×

គេហទំព័រ​ថ្មី​ជួយ​សម្រួល​ដល់​សិស្ស​ប្រឡង​បាក់ឌុប​ឲ្យ​​ងាយ​ស្រួល​ស្វែង​រក​មហាវិទ្យាល័យ

NEWS 1 month ago
 
 

            Salaenrollment.com គឺ​ជា​គេហទំព័រ​ថ្មី​មួយ​ដែល​ជួយ​សម្រួល​ដល់​សិស្ស​វិទ្យាល័យ​ដែល​ទើប​តែ​ប្រឡង​ជាប់​ទុតិយភូមិ​ថ្មីៗ​ឲ្យ​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​មហាវិទ្យាល័យ​ដើម្បី​បន្ត​ការសិក្សា​របស់​ខ្លួន។ គេហទំព័រ​ថ្មី​នេះ​មាន​សឹង​តែ​គ្រប់​ព័ត៌មាន​ទាំង​តម្លៃ​នៃ​ការ​សិក្សា មុខជំនាញ អាហាររូបករណ៍ និង​ទីតាំង​នៃ​សាកលវិទ្យាល័យ​ជា​ច្រើន​ផង​ដែរ។ លោក សុខ លាភ ដែល​ជា​អ្នក​ផ្តួច​ផ្តើម​គំនិត​នេះ​ឡើង បាន​ប្រាប់ សូវរីន ថា​ដោយ​សារ​តែ​លោក​ក៏​ធ្លាប់​ជា​សិស្ស​វិទ្យាល័យ​មួយរូប ហើយ​លោក​ធ្លាប់​មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​មហាវិទ្យាល័យ​ដែល​ខ្លួន​ពេញ​ចិត្ត ព្រោះ​ត្រូវ​ចំណាយ​ពេល​វេលា និង​ថវិកា​ជា​ច្រើន​ដោយ​ត្រូវ​ជិះ​ស្វែង​រក​មហាវិទ្យាល័យ និង​តម្លៃ​នៃ​ការ​សិក្សា​ផងដែរ។ ដូច​គ្នា​នេះ​ដែរ​សិស្ស​ខ្លះ​នៅ​តែ​មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ព័ត៌មាន និង​សម្រេច​ចិត្ត​ជ្រើសរើស​មុខ​ជំនាញ​តាម​គ្នីគ្នា ដូច្នេះ​ហើយ​ទើប​លោក និង​ក្រុម​ការងារ​សម្រេច​ចិត្ត​បង្កើត​នូវ​គេហទំព័រ​នេះ​ឡើង​ដោយ​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ​មាន​ទាំង​ភាសាខ្មែរ និង​អង់គ្លេស។ ធ្លាប់​មាន​គំនិត និង​សិក្សា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក៏​ប៉ុន្តែ លោក សុខ លាភ ទើប​តែ​ចាប់​ផ្តើម​បង្កើត​គេហទំព័រ​នេះ​នៅ​ដើម​ឆ្នាំ២០១៨ ហើយ​ក៏​កំពុង​តែ​មាន​ការ​គាំទ្រ និង​ចាប់​អារម្មណ៍​ពី​សំណាក់​សិស្ស​ជា​ច្រើន​នាក់​មក​ហើយ​ដែរ ដោយ​គ្រាន់​តែ​រយៈ​ពេល​បីខែ​ចុងក្រោយ​នេះ គេហទំព័រ សាលាអ៊ិនរ៉ូលមិន មាន​អ្នក​ប្រើប្រាស់​ចំនួន ៦០០០នាក់ និង​អ្នក​ចូល​មើល ប្រមាណ​៤០៩៨នាក់។

Link : Salaenrollment.com

បច្ចុប្បន្ន​នេះ លោក សុខ លាភ និង​ក្រុម​ការងារ​បាន​ធ្វើ​បច្ចុប្បន្នភាព​ដោយ​បញ្ចូល​ព័ត៌មាន​បាន​រហូត​ដល់​ទៅ ៤៣ សាកលវិទ្យាល័យ ហើយ​ក្រុម​ការងារ​របស់ «សាលាអ៊ិនរ៉ូលមិន» ក៏​កំពុង​តែ​ខិតខំ​ប្រឹងប្រែង និង​សហការ​ជាមួយ​នឹង​សាកលវិទ្យាល័យ​ជា​ច្រើន​ទៀត​ដើម្បី​ប្រមូល​ព័ត៌មាន​បន្ថែម។ ស្ថាបនិក​គេហទំព័រ​នេះ ក៏​បាន​បង្ហើប​ពី​គម្រោង​នៃ​ការ​បង្កើត​ជា​កម្មវិធី​ទូរសព្ទ ដែល​អាច​ឲ្យ​សិស្ស​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​នៅ​លើ​ស្មាតហ្វូន​របស់​ខ្លួន​ផង​ដែរ។ ជា​មួយ​គ្នា​នេះ​ដែរ លោក សុខ លាភ ក៏​កំពុង​តែ​សិក្សា​បន្ថែម ដើម្បី​ឲ្យ​សិស្ស​អាច​បង់ប្រាក់​តាម​រយៈ​គេហទំព័រ​នេះ​ដោយ​ផ្ទាល់​បាន​ថែម​ទៀត​ផង។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ ស្ថាបនិក​នៃ​គេហទំព័រ «សាលាអ៊ិនរ៉ូលមិន» ក៏​បាន​ផ្តល់​ជា​អនុសាសន៍​មួយ​ចំនួន​សម្រាប់​យុវជន​ជំនាន់​ក្រោយ ត្រូវ​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ិនធើណែត​ឲ្យ​មាន​ប្រយោជន៍ ដោយ​ការ​ស្វែង​រក​ព័ត៌មាន​ល្អៗ និង​សំខាន់ៗ​សម្រាប់​ខ្លួនឯង​ឲ្យ​បាន​ច្រើន ប្រសើរ​ជាង​ការ​ប្រើប្រាស់​សម្រាប់​តែ​ជា​ការ​កម្សាន្ត​លេង​ធម្មតា៕

Article by KEO SONG



SUGGESTIONS