រ៉ាហ្វែល ស៊ីហ្វ្រេដ វិចិត្រករជនជាតិបារាំងផ្សងព្រេងនៅលើទឹកដីប្រទេសកម្ពុជា
NEWS 6 years agoដោយសារតែប្រទេសកម្ពុជាជាប្រទេសមួយដែលសម្បូរទៅដោយមត៌កធនធានធម្មជាតិ និងវប្បធម៌យ៉ាងល្អអនេកខុសប្លែកពីបណ្តាប្រទេសផ្សេងៗនៅក្នុងទ្វីបអាស៊ី ទើបមានបុរសជនជាតិបារាំងម្នាក់បានចំណាយពេលជាច្រើនឆ្នាំក្នុងការត្រាច់ចរផ្សងព្រេងស្ទើរគ្រប់ច្រកល្ហកនៃប្រទេសកម្ពុជាដើម្បីគូររូបគំនូរជាច្រើនផ្ទាំងឆ្លុះបញ្ចាំងអំពីទិដ្ឋភាពនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅក្នុងតំបន់ទាំងនោះបង្ហាញឲ្យពិភពលោកបានស្គាល់។ ស្នាដៃរបស់គាត់មិនមែនគ្រាន់តែជាផ្ទាំងគំនូរធម្មតានោះទេ ប៉ុន្តែវាក៏អាចដើរតួនាទីជាផែនទីទេសចរណ៍សម្រាប់ទាក់ទាញទេសចរជាតិនិងអន្តរជាតិឲ្យទៅស្វែងរកសក្តានុពលសំខាន់ៗនៃតំបន់នោះថែមទៀតផង។
ជនជាតិបារាំងដែលជាវិចិត្រករផ្សងព្រេងនោះមានឈ្មោះថា រាហ្វែល ស៊ីហ្វ្រេដ (Raphaël Seyfried) មានដើមកំណើតមកពីទីក្រុងស្ត្រាប៊ួរ (Strasbourg) ភាគខាងកើតនៃប្រទេសបារាំង។ លោកជាអតីតនិស្សិតផ្នែកស្ថាបត្យកម្ម ប៉ុន្តែដោយសារតែលោកមានក្តីស្រមៃចង់ធ្វើដំណើរជុំវិញពិភពលោក លោកក៏បានសម្រេចចិត្តបោះបង់អាជីពជាស្ថាបត្យករនៅក្នុងប្រទេសស្វីស ហើយចាប់ផ្តើមបំពេញក្តីស្រមៃនៃការធ្វើដំណើរទៅប្រទេសមួយទៅប្រទេសមួយក្នុងគោលបំណងជួបមនុស្សថ្មីៗស្វែងយល់អំពីវប្បធម៌ និងចងក្រងកំណត់ត្រាទេសចរណ៍តាមរយៈសិល្បៈគំនូរ។ មុននឹងមកដល់ប្រទេសកម្ពុជា វិចិត្រករផ្សងព្រេងរូបនេះធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសមួយចំនួន ក្នុងនោះរួមមានប្រទេសអាល់បានី ប្រទេសក្រិច ប្រទេសញូវហ្សេលេន និងប្រទេសអូស្ត្រាលី ប៉ុន្តែអ្វីដែលគួរជាទីមោទនភាពសម្រាប់ប្រទេសកម្ពុជានោះគឺប្រទេសកម្ពុជាជាប្រទេសទីមួយដែលលោកចាប់អារម្មណ៍ក្នុងការបង្កើតផលិតផលសិល្បៈគំនូរប្រភេទថ្មីជាប្រយោជន៍សម្រាប់ភ្ញៀវទេសចរ នោះគឺផលិតផលដែលលោកបានប្រសិទ្ធនាមឲ្យថា Travel Roll ដែលមានន័យថារមូរសម្រាប់ការធ្វើដំណើរ។
រមូរសម្រាប់ការធ្វើដំណើរគឺជាផ្ទាំងគំនូរប្រវែងចន្លោះពី១.៥ម៉ែត្រទៅ៣ម៉ែត្រ (ខ្នាត 15cm X 150 cm) ដែលត្រូវគេមូរដោយមានផ្សារភ្ជាប់ជាមួយនឹងអត្ថបទទាក់ទងនឹងទេសចរណ៍ខ្លីៗព្រមទាំងរូបភាពអមបន្ថែមផ្សេងៗ។ ម្ចាស់ស្នាដៃបានបញ្ជាក់ថាទេសចរអាចលារមូរគំនូរនេះ ហើយដាក់ស៊ុមទុកដាក់តាំងលម្អឬមូររក្សាទុកជាវត្ថុអនុស្សាវរីយ៍តំណាងវប្បធម៌ខ្មែរក៏បាន។ គំនូររបស់លោកត្រូវបានគូរដោយការប្រើប្រាស់ខ្មៅដៃ ប៊ិច ខ្មៅពណ៌ទឹក និងរមូរក្រដាសគំនូរដែលមានទម្ងន់៣០០ក្រាម។ គំនូរមួយផ្ទាំងដែលមានប្រវែង១.៥ម៉ែត្រត្រូវចំណាយពេលរហូត១ខែទើបរួចរាល់។ រីឯសម្បកវេចខ្ចប់រមូរផ្ទាំងគំនូរនោះធ្វើអំពីស្លឹកត្នោតខ្មែរដែលជាស្នាដៃនិងគំនិតច្នៃប្រតិដ្ឋរបស់ប្រជាជនខ្មែរ១០០ភាគរយ។
“ការផលិតសៀវភៅកំណត់ត្រានៃការធ្វើដំណើរគឺជាក្តីសុបិនរបស់កុមារគ្រប់រូប។ ចំណង់របស់ខ្ញុំគឺស្វែងយល់ពីពិភពលោកដោយការសង្កេតពីវប្បធម៌ការសិក្សាលម្អិតអំពីទេសភាពនិងបណ្តែតខ្លួនទៅក្នុងបរិយាកាសមួយដែលអាចឲ្យខ្លួនឯងចាប់យកខ្លឹមសារពិតនៃប្រជាជននិងទិដ្ឋភាពជុំវិញ។ ការដែលអាចផ្តិតយកព្រឹត្តិការណ៍មួយក្នុងរមូរនៃដំណើរកម្សាន្តមានន័យថាវានឹងអាចត្រូវបានចងចាំជានិច្ច”លោកបានបកស្រាយ។
លោកបានបន្តទៀតថា“ខ្ញុំតែងតែពុះពារព្យាយាមចម្រាញ់យកភាពពិតប្រាកដ ភាពស៊ីជម្រៅ ចំណុចរសើប និងតថភាពនៃប្រជាជន។ ការបង្កើតផលិតផលទាំងនេះនៅក្នុងប្រទេសកម្ពុជាបានផ្តល់ឲ្យខ្ញុំនូវសេចក្តីកោតស្ញប់ស្ញែងចំពោះភាពទន់ភ្លន់ សេចក្តីសោមនស្សរីករាយ និងការឱនលំទោននៃវប្បធម៌ខ្មែរដែលខ្ញុំសង្ឃឹមថានឹងបានចែករំលែកដល់អ្នក។”
ក្នុងចំណោមតំបន់ស្អាតៗជាច្រើនដែលលោកបានធ្វើដំណើរទៅដល់នៅក្នុងប្រទេសកម្ពុជា លោកចាប់អារម្មណ៍និងពេញចិត្តជាងគេគឺភ្នំកំពង់ត្រាចដែលស្ថិតនៅក្នុងខេត្តកំពត និងស្រុកឆ្លូងដែលជាទីប្រជុំជនចាស់មួយតាំងពីសម័យអាណានិគមនិយមបារាំងស្ថិតនៅស្របតាមបណ្តោយដងទន្លេមេគង្គនៃខេត្តក្រចេះ។ ក្រុមការងារយើងបានសាកសួរលោកថាហេតុអ្វីបានជាកន្លែងទាំងពីរនេះនៅតែដក់ជាប់ក្នុងបេះដូងរបស់លោក? លោកបានញញឹមហើយឆ្លើយតបថាលោកចូលចិត្តកំពង់ត្រាច ព្រោះទីនោះសម្បូរភ្នំមានផ្លូវរថភ្លើងនៅជិតនោះហើយមានអាងហែលទឹកធម្មជាតិ ដែលលោកអ្នកអាចចូលទៅដល់ក្នុងល្អាងភ្នំបាន។ ទេសភាពនៅកន្លែងដទៃទៀតនៅក្នុងប្រទេសកម្ពុជានិង ទេសភាពនៅកំពង់ត្រាចមានលក្ខណៈខុសគ្នាមែនទែន ដោយសារនៅកន្លែងភាគច្រើនមានលក្ខណៈរាបស្មើ។ ប៉ុន្តែពេលលោកមកដល់កំពង់ត្រាចលោកឃើញទេសភាពភ្នំប្លែកដែលខ្ពស់ត្រដែតងើបផុតពីដីធ្វើឲ្យលោកលាន់មាត់ថា “វ៉ាវ(Wow!)” តែម្តង។
ដោយឡែកចំពោះស្រុកឆ្លូងខេត្តក្រចេះវិញ លោកបានរៀបរាប់ថា ឆ្លូងគឺទាក់ទងនឹងផ្នែកស្ថាបត្យកម្មដែលមានរឿងរ៉ាវបង្កប់ជាច្រើន។ ឆ្លូងជាតំបន់ប្រមូលផ្តុំដោយសំណង់អគារសម័យអាណានិគមនិយមបារាំង ប៉ុន្តែសព្វថ្ងៃអគារទាំងនោះត្រូវបានប្រជាជនខ្មែរកាន់កាប់រស់នៅដែលនេះជាការសំយោគបញ្ចូលរវាងវប្បធម៌បារាំងនិងវប្បធម៌ខ្មែរ។ លោកយល់ថាវាជាការល្អសម្រាប់ទស្សនា ហើយទីនោះគួរតែត្រូវបានអភិរក្សឲ្យបានល្អសម្រាប់ទាក់ទាញភ្ញៀវទេសចរ ព្រោះពួកគេអាចទៅមើលអ្នកភូមិនោះប្រកបរបរផ្សេងៗនៅក្នុងអគារទាំងនោះដូចជាជាងទង ផ្នែកខ្លះជាភោជនីយដ្ឋាន និងខ្លះជាសណ្ឋាគារ។ អគារនីមួយៗមានមុខងាររបស់វាដាច់ដោយឡែកៗដែលជនបរទេសគួរចំណាយពេលសិក្សាស្វែងយល់។
ក្រៅពីតំបន់ទាំងពីរខាងលើ វិចិត្រករ រាហ្វែល ធ្លាប់បានធ្វើដំណើរទៅកាន់ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពង់ចាម ខេត្តតាកែវ។ លោកអះអាងថាលោកធ្លាប់ជិះម៉ូតូផ្សងព្រេងក្នុងប្រទេសកម្ពុជារហូតដល់ចម្ងាយ១ម៉ឺនទៅ១ម៉ឺន២ពាន់គីឡូម៉ែត្រ ហើយលោកតែងតែសម្របខ្លួនតាមជីវភាពរស់នៅជាក់ស្តែងរបស់ប្រជាជននៅក្នុងតំបន់នីមួយៗ។ ឧទាហរណ៍នៅពេលលោកទៅស្នាក់នៅជាមួយគ្រួសារខ្មែរមួយក្នុងភូមិបណ្តែតទឹក កំពង់ភ្លុកនៃបឹងទន្លេសាប ក្នុងខេត្តសៀមរាប លោកត្រូវចូលគេងម៉ោង៨យប់ បន្ទាប់ពីទទួលទានអាហារពេលល្ងាចជាមួយម្ចាស់ផ្ទះរួច ទោះបីជាលោកមានទម្លាប់ចំណាយពេលយប់ក្នុងការគូររូបក៏ដោយ។
អ្វីដែលលោកនឹកមិនភ្លេចអំពីអនុស្សាវរីយ៍ក្នុងពេលចុះគូររូបនៅតាមតំបន់ជនបទម្តងៗនោះគឺកុមារាកុមារីជាច្រើនតែងតែចោមរោមមើលលោកកំពុងគូរ។ ពួកគេឆ្ងល់ថាលោកមកភូមិរបស់ពួកគេធ្វើអ្វី? ប៉ុន្តែលោកអះអាងថាពួកគេមិនរំខានសកម្មភាពលោកគូររូបនោះទេ ព្រោះនៅពេលលោកគូរ ពួកគេចាប់ផ្តើមសង្កេតមើលយ៉ាងយកចិត្តទុកដាក់។ អ្នកភូមិទាំងនោះភ្ញាក់ផ្អើលនៅពេលដែលពួកគេអាចចំណាំមុខមនុស្សនៅក្នុងរូបគំនូររបស់លោកថាជាឪពុកម្តាយ ឬប្តីប្រពន្ធរបស់ពួកគេ ឬថាទីតាំងនៃរូបនោះជាផ្ទះឬផ្សារក្នុងភូមិរបស់ពួកគេ។ ត្រង់ចំណុចនេះដែរ លោកសង្កត់ធ្ងន់ថា “ការគូរគំនូរធ្វើឲ្យមានទំនាក់ទំនងកាន់តែប្រសើរ” ព្រោះនៅពេលវិចិត្រករទៅដល់ទីកន្លែងណាមួយដើម្បីអង្គុយគូររូបមនុស្សម្នានឹងមកចោមរោមមើលនិងស្វែងយល់អំពីស្នាដៃគំនូរនោះខុសពីអ្នកទេសចរទូទៅដែលត្រូវទៅទាក់ទងប្រជាជននៅពេលពួកគេទៅដល់គោលដៅរបស់ពួកគេ។ នេះជាចំណុចវិជ្ជមានដ៏ធំមួយនៃជីវិតជាវិចិត្រករ។
Image Courtesy: Travel Roll - Raphaël Seyfried
លោកមានប្រសាសន៍ថាលោកពិតជាស្រឡាញ់ទេសភាពជនបទស្រុកស្រែចម្ការនិងរីករាយដែលបានឃើញជីវិតរស់នៅពិតៗរបស់ប្រជាជនកម្ពុជា ជាពិសេសភាពរួសរាយរាក់ទាក់និងស្នាមញញឹមរបស់កុមារកម្ពុជា។ ឯការមករស់នៅទីក្រុងគឺដើម្បីតែបុព្វហេតុការងារតែប៉ុណ្ណោះ មិនមែនជាក្តីស្រមៃក្នុងជីវិតរបស់លោកទេ។ ក្រៅពីនេះលោកបន្ថែមទៀតថាតម្លៃពិសេសនៃផ្នត់គំនិតក្នុងវប្បធម៌ខ្មែរដែលលោកសង្កេតឃើញគឺត្រង់ថា“នៅស្រុកខ្មែរ ខ្ញុំរៀនរស់នៅក្នុងបច្ចុប្បន្នកាល។ នៅស្រុកបារាំងអ្នកមិនដែលគិតអំពីថ្ងៃនេះទេ។ អ្នកត្រូវគិតពីម្សិលមិញឬថ្ងៃស្អែក។ នេះមិនមែនមានន័យថាប្រជាជនខ្មែរមិនគិតអំពីអនាគតកាលទេ តែពួកគេគិតតិចជាងប្រជាជនបារាំង។ ខ្ញុំពេញចិត្ត(គំនិត) បែបខ្មែរជាង ព្រោះឥរិយាបថបែបនេះបានបាត់បង់ជាយូរណាស់មកហើយពីប្រទេសបារាំង។” លោកចង់មានន័យថាផ្នត់គំនិតផ្តោតលើបច្ចុប្បន្នកាលនេះអាចជួយឲ្យសិល្បករបំពេញការងារបានតាមសម្រួលតាមបែបធម្មជាតិមិនបង្ខំបញ្ចប់ការងារទាំងតក់ក្រហល់ពេកនោះទេ ដែលអាចបណ្តាលឲ្យប៉ះពាល់ដល់គុណភាពស្នាដៃការងារ។
នៅថ្ងៃអនាគតលោកចង់ធ្វើដំណើរជុំវិញពិភពលោកទៅកាន់ប្រទេសផ្សេងៗទៀតហើយនឹងបន្តអាជីពសិល្បៈគំនូរនេះតទៅមុខទៀត ប៉ុន្តែលោកនឹងមិនជ្រើសជ្រើសប្រធានបទដដែលដូចដែលលោកធ្លាប់គូរនៅក្នុងប្រទេសកម្ពុជាកន្លងមកនោះទេ។ ទន្ទឹមនឹងនេះវិចិត្រករជនជាតិបារាំងរូបនេះចង់ឲ្យភ្ញៀវទេសចរជួយគាំទ្រស្នាដៃគំនូរបែបទេសចរណ៍ផ្សងព្រេងរបស់លោកឲ្យបានច្រើនដើម្បីទទួលបានចំណេះដឹងផ្សេងៗអំពីប្រទេសកម្ពុជា។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍ចង់ឃើញស្នាដៃគំនូររបស់លោក លោកអ្នកអាចទស្សនាឬទាក់ទងសាកសួរព័ត៌មានបន្ថែមតាមរយៈគេហទំព័រផ្លូវការរបស់លោកផ្ទាល់គឺwww.travelroll.fr៕
Article by SRIN SOKMEAN