×

ពិធី​ច្រត់​ព្រះ​នង្គ័ល​នៅ​ឆ្នាំ​នេះ​ គោ​ ឧសភា​រាជ​បាន​ផ្សង​ថា​ការ​បង្កបង្កើន​ផល​កសិកម្ម​នៅ​ឆ្នាំ​នេះ​នឹង​មាន​ភាព​ប្រសើរ​ឡើង​

 
 

          ពិធី​ច្រត់​ព្រះ​នង្គ័លឆ្នាំ​នេះ បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ភូមិ​ស្រះវង់ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​ដោយ​មាន​ការយាង​ចូល​រួម​ពី​ព្រះ​មហា​ក្សត្រ​កម្ពុជា ព្រះ​ករុណា ព្រះ​បាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ប្រមុខ​​ដឹក​នាំ​រដ្ឋសភា ព្រឹទ្ធសភា មន្ត្រី​ជាន់​ខ្ពស់ សមាជិក​រដ្ឋាភិបាល​រួម​ទាំង​ប្រជា​ពលរដ្ឋ​​យ៉ាង​ច្រើន​កុះករ។ សម្រាប់​ឆ្នាំ​២០១៨ នេះ អភិបាល​ខេត្ត​ស្វាយ​រៀង ឯកឧត្តម ម៉ែន វិបុល និង​ភរិយា បាន​ធ្វើ​ជា​តំណាង​ស្តេច​មាឃ និង​ព្រះ​មេហួ​ដែល​ត្រូវ​ដង្ហែ​ក្នុង​ទី​ព្រះ​ស្រែ​ផង​ដែរ។

          គួរ​បញ្ជាក់​​ផង​ដែរ​ថា ពិធី​ច្រត់​ព្រះ​នង្គ័លជា​ពិធី​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​កម្ពុជា​បាន​ប្រារព្ឋ​ធ្វើ​ឡើង​តាំង​ពីបរម​បុរាណ​ដើម្បី​ធ្វើ​ការបួងសួង​ដល់​វត្ថុស័ក្ដិសិទ្ធ និង​ទេវតា​ថែ​រក្សា​ចក្រ​វាឡពី​ព្រាហ្មណ៍​ព្រះ​រាជ​គ្រូ សូម​ឲ្យ​ការបង្កបង្កើន​ផល​របស់​ប្រជា​ពលរដ្ឋ​​ទទួល​បាន​ភោគផល​ល្អ និង​សូម​ឲ្យ​ប្រទេស កម្ពុជា បាន​ជួប​តែសុខសន្តិភាព និង​រីក​ចម្រើន​តាម​រយៈការផ្សងគោឧសភរាជ ដែល​ទឹមច្រត់​ព្រះ​នង្គ័ល​នោះ​ឲ្យ​បរិភោគ​អាហារ​ទាំង​៧​យ៉ាង​ដូចជា ពោត ល្ង សណ្តែក ស្រូវ ទឹក ស្រា និង​ស្មៅ។ សម្រាប់​ព្រឹក​ថ្ងៃ​ព្រសហ្បតិ៍ ០៤រោច ខែ​ពិសាខ សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី០៣ ខែឧសភា ឆ្នាំ​២០១៨​នេះ គោឧសភរាជ​បាន​បរិភោគស្រូវ៩៥​ភាគរយ ពោត៩៥​ភាគរយ និង​សណ្តែក៨០​ភាគរយ ដោយ​ឡែកល្ង ស្មៅ ស្រា និង​ទឹក គោ​មិន​បរិភោគ​នោះ​ឡើយ។ នេះ​បាន​សេចក្តី​ថា ការបង្កបង្កើន ស្រូវ ពោត សណ្តែក នៅ​ឆ្នាំ​នេះ​នឹង​ទទួល​បាន​ផល​ល្អ​ប្រសើរ​ឡើង៕

Article by KEO SONG




SUGGESTIONS