×

អ៊ីសាស អេង រចនា​ផ្ទាំង​រូប​សិល្បៈ​ពី​គ្រាប់​រុក្ខជាតិ​ដំបូង​គេ​នៅ​កម្ពុជា

NEWS 6 years ago
 
 

          តើ​ប្រិយមិត្ត​អ្នក​អាន​ធ្លាប់​គិត​ទេ​ថា គ្រាប់​អង្ករ​ក្រៅ​ពី​ដាំបាយ​ហូប​តើ​គេ​អាច​យក​វា​ទៅ​កែច្នៃ​ជា​អ្វី​ផ្សេង​ទៀត​បាន​ដែរ​ឬទេ? បើ​បាន​តើ​គេ​នឹង​យក​វា​ទៅ​ច្នៃ​ជា​អ្វី​ទៅ? ប្រាកដ​ណាស់ គ្រាប់​ធញ្ញជាតិ​ឬ​គ្រាប់​អង្ករ​ដែល​ជា​ប្រភព​សារធាតុ​ចិញ្ចឹម​ដ៏​ចាំបាច់​បំផុត​របស់​មនុស្ស​ទូទាំង​ពិភពលោក​នេះ ត្រូវ​បាន​សិល្បការិនី​ផ្នែក​គំនូរ​មួយ​រូប​របស់​កម្ពុជា​កែច្នៃ​ជា​ផ្ទាំង​រូបភាព​យ៉ាង​ស្រស់​សោភា គ្រប់ខ្នាត គ្រប់ទម្រង់ គ្រប់រូបភាព ជា​ពិសេស​រូប​ប្រាសាទ​អង្គរវត្ត និង​រូប​អប្សរា​ជា​ដើម ដែល​សុទ្ធសឹង​ជា​អត្តសញ្ញាណ​វប្បធម៌​ដ៏​ល្អ​ឯក​របស់​កម្ពុជា​លើ​សាកលលោក​នេះ។ តើ​សិល្បការិនី​រូបនេះ​គឺ​ជា​នរណា? តើ​ទេពកោសល្យ​ដ៏​ពិសេស​នោះ​កើត​ឡើង​ក្នុង​ជីវិត​របស់​គាត់​បាន​ដោយ​របៀប​ណា?

          ស្ថិត​ក្នុង​សម្លៀកបំពាក់​បែប​ប្រពៃណី​ជនជាតិ​ឥស្លាម អ្នកនាង អ៊ីសាស អេង មាន​អាយុ ៣១ឆ្នាំ​កំពុង​អង្គុយ​តម្រៀប​គ្រាប់​អង្ករ​ជា​រូប​គំនូរ​តូច​ល្មម​ក្នុង​តូប​របស់​អ្នកនាង​ក្នុង​ផ្សាររាត្រី​អង្គរ (Angkor Night Market) ដើម្បី​ដាក់​លក់​បន្តទៀត។ ដៃ​កំពុង​តម្រៀប​គ្រាប់​អង្ករ​លើក្តារ​តាម​គំនូស​ព្រាង​បណ្តើរ អ្នកនាង​ឆ្លៀត​បរិយាយ​បណ្តើរ ពី​មូលហេតុ​នៃ​ការ​បង្កើត​គំនិត​រចនា​គ្រាប់អង្ករ​ជា​ផ្ទាំង​គំនូរ​ថា “ខ្ញុំ​ចាប់​ផ្តើម​ឃើញ​ភាព​ស្រស់ស្អាត​របស់​គ្រាប់អង្ករ​ទាំង​អស់​នេះ​នៅ​ពេល​ម្តាយ​របស់​ខ្ញុំ​កូរ​នំបាយ​ត្រៀប។ មើល​ទៅ​មាន​ពណ៌​លឿង និង​សរាប​ស្មើពាស​ពេញ​ផ្ទៃ​ថាស ហើយ​ដោយ​ខ្លួន​ខ្ញុំ​មាន​ទេពកោសល្យ​គូរ​គំនូរ​លើ​កែវ​ស្រាប់​ផង ដូច្នេះ​ខ្ញុំ​ក៏​ចាប់​ផ្តើម​ច្នៃ​ផ្ទាំង​គំនូរ​ដោយ​ប្រើ​គ្រាប់​អង្ករ​តែ​ម្តង។ គ្រា​ដំបូង ខ្ញុំ​តម្រៀប​រូប​ផ្កាឈូករ័ត្ន។ ភ្លាមៗ​នោះ មាន​អតិថិជន​ម្នាក់ គាត់​សុំ​ទិញ​វា​ពី​ខ្ញុំ។ ខ្ញុំ​ដូច​ជា​អល់អែក​ដែរ តែ​ក៏​សម្រេច​ចិត្ត​លក់​រូប​គំនូរ​នោះ​តែ​ម្តង។ ចាប់​ពី​ពេល​នោះ​ហើយ​ដែល​ខ្ញុំ​មាន​ជំនឿចិត្ត​ថា ខ្ញុំ​គួរ​តែ​ចាប់​ផ្តើម​លើ​កិច្ចការ​ដំបូង​នេះ​ឱ្យ​បាន​ឆាប់ៗ។” តាម​រយៈ​បុព្វហេតុ​នេះ អ្នកនាង​បាន​ចាប់​ផ្តើម​សិក្សា និង​ស្រាវជ្រាវ​ដោយ​ខ្លួនឯង​តាម​រយៈ​ការ​សង្កេត​នៅ​ព្រឹត្តិការណ៍​ពិព័រណ៍​សិល្បៈ​ផ្សេងៗ​ទាំង​ក្រៅ​ប្រទេស និង​ក្នុងស្រុក ព្រម​ទាំង​ការ​សិក្សា​តាម​រយៈ​បណ្តាញ​សង្គម YouTube ជាដើម។ បន្ទាប់មក អ្នកនាង​ក៏​ចាប់​ផ្តើម​សាកល្បង​រៀប​រូប​គំនូរ​នោះ និង​ធ្វើ​តេស្ត​គុណភាព​គ្រាប់​អង្ករ​បើ​គិត​ជា​រយៈ​ពេល​ប្រហែល​ជា​០៥ឆ្នាំ មុន​នឹង​អ្នក​នាង​សម្រេច​ចិត្ត​ច្បាស់​លាស់​បង្កើត​អាជីវកម្ម​នេះ ដើម្បី​ប្រកួត​ប្រជែង និង​ផ្សព្វផ្សាយ​ពី​ស្នាដៃ​របស់​អ្នកនាង​លើ​ទីផ្សារ​សិល្បៈ​ក្នុង​ខេត្ត​សៀមរាប​រហូត​មក​ដល់​បច្ចុប្បន្ន។ ការ​ប្រើប្រាស់​រយៈ​ពេល​ដល់​ទៅ​ប្រាំឆ្នាំ​ដើម្បី​ស្រាវជ្រាវ និង​ធ្វើ​តេស្ត​គុណភាព​នេះ​ត្រូវ​បាន​អ្នកនាង​ពន្យល់​ថា “ជា​ធម្មតា គ្រាប់​អង្ករ​រក្សាទុក​បាន​តែ​១៥ថ្ងៃ​ប៉ុណ្ណោះ។ បើ​គ្មាន​បច្ចេកទេស​ឬ​ថ្នាំ​ថែរក្សា​គ្រាប់​អង្ករ​នោះ​ទេ សត្វល្អិត​នឹង​ស៊ី​គ្រាប់​អង្ករ​ទាំង​នោះ ដូច្នេះ ខ្ញុំ​ត្រូវ​ចំណាយ​ពេល​ធ្វើ​តេស្ត និង​រក​វិធី​រក្សាគ្រាប់​អង្ករ​ទាំង​នោះ​ឱ្យ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។”

          គ្រាប់​អង្ករ​ដែល​ត្រូវ​យក​មក​តម្រៀប​ជា​ផ្ទាំង​រូបភាព​នោះ​ភាគ​ច្រើន​ជា​ប្រភេទ​គ្រាប់​អង្ករ​នាងមិញ ផ្កាម្លិះ អង្ករ​ដំណើបស និងខ្មៅ ជាដើម ព្រោះ​ពួក​វា​មាន​ទំហំធំ​ហើយ​វែង​ជាង​ប្រភេទ​គ្រាប់​ពូជ​អង្ករ​ផ្សេង​ទៀត។ អ្នកនាង​ក៏​បាន​បង្ហើប​ប្រាប់​ពី​វិធី​ធ្វើ​គំនូរ​នោះ​ថា ជា​ដំបូង​ត្រូវ​យក​គ្រាប់​អង្ករ​ទាំង​នោះ​ទៅ​លាយ​នឹង​ថ្នាំ​ម្យ៉ាង​មុន​នឹង​យក​វា​ទៅ​លីង ដើម្បី​បាន​អង្ករ​ដែល​មាន​៣៦ពណ៌​ផ្សេងៗ​ពី​គ្នា។ ក្រៅ​ពី​បង្កើត​ពណ៌​លើ​គ្រាប់​អង្ករ​ទាំង​នោះ វិធីសាស្រ្ត​នេះ​ជួយ​ឱ្យ​គ្រាប់​អង្ករ​ឆ្អិន​ហើយ​អាច​ការពារ​កុំ​ឲ្យ​មាន​សត្វល្អិត​កាត់ ឬ​ស៊ី​ដើម្បី​រក្សា​គុណភាព​ផ្ទាំង​រូបភាព​ឱ្យ​បាន​ល្អ​បំផុត។

          “ពេល​ខ្លះ​ទេពកោសល្យ​ត្រូវ​ការ​ពេលវេលា​ដើម្បី​ដុស​ខាត់​វា។”

          បន្ទាប់​ទទួល​បាន​គ្រាប់​អង្ករ​គ្រប់​៣៦ពណ៌​នោះ​ហើយ គឺ​ត្រូវ​យក​គ្រាប់​អង្ករ​ពណ៌​ទាំង​នោះ​មក​បិទ​ទៅ​តាម​គំនូរ​ព្រាង​នៅ​លើ​ក្តារ​ឈើ។ ដំណាក់​កាល​នេះ​ចំណាយ​ពេល​ប្រហែល​៨ម៉ោង ឬ៣ថ្ងៃ ទៅ​តាម​ទំហំ និង​ប្រភេទ​នៃ​ផ្ទាំង​រូបភាព​ទាំង​នោះ មុន​នឹង​យក​ទៅ​ដាក់​ហាល​ថ្ងៃ​ដែល​ជា​ដំណាក់​កាល​ចុងក្រោយ​បង្អស់​នៃ​ការ​ផលិត​ផ្ទាំង​រូបភាព​ពី​គ្រាប់​អង្ករ​នេះ។ តាម​រយៈ​ការ​រៀបរាប់​នេះ អ្នកនាង អ៊ីសាស អេង អះអាង​ថា “ការងារ​នេះ​ត្រូវ​ចំណាយ​ពេល​ច្រើន ត្រូវ​ចេះ​អត់ធ្មត់ ផ្ចិតផ្ចង់ និង​ព្យាយាម​ជាប់​ជានិច្ច ទើប​អាច​សម្រិត​សម្រាំង​ផ្ទាំង​រូបភាព​នីមួយៗ​ឱ្យ​បាន​ប្រណិត​បំផុត ដូច្នេះ ខ្ញុំ​មិន​ដែល​ធ្វេស​ប្រហែស​ឡើយ។”

          ជា​លទ្ធផល ការ​ចំណាយ​ពេល​យូរ​ក្នុង​ការ​ផលិត​មិន​នាំ​ឱ្យ​អ្នកនាង អ៊ីសាស អេង ខក​បំណង​ឡើយ។ ផ្ទាំង​រូបភាព​គ្រាប់​អង្ករ​ស្ទើ​តែ​ទាំង​អស់​របស់​គាត់​ទទួល​បាន​ការ​កោត​សរសើរ​យ៉ាង​គគ្រឹក​គគ្រេង​ពី​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ប្រជាជន​កម្ពុជា និង​ជាពិសេស​ពី​សំណាក់​អ្នកសារ​ព័ត៌មាន​គ្រប់​សណ្ឋាន​ទូទាំង​ប្រទេស​ចុះផ្សាយ​ពី​ស្នាដៃ​របស់​អ្នកនាង​មក​ជា​ហូរហែ​ទៀត​ផង។ វា​គឺ​ជា​ផល​តបស្នង​ដ៏​ល្អ​មួយ​សម្រាប់​សិល្បការិនី​រូប​នេះ។ យ៉ាង​ណា​មិញ ផ្ទាំង​រូបភាព​ទាំង​នោះ​មាន​តម្លៃ​ប្រែប្រួល​ទៅ​តាម​ទំហំ និង​រចនាបថ​របស់​វា។ ទំហំ​ខ្នាត​តូច​បំផុត (១២ស.ម x ១៧ស.ម) តម្លៃ​ចាប់ពី ១០ដុល្លារ ទៅ ១២ដុល្លារ ហើយ​ប្រើ​ពេល​ធ្វើ​អស់ ៨ម៉ោង។ ចំណែក​ទំហំ ២០x៣០ និង​ទំហំ ២០x៤០ មាន​តម្លៃ​ចាប់​ពី​២៥ដុល្លារ ទៅ ៥០ដុល្លារ ហើយ​ប្រើ​ពេល​ផលិត​ប្រហែល​៣ថ្ងៃ​ទៅ​មួយអាទិត្យ។

          ទន្ទឹម​នឹង​ភាព​រីកចម្រើន​លើ​ស្នា​ដៃ​សិល្បៈ​នេះ​អ្នកនាង​ក៏​បាន​ប្រាប់​ពី​ផល​លំបាក​មួយ​ចំនួន​ដែល​បាន​លេច​ឡើង​ក្នុង​អាជីវកម្ម​របស់​អ្នកនាង​ផងដែរ។ ទី១គឺ ប្រជាជន​កម្ពុជា​ភាគ​ច្រើន​ហាក់​ពុំ​សូវ​ឱ្យ​តម្លៃ​លើ​វត្ថុ​សិល្បៈ​បែប​នេះ​ឡើយ ហើយ​តែងតែ​តថ្លៃ និង​និយាយ​ថា ផ្ទាំង​រូបភាព​ទាំង​នោះ​មាន​តម្លៃ​ថ្លៃពេក​ជា​ដើម។ ទី២ ផ្ទាំង​រូបភាព​គ្រាប់​អង្ករ​អាច​បិទ​តែ​លើ​ឈើ​តែ​ប៉ុណ្ណោះ​នាពេល​បច្ចុប្បន្ន​នេះ ដែល​ធ្វើ​ឱ្យ​រូបភាព​មាន​ទម្ងន់ធ្ងន់ លំបាក​ដឹកជញ្ជូន និង​ត្រូវ​ចំណាយ​ថ្លៃ​លើ​វត្ថុ​ធាតុដើម​ក្នុង​ការ​ផលិត​អស់​ច្រើន។ បើ​ទោះបី​ជា​យ៉ាង​នេះ​ក្តី​ក៏​អ្នកនាង​តែងតែ​ព្យាយាម​ពន្យល់​ទៅ​កាន់​អតិថិនជន​ដែល​គាត់​មិន​ទាន់​បាន​ស្វែង​យល់​ច្បាស់​ពី​តម្លៃ​នៃ​ស្នាដៃ​សិល្បៈ​បែប​នេះ ហើយ​ពួកគាត់​ក៏​បាន​ផ្លាស់​ប្តូរ​ការ​គិត​របស់​គាត់ និង​ជួយ​ជាវ​ផ្ទាំង​រូបភាព​ណា​មួយ​ដែល​គាត់​អាច​មាន​លទ្ធភាព​ទិញ​បាន។ ហើយ​នា​ពេល​សព្វថ្ងៃ​នេះ អ្នកនាង​ក៏​បាន​បន្ត​ស្រាវជ្រាវ​បច្ចេកទេស​បន្ថែម​ដើម្បី​ធ្វើ​យ៉ាង​ណា​អាច​បិទ​គ្រាប់​អង្ករ​លើ​ក្រដាស​ឬ​ក្រណាត់​ដូច​លើ​ឈើ​បាន​ដែរ។

          “ផ្ទាំង​រូបភាព​ឬ​គំនូរ​គ្រាប់​អង្ករ​ត្រូវ​ប្រើ​ពេល​យូរ​ផ្ចិតផ្ចង់ និង​អន់​ធ្មត់​បំផុត ទើប​អាច​បិទ​បាន​ល្អ!”

          ​បច្ចុប្បន្ន​អ្នកនាង អ៊ីសាស អេង កំពុង​បណ្ដុះបណ្ដាល​ក្មេង​ប្រុស​ស្រី និង​ស្រ្តី​មេម៉ាយ​មួយ​ចំនួន​ដែល​ចាប់​អារម្មណ៍​លើ​ជំនាញ​នេះ​នៅ​ផ្ទះ​របស់​អ្នកនាង ហើយ​នៅ​ថ្ងៃ​អនាគត​ប្រសិន​បើ​មាន​លទ្ធភាព​អ្នកនាង​នឹង​បើក​មជ្ឈមណ្ឌល​មួយ​សម្រាប់​បណ្តុះ​បណ្តាល​លើ​ផ្នែក​នេះ​ឱ្យ​បាន​ទូលំទូលាយ​ជាង​មុន។ អ្នកនាង​មាន​ជំនឿចិត្ត​ថា កិច្ចការ​របស់​អ្នកនាង​បាន​ជួយ​សម្រួល​ដល់​ជីវភាព​គ្រួសារ​របស់​កុមារ និង​ស្ត្រី​មេម៉ាយ​ទាំង​នោះ​បាន​មួយ​ផ្នែក។ លើស​ពី​នេះ​ទៀត វា​ក៏​បាន​ជួយ​បង្កើត​ការងារ​សម្រាប់​ប្រជាជន​ក្នុង​សហគមន៍​ផងដែរ។ ម្យ៉ាង​វា​ក៏​ជា​ក្តី​ស្រមៃ​ដែល​អ្នកនាង ចង់​ជួយ​សង្គម ក្មេងៗ និង​ប្រជាជន​នៅ​ក្នុង​សហគមន៍​របស់​អ្នកនាង​នៅ​លើ​ទឹកដី​ទេសចរណ៍​ដ៏​បវរ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​មួយ​នេះ។ ផ្ទាំង​រូបភាព​ផលិត​ពី​គ្រាប់​អង្ករ​ទាំង​នោះ​មាន​លក់​តែ​នៅ​ក្នុង​ខេត្ត​សៀមរាប​តែ​ប៉ុណ្ណោះ​ដែល​ទីតាំងទី១​នៅ​ផ្សារ​អង្គរ​រាត្រី និង​ទី២ នៅ​ផ្សារ Arts Centre Market។ អ្នកនាង​ក៏​មាន​បំណង​ចង់​ពង្រីក​ទីផ្សារ​លក់​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ ព្រោះ​អ្នកនាង​តែងតែ​ទទួល​បាន​ការ​កុម្ម៉ង់​ពី​ទីផ្សារ​នៅ​ក្រៅស្រុក​យ៉ាង​ច្រើន ប៉ុន្តែ​ដោយ​សារ​ផ្ទាំង​រូបភាព​គ្រាប់​អង្ករ​ទាំង​នោះ​ទាមទារ​ឲ្យ​មាន​បច្ចេកទេស​ក្នុង​ការ​វេចខ្ចប់ និង​ដឹក​ជញ្ជូន​ត្រឹមត្រូវ​ទើប​អ្នកនាង​តែងតែ​បាត់បង់​ឱកាស​នោះ​ជានិច្ច។ អ្នកនាង អ៊ីសាស អេង បញ្ជាក់​ថា “ខ្ញុំ​អាច​រចនា​រូបភាព​ទៅ​តាម​ការ​កុម្ម៉ង់​របស់​អតិថិជន​គ្រប់​ប្រភេទ​ទាំង​អស់ ហើយ​សព្វថ្ងៃ​នេះ រូបភាព​ដែល​ភ្ញៀវ​កុម្ម៉ង់ ច្រើន​ជា​រូបថត​ជុំ​ក្រុមគ្រួសារ និង​រូប​ទេសភាព​ប្រាសាទអង្គរ អប្សរា និង​ប្រាសាទ​បាយ័ន​ជាដើម”៕

Article by SVAY LEEMENG


SUGGESTIONS