×

ធ្លាប់​តែ​ញុំា​កាហ្វេ​ដាក់​កែវ ឥឡូវ​យើង​មក​ភ្លក់​រសជាតិ​កាហ្វេ​ផ្តិល​ប្រាក់​វិញ​ម្តង​មើល៍​

NEWS 2 weeks ago
 
 

​          បច្ចុប្បន្ន ការស្វែង​រក​ភេសជ្ជៈ​ត្រជាក់ៗ​ និង កាហ្វេ ដែល​ជា​ភេសជ្ជៈ​ពេញនិយម​បំផុត​ ហាក់​មិន​ពិបាក​រក​ឡើយ​សម្រាប់​មនុស្ស​គ្រប់មជ្ឈដា្ឋន ​ដោយហេតុ​ថា ហាង​កាហ្វេ​ជា​ច្រើន​បាន​បង្កើត​ឡើង​ជា​បន្ត​បន្ទាប់​ស្ទើរ​តែ​គ្រប់​ច្រកល្ហក​។ ជា​ការ​ពិតណាស់​ កន្លង​មក​យើង​សង្កេត​ឃើញ​ថា ​ហាង​កាហ្វេ​ភាគច្រើន​រមែង​និយម​រៀបចំ​លក្ខណៈ​បែប​បរទេស​ ទាំង​បរិយាកាស​អង្គុយ ​រសជាតិ រួមទាំងការវេចខ្ចប់​ ជាដើម ប៉ុន្តែអ្វី​ដែល​ថ្មី​ហើយប្លែក​សម្រាប់​លើក​នេះ​ សូវរីន សូម​នាំ​ប្រិយមិត្ត​មក​ស្គាល់​ ហាងកាហ្វេ​ថ្មី​មួយ​កន្លែង​ដែល​ទើប​នឹង​បើក ដែល​មាន​ការ​រៀប​ចំ​មើល​ទៅ​លក្ខណៈ​បែបខ្មែរ​សុទ្ធសាធ​  ហើយ​កាន់​តែ​ពិសេស​ទៀត​នោះ​ រាល់ភេសជ្ជៈ​ទាំង​អស់​ត្រូវ​បាន​រៀប​ចំដាក់​នៅ​ក្នុង​ភាជនៈ​ផ្តិល​ប្រាក់​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​។

Image Courtesy: Cafe Ptel Prak

​           ស្ថិត​នៅ​ក្នុង​ប្លុកបឹង​សាឡាង​នៃ​ទីក្រុង​ភ្នំពេញ​ តាំង​ខ្លួន​តាម​បណ្តោយ​ផ្លូវលេខ ៣៤៤  «ផ្តិលប្រាក់» គឺ​ជាហាង​កាហ្វេថ្មី​សន្លាង​មួយ​ ដែលទើប​នឹង​បើក​ដំណើរ​ការ​បានរយៈ​ពេល​ប្រមាណជាង​ ៣ខែ ដែល​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​សំណាក់​យុវវ័យ​។ ផ្តិល​ប្រាក់​ មិនមែន​គ្រាន់​តែ​ជា​ឈ្មោះ ​ឬស្លាក​សញ្ញា​របស់​ហាង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​នៅ​ហាង​កាហ្វេ​នេះ​ទៀតសោត​ គឺ​បាន​ជ្រើសរើស​ផ្តិលប្រាក់​មក​ធ្វើ​ជា​ភាជនៈដាក់​ភេសជ្ជៈ​កាហ្វេ និង​នាំយក​នូវ​រសជាតិ​កាហ្វេ​ថ្មី​ឆ្លាញ់ប្លែក​ខុស​ពី​ហាង​កាហ្វេ​ដទៃ​។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ លោក ញ៉ឹក ថូដុល្លារ៉ា ស្ថាបនិក​នៃ​ហាង​កាហ្វេ ផ្តិលប្រាក់ លោក​បាន​ឲ្យ​ដឹងថា​  «កាហ្វេ​ផ្តិលប្រាក់​មាន​រសជាតិ​ឈ្ងុយ​ពិសេស​ ឬអាច​និយាយ​បាន​ថា​ជា​រសជាតិថ្មី​ ពី​ព្រោះ​យើង​បាន​ចម្រាញ់​ជ្រើសរើស​កាហ្វេ​ ៣ប្រភេទ​លាយបញ្ចូល​គ្នា​ បង្កើត​ជា​ក្លិន​ឈ្ងុយ​ប្លែក​ជាង​កាហ្វេ​ទូទៅ​ ហើយ​កាន់​តែ​ពិសេស​ទៀត​នោះ​ យើង​បាន​ជ្រើស​រើស​ផ្តិលប្រាក់​ ដែល​ជា​ផលិតផល​របស់​ខ្មែរ​យក​មក​ដាក់​កាហ្វេ​តែម្តង​ សរុប​មក​គឺ​ថ្មី​ទាំង​រសជាតិ​ ថ្មី​ទាំង​ការ​វេចខ្ចប់​។  លោក​បាន​បន្ថែម​ទៀត​ថា ​ដោយសារ​កន្លង​មក​ហាង​កាហ្វេ​ភាគ​ច្រើន​បង្កើត​ឡើង​ដាក់​តែ​ឈ្មោះ​បរទេស​ ពិសេស​លំហូរ​ចូល​ហាង​កាហ្វេ​ហ្រ្វេនឆាយ​កាន់​តែ​ច្រើន​ ទើប​លោក​មាន​គំនិត​ចង់​បង្កើត​ហាងកាហ្វេ​ថ្មី​មួយ​នេះ​ឡើង ដែល​មាន​ការ​ប្រើឈ្មោះ​ខ្មែរ​ ប្រើប្រាស់​ផលិតផល​ខ្មែរ​ និង​រចនាបថ​តុបតែង​បែបខ្មែរ​ ដើម្បី​ជាចំណី​អារម្មណ៍​ថ្មី​ប្លែក​ក៏​ដូច​ជា​រក្សានូវ​អ្វី​ដែល​ជា​អត្តសញ្ញា​ជាតិខ្មែរ​យើង​។ មួយវិញ​ទៀត​  ផ្តិលប្រាក់ គឺ​ជា​ភាជនៈ​ដាក់ទឹក​ដែល​ផ្តល់​នូវ​ភាព​ត្រជាក់​ និង​មាន​តួឆ្លាក់​ក្បូរក្បាច់​រចនា​ស្រស់​ស្អាត​គួរ​ជា​ទី​គយគន់​។

​          ដោយ​សារ​ស្រឡាញ់​អភិរក្ស​ផលិតផល​របស់ខ្មែរ​ លោក ញ៉ឹក ថូដុល្លារ៉ា មិន​ចោល​ឡើយ​ចំពោះ​ការ​រៀប​ចំ​ដេគ័រហាង​បែប​ខ្មែរ​ដើម្បី​ឲ្យភ្ញៀវ​ទទួល​បាន​បរិយាកាស​អង្គុយ​កម្សាន្ត​ឲ្យ​ស៊ីមេទ្រីគ្នា​ទៅ​នឹង​ភេសជ្ជៈ​ថ្មី​របស់ខ្លួន​ ជាក់ស្តែង​ យើង​សង្កេត​ឃើញ​ថា ​ផ្តិលប្រាក់ មិន​ត្រឹម​តែ​ត្រូវ​បាន​ប្រើប្រាស់​ជា​ភាជនៈ​ដាក់កាហ្វេ​នៅ​ក្នុង​ហាង​ប៉ុណ្ណោះទេ​ សូម្បី​នៅ​ក្នុង​ហាង​ផ្ទាល់​ក៏​មាន​បន្ថែម​លម្អ​ នូវ​គំនូរ​សិល្បៈខ្មែរ​ និង​លាយឡំ​សម្ភារ​ផលិតផល​ខ្មែរ​តាំង​លម្អ​ដើម្បី​បង្កើន​សោភ័ណភាព​ផងដែរ​ ក្នុងនោះ​មាន​ដូចជា​ ការ​ច្នៃផ្តិលប្រាក់​លម្អធ្វើ​ជា​អំពូល​ មាន​តាំង​ចង្អេរ​ កញ្ជើ កញ្ច្រែង និង​អង្រុត​ជាដើម​។

Image Courtesy: Cafe Ptel Prak

​          យ៉ាង​ណាមិញ​ បើ​យើង​វិភាគ​អំពី​ផ្តិលប្រាក់​ខ្មែរ​ពីដើម​ យើង​ប្រាកដ​ជា នឹកភ្នក​ដល់ផ្តិល​សម្រាប់​ទទួលទាន​ទឹក​ធ្វើឡើង​ពី​ប្រាក់ពិតៗ​ ចុះតើ​ហាង​កាហ្វេ​មួយ​នេះ​អាច​នឹង​ប្រើ​ផ្តិលប្រាក់​សុទ្ធ​ឬ​មួយយ៉ាង​ណា?​ ឆ្លើយ​តប​ជា​មួយ​ស្នាមញញឹម​ស្ថាបនិក​វ័យក្មេង​រូប​នេះ​បាន​លើក​ឡើង​ថា ​«កន្លង​មក​យើង​ក៏​បាន​សិក្សា​ទៅ​លើ​ចំណុច​នេះ​ដែរ​ ដោយ​យើង​ចង់​ប្រើ​ផ្តិល​ធ្វើ​ពី​ប្រាក់សុទ្ធ​មក​ដាក់​ភេសជ្ជៈ​ជូនភ្ញៀវ​ពិសា​ ប៉ុន្តែ​ដោយសារ​ផ្តិល​ធ្វើ​ពីប្រាក់​សុទ្ធ​មាន​តម្លៃខ្ពស់​ ទើប​យើង​បាន​ជំនួស​មក​ប្រើ​ផ្តិល​ធ្វើ​ពី​លោហៈ​វិញ​ជា​មុន​សិន​។» ​ទោះ​យ៉ាង​ណា ​លោក ញ៉ឹក ថូដុល្លារ៉ា នៅ​តែ​អះអាង​ថា ​ខណៈ​ពេល​នេះ​លោក​កំពុង​សិក្សា​បន្ថែម​អំ​ពី​តម្លៃ​ផ្តិលប្រាក់​ខ្មែរ​ ហើយ​លោក​នឹង​នាំ​យក​ផ្តិលប្រាក់​ពិត​មក​ដាក់​ជូន​ភ្ញៀវ​ពិសា​នា​ពេលឆាប់ៗ​ខាង​មុខ​មិន​ខាន​។ 

​          ដោយសារ​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​ទៅ​លើ​រសជាតិ​ ក៏ដូច​ជា​នាំ​យក​នូវ​សមិទ្ធផល​ហាង​កាហ្វេ​ថ្មីហើយ​ប្លែក​ ឃើញ​ថា​ កាហ្វេ​ផ្តិលប្រាក់​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​បើទោះ​បើក​ដំណើរ​ការ​សាកល្បង​ក្នុង​រយៈ​ពេល​ដ៏ខ្លី​។ សម្រាប់​ប្រិយមិត្ត​ចង់​សាកល្បង​រសជាតិ​អាច​ធ្វើដំណើរ​ទៅ​កាន់​ហាង​ផ្ទាល់​ឬ​ គ្រាន់​តែ​បញ្ជាទិញ​តាម​អនឡាញ​តាមរយៈ​វេបសាយ​  www.ptelprak.com  ​នោះ​ភេសជ្ជៈ​កាហ្វេ​ឈ្ងុញឆ្ងាញ់​នឹង​ដឹក​ជញ្ជូន​ទៅ​ដល់​ទី​កន្លែង​ភ្លាម​។ បច្ចុប្បន្ន រសជាតិ​ដែល​ពេញនិយម​ជាង​គេ​នៅ​ហាង​កាហ្វេ​ផ្តិល​ប្រាក់​គឺ​ កាហ្វេ​ទឹកដោះ​គោ​ទឹកកក​ ឬ Ice Latte ក្រៅ​ពី​នេះ​មាន​រសជាតិ​ជាង​ ២០​មុខ​ទៀត​ដែល​ប្រិយមិត្ត​អាច​ជ្រើសរើស​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​។

​          ជា​ចុង​ក្រោយ​ ក្នុង​នាម​ជា​ស្ថាបនិក​ខ្មែរ​មួយ​រូប​លោក​ ញ៉ឹក ថូដុល្លារ៉ា សូមផ្តំា​ផ្ញើ​ទៅ​កាន់​សហគ្រិន​ក្រោយៗ​គ្រប់រូប​គួរ​តែ​បង្កើត​អាជីវកម្ម​ដោយ​ដាក់​ឈ្មោះ​ជា​ភាសាខ្មែរ​ និង​បង្កើត​អ្វី​មួយ​យក​គំនិត​បង្ហាញ​អំពី​អត្ត​សញ្ញាណ​ខ្មែរ​ជា​គោល ​ដើម្បី​រួមគ្នា​ថែរក្សា​តម្លៃ​វប្បធម៌​ និង​សិល្បៈ​ដូនតាខ្មែរ​ ក៏​ដូច​ជា​ការ​បង្ហាញ​ទៅ​កាន់​អន្តរ​ជាតិ​ថាខ្មែរ​យើង​មាន​អ្វី​ដែល​អស្ចារ្យ​មិន​ចាញ់​បរទេស​ឡើយ​៕

Article by HEM SOKKHIMImage Courtesy: Cafe Ptel Prak



SUGGESTIONS