×

​ផ្ទះ​ប៉ិត ប្រភេទ​ផ្ទះ​បុរាណ​ដែល​ខ្មែរ​និយម​សង់​បំផុត​តាំង​ពីរ​ជ្ជកាល​ព្រះ​បាទ​ស៊ី​សុវត្ថិ​មុនីវង្ស

TRAVEL & LIVING 4 months ago
 
 

          តាម​រយៈបទ​ចម្រៀង​ប្រជាប្រិយ​ខ្មែរ​មួយ​បទ​ដែល​ផ្តើម​ទំនុក «ផ្ទះ​ប៉ិតវា​មាន​ហោណាំង ផ្ទះ​កន្តាំង​វា​មាន​បីខ្នង...» ប្រជាជន​ខ្មែរ​ច្បាស់​ជា​ស្គាល់​ផ្ទះ​ប៉ិត​ដែល​មាន​វត្ត​មាន​ស្ទើរតែ​ទូ​ទាំង​​ផ្ទៃ​ប្រទេស​តាំង​ពី​សម័យ​មុន​រហូត​មក​ដល់​ពេល បច្ចុប្បន្ន​នេះ។ ប៉ុន្តែ​ដោយ​សារ​សម័យ​កាល​ចេះ​តែវិវឌ្ឍ​ទៅ​មុខ ប្រភេទ​ផ្ទះ​ប៉ិត​នេះ​ក៏​ប្រែប្រួល​ទ្រង់ទ្រាយ​ខុស​ពី​សម័យ មុន​ខ្លះ​ដែរ​ទៅ​តាម​តម្រូវ​ការ​និង​ធនធាន​របស់​ម្ចាស់​​ផ្ទះ ក៏​ដូចជា​ឥទ្ធិពល​នៃ​ស្ថាបត្យកម្ម​បរទេស​ផង​ដែរ។ តើ​ផ្ទះ​ប៉ិត បុរាណ​ខ្មែរ​មាន​ប្រវត្តិ និង ក្បួន​ខ្នាត​នៃ​ការសាង​សង់​យ៉ាង​ដូចម្តេច​ខ្លះ? តើ​តំបន់​ណា​ខ្លះ​នៃ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​ដែល​នៅ​សេសសល់​ប្រភេទ​ផ្ទះ​នេះ?

          ​ផ្ទះ​ប៉ិត អាច​ហៅ​បាន​ម្យ៉ាង​ទៀត​ថា ផ្ទះ​ជម ឬ ផ្ទះ​ក្រជម (ភាសា​អ្នក​ស្រុក​បាត់​ដំបង)។ វាជា​ផ្ទះ​ដែល​មាន​ទ្រង់ ទ្រាយ​ក្លាយ​មកពី​ផ្ទះ​រោងឌឿង ខុស​គ្នា​ត្រង់​ផ្ទះ​ប៉ិតខ្លី​ជាង បណ្តោយ​ត្រឹម​ជាង​១២ ខ្នាត (១២ហត្ថ) មាន​សសរតែ១២ និង ល្វែង៣ គ្មាន​ហោ​ជាង​មុខ​ក្រោយ។ បាន​ជាគេ​ហៅ​ផ្ទះ​នេះ​ថា “ប៉ិត”​ព្រោះ​ថា​ផ្ទះ​នេះ​មាន​សណ្ឋាន​មួយ​បែប​ទីទៃពី​ផ្ទះ កន្តាំង ទីទៃពី​ផ្ទះ​រោងដោល គឺ​មាន​សណ្ឋានដូចគេប៉ិត​ត្រង់​ចុង មេដំបូល​ទាំង​ពីរ​​ខាង (វចនានុក្រម​ខ្មែរ ១៩៦៧ ទំ.៤៦១)។ ជា​មួយ​គ្នា​នេះ​ដែរ ឯកសារ​ខ្លះ​ដាក់​ថា ពាក្យ “ប៉ិត” មាន​ន័យ ថា បញ្ឆិត គឺ​សំដៅ​ទៅ​លើដំបូលបញ្ឆិត​របស់ ផ្ទះ​នោះ​ឯង  (ហ្វ្រង់ស្វា តាំង​ទុយរីយ៉េរ៍ ២០០៦)។ 

          ​យោង​តាម​សៀវភៅ លំ​នៅ​ដ្ឋាន​បុរាណ​ខ្មែរ​ក្នុង​ការ​អភិវឌ្ឍន៍ (អួង វន ២០០១ ទំ.២៧) ផ្ទះ​ប៉ិត​ត្រូវ​បាន​ចែក​ជា បី​ជំនាន់ ឬ បី​ប្រភេទ។ ផ្ទះ​ប៉ិតទី១ គឺ​សង់​ក្នុង​រជ្ជកាល​ព្រះ​បាទ​ស៊ី​សុវត្ថិ (១៩០៤-១៩២៧) គ្មាន​ហោ​ជាង​មុខ​ក្រោយ ឡើយ។ ចំពោះ​ដំបូលប៉ិត​នេះ គេ​ច្រើន​សង់​ជា​សាលា​សំណាក់​តូចៗ​នៅ​តាម​ភូមិ​ស្រុក។ គេ​សង់​ទ្វារ​និង​ជណ្តើរ​នៅ ផ្នែក​បណ្តោយ​ផ្ទះ​(គេ​ហៅ​ថា ប្លង់​មើល​ពីចំហៀង) សសរ​មាន​តែ​ពីរ​ជួរតែ​ប៉ុណ្ណោះ។ ផ្ទះ​ប៉ិតទី២ គឺ​សង់​ក្នុង​រជ្ជកាល ព្រះ​បាទ​ស៊ី​សុវត្ថិ​មុនីង្ស (១៩២៧-១៩៤១) ដែល​ប្រជាជន​ចាប់​ផ្តើម​សង់​ផ្ទះ​ដំបូលប៉ិតជាលំ​នៅ តែគេថែមសសរ១ជួរ ទៀត​ក្នុង​សំណង់​ឲ្យ​ធំ​ទូលាយ។ ផ្ទះ​ប្រភេទ​ទី២​នេះ គ្មាន​ទ្វារ និង ជណ្តើរ​នៅ​ផ្នែក​បណ្តោយ​ផ្ទះ​ដូច​ប្រភេទ​ទី១ទេ។ គេ​ធ្វើ​ជណ្តើរ​នៅ​ផ្នែក​ទទឹង​ដែល​ខ្លី​ជាង សន្មតជា​មុខ​ផ្ទះ។ ផ្ទះ​ប៉ិតទី៣ គឺ​ក្នុង​រជ្ជកាល​ព្រះ​បាទ​សម្តេច​នរោត្តមសីហនុ (១៩៤១-១៩៥៥) គេ​និយម​សង់​ផ្ទះ​នេះ​ច្រើន​ខ្នង ក្នុង​នោះ​មាន​ផ្ទះ​ធំ​មួយ​ខ្នង ផ្ទះ​បាយ​មួយ​ខ្នង និង ហោណាំង​មុខ​មួយ​ខ្នង។ គួរ​កត់ចំណាំ​ដែរ​ថា ផ្ទះ​ប៉ិតជា​ប្រភេទ​ផ្ទះ​ដែល​ប្រជាជន​ខ្មែរ​និយម​សង់​ជាង​គេ​បំផុត​ត្រឹម​រជ្ជកាល​ព្រះ​បាទ​ស៊ី​សុវត្ថិ មុនីវង្សតរៀងមក ខុស​ពីរ​ជ្ជកាល​ព្រះ​រាជា​សម័យ​មុនៗ​ដែល​គេ​និយម​សង់​តែ​ផ្ទះ​ខ្មែរ ផ្ទះ​រោង ផ្ទះ​រោងដោល និង​រោង ឌឿង។

          ​ប៉ុន្តែ​យើង​សង្កេត​ឃើញ​ជាក់​ស្តែង​ថា នៅ​ក្នុង​សម័យ​អាណានិគម​និយម​បារាំង គ្រួសារ​អភិជន​ខ្មែរ ឬ ខ្មែរ​កាត់ ចិន ក៏​និយម​សង់​ផ្ទះ​ថ្មដំបូលប៉ិត អាចជា​ផ្ទះ​តៀម​មួយ​ជាន់ ឬ ពីរ​ជាន់​ក៏​មាន។ ក្រៅ​ពី​ប្រភេទ​លំ​នៅ​ដ្ឋាន គេ​ប្រើ​ដំបូល ប៉ិត​សង់​ជាកុដិ​សម្រាប់​ព្រះ​សង្ឃ (ហៅ​ថាកុដិប៉ិត) ជា​សាលា​បាលី (ឬ​ធម្ម​សាលា) និង ជាហោត្រៃ (មន្ទីរ​តម្កល់​គម្ពីរ​ព្រះ​ត្រៃបិដក និង គម្ពីរ​ផ្សេងៗ) នៅ​តាម​វត្ត​អារាម​នានា។ ពេល​ខ្លះ គេ​បន្ថែម​ហោណាំង​នៅ​ផ្នែក​ខាង​មុខ លម្អ​ដោយ ជើង​ទៀន​តាម​បែប​រចនា​បថ​ស្ថាបត្យកម្ម​បារាំង ឬ មាន​ជារានហាល (យ៉) អាច​ប្រើ​សម្រាប់​ហាល​របស់ ឬ​ដាំរុក្ខ​ជាតិ​ផ្សេងៗ​បាន។ នៅ​តំបន់​ខ្លះ​ក៏​មាន​នៅ​សេសសល់​អគារ​ដំបូលប៉ិត​ពីរ​ជាន់ និង បី​ជាន់ គង់វង្ស​ដល់​សព្វ​ថ្ងៃ។

          ​សព្វ​ថ្ងៃ យើង​ឃើញ​វត្ត​មាន​មត៌ក​ស្ថាបត្យកម្ម​ដំបូលប៉ិត​នៅ​តាម​តំបន់​នានា​ទូ​ទាំង​​ប្រទេស ជាអាទិ៍​រួម​មាន ផ្ទះ​បុរាណ​លោក​ឧកញ៉ា ពិនិត្យ ភឹង នៅ​សង្កាត់​វត្ត​គរ ក្រុង​បាត់​ដំបង (កសាង​ឆ្នាំ​១៩២០) ផ្ទះ​លោក​តា ហួត ប៉ុងអេង ភូមិ​ជ្រោយថ្មលើ ឃុំឆ្លូង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ផ្ទះ​ដង្ខៅ ស៊ុន ហ៊ី នៅ​ភូមិ​កណ្តាល ឃុំឆ្លូង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ផ្ទះ​អតីត​ដង្ខៅ​នៅ​ភូមិ​ព្រៃ​ស្នៀត ស្រុក​ពារាំង ខេត្ត​ព្រៃ​វែង  និង​ផ្ទះ​ប្រជាជន​នានា​នៅ​ឃុំជប់ ខេត្ត​ត្បូងឃ្មុំ នៅ​ម្តុំគគីរ កៀន​ស្វាយ ខេត្ត​កណ្តាល នៅ​ឃុំពង្រ ឃុំ​មហា​លាភ និង ឃុំពាមប្រធ្នោះ ស្រុក​កោះ​សូទិន ខេត្ត​កំពង់ចាម ជា​ដើម​៕

Article by SRIN SOKMEAN



SUGGESTIONS