×

បញ្ហា​ស្លាក​ស្នាម​ ឬ​ទម្រង់​មុខ​មាន​ចំណុច​ខ្វះ​ខាត​មិន​មែន​ជា​បញ្ហា​ធំ​សម្រាប់​សុភាព​នារី​ទៀត​ហើយ​ គ្រាន់​តែ​អ្នក​សាក​ល្បង​អនុវត្ត​វិធី​សាស្រ្ត​បែប​ងាយ​ៗ​ជា​មួយ​ការ​ប្រើ​Concealer​ ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ក្បូន​ខ្នាត​

FASHION & BEAUTY 6 years ago
 
 

          ស្បែក​​មុខ​​មិន​​រលោង មុខ​​កើត​​មុន​​បណ្តាល​ឲ្យ​​មាន​​ស្នាម​អុជ​​ខ្មៅ​ រង្វង់​​ភ្នែក​​ខ្មៅ​ស្រ​អាប់​ ​ទម្រង់​មុខ​មិន​​ស្អាត ទាំង​​នេះ​​សុទ្ធ​សឹង​​ជា​​ផល​ប៉ះ​​ពាល់​ដល់​សម្រស់​មិត្ត​នា​រី​ដែល​​ធ្វើ​ឲ្យ​​ពួក​គាត់​​​មាន​​កង្វល់​​ ហើយ​​តែង​​ខិត​ខំ​ស្វែង​​រក​​គ្រប់​វិ​ធី​​សាស្រ្ត​​ដើ​ម្បី​លុប​បំ​បាត់​បញ្ហា​ទាំង​អស់​​​នេះ។ ក្រៅ​ពី​​ការ​​ប្រើ​ប្រាស់​ផលិត​​ផល​បំ​ប៉ន​​ដើ​ម្បី​​ជា​​ជំ​នួយ​ក្នុង​​ការ​​លុប​បំ​បាត់​នូវ​​បញ្ហា​ទាំង​​នេះ​ហើយ ​ការ​​ផាត់​មុខ​​គឺ​​ជា​​វិ​ធី​សាស្រ្ត​​មួយ​ទៀត​ដើ​ម្បី​​លុប​បំ​បាត់​ស្លាក​ស្នា​ម​​នៅ​លើ​ផ្ទៃ​មុខ​​ និង​​បន្ថែម​​ភាព​​ស្រស់​ស្អាត​​ដល់​​មិត្ត​នា​រី​ក្នុង​​ការ​​រស់​នៅ​​ប្រ​ចាំ​​ថ្ងៃ​​ផង​​ដែរ​។ និ​យាយ​ពី​​ការ​​ផាត់​មុខ​វិញ មាន​​ដំ​ណាក់​កាល​​ជា​​ច្រើន​​ដែល​​ជួយ​​លុប​បំ​បាត់​ស្លាក​ស្នាម និង​បង្កើន​​សម្រស់​ដល់​មិត្ត​នា​រី។ ក៏​ប៉ុន្តែ​​ដំ​ណាក់​កាល​ដែល​​សំ​ខាន់ និង​​មាន​​ប្រ​សិទ្ធ​ភាព​ជាង​​គេ​ដែល​​មិត្ត​នា​រី​        មិន​​​គួរ​រំ​លង​​នោះ​​គឺ​​ការ​​លាប​ម្សៅ​បិត​បាំង​ស្លាក​ស្នាម​(Concealer)។ Concealer ​គឺ​​ជា​​គ្រឿង​​សម្អាង​​​មួយ​​ប្រ​ភេទ​​ដែល​​ត្រូវ​បាន​​ផលិត​ចេញ​​មក​​សម្រាប់​ជួយ​បិទ​បាំង​​រាល់​ស្លាក​ស្នាម​នៅ​​លើ​​ផ្ទៃ​​​មុខ​​របស់​មិត្ត​នា​រី​ និង​​បន្ថែ​ម​​ភាព​ភ្លឺ​​រលោង​​ចែង​​ចាំង​​ដល់​ផ្ទៃ​​មុខ​​យ៉ាង​​មាន​​ប្រ​សិទ្ធ​​ភាព​។  បន្ថែម​​ពី​​នេះ​​ទៀត​​នោះ មិត្ត​នារី​អាច​​កែ​​ប្រែ​​ទម្រង់​មុខ​​របស់​ខ្លួន​​បាន​ទៅ​​តាម​ទម្រង់​ដែល​​ខ្លួន​​ពេញ​ចិត្ត​ដោយ​​ការ​​ប្រើ​Concealer​នេះ​បូក​រួម​ជា​មួយ​និង​​បណ្តា​គ្រឿង​​សម្អាង​មួយ​ចំនួន​ទៀត​ផង​ដែរ​។ សម្រាប់​លេខ​ថ្មី​នេះ សូវ​រីន​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក​វិ​ធី​សាស្ត្រ​ទាក់​ទង​​និង​ការ​ប្រើ​ប្រាស់​Concealer ដែល​អ្នក​​ជំ​នាញ​ផ្នែក​​ផាត់​​មុខ​​​មួយ​ចំនួន​​កំពុង​​តែ​​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​នេះ​​ដើម្បី​​ទទួល​​បាន​នូវ​​ទម្រង់​ដែល​ពោរ​ពេញ​ដោយ​ភាព​លេច​ធ្លោ ស៊ិច​ស៊ី​បែប​នារី​បច្ចឹម​ប្រទេស​ដ៏​​ស្រស់​ស្អាត ហើយ​ចំណុច​ពិសេស​នៃ​ការ​ប្រើ​Concealer គឺ​អាច​បិត​បាំង​រាល់​ចំណុច​ខ្វះ​ខាត​​​​ដែល​មាន​នៅ​លើ​ទម្រង់​មុខ​របស់​សុភាព​នារី​ផង​ដែរ​។

  1. ចង្កា​ស្រួច និង​ស្រឡន​ឲ្យ​គួរ​ស្រឡាញ់​

សម្រាប់​មិត្ត​នារី​​ដែល​មាន​​ចង្កា​ធំ​ហើយ​​ចង់​ឲ្យ​វា​​មាន​​រាង​​តូច​​ អ្នក​​គួរ​​ប្រើ​Concealer​ឬ​​ម្សៅ​ទ្រនាប់​​ពណ៌​រាង​​ក្រមៅ​ជាង​​ស្បែក​មុខ​​របស់​អ្នក​បន្តិច​ ហើយ​លាប​តាម​​បណ្តោយ​ខាង​​ក្រោម​​ថ្គាម​ឆ្ពោះ​ទៅ​កាន់​ក។ ជម្រៅ​​ដែល​កើត​​ចេញ​​ពី​​ការ​ប្រើ​ពណ៌​ និង​​វិធី​សាស្ត្រ​នៃ​​ការ​​លាប​នេះ​​នឹង​​ធ្វើ​ឲ្យ​អ្នក​អស់​កង្វល់​ទៅ​លើ​ចង្កា​ដែល​មាន​រាង​ធំ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។ មួយ​វិញ​ទៀត​​នោះ អ្នក​គួរ​​ប្រើ​ក្រែម​រលោង​ដែល​មាន​ពណ៌​ស្រស់ៗ​លាប​លើ​បបូរ​មាត់​ដើម្បី​ជួយ​​បន្ថែម​​នូវ​​ភាព​លេច​ធ្លោ​មួយ​កម្រិត​បន្ថែម​ទៀត​។

  1. លា​ហើយ ថ្ងាស​ទូលាយ

ការ​ប្រើ​Concealer ដែល​មាន​​ពណ៌​ក្រមៅ​ជា​ង​​ពណ៌​ម្សៅ​ទ្រនាប់​ប្រហែល​មួយ​លេខ មក​លាប​អូស​​នៅ​ជុំវិញ​ថ្ងាស​ និង​​ជើង​​សក់​ដើម្បី​បង្កើត​​បាន​ជា​​ស្រមោល​​ហើយ​ក៏​អាច​ធ្វើ​ឱ្យ​ទម្រង់​មុខ​របស់​សុភាព​នារី​តូច​ជាង​មុន​។ នេះ​​ជា​​ទិក​និច​សម្រាប់​ជួយ​​ធ្វើ​ឲ្យ​ថ្ងាស​​មាន​​រាង​​តូច​​ស្អាត​​។ ហើយ​​ដើម្បី​ទទួល​​បាន​​នូវ​​លទ្ធផល​​ដែល​​កាន់​តែ​​ល្អ​ប្រសើរ​​បន្ថែម​​ទៀត​​នោះ  ការ​​ផាត់​​ភ្នែក​ និង​​ការ​​គូស​ចិញ្ចើម​ដែល​​រាង​​ឌិត​​បន្តិច​នឹង​កាន់​តែ​​ជួយ​​ធ្វើ​ឲ្យ​​ថ្ងាស​​មើល​​ទៅ​តូច​ជាង​​មុន​។

  1. ​​ជំ​នួយ​ខ្ទង់​ច្រមុះ​ឡើង​ខ្ពស់

ដល់​ពេល​​ដែល​ត្រូវ​​និយាយ​​ពាក្យ​ថា​​លា​ចំពោះ​ច្រមុះ​ធំ ឬ​ច្រមុះ​កំពិត​ទៀត​​ហើយ​។ អ្នក​​គ្រាន់​តែ​​ធ្វើ​តាម​​វិធី​សាស្ត្រ​ងាយៗ​ នោះ​អ្នក​នឹង​​ទទួល​​បាន​​រាង​​ច្រមុះ​ស្រស់​ស្អាត​ដ៏​គួរ​ជា​ទី​គាប់​ចិត្ត​    មួយ​។ ងាយៗ​ដោយ​​គ្រាន់​តែ​លាប​Concealerនៅ​តាម​​បណ្តោយ​គែម​ច្រមុះ​ទាំង​សង​​ខាង​ដើម្បី​​​បង្កើត​​ស្រមោល​​ រួច​​លាប​ហាយ​ឡាយ​ត្រង់​ចង្អូរ​កណ្តាល​នៃ​​ច្រមុះ​ នោះ​ច្រមុះ​របស់​អ្នក​នឹង​​​មើល​​ទៅ​​មាន​រាង​តូច នឹង​មាន​ខ្ទង់ខ្ពស់​ហើយ​ស្រួច​​។

  1. រលេច​នូវ​ឆ្អឹង​ថ្ពាល់

ចំណុច​​ចុង​​ក្រោយ​​នេះ​​គឺ​ជា​ទិក​និច​ធ្វើ​ឲ្យ​​ថ្ពាល់​មាន​រាង​​ខ្ពស់ ដោយ​​ព្យាយាម​​ញញឹម​ឲ្យ​ចេញ​ជា​រាង​​អក្សរ​​O។ បន្ទាប់​មក​បង្កើត​ស្រមោល​ត្រង់​ចំណុច​មាន​​ជម្រៅ​ដែល​កើត​​ចេញ​ពី​អក្សរ​Oជា​មួយ​នឹង​ម្សៅ​ផាត់​ថ្ពាល់​ពណ៌​ត្នោត​​។ ជំ​ហ៊ាន​បន្ទាប់ ប្រើ​ម្សៅ​ផាត់​ថ្ពាល់​នេះ​​ដដែល​​ជា​មួយ​នឹង​​ពណ៌​ស្រាល​ជាង​​មុន​ ផាត់​ចេញ​​ពី​ចំណុច​​កណ្តាល​របស់​ថ្ពាល់​ឆ្ពោះ​ទៅ​កាន់​ជើង​​សក់​ក្បែរ​គុម្ព​ត្រជៀក​ឲ្យ​សព្វ​សាច់​ម្សៅ​ចូល​គ្នា និង​ប្រើ​ហាយ​ឡាយ​នៅ​​ត្រង់​​ចំណុច​​កណ្តាល​នៃ​​ថ្ពាល់​។ បន្ត​ដោយ​​កា​រ​ប្រើ​ប្រ៊ុន​ស័រ (Bronzers)​ ផាត់​ពី​ក្រោម​ថ្ពាល់ និង​​ផាត់​ម្សៅ​ផាត់​ថ្ពាល់​ពណ៌​​រាង​​​ស្រាល​ពី​លើ​ដើម្បី​បង្កើត​​ស្រមោល​។ ​អ្នក​​អាច​​ប្រើ​ហាយ​ឡាយ​ប្រភេទ​ទឹក​មក​ហាយ​ឡាយ​បន្ថែម​​ពី​​ក្រោម​ភ្នែក​របស់​អ្នក​ដើម្បី​បង្កើន​​ភាព​ចែង​​ចាំង​​នៅ​​លើ​​ផ្ទៃ​​មុខ​បន្ថែម​​ទៀត​​។

​យ៉ាង​ណា​មិញ ​Concealer ត្រូវ​​បាន​គេ​ផលិត​ចេញ​មក​​​ជា​ច្រើន​​ប្រភេទ​មាន​ដូច​ជា​​ប្រភេទ​​រាវ​ ប្រភេទ​ស្អិត​ និង​ប្រភេទ​​ម្សៅ​​ដែល​​មាន​ទួនាទី​​ក្នុង​​ការ​​ប្រើ​ប្រាស់​ខុសៗ​គ្នា​ទៅ​​តាម​តម្រូវ​​ការ​​ និង​​​តាម​​​ចំណុច​​មួយ​​ចំនួន​​នៅ​​លើ​​ផ្ទៃ​មុខ។

​​ដូច្នេះ​​ហើយ​​មិត្ត​នារី​​គួរ​​ពិចារណា​​ឲ្យ​​បាន​​ច្បាស់​​មុន​​ពេល​អ្នក​ប្រើ​Concealer​ ថា​តើ​ចំណុច​​​​ណា​មួយ​នៅ​លើ​ផ្ទៃ​​មុខ​ដែល​​អ្នក​​ចង់​​បិទ​បាំង​ នឹង​ដើម្បី​បង្កើត​នូវ​ទម្រង់​មុខ​បែប​ស៊ិច​ស៊ី សុភាព​នារី​ដែល​មាន​ចំណុច​ខ្វះ​ខាត​នៅ​លើ​ផ្ទៃ​មុខ​ដូច​ដែល​សូវរីន​បាន​ជម្រាប​ជូន​ពី​ខាង​លើ អាច​សាកល្បង​អនុវត្ត​តាម​វិធី​សាស្រ្ត​ងាយៗ​ខាង​លើ​ដើម្បី​ទទួល​បាន​ភាព​ស្រស់​ស្អាត​។ ចុង​​បញ្ចប់​នេះ​សូរីន​​សង្ឃឹម​ថា​បួន​​ចំណុច​​ខាង​​លើ​នេះ​​នឹង​​អាច​​ជួយ​​មិត្ត​នារី​ឲ្យ​បាន​យល់​ដឹង​ពី​អត្ថ​ប្រយោជន៍ និង​​ការ​​ប្រើ​ប្រាស់​Concealer ​បាន​យ៉ាង​​មាន​ប្រសិទ្ធ​ភាព  នឹង​បង្កើន​នូវសម្រស់​ដ៏​ផូរផង់​នៅ​លើ​ផ្ទៃ​មុខ​របស់​សុភាព​នារី៕

Article by Ratha


SUGGESTIONS