×

អេហ៍! តើ​អ្នក​ដឹងអត់ សុខ ចាន់ផល អ្នក​និពន្ធ «សង្សារ១៤​ថ្ងៃ» មាន​ស្នា​ដៃ​ល្បីៗអី​ខ្លះ​!

NEWS 6 years ago
 
 

          សង្សារ១៤​ថ្ងៃ គឺជា​ចំណង​ជើង​ប្រលោម​លោក​ខ្នាត​វែង​ថ្មី​របស់​អ្នក​និពន្ធ​ល្បីល្បាញ​កម្ពុជា​ម្នាក់ លោក សុខ ចាន់ផល។ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម​និង​ជា​អតីត​សិស្ស​ពូកែ​ថ្នាក់​ខេត្ត អ្នក​និពន្ធភក្ត្រស្រទន់ សម្តី​ផ្អែម អាយុ​៣៤ឆ្នាំ​រូប​នេះ មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​តាម​រយៈទំនុក​ច្រៀង​រាប់រយ​បទ​របស់​ខ្លួន នៅ​ក្នុង​ផលិត​កម្ម​ចម្រៀង​ដ៏​ធំ​មួយ​របស់​កម្ពុជា រស្មីហង្សមាស។

          «បទ​ចម្រៀង​ដែល​មហា​ជន​ស្គាល់​ខ្ញុំ​ដំបូង​គឺបទ ឈាម​ពេជ្រ ហើយ​បទ​ដែល​កេរ្តិ៍​ឈ្មោះ​ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​បំផុត​ពី​មហា​ជនគឺបទ កុំ​ភ្លេច Call មកបង បើសិនគេ​បោះ​បង់អូន។ ហើយ​ជា​បន្ត​​បន្ទាប់​មក​ទៀត ក៏​មាន​បទ​ចម្រៀង​ជា​ច្រើន​ទៀត​ដែល​តែង​តែ​ទទួល​បាន​ការ​គាំទ្រ​មក​រហូត។» នេះ​គឺជា​ការ​បញ្ជា​ក់​របស់​លោក សុខ ចាន់ផល។

          ​ពិត​ណាស់ ទំនុក​ច្រៀង​របស់​អ្នក​និពន្ធម្នាក់​នេះ​ពិត​ជា​បាន​អង្រួន​ទី​ផ្សារ​ចម្រៀង​យ៉ាង​សម្បើម​មែន។ មិន​ថា​ទាំង​អ្នក​ស្តាប់ និង​ទាំង​អ្នក​និពន្ធដូច​គ្នា សុទ្ធ​តែ​បាន​កោតសរសើរពីទេពកោសល្យ​ដែល​គាត់​មាន។ ប្រហែល​ដោយ​សារ​មាន​ការ​គាំទ្រ និង​តាម​រយៈ​និស្ស័យ​ពី​កំណើត​ចូល​ចិត្ត​សរសេរ​នេះ​ហើយ ដែល​លោក សុខ ចាន់ផល តែង​តែ​ព្យាយាម​កសាង​ស្នា​ដៃ​ថ្មីៗ សម្រាប់​អ្នក​គាំទ្រ​ជានិច្ច។ គាត់​បាន​និពន្ធប្រលោម​លោក​ខ្នាត​ខ្លី ផលិត​ភាពយន្តខ្លី និង​បោះ​ពុម្ព​សៀវភៅ​ជា​ច្រើន​ចំណង​ជើង និយាយ​រួម ធ្វើ​អ្វី​គ្រប់​យ៉ាង ដើម្បី​ស្នា​ដៃ​ទាំង​នោះ​បាន​ទៅ​ដល់​មិត្ត​អ្នក​អាន​របស់​គាត់ មិន​ថា សរសេរ​លើប្លុក សរសេរ​លើ Face Book ( Page: Sok Chanphal) ប្រមូល​អ្នក​និពន្ធ​ក្មេងៗជជែក​ពិភាក្សា​ចែក​រំលែកបទ​ពិសោធន៍ និង​បង្កើត​ក្រុម​អ្នក​ចូល​ចិត្ត​អាន សរសេរ (អ្នក​និពន្ធវេទមន្ត) ជា​ដើម។ ចុះ​បើ​អ្នក​កំពុង​អាន​អត្ថបទ​មួយ​នេះ គឺជា Fan របស់​គាត់ តើស្នា​ដៃ​មួយ​ណា​ដែល​អ្នក​ពេញ​ចិត្ត​ជាង​គេ?  សៀវភៅ​រឿង ខែរងា? មនោសញ្ចេតនា? ចង្កៀងនិទាន​រឿង​ខ្មោច ឬ​ក៏​ភាពយន្តខ្លី កាបូប​លុយ? ឬ​ក៏​ចម្រៀង​បទ ពេល​វេលា? ស្រឡាញ់​គឺលះបង់? បង​ល្អ​គ្រប់​យ៉ាង​តែអូន​ស្រឡាញ់​គេ? ឬ​ក៏​បទ កន្លែង​ណា​ព្រម​ទទួល​យក​ខ្ញុំ?

          «ជីវិត​របស់​អ្នក​និពន្ធគឺ​សាមញ្ញ​ទេ ជួន​សប្បាយ ជួន​ទុក្ខ តែវា​គឺជា​សាច់​រឿង​ដ៏​ល្អ​បំផុត​!»

          ងាកមក​និយាយ​ពីស្នា​ដៃ​ថ្មី​របស់​គាត់​វិញ​គឺ សង្សារ១៤​ថ្ងៃ ប្រលោម​លោក​ខ្នាត​វែង​បែប​មនោសញ្ចេតនា ចាក់​ដោតគ្រប់​ទំព័រ ដែល​នឹង​ត្រូវ​សម្ពោធនា​ថ្ងៃ​ទី១៤ ខែ​កក្កដា​នេះ។ វានិទានពី​រឿង​រ៉ាវស្នេហា​បែប​យុវ​វ័យ​របស់​ក្រមុំ​អ្នក​និពន្ធ និង​កម្លោះ​អ្នក​ថតរូប តែ​ខ្ញុំ​សុំ​មិន​ប្រាប់​ថា តើវាជាស្នេហារ៉ូ​មែន​ទិក ឬ​ព្រាត់​ប្រាស់​នោះ​ទេ។ បើ​ចង់​ដឹង មាន​តែ​មើល​លើ Page របស់​លោក សុខ ចាន់ផល ឬ​ទៅ​ទិញ​ផ្ទាល់​នៅ​ក្នុង​កម្មវិធី​«កម្លាំង​បណ្តាល​ចិត្ត​អ្នក​និពន្ធ» នា​ថ្ងៃ​ទី១៤ ខែ​កក្កដា​តែ​ម្តង។ សង្សារ១៤​ថ្ងៃ គឺជា​ប្រលោម​លោក​ស្នេហា​ខ្នាត​វែង​ដំបូង​របស់​កម្ពុជា​ដែល​ត្រូវ​បាន​ផលិត​ជា​សៀវភៅ និង​ភាពយន្ត​ដំណាល​គ្នា​តែ​ម្តង។ ដូច្នេះ សង្សារ១៤​ថ្ងៃ ដែល​ផលិត​ដោយ​ផលិត​កម្មឥន្ទ្រិយ៍ហ្វីម​នឹង​ក្លាយ​ទៅ​ជាភាពយន្ត​ខ្នាត​ធំ​ទី២​របស់​គាត់ ខណៈ​ភាពយន្តទី១ ទេសចរណ៍​ឋាននរក ដែល​សម្តែង​​ដោយ​តារា​ចម្រៀង ឈិត សុវណ្ណបញ្ញា ត្រូវ​បាន​ចាត់​ទុកថា គឺជា​ភាពយន្ត​បែប​មនោសញ្ចេតនា​ប្លែក​អារម្មណ៍​មួយ​នៅ​លើទី​ផ្សារ​ភាពយន្តខ្មោច កំប្លែង និង​ភ័យរន្ធត់​របស់​កម្ពុជា។ តើ​រាល់​ថ្ងៃ​ហ្នឹង​នៅ​ស្តាប់​បទ ម្នាក់​ឯង​ម្តង​ទៀត អត់?

          «ខ្ញុំ​សប្បាយ​ចិត្ត​បំផុត​ដែល​បាន​ចែក​រំលែកបទ​ពិសោធន៍​ជីវិត និង​ការ​សរសេរ​របស់​ខ្ញុំ​ដល់​អ្នក​ទាំង​អស់​គ្នា​!»

          ឆ្លង​កាត់​បទ​ពិសោធន៍​សរសេរ​ជិត​១០ឆ្នាំ ដែល​មាន​ទាំង​ឧបសគ្គ​និង​ជោគ​ជ័យ​​លាយឡំ​គ្នា​នេះ សព្វ​ថ្ងៃ លោក សុខ ចាន់ផល គឺជា​អ្នក​ដឹក​នាំ​សម្តែង អ្នក​និពន្ធទំនុក​ច្រៀង ប្រលោម​លោក និង​ភាពយន្ត​ឯករាជ្យ​ម្នាក់។ លោក​ក៏​មិន​ភ្លេច​អរគុណ​ដល់​គ្រូ​បាធ្យាយ មិត្ត​អ្នក​និពន្ធ និង​អ្នក​គាំទ្រ​ដែល​តែង​តែ​គាំទ្រ​ស្នា​ដៃ​របស់​គាត់​តាំង​ពី​ដើម​រហូត​មក​ដល់​ពេល​នេះ។

          «បើ​ខ្ញុំ​ប្រាប់​ថា ខ្ញុំ​គឺជា​អ្នក​និពន្ធ​ដែល​មិន​ពូកែ​អាន​សៀវភៅ តើគេ​នឹង​ជឿ​ខ្ញុំ​ទេ?»

          គួរ​ដឹងថា លោក សុខ ចាន់ផល គឺជា​អ្នក​និពន្ធ​វ័យ​ក្មេង​កម្ពុជា​ទី១​ដែល​ទទួល​បាន​ពានរង្វាន់​កិត្តិយស​ផ្នែក​សំណេរ Sea write Awards 2013 (រៀបចំ​ដោយ​ព្រះ​រាជា​ណា​ចក្រ​ថៃ​ជូន​ដល់​អ្នក​និពន្ធ​ដែល​មាន​ស្នា​ដៃ​លេចធ្លោ​នៅ​តំបន់​អាស៊ាន) ក្នុង​ចំណោម​អ្នក​និពន្ធ​កម្ពុជា​ដែល​ធ្លាប់​ទទួល​បាន​ពានរង្វាន់​នេះ។ ក្រៅ​ពី​ពានរង្វាន់​អន្តរជាតិ​​នេះ លោក​ក៏​ធ្លាប់​ជាម្ចាស់​​ជ័យ​លាភី​ក្នុង​វេទិកា​អក្សរ​សិល្បិ៍ល្បីៗ​របស់​កម្ពុជា​ជា​ច្រើន​ទៀត​ដូចជា ពានរង្វាន់​អក្សរ​សិល្បិ៍ នូ ហាច និង​រង្វាន់​លេខ​១ រឿង​ឋានសួគ៌​លោកិយ៍ លើ​ប្រធាន​បទ យុវជន​ខ្មែរ​ទ្រទ្រង់​ព្រះ​ពុទ្ធ​សាសនា ជា​ដើម។

          សូម​អញ្ចើញ​ចូល​រួម​កម្មវិធី​សម្ពោធ​សៀវភៅ សង្សារ១៤​ថ្ងៃ ឬ​កម្លាំង​បណ្តាល​ចិត្ត​អ្នក​និពន្ធ នា​ថ្ងៃ​ទី១៤ ខែ​កក្កដា ខាង​មុខ ចាប់​ពី​ម៉ោង​១រសៀលត​ទៅ នៅ​សាកល​វិទ្យា​ល័យហ្សាម៉ាន ទាំង​អស់​គ្នា​ណា!

Article by SVAY LEEMENG


SUGGESTIONS