×

វីរ​បុរស​គន្ធ​បុប្ផា ស្នា​ដៃ​និង​បេះដូង​សប្បុរស​ដែល​ជនជាតិ​ខ្មែរ​មិន​អាច​បំភ្លេច​បាន

NEWS 2 weeks ago
 
 

          ជា​ដំណឹង​ដ៏​សែន​រន្ធត់​ឥត​ឧបមា​សម្រាប់​ប្រជាជាតិ​ខ្មែ​រ​ទាំងមូ​ល​នៅ​​ពេល​ដឹង​ថា លោក បេ​អាត រិចឈ្នឺរ ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​ដ៏​ល្បីល្បាញ​ប្រចាំ​ក្រុង​ភ្នំពេញ និង ខេត្តសៀមរាប ជា​យូរ​មក​ហើយ​នោះ​បាន ​ទទួល​មរណភាព​កាល​ពី​វេលា​ម៉ោង​២​និង​៤៥​នាទី​រសៀល​ ថ្ងៃ​ទី០៩ ខែ​កញ្ញា ឆ្នាំ​២០១៨​ ម្សិលមិញ​នេះ ​នៅ​ឯ​ប្រទេស​ស្វ៊ីស ក្នុង​ជន្មាយុ ៧១ ឆ្នាំ ដោយ​រោគាពាធ។ ព័ត៌មាន​ដំបូង​នៃ​មរណភាព​របស់​វីរបុរស​នៃ វាសនា​កុមារ​កម្ពុជា​រាប់​លាន​នាក់​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ផ្លូវ​ការ​នៅ​លើ​គេហទំព័រ​កម្មវិធី​ទូរទស្សន៍​បរទេស​ មួយ​ដែល​មាន​ឈ្មោះ​ថា Glanz & Gloria កាល​ពី​ថ្ងៃ​ទី​០៩ វេលា​ម៉ោង ៥:២១ នាទី។ គេហទំព័រ​នោះ​បាន​បង្ហាញ រូបថត​ស​ខ្មៅ​បង្ហាញ​មរណ​ទុក្ខ​របស់​វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ជាមួយ​នឹង​សារ​ដ៏​ក្រៀមក្រំ​ក្នុង​ន័យ​ដើម ទាំង​ស្រុង​ថា «លោក​វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ​បាន​ស្លាប់​ហើយ។ ក្រោយ​ពេល​មាន​ជម្ងឺ​អស់រយៈ​ពេល​យូរ​មក បេះដូង​របស់​គ្រូពេទ្យ​កុមារ​និង​តន្រ្តី​ករសេឡូរ​ហស្សនាម “​​Beatocello” នេះ​បាន​ឈប់​លោត​កាល​ពី​ពេល យប់​មិញ​នេះ​ប្រៀប​ដូច​ជា​មូលនិធិមន្ទី​រពេទ្យកុមារគន្ធបុប្ផា​របស់​គាត់​ដែរ»។

Image source: Facebook Dr. Beat Richner

          លោក​វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) ប្រសូត​នៅ​ថ្ងៃ​ទី ១៣​ ខែមីនា ឆ្នាំ ១៩៤៧ នៅ​ទី​ក្រុង Zurich នៃ​ប្រទេស​ស្វ៊ីស។ លោក​បាន​មក​ដល់​កម្ពុជា​ដំបូង​នៅ​ឆ្នាំ ១៩៧៤ ក្នុង​បេសកកម្ម​នៃ​ជំនួយ​កាក​បាទ​ក្រហម​ស្វ៊ីស ក៏​ប៉ុន្តែ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ប៉ុលពត លោក​ក៏​ត្រូវ​បាន​គេ​បញ្ជូន​ត្រលប់​មក​ប្រទេស​ស្វ៊ីស​វិញ។ រហូត​ឆ្នាំ ១៩៩២ លោក​វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា​តែង​តាំង​ជា​ប្រធាន​គ្រប់គ្រង​នៃ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។ ដោយ​សារ​តែ​មើល​ឃើញ​និង​មាន​ចិត្ត​អាណិត​អាសូរ​ដល់​កុមារ​កម្ពុជា​រាប់ពាន់​នាក់​ដែល​កំពុង​ប្រឈម​នឹង​ជម្ងឺ​ធ្ងន់​ធ្ងរ​ជា​រៀងរាល់​ថ្ងៃ លោក​វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ បាន​បង្កើត​មូល​និធិមួយ​ ដើម្បី​ស្វែង​រក​ថវិកា​ពី​សប្បុរជន​នានា​នៅ​ឯ​ប្រទេសស្វ៊ីស​ក្នុង​ការ​ទ្រទ្រង់​និង​ជួយកុមារ​ដែល​កំពុង​សម្រាក​ព្យាបាល​ជម្ងឺ​នៅ​ឯ​មន្ទីរពេទ្យ​គន្ធបុប្ឋា​។

Image source: facebook Dr. Beat Richner

          គួរ​រំឭក​ផង​ដែរ​ថា យោង​តាម​សេចក្តី​ប្រកាស​ជា​ផ្លូវ​ការ​របស់​មន្ទីរ​ពេទ្យគន្ធបុប្ផា  លោក​វេជ្ជបណ្ឌិត បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​គ្រប់គ្រង​មន្ទីរ​នេះ​តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៧ មក​ម្ល៉េះ ដោយ​សារ ​លោក​មាន​ជម្ងឺ​ធ្ងន់ធ្ងរ​ដែល​ទាមទារ​ការ​សម្រាក​ព្យាបាល​នៅ​ប្រទេស​ស្វ៊ីស​ដែល​ជា​ប្រទេស​កំណើត​របស់ ​លោក ហើយ​តំណែង​នេះ​ត្រូវ​ជំនួស​ដោយ លោក​វេជ្ជបណ្ឌិត Peter Studer ដែល​ធ្លាប់​មាន​តួនាទី​ជា​អនុ ​ប្រធាន​គណៈកម្មការ​នៃ​មូល​និធិ​គន្ធ​បុប្ផា។ គិត​មក​ត្រឹម​ឆ្នាំ​២០១៧ ខណៈ​ពេល​ដែល​លោ​កលា​លែ​ង​ពី តំណែង​ដោយ​សារ​បញ្ហា​សុខភាព​នោះ ​មន្ទីរ​ពេទ្យគន្ធ​បុប្ផា​មាន​បុគ្គលិក​សរុប​ចំនួន​រហូត​២៥០០​នាក់​ហើយ ​ក្នុង​ចំណោម​នោះ មាន​តែ​វេជ្ជបណ្ឌិត​ជន​ជាតិបរទេស​ចំនួន​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​កំពុង​បម្រើការ​នៅ​ទី​នោះ។ រី​ឯ​ចំនួន​ទី​តាំ​ង​មន្ទីរ​ពេទ្យ​កើន​ឡើងរ​ហូត​០៥​ទីតាំង​ គឺ មន្ទីរ​ពេទ្យគន្ធបុប្ផា​ទី១ (ភ្នំពេញ ​១៩៩២) មន្ទីរ​ពេទ្យ​ គន្ធបុប្ផា​ទី២ (ភ្នំពេញ ១៩៩៦) មន្ទីរ​ពេទ្យគន្ធ​បុប្ផាទី៣​ ឬ មន្ទីរ​ពេទ្យ​ព្រះជ័យ​វរ្ម័ន​ទី៧ (សៀម​រាប ១៩៩៨) មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៤ (ភ្នំពេញ ២០០៥)  និង មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទី៥ (ភ្នំពេញ ២០០៧)។

Image source: Facebook Dr. Beat Richner

          មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ទាំង​៥​ទី​តាំង​សុទ្ធ​សឹង​តែ​បើក​បម្រើ​សេវា​កម្ម​ទទួល​ព្យាបាល​ជម្ងឺ​របស់​កុមារ​មក​ពី ​ទូទាំង​ប្រទេស​ដោយ​ឥត​គិត​ថ្លៃ​និង​ដោយ​គ្មាន​ការ​​រើស​អើង។ ក្នុង​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​នេះ ​មូល​និធិមន្ទីរពេទ្យ​នេះ​បាន​ចំណាយ​ថវិកា​ចំនួន​៥៦០លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើ​ការ​ព្យាបាល​ដល់​កុមារ​កម្ពុជា​ចំនួន១លាន៦សែន​នាក់​ដែល​មក​សម្រាក​ព្យាបាល និង កុមារ​១៦​លាន​នាក់​ដែល​មក​ទទួល​ការ​ព្យាបាល តែ​មិន​សម្រាក​ស្នាក់​នៅ។ លោក​វេជ្ជបណ្ឌិត​ធ្លាប់​មាន​ប្រសាសន៍​ក្នុង​ឱកាស​កម្ម​វិធី​ប្រគំតន្រ្តី​សប្បុរ​សធម៌ មួយក្នុង​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ២០១៥ ថា «កុមារ​គ្រប់​រូប​មាន​ជីវិត​តែ​មួយ ​ហើយ​ជីវិត ​នីមួយៗ​គឺ​មាន​តម្លៃ​ស្មើ​ៗ​គ្នា។ ការ​សង្រ្គោះ​អាយុ​ជីវិត​កុមារ​គឺ​ជា​សកម្មភាព​ដែល​មនុស្ស​ទូទៅ​ត្រូវ​ធ្វើ។ »

Image source: Facebook Dr. Beat Richner

          នៅ​ឆ្នាំ​២០១៥ មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​លោក​វេជ្ជបណ្ឌិត បេអាតរិចឈ្នឺរ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​តែង​តាំង​ជា​មន្ទីរពេទ្យ​គម្រូស​ម្រាប់​ប្រព័ន្ធ​វិស័យ​សុខាភិបាល​កម្ពុជា​។ ក្រោយ​មក នៅ​ខែ​មីនា ឆ្នាំ​២០១៦ លោក​វេជ្ជបណ្ឌិត​ត្រូវ​បាន​តែង​តាំង​ជា​ទី​ប្រឹក្សា​ផ្ទាល់​នៃ​ក្រសួង​សុខា ភិបាល​ក្នុង​ឋានៈ​ជា​រដ្ឋលេខាធិការ។ សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា និង ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ទាំងអស់​បាន​ទទួល​ស្គាល់​នូវ​ស្នា​ដៃ​បេសកកម្ម​ការងារ​ដ៏​ប្រសើរ​ខ្ពង់ខ្ពស់​​ ព្រម​ទាំង​តួ​នាទី​ដ៏​ចំបង​របស់​មន្ទីរពេទ្យគន្ធ​បុប្ផា​ក្នុង​ការ​ចូលរួម​ចំណែក​លើក​កម្ពស់​វិស័យ​សុខាភិបាល​នៅ ប្រទេស​កម្ពុជា៕ 

Article by SRIN SOKMEAN



SUGGESTIONS