×

ដំណើរ​កម្សាន្ត​ទៅ​កាន់​ខេត្ត​មួយ​ដែល​មាន​ទិស៦ភាគឡោមព័ទ្ធបង្កប់​នូវ​ទេសភាព​ដ៏​ល្អ​ប្រណីត​គួរ​ឱ្យ​ចាប់ចិត្តជាមួយនឹងសម្រស់ធម្មជាតិនៃដងស្ទឹងជីនិត

TRAVEL & LIVING 6 years ago
 
 

            បើ​យើង​រំលឹក​ទៅ​ដល់​ខេត្ត​ដែល​មាន​ទី​តាំង​ចំកណ្ដាល​ផ្ទៃ​ប្រទេស​កម្ពុជា​នោះ មិត្ត​អ្នក​អាន​ប្រាកដ​ជានឹកភ្នក​ទៅ​ដល់​ឃ្លា​ចម្រៀង​មួយ​ដែល​បាន​លើក​ឡើង​ថា “​នេះ​គឺសំណាង​យ៉ាង​ចំណាន​ដែល​វាសនា​បាន​នាំ​ឱ្យ​រូប​ខ្ញុំ​ចាប់​ចិត្ត​គិត​ផ្សង​បំណង​លើមុំ ឱ! កំពង់​ធំ​ថ្លើម​ជីវិត​...”។ សម្រាប់​ទំព័រ​ដំណើរ​កម្សាន្ត​លើក​នេះ សូវរីន សូម​បង្វែរ​អារម្មណ៍​មិត្ត​អ្នក​អានមក​កម្សាន្ត​លើ​ទឹក​ដី​ដែល​សម្បូរ​ទៅ​ដោយ​ភោគផល​ធម្ម​ជាតិ និង​ស្វែង​យល់​ពី​ជីវភាព​រស់​នៅ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​​ខ្មែរ​ថាតើ​ពួក​គាត់​ប្រកបរប​ដំណាំ​កសិកម្ម និង​ការនេសាទ​តាម​បែប​ផែន​ជីវិត​អ្នក​ជនបទ​បែប​ណា​ខ្លះ​តាម​ដងស្ទឹងជីនិត​នៃ​ខេត្ត​កំពង់​ធំ​!

            ព្រលឹមស្រាងៗ ក្រោយ​ពី​បាន​រៀបចំ​សម្ភារ​សម្រាប់​បំ​ពេញ​ការ​ងារ និង​ចំណីចំណុក​មួយ​ចំនួន​សម្រាប់​ដំណើរ​កម្សាន្ត​ពេញ​១​ថ្ងៃ​ទៅ​កាន់​ចំណុច​កណ្ដាល​នៃ​ផ្ទៃ​ប្រទេស​កម្ពុជា។ រថយន្ត​ចាប់​ផ្ដើម​វិលកង់​ហាក់​កំពុង​រុញ​ច្រាន​យើង​ទៅ​កាន់​គោល​ដៅ​ក្នុង​ដំណើរ​កម្សាន្ត​មួយ​ទៅ​កាន់​ស្ទឹងជីនីត​ក្នុង​ទឹក​ដី​ខេត្ត​កំពង់​ធំ ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ ស្ទឹង បឹង​បួរ ដែល​ជាចលករ​មួយ​នាំ​ឱ្យ​ខេត្ត​មួយ​នេះ​សម្បូរ​ទៅ​ដោយ​ត្រីគ្រប់​ប្រភេទ​សម្រាប់​ប្រជានេសាទ។ វាលស្រែខៀវ​ខ្ចី ធម្ម​ជាតិ​បៃតងស្រស់​បំព្រងអមសង​ខាង​ផ្លូវ​ហាក់​ជួយ​បង្កើន​​អារម្មណ៍​ខ្ញុំ​ និង​ក្រុម​ការ​ងារ​ឱ្យ​ទៅ​ដល់​គោល​ដៅ​ភ្លាមៗតែម្ដង! ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​រថយន្ត​បាន​បន្ត​ដំណើរ​ដោយ​សន្សឹមៗ​នៅ​លើ​ផ្លូវ​ជាតិ​៦អា ដោយ​ការប្រុង​ប្រយ័ត្ន​ខ្ពស់​មិន​ឱ្យ​ហួសល្បឿន​ដែល​ច្បាប់​កំណត់​ឡើយ។ រយៈ​ពេល​​ជិត​១​ម៉ោង កន្លង​ផុត​ទៅ​យើង​បាន​បន្ត​ដំណើរ​មក​ដល់​ត្រង់​ចំណុច​ផ្លូវ​បំបែក​ទៅ​ស្ពានព្រែកក្ដាម ក្រឡេកស្ដាំ​ដៃ​ខ្ញុំ​បាន​ពើបប្រទះ​នឹង​បឹង​ឈូក​ធំៗ​ដែល​នៅ​ប្រប​នឹង​តាម​ដង​ផ្លូវ​អម​ទៅ​ដោយ​ភ្នំ​តូចៗ ដែល​គេ​កំពុង​តែ​វាយ​បំបែកផ្ទាំង​ថ្ម​ធំៗ​ឱ្យ​ទៅ​ជា​តូចៗ​នោះ។ ទេសភាព​បឹង​ឈូក​បាន​អន្ទង​ចិត្ត​ខ្ញុំ​រួម​ទាំង​ក្រុម​ការ​ងារ​ឱ្យ​ឈប់សុំចត​នៅ​ទី​នោះ ដើម្បី​ស្រុសស្រូប​អាហារ​ពេល​ព្រឹកជា​មួយ​បរិយាកាស​ដ៏​សែន​មនោរម្យក្រៃលែង។ បាយខ្ចប់​ស្លឹក​ឈូក​រួម​ជា​មួយ​ងៀតគោអាំងជ្រ​លក់​ទឹក​ខ្មេះជូរអែមហឹរ ពិត​ជា​មាន​រស​ជាតិ​ប្លែក​ហើយ​ឆ្ងាញ់​ពិសាជា​មួយ​បរិយាកាស​ធម្ម​ជាតិ​នាមាត់​បឹង​ឈូក។ ក្លិនប្រហើរពីផ្កាឈូក​បាន​សាយភាយក្រអូប ស្រូប​ចិត្ត​ខ្ញុំ​និង​ក្រុម​ការ​ងារ​មិន​ចង់​ចាក​ចេញ​ពីទី​នេះ​ឡើយ។

យើង​បាន​សម្រាក​មួយ​សន្ទុះ​ក្រោយ​ពីបរិភោគ​អាហារ​ពេល​ព្រឹក​រួច​ហើយ ម៉ោង​ប្រមាណ​៨ព្រឹក យើង​បាន​បន្ត​ដំណើរ​ទៅ​មុខ​តាម​ផ្លូវ​ជាតិ​៦អា ទិដ្ឋភាព​តាម​ដង​ផ្លូវ​យើង​បាន​កត់​សម្គាល់​ឃើញ​ប្រជា​ពលរដ្ឋ​​ក្នុង​ខេត្ត​កំពង់​ធំ​បាន​ប្រមូល​ផ្ដុំផ្លែ​ស្វាយ​កែវ​ចិន​តម្រៀប​លក់​ជាជួរៗ បង្កើត​ទៅ​ជាទិដ្ឋភាព​មួយ​គួរ​ជាទីគយគន់​និង​ទាក់​ចិត្ត​អ្នក​ដំណើរ​ទៅ​មក​ឱ្យ​ឈប់​ទិញ​ដោយ​ខាន​មិន​បាន ព្រោះ​តែខែ​នេះ​ជាខែ​ដែល​ស្វាយ​ផ្ដល់​ទិន្នផល។ ប្រជា​ពលរដ្ឋ​​ខ្លះ​ទៀត​បាន​ដាក់​លក់​ត្រសក់​ផ្អរ​ក្នុង​ក្រឡថ្ម ឬ​កំប៉ុងជ័រ​ទៅ​តាម​ការ​រៀបចំ​រៀងៗ​ខ្លួន ដែល​ហាក់​បង្ហាញ​ខ្លួន​អួតសម្រស់​ឆាបឆក់​អ្នក​ដំណើរ​គ្រប់រូប​ឱ្យ​ឈប់សុំចត​ចូល​ទិញ។ ហួស​ផ្សារ​រំលងបន្តិច​ខាង​ស្ដាំ​ដៃ​មាន​ហាង​លក់​សាច់​ក្រក​ឈ្មោះ ឆៃ ហុង ដែល​អ្នក​ដំណើរ​ឆ្លង​កាត់​ទី​នេះ​មិន​ដែល​ខកខានឈប់​ទិញ​នោះ​ទេ ព្រោះ​តែ​រស​ជាតិ​​ដ៏​ឆ្ងាញ់​ពិសា​ប្រចាំ​គ្រួសារ​នេះ។ 

            ប្រៀបដូច​ទៅ​នឹង​បេសកម្ម​មួយ​ដែល សូវរីន បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ស្ទឹងជីនិត​ដែល​ហូរ​កាត់​ក្នុង​ស្រុក​បារាយណ៍ និងស្រុក​សន្ទុក ដើម្បី​ផ្តិតយកទេសភាពនាដងស្ទឹង​ក៏​ដូចជា​ការផ្តិតយកទិដ្ឋភាព​ជីវភាព​រស់​នៅ​ប្រកបរបរ​របស់​ប្រជា​ពលរដ្ឋ​​ដែល​រស់​នៅ​តំបន់​នោះ​ចែក​រំលែក​ជូន​ប្រិយ​មិត្ត​បាន​ជ្រាបពី​ទម្លាប់​នៃ​ការ​រស់​នៅ​បែប​ជនបទ។ យើង​បន្ត​ដំណើរ​ប្រហែល​៣០​នាទី​មក​ដល់​ត្រង់​ចំណុច​មួយ​ដែល​គេ​បាន​ដាក់​ស្លាក “រមណីយដ្ឋាន បឹង​សំរិទ្ធ” យើង​បាន​បន្ត​ដំណើរ​បត់​ទៅ​ខាង​ឆ្វេង​ដៃ​ចូល​ទៅ​ភូមិ​សន្ទុក ដែល​នៅ​ក្នុង​ភូមិ​នោះ​ក៏​មាន​ប្រភព​ទឹក​ស្ទឹងជីនិតហូរ​កាត់​ដែល​ជា​ប្រភព​ទឹក​យ៉ាង​សំខាន់​សម្រាប់​ស្រោចស្រព​ដំណាំ​កសិកម្ម ស្រែ​ចម្ការ​របស់​ប្រជា​ពលរដ្ឋ​​ក្នុង​តំបន់​នោះ។ បើរំលឹកពីទិដ្ឋភាព​តាម​ដង​ផ្លូវឆ្ពោះ​ទៅ​កាន់ស្ទឹងជីនិតនោះ ហាក់​ធ្វើ​ឱ្យ​អារម្មណ៍​របស់​ខ្ញុំ​មិន​ទាន់​រសាយពីទេសភាព​ដ៏​បំព្រង​ទាំង​នោះ​នៅ​ឡើយ​ទេ។ មិន​សូវជា​មាន​ផ្ទះ​ប្រជា​ពលរដ្ឋ​​សង់​នៅ​ជាប់ៗ​គ្នា​ប៉ុន្មាន​ទេ នៅ​ពេល​យើង​ធ្វើ​ដំណើរ​ចូល​ទៅ​ដើម​ផ្លូវ​ដំបូង។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ថាស្រស់​ស្រាយ​នោះ​គឺ ទេសភាព​ដើម​ត្នោត​ខ្ពស់ៗ ដុះច្រូងច្រាង ហាក់​បង្ហាញ​នូវ​របង​ការពារ​ដ៏​រឹងមាំ​សម្រាប់​ការពារ​ផ្ទះ​ប្រជា។

បន្ដ​ដំណើរ​ក្នុង​ព្រៃ​ដែល​មាន​ដើម​ត្នោត​ដុះអមសង​ខាង​ផ្លូវ ប្រហែល​១០​នាទី យើង​បាន​មក​ដល់​ស្ពានថ្ម​មួយ​ដែល​មាន​ស្ទឹងជីនិតហូរ​កាត់​ពី​ខាង​ក្រោម។ យើង​បាន​អែប​រថយន្ត​ទៅ​ខាង​ស្ដាំ​ដៃ​ហើយ​ឈប់ស្រូបយកខ្យល់​អាកាស​ដ៏​បរិ​សុទ្ធ​នៅ​ទី​នោះ។ រុក្ខ​ជាតិ​ត្រូវ​បាន​ខ្យល់​បក់រវិចៗ រង្គើ​តិចៗបង្កើត​បាន​ទៅ​ជាចង្វាក់ភ្លេង ពត់ពេន​ទៅ​ជាចលនា​មួយ​រេរាំ​តាម​ខ្យល់​ហាក់​បង្ហាញ​នូវ​ការស្វាគមន៍​ក្រុម​ការ​ងារ​យើង​ដែល​បាន​ធ្វើ​ដំណើរ​មក​កាន់​ទឹក​ដី​ដ៏​ស្រស់​បំព្រង​នេះ។ បន្ត​ដំណើរ​ទៅ​មុខ​បន្តិច​យើង​បាន​ប្រទះ​ឃើញ​ទិដ្ឋភាព​រួម​មួយ​ដែល​ប្រជា​ពលរដ្ឋ​​ក្នុង​តំបន់​នោះ​ហាក់​កំពុង​មមាញឹកជា​មួយ​ការកូរ​ទឹក​ត្នោត​ធ្វើ​ជាស្ករ។ នៅ​ក្រោម​ម្លប់​ដើម​ឫស្សី​ខ្ញុំ​ឃើញ​ស្រ្ដីម្នាក់​កំពុង​តែ​អង្គុយ​កូរស្ករ​យ៉ាង​ញាប់​ដៃ ហើយ​នៅ​ក្បែរ​គាត់​មាន​ចង្រ្កាន​ដែល​សង់​ពីដីឥដ្ឋ​កំពុង​តែដាំ​ទឹក​ត្នោត​មួយ​ខ្ទះ​ធំ បង្ហើរក្លិនឈ្ងុយពី​ទឹក​ត្នោត​ភាយៗ។ មិន​បង្អង់​យូរ​ខ្ញុំ​បាន​ចូល​ទៅ​និយាយ​លេង​និង​សួរ​នាំ​គាត់​ខ្លះៗ​អំពី​ការប្រកប​មុខ​របរ​នេះ។ ក្នុង​ទឹក​មុខ​ញញឹម មីង នឿន ដែល​ជា​អ្នក​កូរស្ករ​ត្នោត​បាន​ថ្លែង​មក​កាន់​ខ្ញុំ​ថា “មីងប្រកបរបរកូរស្ករ​ត្នោត​នេះ​បាន​បួនដប់ឆ្នាំ​ហើយ ដោយ​ប្ដីមីង​គាត់​ជា​អ្នក​ឡើង​ត្នោត ហើយ​មីងជា​អ្នក​កូរស្ករ។ មីង​មាន​ដើម​ត្នោត​ខ្លួន​ឯង​ចំនួន​១០​ដើម ហើយ​បាន​ជួលពី​អ្នក​ភូមិ​ខ្លះ​ដែល​គេ​មាន​ដើម​ត្នោត​តែ​មិន​មិន​ក្របករបរ​នេះ​ប្រហែល​២០​ដើម ដោយ​ក្នុង​១​ដើម សម្រាប់​១​រដូវ (រដូវ​ដែល​ចាប់​ផ្ដើម​ទទួល​ផលពី​ទឹក​ត្នោត​បាន​គឺ​ចាប់​ផ្ដើម​ពីខែវិច្ឆិកា រហូត​មក​ដល់​ខែ​សីហា) ត្រូវ​ជូន​ស្ករគេ៣​គីឡូ​ក្រាម។ ហើយ​ជាមធ្យម​ក្នុង​១​ថ្ងៃ​មីងអាចកូរស្ករ​បាន​១០​គីឡូ​ក្រាម​ប៉ុណ្ណោះ សម្រាប់​ទឹក​ត្នោត​២ខ្ទះ​ធំៗ ហើយ​ក្នុង​១​គីឡូ​លក់​បាន​តម្លៃ​៣៥០០​រៀល​”។ គាត់​បាន​មាន​ប្រសាសន៍​បន្ត​ថា ថ្វីត្បិតតែ១​ថ្ងៃ​គាត់​អាចរក​ចំណូល​បាន​ពីការ​លក់​ស្ករ​ត្នោត​ខ្ទង់៣​ទៅ​៤​ម៉ឺន​រៀល​ក៏​ពិត​មែន ប៉ុន្តែ​របរ​មួយ​នេះ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​​គួរ​សម ដែរ ព្រោះ​ដើម​ត្នោត​នៅ​ទី​នេះ​ខ្ពស់ៗ​ណាស់ ហើយ​អ្វី​ដែល​​ពួក​គាត់​ខ្លាច​បំផុត​នោះ​គឺរន្ទះតែម្ដង ហេតុ​ដូច្នេះ​វស្សា​រដូវ​ចូល​មក ពួក​គាត់​​មិន​ឡើង​យក​ទឹក​ត្នោត​ទៀត​ឡើយ។

            ជាប់​ចិត្ត​គយគន់ទេសភាព និង​ទិដ្ឋភាព​រស់​នៅ​បែប​ជនបទស្ទើរតែ​ធ្វើ​ឱ្យ​យើង​ភ្លេចថានាឡិកា​បាន​ចង្អុលទ្រនិច​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់ ជាសញ្ញា​ប្រាប់​ថា​ដល់​ពេល​សម្រាក​ទទួល​ទានបាយ​ថ្ងៃ​ត្រង់​ហើយ។ ខ្ញុំ​និង​មិត្ត​រួម​ការ​ងារ​បាន​បន្ត​ដំណើរ​ទៅ​កាន់​ផ្សារ​កំពង់ថ្ម ដែល​ជា​ទីប្រជុំជន​ដ៏​អ៊ូអរ​សម្រាប់​ការ​ទិញ​លក់​ទំនិញ បន្លែ ផ្លែឈើ គ្រឿង​ឧបភោគ និង​គ្រឿង​បរិភោគគ្រប់​ប្រភេទ។ បើ​និយាយ​ពីហាង​លក់​បាយ មាន​រស​ជាតិ​​ឆ្ងាញ់​ពិសា​មិន​ចាញ់​រស​ជាតិ​ម្ហូប​អាហារ​នៅ​រាជធានី​ប៉ុន្មាន​ឡើយ។ បើ​តាម​ការ​ឱ្យ​ដឹងពី​អ្នក​រស់​នៅ​តំបន់​នោះ​បាន​ប្រាប់​ឱ្យ​ដឹងថា​មាន​ភោជនីយដ្ឋាន​ពីរ​កន្លែង​ដែល​បើក​តាំង​ពីឆ្នាំ​១៩៨០​ជាង ហើយ​កេរ្តិ៍​ឈ្មោះ​និង​រស​ជាតិ​​នៃ​មុខ​ម្ហូប​ក៏​ឆ្ងាញ់​ពិសា​ផង​ដែរ ហើយ​រាល់​អ្នក​ដំណើរ​ដែល​ឆ្លង​កាត់​ទី​នេះ​តែង​ឈប់ពិសា​មិន​ដែល​ខាន។ ភោជនីយដ្ឋាន​ទី១​មាន​ឈ្មោះ​ថា ថ្មដាIII ដែល​គាត់​មាន​លក់​ប្រភេទ​ម្ហូបកុម៉្មង់​ភ្លាមៗជា​ច្រើន​មុខ​ទៅ​តាម​តម្រូវ​ការ​ភ្ញៀវ ហើយ​យើង​ក៏​បាន​ភ្លក់​រស​ជាតិ​ម្ហូប​នៅ​ទី​នោះ​​ដែរ​គឺថាគ្រប់​មុខ​ម្ហូប​ដែល​យើង​បាន​កុម៉្មង់​ដូចជា៖ សម្លម្ជូរត្រីជា​មួយ​ត្រកួន ឆាក្ដៅ​សាច់​​មាន់ ភ្លា​សាច់​គោគឺ​រស​ជាតិ​ជូរ​ផ្អែម​ប្រៃ​ត្រូវ​នឹង​រស​ជាតិ​​ដើម​សម្ល​របស់​ខ្មែរ​យើង​តែម្ដង។

ចំណែក​ភោជនីយដ្ឋាន​មួយ​ទៀត​មាន​ឈ្មោះ​ថា “តាវ៉ែនតា” ភោជនីយដ្ឋាន​គាត់​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ផ្សារ​កំពង់ថ្ម ហើយ​បើ​អ្នក​ពិបាក​រកអាចសួរ​អ្នក​រស់​នៅ​តំបន់​នោះ​គេ​នឹង​ប្រាប់​អ្នក​ពី​ផ្លូវ​ទៅ​កាន់​ភោជនីយដ្ឋាន​នោះ​ហើយ។ មុន​នឹង​ចូល​ទៅ​ដល់​ភោជនីយដ្ឋាន តាវែនតា យើង​បាន​ឆ្លង​កាត់​ផ្សារ​កំពង់ថ្ម​ដែល​មាន​បងប្អូន​អ្នក​ស្រុក​ភូមិ​កំពុង​តែមមាញឹក​ក្នុង​ការ​លក់ បន្លែ ផ្លែឈើ ត្រី សាច់​គ្រប់​ប្រភេទ​បាន​ចោល​ភ្នែករំពៃមក​កាន់​រថយន្ត​ដែល​បាន​បរយឺតៗ​កាត់​ផ្សារ​ដ៏​អ៊ូអរ​នេះ ដោយ​បញ្ចេញ​ស្នាមញញឹមមក​កាន់​យើង​ដែល​ជា​អ្នក​ដំណើរ​ហាក់​បង្ហាញ​ពីការស្វាគមន៍​ដែល​យើង​បាន​ចូល​មក​កាន់​ស្រុក​ភូមិ​របស់​គាត់។ អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ដក់​ជាប់​ក្នុង​ចិត្ត​នោះ​គឺ​ខ្ញុំ​បាន​ឃើញ​ពីការ​លក់​ដូរ​បែប​ជនបទ​របស់​ប្រជា​ពលរដ្ឋ​​ក្នុង​ភូមិ​ស្រុក​នោះ​តែម្ដង។ មិន​ដល់​៣​នាទី​ផង​ខ្ញុំ​បាន​មក​ដល់​ភោជនីយដ្ឋាន តាវ៉ែនតា ដែល​មាន​លក់​ម្ហូបគ្រប់​ប្រភេទ ប៉ុន្តែ​ម្ហូប​ដែល​ល្បី​ជាង​គេ​ប្រចាំ​ហាង​មាន​ដូចជា៖ ងៀតគោ ស៊ុបគោ ឆាខាត់ណា ជា​ដើម។ បើក្រឡេក​មួយ​ភ្លេត​យើង​មើល​ទៅ​ការ​រៀបចំ​ក្នុង​ហាង​របស់​គាត់​អាចបញ្ជាក់​ថា​គាត់​ជាជន​ជាតិ​ខ្មែរ​កាត់​ចិន​តែម្ដង មិន​បង្អង់​យូរ​ក្រោយ​ពី​ខ្ញុំ​បាន​ចូល​កុម៉្មង់​សាច់​គោងៀត (ឆៅ) សម្រាប់​យក​ភ្នំពេញ​​នោះ ខ្ញុំ​កត់​សម្គាល់​ឃើញ​ផ្ទះ​បាយ​របស់​គាត់​មាន​ការ​រៀបចំ​តុប​តែង​យ៉ាង​មាន​របៀប​និង​ប្រកប​ដោយ​អនាម័យ ខ្ញុំ​ប្រទះភ្នែក​ឃើញ​មេ​ចុង​ភៅ​ដែល​ជា​បុរស​មាន​វ័យ​ចំ​ណាស់​បន្តិច​កំពុង​តែ​ធ្វើ​ម្ហូប​យ៉ាង​រហ័សរហួន ឮសូរសម្លេង​ផូងផាំងៗ​កំពុង​តែឆាខាត់ណា​សាច់​គោ​យ៉ាង​ញាប់​ដៃ ហើយ​គាត់​ក៏​បាន​ងាកមកញញឹម​នៅ​ពេល​ខ្ញុំ​និង​មិត្ត​រួម​ការ​ងារ​កំពុង​តែឈរ​មើល​សកម្មភាព​គាត់​ធ្វើ​ម្ហូប​នោះ។ មិន​ដល់​៧​នាទី​ផង​ម្ហូប​ក៏​ត្រូវ​បាន​ចម្អិន​រួច ហើយ​ខ្ញុំ​ក៏​បាន​សួរ​នាំ​ទៅ​កាន់​គាត់​ថា៖ ឆ្នាំ​នេះ​កុង​មាន​អាយុ​ប៉ុន្មាន​ឆ្នាំ​ហើយ​! ហើយ​ចេះ​ធ្វើ​ម្ហូប​តាំង​ពី​អាយុ​ប៉ុន្មាន និង​ចាប់​ផ្ដើម​ធ្វើ​ជា​ចុង​ភៅ​បាន​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ដែរ​! គាត់​ឆ្លើយ​ដោយ​ទឹក​មុខ​ស្រពោនបន្តិច​ទើប​ញញឹម ព្រម​ទាំង​តបមក​វិញ​ថា “ឆ្នាំ​នេះ​កុង​អាយុ​៨០ឆ្នាំ ហើយ​កាលពី​សម័យ​សម្ដេច​តា កុងជាមន្រ្តីរាជការ​បម្រើ​ការ​ងារ​នៅ​មន្ទីរ​មួយ​នា​ខេត្ត​បាត់​ដំបង​រហូត​ដល់​សម័យ​ប៉ុលពតគេ​ក៏​បាន​ជម្លៀសមក​ដល់​ទី​នេះ ហើយ​ក្រោយ​សង្រ្គាម​បាន​បញ្ចប់ ក៏​មិន​បាន​វិលត្រឡប់​ទៅ​បាត់​ដំបង​វិញ​ទេ ដោយ​បងប្អូន​ប្រាប់​ថាកុំត្រឡប់​ទៅ​វិញ​អីខ្លាច​គ្រោះ​ថ្នាក់​​តាម​ផ្លូវ។ ហើយ​បើ​គិត​តាំង​ពី​នោះ​មកកុង​បាន​ចាប់​របរជាមេ​ចុង​ភៅ​នេះ​បាន​៣៦ឆ្នាំ​មក​ហើយ។”  ភ្លឹកស្ដាប់​នូវ​ការ​រៀបរាប់​របស់​កុង​ដែល​ជាមេ​ចុង​ភៅ​មិន​ទាន់​ចប់ស្រួលបួល​ផង​អ្នក​ខ្ចប់​សាច់​គោងៀត​បាន​យកហុចថង់​មួយ​កញ្ចប់​មក​ឱ្យ ស្រប​ពេល​នោះ​ដែរ​ខ្ញុំ​ក៏​បាន​លា​គាត់​ត្រឡប់​ទៅ​វិញ។

            បន្ទាប់​ពី​ចេញ​ពី​ផ្សារ​កំពង់ថ្ម យើង​បាន​បន្ត​ដំណើរ​កាន់​ស្ពានកំពង់ថ្ម ដែល​នៅ​ភូមិ​កំពង់ថ្មស្ថិត​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៦អា ដោយ​ខាង​ក្រោម​ស្ពាន​នោះ​មាន​ទឹក​ស្ទឹងជីនិតហូរ​កាត់។ ខ្ញុំ​ឈរ​លើស្ពាន​ខាង​ឆ្វេង​ដៃ​ក្រឡេក​ចោល​ភ្នែក​ទៅ​នៅ​ប្រប​តាម​មាត់ស្ទឹង​មាន​ផ្ទះ​សង់​អំពី​ឈើជាជួរអមសង​ខាង​ស្ទឹង ហើយ​អ្វី​ដែល​គួរ​កត់​សម្គាល់​នោះ​គឺ​នៅ​ខាង​ក្រោយ​ផ្ទះ​នី​មួយៗ​មាន​កំពង់​ទឹក​និង​ទូកឈើតម្រៀប​គ្នា​យ៉ាង​មាន​របៀប។ ក្រោម​កម្ដៅ​ថ្ងៃ​ក្ដៅហែង ប្រហែល​ម៉ោង​ជិត​២រសៀល ខ្ញុំ​បាន​ឃើញ​អ្នក​ស្រុក​ខ្លះ​កំពុង​តែ​អង្គុយ​ស្ទូចត្រី​ទាំង​ចិត្ត​អំណត់ ចំណែក​អ្នក​ខ្លះ​ទៀត​បាន​អុំទូក​ទៅ​កណ្ដាល​ស្ទឹង​បង់​សំណាញ់​​យ៉ាង​មមាញឹក ដែល​សកម្មភាព​ទាំង​នោះ​ហាក់​ឆ្លុះបញ្ចាំង​អំពី​ទម្លាប់​នៃ​ការប្រកបរបរ​របស់​​ពួក​គាត់​​ទៅ​តាម​ទំនោរ​នៃ​ជីវភាព​បែប​សាមញ្ញ​របស់​បងប្អូន​ដែល​រស់​នៅ​តាម​ដងស្ទឹងជីនិត ដែល​ជាជំរកត្រី​យ៉ាង​សម្បូរ​បែប​នោះ។ បន្ទាប់​ពី​នោះ ខ្ញុំ​និង​ក្រុម​ការ​ងារ​បាន​ចេញ​ដំណើរ​ទៅ​កាន់​រមណីយដ្ឋាន១មករា។ គួរ​បញ្ជាក់​ផង​ដែរ​ថារមណីយដ្ឋាន​នេះ​ដើម​ឡើយ​គឺជា​ទំនប់១មករា ដែល​ជីក​នៅ​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ (ប៉ុល ពត) បន្ទាប់​មក​ត្រូវ​បាន​គេកែច្នៃ​ធ្វើ​ជារមណីយដ្ឋាន១មករា (ស្ទឹងជីនិត) នេះ​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ព្រៃស្រង៉ែ ឃុំបល្ល័ង្គ ស្រុក​បារាយណ៍។ ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​​ធម្ម​ជាតិ​​នេះ ដោយ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​​តាម​ផ្លូវ​ជាតិ​លេខ ៦ ដល់​គល់ស្ពានកំពង់ថ្ម បត់ស្តាំ ប្រមាណ​ជា ៤ គីឡូ​ម៉ែត្រ នឹង​ឃើញ​ផ្ទៃ​ទឹក​ស្ទឹងជីនិត បើ​គិត​ពីចម្ងាយ​ផ្លូវ​ពី​ភ្នំពេញ​​ទៅ​ស្ទឹងជីនិត​ប្រមាណ​ជា ១៣០ គីឡូ​ម៉ែត្រ។ ទំនប់​នេះ​គេ​កសាង​ឡើង​ក្នុង​គោល​បំណង​ផ្តោត​ទៅ​លើប្រព័ន្ធ​ស្រោចស្រព​ដំណាំ​កសិកម្ម​នៅ​ក្នុង​ស្រុក​សន្ទុក និង ស្រុក​បារាយណ៍​ដែល​មាន​កន្លែង​ទំនប់បង្ហៀរ​ទឹក​ប្រវែង ៧៥០ ម៉ែត្រ។ តំបន់​រមណីយដ្ឋាន​ទេសចរណ៍​​ធម្ម​ជាតិ​​នេះ មាន​ផ្ទៃ​ទឹក​លាតសន្ធឹង​ធំ​ល្វឹងល្វើយ ខ្យល់​អាកាសបរិ​សុទ្ធ ធម្ម​ជាតិ​ស្រស់​ស្អាត​ប្លែកភ្នែក និង​ទឹក​ស្ទឹងថ្លាឈ្វេង លម្ហែងូត​ទឹក​កម្សាន្ត​សប្បាយ​ជា​មួយ​មិត្ត​ភក្តិ ឬ​ក្រុម​គ្រួសារ អាច​ជួយ​រំសាយ​ទុក្ខ​ព្រួយ​ក្នុង​ខ្លួន និង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ។ ទី​នោះ​​ក្រៅ​ពីលម្ហែកាយ និង​ងូត​ទឹក​លេង ក៏​មាន​ខ្ចុះ​អង្គុយ​ញ៉ាំ​អាហារ​បែប​ស្រុក​ស្រែ​ដែល​មាន​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់​ទៀត​ផង។ ពោង​លេង​ទឹក និង​អាវពាក់ហែល​ទឹក​ក៏​មាន​ជួល​ផង​ដែរ សម្រាប់​អ្នក​ទៅ​លេង​កម្សាន្ត​នៅ​ទី​នោះ គឺ​ត្រូវ​ចំណាយ​ប្រាក់​១​ពាន់​រៀល សម្រាប់​មនុស្ស​ម្នាក់​​ដើម្បី​ទិញ​សំបុត្រ​ចូល​លេង​កម្សាន្ត ចំណែក​កូន​ក្មេង​តូចៗគឺ​មិន​ចំណាយ​ប្រាក់​នោះ​ទេ។ លើស​ពី​នេះ​ទៀត ស្ទឹងជីនិត​ដែល​មាន​រយៈប្រវែង២៦៤​គីឡូ​ម៉ែត្រ​នេះ ក៏​បាន​ក្លាយ​ជា​តំបន់​​ទេសចរណ៍​​ធម្ម​ជាតិ​​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា​ផង​ដែរ។

            ដំណើរ​កម្សាន្ត​តាម​ដងស្ទឹងជីនិត​នេះ ហាក់​បង្ហាញ​ឱ្យ​ខ្ញុំ​ឃើញ​ពី​បែប​បទ ​និង​ទម្លាប់​នៃ​ការ​រស់​នៅ​តាម​បែប​ស្រុក​ស្រែ​ចម្ការ ដោយ​ភាគ​ច្រើន​​ពួក​គាត់​ប្រកបរបរ​ដែល​ធម្ម​ជាតិ​​បាន​ផ្ដល់​ឱ្យ​ដូចជា​ការនេសាទត្រី ធ្វើ​ស្ករ​ត្នោត និង​មាន​ការដាំបន្លែបង្ការ​មួយ​ចំនួន​នៅ​តាម​ផ្ទះ​​ដើម្បី​យក​ទៅ​លក់​នៅ​ផ្សារ​ជា​ដើម។ ថ្វីត្បិតតែការ​រស់​នៅ​បែប​នេះ​មិន​មាន​ភាពឡូយឆាយ​ទំនើប​ដូច​រាជធានី​ក៏​ពិត​មែន ប៉ុន្តែ​​ពួក​គាត់​ម្នាក់ៗ​ហាក់​សប្បាយ​រីក​រាយជា​មួយ​ជីវភាព​​ពួក​គាត់ និង​រស់​នៅ​ជា​មួយ​ធម្ម​ជាតិ​​ដ៏​ស្រស់​បំព្រង​ដែល​ប្រៀបបី​ដូចជា​សួនច្បារលម្អនា​រាជធានី​យ៉ាង​ដូច្នោះ​ដែរ។ គួរ​រំលឹក​ផង​ដែរ​ថាកំពង់​ធំ​ជា​ខេត្ត​មាន​ទី​តាំង​នៅ​ចំណុច​កណ្ដាល​ប្រទេស​កម្ពុជា។ ហើយ​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ចំនួន​ប្រាំ​ដែល​ព័ទ្ធ​ជុំ​វិញ​ទន្លេសាប​និង​សម្បូរ​ទៅ​ដោយ​ទី​តាំង​ប្រវត្តិសាស្រ្ត​ដូចជា​ប្រាសាទ​ដែល​បន្សល់ទុក​មុន​សម័យ​អង្គរ៕

Article by HENG CHANMAKARA


SUGGESTIONS