×

ជីវិត​ក្រៅ​ឆាក​របស់​អ្នកស្រី​ ​អ៊ុំ​ ​សក្ខ​ណា​ ​ដែល​គ្រង​តំណែង​តួ​ម្តាយ​ក្នុង​ភាពយន្ត​ខ្មែរ​ ​២០ឆ្នាំ​មក​ហើយ​!​

NEWS 1 week ago
 
 

             បើ​និយាយ​ពី​ឈ្មោះ​ ​អ៊ុំ​ ​សក្ខ​ណា​ ​នេះ​ ​ប្រហែលជា​ទស្សនិកជន​មិនសូវ​ស្គាល់​ទេ​ ​តែ​ប្រសិនបើ​បង្ហាញ​ ​រូបថត​នោះ​ ​ពុក​ម៉ែ​បងប្អូន​ច្បាស់ជា​នឹកដល់​តួ​ដែល​គាត់​ធ្លាប់​សម្តែង​ក្នុង​ខ្សែភាពយន្ត​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ ​ក្នុង​ស្រុក​ ​ឬ​ ​តាម​ផលិតកម្ម​ខ្មែរ​នានា​នា​ពេល​កន្លងមក​មិនខាន​ឡើយ​។​ ​គេ​តែងតែ​សង្កេតឃើញ​អ្នកស្រី​និយម​ ​ដើរតួ​ម្តាយ​ ​ឬ​ ​សេដ្ឋីនី​ក្នុង​រឿងបុរាណ​ខ្មែរ​ជា​ញឹកញាប់​ ​ជាពិសេស​គឺ​រឿង​ខ្លី​បែប​អប់រំ​តែម្តង​។​ ​ទោះបីជា​ ​អ្នកស្រី​បាន​គ្រង​តំណែង​រហូត​ជា​តួ​សេដ្ឋីនី​ស្លៀកពាក់​តុបតែង​ខ្លួន​ជាមួយ​សំពត់​អា​វល្អៗ​ខ្សែក​ចិញ្ចៀន​ក្រវិល​ ​ភ្លឺ​ចិញ្ចែង​ ​ប៉ុន្តែ​ជីវិត​ពិត​របស់​អ្នកស្រី​យ៉ាងណា​នោះ​គឺ​ពុំសូវ​មាន​អ្នកណា​បានដឹង​ច្បាស់​នោះ​ទេ​។​ ​តើ​តួ​សេដ្ឋីនី​ ​អ៊ុំ​ ​សក្ខ​ណា​ ​ពិតជា​មាន​បញ្ហា​ក្នុង​ជីវិត​រស់នៅ​ដូច​ពាក្យ​ចចាម​អារាម​លើ​បណ្តាញ​ហ្វេ​សប៊ុ​ក​មែន​ឬ​?​ ​

​            ​ជួប​ជាមួយ​អ្នកយកព័ត៌មាន​របស់​គេហទំព័រ​ទស្សនាវដ្តី​សូវ​រី​ននៅ​ព្រឹក​ថ្ងៃទី០៣​ ​ខែវិច្ឆិកា​ ​នេះ​ ​អ្នកស្រី​ ​អ៊ុំ​ ​សក្ខ​ណា​ ​ឬ​ ​ដែល​អ្នក​សិល្បៈ​ក្មេង​ៗ​និយម​ហៅថា​ ​«​ម៉ែ​នឿន​»​ ​វ័យ​ជាង៥០ឆ្នាំ​ ​បាន​រៀបរាប់​ថា​ ​សព្វថ្ងៃ​អ្នកស្រី​ ​ពិតជា​មាន​វិបត្តិ​ផ្នែក​ជីវភាព​ប្រចាំថ្ងៃ​ពិតមែន​ ​ដោយសារ​កម្រៃ​ដែល​បាន​មក​ពី​ការ​ថត​ខ្សែភាពយន្ត​តិចតួច​ពេក​ ​មិន​អាច​ទប់ទល់​នឹង​ការ​ចំណាយ​លើ​បន្ទុក​គ្រួសារ​បាន​ ​ជាពិសេស​ម្តាយ​ចាស់ជរា​របស់​អ្នកស្រី​ដែល​មាន​វ័យ​ ​រហូត៩៥ឆ្នាំ​កំពុង​រស់នៅ​ម្តុំ​ពេជ្រនិល​ ​ហើយ​ព្រមទាំង​មាន​អាការៈ​បាត់បង់​ស្មារតី​ ​(​ការ​ចងចាំ​)​ ​ថែមទៀត​ផង​ ​«​ម្តាយ​ខ្ញុំ​ចាស់​ ​គាត់​វង្វេង​ ​ផង​ ​គាត់​ដឹង​តែ​ទារ​ពិសា​នេះ​ ​ពិសា​នោះ​ ​ទិញថ្នាំ​នេះ​ ​ថ្នាំ​នោះ​។​ ​ថ្ងៃមុន​គាត់​ឈឺ​ ​ធ្ងន់​ដែរ​ ​សឹងតែ​ថា​មិន​នៅ​ផង​!​ ​នៅ​តាម​ខេត្ត​ ​សេរ៉ូម​ថោក​ដែរ​តែ៣ម៉ឺន​ទេ​ ​ប៉ុន្តែ​ធម្មតា​យើង​រក​អត់​បាន​ឲ្យ​ ​(​ថ្លៃ​ ​សេរ៉ូម​)​គេ​ទៀត​ ​ពេល​គាត់​ឈឺ​ម្ដង​ៗ​»​ ​តារា​ជើងចាស់​រូប​នេះ​និយាយ​ទាំង​ក្តុកក្តួល​ទឹកភ្នែក​រលីងរលោង​។​ ​«​ខ្ញុំ​ត្រូវតែ​ប្រឹងរក​ដើម្បី​គាត់​ ​ទោះបីជា​ត្រូវ​ជំពាក់គេ​យ៉ាងណាក៏ដោយ​ ​ខ្ញុំ​មិន​ឲ្យ​ម្តាយ​ខ្ញុំ​ខ្វះ​ទេ​ ​សុខចិត្ត​ ​អត់​ខ្លួនឯង​»​ ​នេះ​ជា​សម្តី​ពិត​ចេញពី​បេះដូង​របស់​កូនស្រី​ម្នាក់​ដែល​មាន​ងារ​ជា​តួកុន​ ​ប៉ុន្តែ​ពុំ​មានលទ្ធភាព​ ​ធូរធារ​ហ៊ឺហា​រហឹ​ក​ហ៊ាក់​អាច​ផ្គត់ផ្គង់​ជីវភាព​ក្រុម​គ្រួសារ​បាន។​ ​ហេតុអ្វីបានជា​បែបនេះ​?​ ​អ្នកស្រី​បាន​ពន្យល់​ ​ថា​ ​ចំណូល​របស់​អ្នកស្រី​គឺ​ពឹងផ្អែក​ទាំងស្រុង​តែ​លើ​អាជីព​សិល្បៈ​សម្តែង​មួយ​មុខ​ប៉ុណ្ណោះ​។​ ​ក្នុង​មួយ​ខែ​ ​អ្នក​ ​ស្រី​សម្តែង​បានតែ​ពីរបី​ថ្ងៃ​ ​ដែល​ក្នុង​មួយថ្ងៃ​បាន​កម្រៃ​ពី​ការ​ថត​ត្រឹមតែ៥០​-​៦០ដុល្លារ​ប៉ុណ្ណោះ​។​ ​ជាអកុសល​ ​ចាប់តាំងពី​មុន​ភ្ជុំបិណ្ឌ​រហូតមកដល់​សព្វថ្ងៃ​នេះ​ ​អ្នកស្រី​ពុំ​ទទួល​បានការ​ហៅ​ថត​ពី​ស្ថានីយ៍​ទូរទស្សន៍​ឬ​ផលិតកម្ម​ណាមួយ​ទាល់តែសោះ​ ​«​ខ្ញុំ​មិន​លាក់បាំង​ទេ​ ​តាំងពី​បិណ្ឌ១ដល់​បិណ្ឌ១៥​ ​ខ្ញុំ​គ្មាន​លុយ​សូម្បីតែ​ទៅ​វត្ត​បាន​ ​មួយ​វត្ត​នឹងគេ​។​ ​គេ​បបួល​ខ្ញុំ​ដែរ​ ​តែ​ខ្ញុំ​ចេះតែ​ប្រកែក​ ​ព្រោះ​ធ្វើ​ម៉េច​បើ​យើង​គ្មាន​លុយ​សោះ​»​​។​

Image Courtesy: Um Sakkana

​            ​អ្វី​ដែល​ធ្វើឲ្យ​ទស្សនិកជន​ទាំងឡាយ​នឹកស្មាន​មិនដល់​នោះ​គឺ​តារា​សម្តែង​រូប​នេះ​ពុំ​មានផ្ទះ​សម្បែង​ខ្លួនឯង​ឡើយ​ ​ពោល​គឺ​សព្វថ្ងៃ​អ្នកស្រី​កំពុង​ស្នាក់នៅ​ផ្ទះ​ជួល​ជាន់ទី​បី​ម្តុំ​ផ្សារ​ឌុ​យម៉ិច​ ​ក្នុង​សង្កាត់​វាលវង់​ ​ខ័ណ្ឌ​ ​៧មករា​ ​អស់​រយៈពេល​ប្រមាណ៥ឆ្នាំ​មក​ហើយ​។​ ​ពេលខ្លះ​អ្នកស្រី​រក​ប្រាក់​សម្រាប់​បង់ថ្លៃ​ផ្ទះ​ជួល​សឹង​មិន​ ​បាន​ផង​។​ ​ក្នុង​មួយ​ខែ​ ​ត្រូវ​ចំណាយ​លើ​ថ្លៃឈ្នួល​ផ្ទះ​ ​ថ្លៃ​ទឹក​ ​ថ្លៃ​ភ្លើង​ ​និង​ ​ចំណាយ​សំ​ខាន់​ៗ​អស់២០០ដុល្លារ​។ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​អ្នកស្រី​នៅតែ​មានចិត្ត​សន្តោស​ជួយ​ចិញ្ចឹម​បងស្រី​បង្កើត​ដែល​មាន​ជម្ងឺ​ជា​យូរឆ្នាំ​ណាស់​ ​មក​ហើយ​ ​និង​ ​ក្មួយ​ៗ​ចំនួន០៤នាក់​ទៀត​ក្នុង​បន្ទុក​ជាមួយគ្នា​។​ ​អ្នកស្រី​តែងតែ​ឆ្លៀតពេល​ទំនេរ​ពី​ថតកុន​ ​ទៅ​មើល​ម្តាយ​នៅ​ឯ​ពេជ្រនិល​មិនដែល​ខាន​ ​បើ​ទោះបីជា​អ្នកស្រី​ត្រូវ​ចំណាយ​សោហ៊ុយ​ថ្លៃ​ឡាន​ទាំង​ដែល​ ​ពេលខ្លះ​អ្នកស្រី​រកលុយ​ឲ្យថ្លៃ​ឡាន​សឹងតែ​មិន​គ្រប់​ផង​។​ ​

​            ក្រៅពី​បញ្ហា​បន្ទុក​ក្រុម​គ្រួសារ​ ​អ្នកស្រី​ក៏​ជួប​ ​ការ​លំបាក​ជាច្រើន​ក្នុង​ការ​ចេញទៅ​ថត​កុន​ម្តង​ៗ​ដែរ​ ​ព្រោះ​អ្នកស្រី​ត្រូវ​ខំតស៊ូ​ជិះឡាន​ក្រុង​ផង​ ​ម៉ូតូឌុប​ផង​ ​ដើម្បី​បាន​បម្រើ​វិស័យ​សិល្បៈ​ទី៧នេះ​ដល់​សព្វថ្ងៃ​។​ ​«​បើ​ខ្ញុំ​ជិះ​ទៅដល់​ផ្ទះ​ម្ចាស់​ផលិតកម្ម​ផ្ទាល់វា​ថ្លៃ​ ​អស់២០០០០​ ​(​រៀល​)​ ​ដូច្នេះ​ខ្ញុំ​សុខចិត្ត​ទ្រាំ​ជិះឡាន​ក្រុង​អស់​ ​តែ១៥០០​ ​(​រៀល​)​ ​ហើយ​ជិះ​រ៉ឺម៉ក​បន្ត​ទៅ​គីឡូ​លេខ៦​ ​អស់​តែ ១០០០​ ​ទេ​ ​ហើយ​ជិះ​ម៉ូតូឌុប​ចេញពី​ព្រែកព្នៅ​ ​ទៅ​ថត​ដល់​វត្ត​ប្រាសាទ​ ​អស់៥០០០​-​៧០០០ទៀត​ទៅ​។​»​ ​អ្នកស្រី​សុខចិត្ត​យួរ​ធុង​ដាក់​ប្រហុក​ ​កន្ទុយ​ហែស​ ​ដែល​បងស្រី​របស់​អ្នកស្រី​ធ្វើ​ផ្ទាល់​ ​ស្ពាយ​តាមឡាន​ក្រុង​ទៅ​លក់​នៅ​ទីតាំង​ថត​។​ ​ដោយសារ​ការ​អាណិត​ស្រឡាញ់​ ​តួ​កុន​ផ្សេង​ៗ​ដែល​ថត​រឿង​ជាមួយគ្នា​ចេះតែ​ជួយ​ទិញ​ដើម្បីឲ្យ​អ្នកស្រី​បាន​ប្រាក់​គ្រាន់នឹង​ទប់ទល់​​ជីវ​ភាព​ខ្លះ​ៗ។​ ​

Image Courtesy: Um Sakkana

​            ​គួរ​រំឭក​ផង​ដែរ​ថា​ ​អ្នកស្រី​ ​អ៊ុំ​ ​សក្ខ​ណា​ ​បាន​ចូល​ប្រឡូក​អាជីព​សិល្បៈ​សម្តែង​ក្នុង​ឆ្នាំ១៩៨៩​ ​តាមរយៈ​ ​ស្នាដៃ​ខ្សែភាពយន្ត​ដំបូង​ដែល​មាន​ចំណងជើង​ថា​ ​«​បេះដូង​រហែក​»​។​ ​ក្រោយមក​ ​លោកស្រី​បាន​ចូលរួម​ ​សម្តែង​ខ្សែភាពយន្ត​ជាបន្តបន្ទាប់​ទៀត​ ​សរុប​ប្រហែល២០រឿង​ ​ដូចជា​ ​រឿង​វង​អើយ​ស្រី​វង​ ​រឿង​ទុក​ស្នេហ៍​ជូន​ ​បង​ ​រឿង​ខ្លុយ​កម្ម​ប្រចាំ​ស្នេហ៍​ ​រឿង​កូនក្រក​វេទមន្ត​ ​រឿង​បុប្ផា​ពស់វែក​ ​ជាដើម​។​ ​តួ​ល្បី​ៗ​ជំនាន់​នោះ​ដែល​អ្នក​ ​ស្រី​ធ្លាប់​បាន​សម្តែង​ជាមួយ​រួមមាន​ ​លោក​ទេព​ ​រិន្ទ​ដា​រ៉ូ​ ​លោក​ខៃ​ ​ប្រសិទ្ធ​ ​លោក​ ​ហម​ ​ឈ​រ៉ា​ ​លោក​ ​ហង្ស​ ​ផល្លី​មធុ​រា​ ​លោក​ ​យុត្​ថា​រ៉ា​ឆា​នី​ ​លោក​ ​ឧត្តម​ ​បូ​ទី​ ​លោក​ ​បេ​ ​វណ្ណា​រ៉ា​ ​អ្នកនាង​ ​អម្ពរ​ ​ទេវី​ ​អ្នកនាង​ ​សុខ​ ​ស្រីមុំ​ ​អ្នកនាង​ ​ពិសិដ្ឋ​ ​ពី​លី​កា​ ​និង​ ​អ្នកនាង​ ​សួស​ ​សុ​គន្ធា​ ​។​ល​។​ ​

​            លុះ​មក​ដល់​ទ.វ.ឆ្នាំ២០០០​ ​អ្នកស្រី​បាន​បន្ត​សម្តែង​ខ្សែភាពយន្ត​ជាបន្តបន្ទាប់​ក្នុង​នោះ​ដូចជា​ ​រឿង​ចាប​ ​ស្រុក​នៅ​ព្រៃ​ ​រឿង​កែវ​ណា​ម៉ា​ ​រឿង​ផ្ទះ​ខ្មោច​ទិញ​ ​រឿង​ប៉ី​ស្នេហ៍​នាង​ហង្ស​ ​រឿង​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​ខ្ញុំ​ ​រឿង​ឃុន​ឆាង​ឃុន​ផែន​ ​រឿង​កំហឹង​អ្នកស្រុក​ ​រឿង​បំណុល​ស្នេហ៍​ ​រឿង​វិញ្ញាណ​ជ្រែក​បេះដូង​ ​ព្រមទាំង​រឿង​ ​កំប្លែង​ ​និង​ ​ស្ប៉ត​អប់រំ​ ​ជាច្រើន​ផង​ដែរ​។​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​រឿង​ខ្លី​ដែល​មាន​ចំណងជើង​ថា​ ​«​ទឹកដោះម្តាយ​ថ្លៃ​»​ ​ដែល​មាន​តួអង្គ​អ្នកស្រី​សម្តែង​សម្រាប់​ឱកាស​រដូវ​បុណ្យភ្ជុំបិណ្ឌ​ ​ផលិត​ដោយ​ផលិតកម្ម​ ​BN​ ​អម​ដោយបទ​ចម្រៀង​របស់​ ​កញ្ញា​ ​ទៀង​ ​មុំ​ ​សុធា​វី​ ​ដែល​មានការ​ចុច​ទស្សនា​ជាង១សែន​ដង​។​ ​

​            ជាចុងក្រោយ​ ​អ្នកស្រី​សូម​អំពាវនាវ​ដល់​បណ្តា​ផលិតករ​ទាំងអស់​មេត្តា​ជួយ​ទាក់ទង​ហៅ​អ្នកស្រី​ថត​ ​ភាពយន្ត​ឲ្យបាន​ច្រើន​ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​ ​និង​ ​លើកទឹកចិត្ត​សិល្ប​ការិនី​ជើងចាស់​ដូចជា​អ្នកស្រី​ ​ដែល​មានបទពិសោធន៍​ក្នុង​ការ​សម្តែង​ជិត៣០ឆ្នាំទៅ​ហើយ​។​ ​ប្រសិនបើ​មាន​ផលិតករ​ឬ​សប្បុរសជន​មានចិត្ត​ ​អាណិតអាសូរ​ចង់​ទាក់ទង​ការងារ​ឬ​ឧបត្ថម្ភ​ទោះ​តិច​ក្តី​ច្រើន​ក្តី​ ​លោកអ្នក​អាច​ទាក់ទង​តារា​សម្តែង​រៀមច្បង​ ​អ៊ុំ​ ​សក្ខ​ណា​ ​បាន​តាមរយៈ​លេខទូរស័ព្ទ​ ​០១២​ ​៩៤១​ ​៩០៨​ ​ដោយ​ក្តី​គោរព​រាប់អាន​៕​ ​

Article​ ​by​ ​SRIN​ ​SOKMEAN​

Image Courtesy: Um Sakkana

រឿង​កូនក្រក​វេទមន្ត

រឿង​កូនក្រក​វេទមន្ត



SUGGESTIONS