប​នេះ​ពុំ​មានបំណង​ចង់បើ​ក​សាខា​ហាង​នេះ​នៅ​ទីតាំង​ណា​ផ្សេងទៀត​ទេ​ ​ដោយហេតុថា​គាត់​ចង់​ពង្រឹង​កា​រលក់​តែ​ក្នុង​មូលដ្ឋាន​ទៅតាម​កម្លាំង​ក្រុម​គ្រួសារ​ជាក់ស្តែង​ដែល​មានតែ​រូប​គាត់​និង​កូន​ៗ​ជួយ​ខ្លះ​ប៉ុណ្ណោះ​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS