×

សម្លៀក​បំពាក់ ៦ឈុត​បង្ហាញ​ពីសម្រស់​របស់​ម្ចាស់​​ក្សត្រី​ខ្មែរ​តាម​ខេត្ត​នី​មួយៗ

FASHION & BEAUTY 3 months ago
 
 

          ស្តេច​ចេនឡា​គឺជា​ឈ្មោះ​ឈុត​តំណាង​ជាតិ​របស់​កម្ពុជា​ក្នុង​កម្មវិធី Mister Global International ២០១៨ ដែល​ជាស្នា​ដៃ​រចនា​របស់​អ្នក​ស្រាវជ្រាវ​សម្លៀក​បំពាក់​ខ្មែរ​គ្រប់​សម័យ​កាល លោក ចាន់ សោភ័ណ ដែល​នេះ​ចាត់​ទុកថា គឺ​ជាការ​ចាប់​ផ្តើម​ដ៏​ល្អ​មួយ​របស់​លោក។ ហើយ​ថ្មីៗ​នេះ លោក​ក៏​ទើប​បាន​ផលិត​ឈុត​ថ្មី​បន្ថែម​ទៀត ទៅ​តាម​គម្រោង​របស់​លោក ក្នុង​ចេតនា​លើក​ស្ទួយពីសម្រស់​វប្បធម៌​និង​សិល្បៈ​នៃ​ការតុប​តែង​កាយ​ដ៏​សម្បូរ​បែប​របស់​បុព្វ​បុរស​ខ្មែរ​ជូន​ដល់​អ្នក​គាំទ្រ ជាចំ​នេះ​ដឹង​ខ្លះៗពីសម្លៀក​បំពាក់​ខ្មែរ។

ឈុតទី១៖ ព្រះ​នាង​នគរភ្នំ បង្ហាញ​ដោយ​កញ្ញា ស៊ិន យី ដែល​ជា​ជ័យ​លាភី​លេខ​១ Khmer Super Model cycle 9. ឈុត​នេះ​ចម្លង​តាម​ទាំង​ស្រុងពីសិលាចារិក​ដែល បាន​រក​ឃើញ​នៅ​កំពង់ផែអូកែវ (អតីត​កំពង់ផែ​ខ្មែរ​ដ៏​ល្បីល្បាញ​នា​សម័យ​បុរាណ) និង​តំណាង​ឱ្យ​ខេត្ត​តាកែវ។

ព្រះ​នាង​នគរភ្នំ

ឈុតទី២៖ ព្រះ​នាង​លង្វែក បង្ហាញ​ដោយ កញ្ញា អូន ពេជ្រ ដែល​ជាតារា​សម្តែង និង​បង្ហាញ​ម៉ូត។ ឈុត​តំណាង​ឱ្យ​ខេត្ត​កំពង់ឆ្នាំ​ងនា​សម័យ​លង្វែក​នោះ ចម្លង​តាម​ទាំង​ស្រុងពីចម្លាក់​នៅ​ប្រាសាទ​អង្គរ​វត្ត ក្នុង​រជ្ជកាល​របស់​ព្រះ​បាទចន្ទ​រាជា។ គួរ​ដឹងថា អូន ពេជ្រ ធ្លាប់​បង្ហាញ​ឈុត​ស្តេច​នាគសលម្អងផ្កា​អំបិល ម្តង​ហើយ​កាលពី​គ្រា​មុន​ជា​មួយ​ឈុត ស្តេច​ចេនឡា។ ស្តេច​នាគសលម្អងផ្កា​អំបិល តំណាង​ឱ្យ​ខេត្ត​តាម​តំបន់​មាត់​សមុទ្រ​របស់​កម្ពុជា។

ព្រះ​នាង​លង្វែក

ឈុតទី៣៖ ព្រះ​នាង​សុវណ្ណ​ភូមិ បង្ហាញ​ដោយ​អ្នក​និពន្ធល្បី​ឈ្មោះ​កម្ពុជា គឹម ឌីណា។ ឈុត​តំណាង​ខេត្ត​បាត់​ដំបង​នេះ​តុប​តែង​ទៅ​ដោយ​វត្ថុ​ជា​ច្រើន​ដែល​ស្តែង​ពីភាពសំបូរ​បែប​នៃ​ធនធាន​របស់​កម្ពុជា មិន​ថា​ក្នុង​ដី លើដី និង​ក្នុង​ទឹក​ឡើយ ដូច្នេះ​វា​មិន​មែន​ជាការ​ចៃដន្យ​នោះ​ទេ ដែល​កម្ពុជា​មាន​ឈ្មោះ​ថា ដែនដី​សុវណ្ណ​ភូមិ។

ព្រះ​នាង​សុវណ្ណ​ភូមិ

ឈុតទី៤៖ យាយយ៉ាត​ប៉ៃលិន បង្ហាញ​ដោយ​កញ្ញា លីណា ដែល​ជាតារា​សម្តែង​​និង​បង្ហាញ​ម៉ូត។ ឈុត​តំណាង​ខេត្ត​ប៉ៃលិន​នេះ​ទើប​សម្រេច​បាន​៧០​ភាគរយ​តែ​ប៉ុណ្ណោះ។ តាម​សម្តី​លោក ចាន់ សោភ័ណ ឈុត​នេះ​ជិត​៩០​ភាគរយ​ត្រូវ​ការប៉ាក់ឌិនលម្អ​ដោយ​ត្បូងជា​ច្រើន​ដើម្បីសាកសម​នឹង​កិត្តិនាម​ទឹក​ដីត្បូងកណ្តៀង ត្បូងទទឹម ដ៏​ល្អ​ឯក​របស់​ខ្មែរ​យើង។

យាយយ៉ាត​ប៉ៃលិន

ឈុតទី៥៖ ព្រះ​នាង​ថ្នាំ​ជក់ បង្ហាញ​ដោយ កញ្ញា ឌី លីកា ដែល​ជាតារា​បង្ហាញ​ម៉ូត។ ឈុត​តំណាង​ខេត្ត​កំពង់ចាម​នេះ រចនា​ពីក្រមា​តាម​លំ​នាំ​ស្លឹក​ថ្នាំ​ជក់​និង​ម្កុដ​មួយ​ខ្ពស់​ត្រដែតអម​ដោយ​ស្លាប​ប្រៀបដូច​សត្វ​រំពេរហិចហើរលើ​ផ្ទៃ​ទន្លេ​មេគង្គបង្អួតសម្រស់​ដូច្នេះ​ដែរ។ តើ​អ្នក​ដឹងអត់ ហេតុ​អ្វី​ឈុត​នេះ​ច្នៃ​ដោយ​យោង​លើក្រមា​និង​ស្លឹក​ថ្នាំ​ជក់? ជឿថា អ្នក​ខេត្ត​កំពង់ចាម​ដឹង​ច្បាស់​ជាង​គេ។

ព្រះ​នាង​ថ្នាំ​ជក់

ឈុតទី៦៖ ព្រះ​នាង​កួយ បង្ហាញ​ដោយ កញ្ញា ឌុក លីដា ដែល​ជា​និស្សិត​ឆ្នាំ​ទី២​ជំនាញ​តុប​តែង​លម្អ​នៃ​ស្ថាបត្យកម្ម តែ​មាន​ក្តីស្រមៃ​ចង់​ក្លាយ​ជាតារា​បង្ហាញ​ម៉ូត​ម្នាក់​នា​ពេល​អនាគត។ ឈុត​តំណាង​ខេត្ត​នៅ​តំបន់​ខ្ពង់រាប​ដ៏​ស្រស់​ត្រកាល​របស់​កម្ពុជា​យើង​នេះ ភាគ​ច្រើន​ប្រើ​ប្រាស់​ពណ៌​ខ្មៅ ម្កុដផ្កា​ព្រៃ​និង​ស្បៃ​អូស​ធរណី វាតទី​ពេញ​ពសុធា​ពណ៌​បៃតង​នៃ​សមុទ្រ​ឈើ​ខ្មែរ។ មិន​ខុស​ពី​អ្នក​បង្ហាញ​ទាំង​៥​ខាង​លើទេ លីដា ថា ខ្លួន​សប្បាយ​ចិត្ត​ដែល​បាន​ក្លាយ​ជា​ចំណែក​មួយ​ក្នុង​កិច្ច​ការលើ​កស្ទួយសម្លៀក​បំពាក់​ខ្មែរ​នៅ​ពេល​នេះ។

ព្រះ​នាង​កួយ

          ​គួរ​ដឹងថា ឈុត​ទាំង​នោះ​ផលិត​ពីផាមួង ហូល ក្រមា និង​ក្រណាត់​ផ្សេងៗ​ទៀត ប៉ាក់ឌិន​បន្ថែម ដោយ​វត្ថុ​តុប​តែង​លម្អ​តូច​ធំ​ជា​ច្រើន​ទៀត ដូចជា​ត្បូង​និង​គ្រឿង​អលង្ការ (ជ័រ ដែក ស្ពាន់ ខ្មុកជា​ដើម) តាម​លំ​នាំ​និង​ច្នៃ​ថ្មី​បន្ថែម​លើការ​ស្រាវជ្រាវ​របស់​លោក ចាន់ សោភ័ណ ហើយ​រយៈ​ពេល​នៃ​ការ​ផលិត​អាចពី៥​ថ្ងៃ​ទៅ​១០​ថ្ងៃ។

          ភ្ជាប់​ទៅ​នឹង​ឈុត​ថ្មី​ទាំង​០៦ ដែល​ទើប​សម្រេច​បាន​៧០​ភាគរយ​នេះ លោក ចាន់ សោភ័ណ ក៏​មិន​ខ្លាច​នឹង​ប្រាប់​ថា ឈុត​តំណាង​រាជធានី​-​ខេត្ត​របស់​ខ្មែរ​ទាំង​អស់ លោក​បាន​គូរ​និង​ច្នៃ​នៅ​លើក្រដាស​រួច​រាល់​ហើយ នៅ​ឡើយ​តែការ​ផលិត​ឱ្យ​បាន​ជារូបរាង​ប៉ុណ្ណោះ ខណៈ​ការ​ចំណាយ​លើឈុតនី​មួយៗ គឺ​ចន្លោះ​ពី១លាន​ទៅ​២លាន​រៀល​ឬ​អាច​ច្រើន​ជាង​នេះ។ និយាយ​ដល់​ចំណុច​នេះ លោក​សង្ឃឹម​ថា នឹង​មាន​សប្បុរជន​នានា​ជួយ​គាំទ្រ​និង​ឧបត្ភម្ថ​ដល់​ការ​ផលិត​ឈុត​ទាំង​នោះ​ឡើង ទៅ​តាម​លទ្ធភាព​ជាក់​ស្តែង​ជាក់​ជា​មិន​ខាន៕

Article SVAY LEEMENG

 



SUGGESTIONS